អានតួអត្ថបទ
ម៉ាល់ឌីវ

ដើម្បី​ទប់ទល់​ឥទ្ធិពល​ចិន ឥណ្ឌា​បោះទុន​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ម៉ាល់ឌីវ

កោះម៉ាល់ឌីវ​រស់​បាន​ដោយសារ​ទេសចរណ៍​ ក៏ជា​ទីតាំង​ភូមិសាស្រ្ត​នយោបាយ​ដ៏ចាប់អារម្មណ៍​របស់​ចិន និង​ឥណ្ឌា ដែល​ជា​គូប្រជែង​ឥទ្ធិពល​គ្នា នៅក្នុង​តំបន់
កោះម៉ាល់ឌីវ​រស់​បាន​ដោយសារ​ទេសចរណ៍​ ក៏ជា​ទីតាំង​ភូមិសាស្រ្ត​នយោបាយ​ដ៏ចាប់អារម្មណ៍​របស់​ចិន និង​ឥណ្ឌា ដែល​ជា​គូប្រជែង​ឥទ្ធិពល​គ្នា នៅក្នុង​តំបន់ AP - Gemunu Amarasinghe
ដោយ៖ ឈាង បុប្ផា
១៨ នាទី

ក្នុងបំណងទប់ទល់​នឹង​ឥទ្ធិពល​របស់​ចិន ដែល​កាន់តែរីកធំធាត់ នៅក្នុង​លំហ មហាសមុទ្រ​ឥណ្ឌា ទីក្រុងញូវដេលី កាលពី​ថ្ងៃ​ព្រហស្បតិ៍ម្សិលមិញ បាន​សន្យា​បោះទុន​វិនិយោគ ៥៥០​លាន​ដុល្លារ សម្រាប់​សាងសង់ ហេដ្ឋារចនាសម្ព័ន្ធ នៅលើ​ប្រទេស​កោះ​ម៉ាល់ឌីវ ដែល​ស្ថិតនៅ​ប៉ែក​ខាងត្បូង ប្រទេស​ឥណ្ឌា។ ក្នុង​ជំនួប​តាមសន្និសីទ វីដេអូ រដ្ឋមន្រ្តី​ការបរទេស​ឥណ្ឌា​បាន​សន្យា​ផងដែរ ទឹកប្រាក់ជំនួយ ២៥០​លាន​ដុល្លារ​សម្រាប់​ជួយ​រដ្ឋាភិបាល​ម៉ាល់ឌីវ ក្នុង​ការប្រយុទ្ធ​ប្រឆាំង ជំងឺកូវីដ ដែល​បាន​សម្លាប់មនុស្ស ២១នាក់ និង ឆ្លងទៅ​មនុស្ស ជាង ៥ពាន់នាក់ នៅលើ​កូនកោះ​ដ៏តូចមួយនេះ។

ផ្សាយពាណិជ្ជកម្ម

ម៉ាល់ឌីវ​ ប្រទេស​កូនកោះ​ ដ៏តូចមួយ នៅ​ក្នុង​មហាសមុទ្រ​ឥណ្ឌា ដែល​មាន​ប្រជាជន​​មិន​ដល់​កន្លះលាន​នាក់ផង (៣៤០ ០០០នាក់) បាន​ក្លាយ​ជា​គោលដៅ ចាប់អារម្មណ៍​របស់​ញូវដេលី នៅពេល ទីក្រុង​ប៉េកាំង បោះទុន វិនិយោគ រាប់លាន​ដុល្លារ សម្រាប់ ម៉ាល់ឌីវ ដែល​ស្ថិតនៅ​ក្នុង​តំបន់​ឆ្លងកាត់ ផ្លូវ​វិនិយោគ​សេដ្ឋកិច្ច​របស់​ចិន "ផ្លូវ មួយ ខ្សែក្រវ៉ាត់មួយ”។

នៅក្នុង​អាណត្តិ​ប្រធានាធិបតី មុន ម៉ាល់ឌីវ​បាន​ទទួល​ប្រាក់​កម្ចី រាប់ពាន់​លាន​ដុល្លារ ពី​ចិន និង​បាន​ផ្តល់​កិច្ចសន្យា សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ ភាគច្រើន ទៅ​ឲ្យ​ក្រុមហ៊ុន​ចិន។ នៅចំពោះមុខ​ប្រាក់​កម្ចី ដ៏ច្រើន​សន្ធឹកសន្ធាប់​ដែល​នឹងអាច​ធ្វើ​ឲ្យ​ម៉ាល់ឌីវ ធា្លក់ខ្លួន ជំពាក់បំណុលចិន ដកខ្លួនមិនរួច រដ្ឋាភិបាល​ឥណ្ឌា ដែល​ជាប្រទេស​ជិតខាង​របស់​ម៉ាល់ឌីវ និង​ប្រទេស​លោកខាងលិច ចាប់​ព្រួយបារម្ភ ថា ម៉ាល់ឌីវ​នឹង​អាច​ធ្លាក់​ក្នុង​ក្រញ៉ាំ​សង្រ្គប់​របស់​ចិន ដែល​កំពុង​ពង្រីក​ដែន​ឥទ្ធិពល​របស់ខ្លួន នៅ មហាសមុទ្រ​ឥណ្ឌា។

នៅពេល ម៉ាល់ឌីវ​ផ្លាស់ប្តូរ​ប្រធានាធិបតី​ថ្មី នៅ​ឆ្នាំ ២០១៨ និង​ក្រោយ ដែល​អតីតប្រធានាធិបតី​ម៉ាល់ឌីវ លោកអាប់ឌូឡា យ៉ាមីន Abdulla Yameen ត្រូវ​ជាប់ពន្ធនាគារ​ក្នុងបទ​ប្រព្រឹត្ត​អំពើពុករលួយ ស៊ុំគ្រលំ​ជាមួយ​ក្រុមហ៊ុន​ចិន ឥណ្ឌា បាន​ឆក់ឱកាស ចូល​ទៅដាក់​ជើង នៅ​ម៉ាល់ឌីវ ប្រទេស​កោះ​ដ៏តូច ប៉ុន្តែ ដែល​មាន​កូនកោះ​ផ្កាថ្ម ដល់​ទៅជាង ១ពាន់ នៅក្នុង​មហាសមុទ្រ​ឥណ្ឌា។

ចាប់តាំង​ពី​ឆ្នាំ ២០១៨ នៅក្រោម​ការដឹកនាំ​របស់​ប្រធានាធិបតី​ម៉ាល់ឌីវ​ថ្មី គឺ​លោក អ៊ីប្រាហ៊ីម ម៉ូហាម៉េដ សូលី Ibrahim Mohamed Solih ឥណ្ឌា​បាន​បោះទុន​វិនិយោគ ប្រាក់​២ពាន់​លាន​ដុល្លារ នៅ​ម៉ាល់ឌីវ។ នៅក្នុង​ទឹកប្រាក់​វិនិយោគ ៥០០​លាន​ដុល្លារដែល រដ្ឋមន្រ្តី​ការបរទេស​ឥណ្ឌា​បានប្រកាស ​សន្យា​ផ្តល់​ទៅ​ឲ្យ​ភាគី​ម៉ាល់ឌីវ កាលពី​ថ្ងៃ ព្រហស្បតិ៍ ១០០​លាន​ជា​ប្រាក់ជំនួយ ចំណែកជាង ៤០០​លាន​ដុល្លារ​ផ្សេងទៀត ក្រោមរូបភាព​ប្រាក់កម្ចី ពីឥណ្ឌា។

ទឹកប្រាក់​វិនិយោគ ៥៥០​លាន​ដុល្លារ នឹង​ត្រូវ​គេ​យក​ទៅប្រើ​សម្រាប់​សាងសង់ ស្ពានថ្ម  ​តភ្ជាប់​ពី​ទីក្រុង​ម៉ាល់ ទៅ កោះបីផ្សេងទៀត របស់​ម៉ាល់ឌីវ។ ភាគី ឥណ្ឌា និង​ម៉ាល់ឌីវ​មិន​បាន​បញ្ជាក់​ពី ថ្ងៃកំណត់​ដែល​ត្រូវ​សង់ ស្ពាននោះទេ។ ប៉ុន្តែ សម្រាប់​រដ្ឋមន្រ្តី​ការបរទេស​ម៉ាល់ឌីវ ស្ពាន​ដែល​ឥណ្ឌា​វិនិយោគ លើកនេះ នឹង​មាន​ប្រវែង​វែង​ជាង​ស្ពាន មិត្តភាព ចិន ម៉ាល់ឌីវ ដែល​សាងសង់​ឡើង​នៅក្នុង​អាណត្តិ​ប្រធានាធិបតី​មុន ជាមួយ ប្រាក់កម្ចី​ពី​ប្រទេស​ចិន។

ក្រៅពី​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ ម៉ាល់ឌីវ ឥណ្ឌា​សន្យា​ផ្តល់​ផងដែរ ទឹកប្រាក់ ២៥០​លាន​ដុល្លារ សម្រាប់​ម៉ាល់ឌីវ ក្នុង​ការប្រយុទ្ធប្រឆាំងនឹង​ជំងឺ​កូវីដ។ ជំងឺ​កូវីដ​ដែល​បាន​សម្លាប់មនុស្ស​២១នាក់ និង​បាន​បំផ្លាញ​វិស័យទេសចរណ៍ ដែល​ជា​ច្រកដង្ហើមរស់​តែមួយ របស់ម៉ាល់ឌីវ ​ប្រទេស​កូនកោះ​ទេសចរណ៍ ដ៏ស្រស់ស្អាត​មួយនេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ