អានតួអត្ថបទ
ឥណ្ឌា-ចិន-ជម្លោះព្រំដែន

នាយករដ្ឋមន្ត្រី​ឥណ្ឌា​លោក​ម៉ូឌី​ គំរាម​ចិន​ជុំវិញ​ភាព​តាន​តឹង​នៅ​ព្រំដែន

នាយករដ្ឋមន្ត្រីឥណ្ឌាលោកណារិនដ្រា ម៉ូឌី ថ្លែងទៅកាន់ប្រជាជាតិក្នុងឱកាសប្រារព្ធទិវាឯករាជ្យនៅឯវិមានក្រហមក្នុងទីក្រុងដែលីប្រទេសឥណ្ឌា នៅថ្ងៃទី ១៥ សីហា ឆ្នាំ ២០២០។
នាយករដ្ឋមន្ត្រីឥណ្ឌាលោកណារិនដ្រា ម៉ូឌី ថ្លែងទៅកាន់ប្រជាជាតិក្នុងឱកាសប្រារព្ធទិវាឯករាជ្យនៅឯវិមានក្រហមក្នុងទីក្រុងដែលីប្រទេសឥណ្ឌា នៅថ្ងៃទី ១៥ សីហា ឆ្នាំ ២០២០។ REUTERS - ADNAN ABIDI
ដោយ៖ អ៊ុង គឹមអ៊ាន់
១៤ នាទី

ក្នុង​ឱកាស​ប្រារព្ធ​ពិធី​បុណ្យ​ឯករាជ្យ​នៅ​ថ្ងៃ​សៅរ៍​ ទី​១៥​ សីហា​នេះ​ នាយក​រដ្ឋ​មន្ត្រី​ឥណ្ឌា​លោក​ណារិនដ្រា ម៉ូឌី បាន​ឆ្លៀត​ព្រមាន​ចិន​ជុំវិញ​ភាព​តានតឹង​ដ៏ខ្លាំង​នៅ​តំបន់​ព្រំដែន​។ ទន្ទឹម​គ្នា​នេះ​ ក្នុង​ពេល​ថ្លែង​សុន្ទរកថា​ទៅកាន់​ប្រជាជន​ឥណ្ឌា​ លោកម៉ូឌី​ ក៏​បាន​សន្យា​ដែរ​ថា​នឹង​កសាង​វិស័យ​យោធាជាតិ​ឲ្យកាន់​តែ​ខ្លាំង​រឹងមាំ​ឡើង​។

ផ្សាយពាណិជ្ជកម្ម

ខណៈ​មាន​ភាពតានតឹង​នៅ​ព្រំដែន​រវាង​ឥណ្ឌា​ និង​ចិន​ បង្ក​ឡើង​ដោយ​ការ​ប៉ះ​ទង្គិចគ្នា​នៅ​តំបន់​ជ្រលង​ភ្នំ​ហ្គាល់វ៉ាន​ (Galwan) លោក​ណារិនដ្រា​ ម៉ូឌី​ បាន​មាន​ប្រសាសន៍​ថា​ អធិបតេយ្យភាព​របស់​ឥណ្ឌា​គឺជា​បញ្ហា​ស្លាប់រស់​ ហើយ​ថា​ទំនាក់​ទំនង​ជាមួយ​ប្រទេស​ជិត​ខាង​ត្រូវពឹងផ្អែក​លើ​សន្តិសុខ​និង​ការទុកជឿចិត្ត​។

លោកម៉ូឌី​ បាន​លើកឡើង​បែបនេះ​នៅក្នុង​ពិធី​អបអរសាទរទិវាឯករាជ្យលើកទី ៧៤ នៅឯវិមានក្រហម (The Red Fort) ក្នុងទីក្រុងដែលីនៅថ្ងៃសៅរ៍នេះ។

អំឡុង​ពេល​ថ្លែង​សុន្ទរកថា​ប្រមាណ​ ៩០ នាទី​ ទៅកាន់​អ្នកចូលរួម​ប្រមាណ​ ៤ពាន់​នាក់ ​លោកម៉ូឌី​ ដែលជា​នាយករដ្ឋមន្រ្តី​ជាតិ​និយម​ហិណ្ឌូ​របស់​ឥណ្ឌា បាន​លើកឡើង​អំពី​ការប្រឈមមុខ​ដាក់គ្នា​ជាមួយនឹង​ប្រទេស​ប៉ាគីស្ថាន​ហើយនិងចិន​នៅតាម​តំបន់​ព្រំដែន​ដែល​មាន​ជម្លោះ​។

លោកបាន​មាន​ប្រសាសន៍​ដោយ​មិនបាន​បញ្ជាក់​ពីឈ្មោះ​ប្រទេសណា​មួយ​ឲ្យប្រាកដ​ឡើយ​ថា​ “អ្នក​ដែល​បាន​បំពាន​មក​លើ​អធិបតេយ្យភាព​របស់​ឥណ្ឌា​ កងទ័ព​ឥណ្ឌា​បាន​ឆ្លើយតប​ទៅ​ពួកគេ​វិញ​យ៉ាងស័ក្តិសម​តាម​វិធី​ដូចគ្នា​”។

“ភាពស្មោះត្រង់​របស់​ឥណ្ឌា​ គឺមាន​ខ្ពស់​ណាស់​។  អ្វី​ដែល​យើង​អាច​ធ្វើបាន​ អ្វី​ដែល​ទាហាន​របស់​យើង​អាចធ្វើបាន​ - អ្នក​រាល់​គ្នា​បាន​ឃើញ​វា​ស្រាប់ហើយ​នៅ​ឡាដា (Ladakh)”។ នេះ​ជា​សម្តី ដែល​លោក​ម៉ូឌី​ ចង់​សំដៅ​ដល់​ការប៉ះទង្គិចគ្នា​ហិង្សា​នៅព្រំដែន​រវាង​កង​ទ័ពឥណ្ឌា​ជាមួយនឹង​កងទ័ព​ចិន​នៅ​តំប​ន់ឡាដាលើ​ជួរ​ភ្នំហិម៉ាឡៃ​ កាលពី​ថ្ងៃ​ទី​ ១៥ ខែ​មិថុនា​។

ទាហាន​ឥណ្ឌា​ចំនួន​ ២០ នាក់​ត្រូវបាន​សម្លាប់​នៅក្នុង​ការវាយប្រយុទ្ធគ្នា​កាលណោះ​។ ជា​ការ​ប្រយុទ្ធ​ដោយផ្ទាល់​ដោយ​ការ​ប្រដាល់​ប្រតប់​ ដោយ​ដំបង​ និងដុំថ្ម​ ។ ប្រទេស​ចិន​បាន​ទទួល​ស្គាល់​ថា​ ទាហានខ្លួន​បាន​ទទួល​រងគ្រោះថ្នាក់​ដែរ​ តែ​មិន​បាន​ប្រាប់​តួលេខ​នោះទេ​ថា​មាន​ស្លាប់​ប៉ុន្មាន​នាក់​។ ដោយឡែក​ បើ​យោង​ទៅតាម​កងទ័ពឥណ្ឌា​ ទាហាន​ចិន​អាច​មាន​ស្លាប់​ជាង​៤០នាក់​។

គួរ​រំឭក​ជូនថា​ នេះ​គឺ​ជាលើកទី១​ហើយ​ គិតពី​ឆ្នាំ​១៩៦២​មក​ ដែល​ទាហានចិន​ និង​ឥណ្ឌាបាន​វាយ​ប្រយុទ្ធគ្នា​នៅតាមព្រំដែន​។ ចាប់តាំងពី​ការ​ប៉ះទង្គិច​គ្នា​នេះមក​ កងទ័ព​ឥណ្ឌា​និង​ចិន​ចំនួន​រាប់​ម៉ឺននាក់​ ត្រូវបាន​បញ្ជូន​ទៅឈរជើង​នៅ​តំបន់​មាន​ជម្លោះ​នឹងគ្នា​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ