កូរ៉េខាងត្បូង កូវីដ១៩

កូរ៉េខាងត្បូង៖ ​អាជ្ញាធរ​ចោទ​ក្រុម​សាសនា​ប្រូតេស្តង់ ថាបាន​ធ្វើឲ្យ​​មាន​ការឆ្លង​​កូវីដ១៩​កាន់តែ​ច្រើន

បាតុករ សមាជិកក្រុម​ប្រជាអភិរក្សនិយម ដែលភាគច្រើន ជាអ្នកកាន់​សាសនាប្រូតេស្តង់ ធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល​។ ក្រុងសេអ៊ូល ថ្ងៃទី​១៥ សីហា ២០២០។
បាតុករ សមាជិកក្រុម​ប្រជាអភិរក្សនិយម ដែលភាគច្រើន ជាអ្នកកាន់​សាសនាប្រូតេស្តង់ ធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល​។ ក្រុងសេអ៊ូល ថ្ងៃទី​១៥ សីហា ២០២០។ REUTERS - KIM HONG-JI

អាជ្ញាធរកូរ៉េខាងត្បូង បានចោទប្រកាន់ទៅលើ​មេដឹកនាំ ក្រុមសាសនាគ្រិស្ត និកាយប្រូតេស្តង់ ជាច្រើនក្រុម ថាបានបំពាន​ទៅលើ​វិធានការទប់ស្កាត់ ការឆ្លងរាលដាលជំងឺកូវីដ១៩ និងបានធ្វើឲ្យមានអ្នកឆ្លងកាន់តែច្រើន នៅក្នុងចំណោមអ្នកកាន់សាសនានេះ។ មានបុព្វជិតអ្នកកាន់សាសនានេះ ជាច្រើនពាន់នាក់ ដែលអាជ្ញាធរកូរ៉េខាងត្បូង បានតម្រូវឲ្យ​ធ្វើចត្តាឡីស័ក និងបានធ្វើតេស្តរកមេរោគ នៅថ្ងៃចន្ទ ទី​១៧សីហានេះ។

ផ្សាយពាណិជ្ជកម្ម

បើគិតចាប់ពីដំបូងមក កូរ៉េខាងត្បូង ជាប្រទេសដែលបានចាត់វិធានការ ដ៏មានប្រសិទ្ធិភាព​ក្នុងការទប់ស្កាត់ការឆ្លងរាលដាល​ នូវកូវីដ១៩ តាមរយៈការធ្វើតេស្តទូលំទូលាយទ្រង់ទ្រាយធំ និងការប្រើ​បច្ចេកវិទ្យា តាមដានស្វែងរកអ្នកដែលបាន​ប្រាស្រ័យប៉ះពាល់ ជាមួយ​អ្នកឆ្លង។ ក៏ប៉ុន្តែ ប៉ុន្មានថ្ងៃចុងក្រោយនេះ ចំនួន​អ្នកឆ្លងថ្មី ហាក់បានស្ទុះឡើង ដែល​ធ្វើឲ្យ​អាជ្ញាធរកូរ៉េខាងត្បូង មានការព្រួយបារម្ភ។

នៅថ្ងៃចន្ទទី១៧សីហានេះ យោងតាមតួលេខផ្លូវការ គេបានរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន​១៩៧នាក់ ដែលនេះគឺជាថ្ងៃទី​៤ជាប់គ្នាហើយ ដែលមានមានអ្នកឆ្លងថ្មី លើសពី១០០នាក់។ ទីតាំងតែផ្ទុះការឆ្លងរាលដាលខ្លាំងជាងគេ គឺនៅវិហារ Sarang Jeil ក្នុងទីក្រុងសេអ៊ូល ដែលជាវិហារសាសនាគ្រិស្តនិកាយប្រូតេស្តង់។ គិតត្រឹមពេលនេះ​ អាជ្ញាធរកូរ៉េខាងត្បូង បានរកឃើញ​អ្នកឆ្លងកូវីដ១៩ ចំនួន​៣១៥នាក់ ដែលពាក់ព័ន្ធជាមួយ​វិហារប្រូតេស្តង់នេះ។ បុព្វជិតចំនួន​៣៤០០​នាក់ នៃវិហារនេះ ត្រូវបាន​អាជ្ញាធរសុខាភិបាល​កូរ៉េខាងត្បូង តម្រូវឲ្យ​ធ្វើចត្តាឡីស័ក និងធ្វើតេស្តតាមដានជាប្រចាំ។

គួររំលឹកថា កាលពីថ្ងៃសៅរ៍ទី​១៥សីហា មានការជួបជុំបាតុកម្មមួយដ៏ធំ នៅក្រុងសេអ៊ូល ដើម្បីប្រឆាំងនឹងរដ្ឋាភិបាល​លោក​មូន ជាអ៊ីន។ លោក Jun Kwang-hoon ដែល​អាចារ្យប៉ាស្ទឺរប្រូតេស្តង់ របស់វិហារ Sarang Jeil គឺជាអ្នករៀបចំបំផុលបំផុលម្នាក់ និងបានកាន់មីក្រូនិយាយទៅកាន់​អ្នកចូលរួម។ 

លោក Kim Gang-Lip រដ្ឋមន្ត្រីក្រសួងសុខាភិបាល​កូរ៉េខាងត្បូង បាន​បញ្ជាក់ថា ក្រសួងបានដាក់ ពាក្យ​ប្តឹងបុគ្គលឈ្មោះ​Jun Kwang-hoon ដែលអាចារ្យ​ប៉ាស្ទឺរប្រូតេស្តង់ នៅវិហារ Sarang Jeil ពីបទមិនគោរព​វិធាន​ការ បំផ្លាញការប្រឹងប្រែងរបស់រដ្ឋាភិបាល​ក្នុងការទប់ស្កាត់ការឆ្លងរាលដាលកូវីដ១៩ និងបានរារាំងរំខានដល់ការស្រាវជ្រាវ តាមអង្កេតរបស់អាជ្ញាធរ តាមរយៈការប្រគល់ប​ញ្ជីឈ្មោះសមាជិក បុព្វជិតវិហារខ្លួន ដែលមានលក្ខណៈមិនពិត​ប្រាកដ។

គួរកត់សំគាល់ថា រដ្ឋាភិបាល​កូរ៉េខាងត្បូង ត្រូវបាន​គេមើលឃើញថា បានចេញវិធានយ៉ាងម៉ឺងម៉ាត់ និងរិតបន្តឹងខ្លាំងបំផុត ក្នុងកម្មវត្ថុ ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩។ កាលពីខែកុម្ភៈ ករណី​ ផ្ទុះការឆ្លងរាលដាលដំបូងនៅកូរ៉េខាងត្បូង គឺកើតចេញពី​វិហារ​សាសនាគ្រិស្តប្រូតេស្តង់មួយកន្លែង​ ឈ្មោះ Shincheonji ដែលមានអ្នកឆ្លងដល់ទៅប្រមាណ​៤០០០នាក់។ លោកមូន ជាអ៊ីន បាន​សង្កត់ធ្ងន់ថា​​ រដ្ឋាភិបាល​នឹងមិនបន្ធូរដៃ ជាមួយ​នឹងសកម្មភាព​បំពាន របស់ក្រុមវិហារសាសនាមួយចំនួន​ជាដាច់ខាត។ លោកបានចាត់ទុកថា សកម្ម​ភាព​បំពានទាំងនេះ វា​គឺជាគ្រោះថ្នាក់ដល់អាយុ​ជីវិត របស់ប្រជាជនកូរ៉េខាងត្បូងទាំងមូល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI