ចាប់ខ្លួន​សកម្មជនប្រជាធិបតេយ្យ​ថៃ

តុលាការថៃ​ចេញដីកា​ចាប់ខ្លួន​សកម្មជន​ប្រជាធិបតេយ្យ ៦នាក់ នៅក្រោយ​មាន​បាតុកម្ម​សឹងមិនលោះថ្ងៃនៅបាងកក

មេធាវី​ជំនាញ​សិទ្ធិមនុស្ស លោក​អានន់ នំផា ត្រូវ​បាន​ប៉ូលិស​ចាប់ខ្លួន​តាមដីកាបង្គាប់​របស់​តុលាការ​ថៃ នៅថ្ងៃពុធទី ១៩​សីហា ២០២០
មេធាវី​ជំនាញ​សិទ្ធិមនុស្ស លោក​អានន់ នំផា ត្រូវ​បាន​ប៉ូលិស​ចាប់ខ្លួន​តាមដីកាបង្គាប់​របស់​តុលាការ​ថៃ នៅថ្ងៃពុធទី ១៩​សីហា ២០២០ REUTERS - CHALINEE THIRASUPA

ខណៈ​ដែល​បាតុកម្ម​ទាមទារ​ប្រជាធិបតេយ្យ កាន់តែ​រីកធំឡើង នៅ​ប្រទេស​ថៃ តុលាការ​ថៃ នៅ​ថ្ងៃ​ពុធ ម្សិលមិញ​បាន​ចេញ​ដីកា​ចាប់ខ្លួន​សកម្មជន​ប្រជាធិបតេយ្យ ៦នាក់ ដែល​ដឹកនាំមុខគេ ធ្វើ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល និង​ទាមទារ​កំណែទម្រង់ ស្ថាប័ន​ព្រះមហាក្សត្រ។ តាម​មេបញ្ជាការ​ប៉ូលិស​ខេត្ត ផាធុម ថានី ពាក់កណ្តាល នៃ​សកម្មជន​ដែលស្ថិតនៅ​ជួរមុខគេ ​លេចធ្លោរ​ខ្លាំង នៅក្នុង​បាតុកម្ម នឹង​ត្រូវ​ចាប់ខ្លួន ទៅតាម​ដីកាបង្គាប់​របស់​តុលាការ។

ផ្សាយពាណិជ្ជកម្ម

បាតុកម្ម​ទាមទារ​ប្រជាធិបតេយ្យ ដែល​ក្រុមនិស្សិត យុវជន សិស្សសាលា បាន​រៀបចំឡើង សឹងតែ​រាល់ថ្ងៃ ដើម្បី ទាមទារ​ឲ្យ​រំលាយ​រដ្ឋសភា កែប្រែ​រដ្ឋធម្មនុញ្ញ ត្រូវ​បាន​អាជ្ញាធរ​ថៃ បិទភ្នែក អធ្យាស្រ័យ រហូតមក។ សកម្មជន​បីរូប​ដែល​ធ្លាប់​ត្រូវ​ប៉ូលិស​ចាប់ខ្លួន សុទ្ធ​តែ​ត្រូវ​ដោះលែង ឲ្យ​មាន​សេរីភាព មកវិញ ជាថ្នូរ​នឹង​ប្រាក់ដម្កល់​ឲ្យ​នៅ​ក្រៅឃុំ ដើម្បី​រង់ចាំ សវនកា។

ប៉ុន្តែ នៅ​ថ្ងៃ​ពុធ អាជ្ញាធរ​ថៃ ចាត់វិធានការ​តឹងជាងមុន ដោយ​បាន​សម្រេច​ចាប់ខ្លួន សកម្មជន​ប្រជាធិបតេយ្យ ៦នាក់ ទៅតាម​ដីកា​បង្គាប់​របស់​តុលាការ នៅក្រោម​បទចោទប្រកាន់​ជាច្រើន ដូចជា ការបះបោរ ឧក្រិដ្ឋកម្ម​អ៊ីនធ័រនែត រំលោភ​បម្រាម ស្តីពីការជួបជុំ នៅក្នុង​កាលៈទេសៈ​កូវីដ ហើយ​និង​ការប្រើ​ឧបករណ៍​បំពង​សំឡេង។

នៅក្នុង​ចំណោម សកម្មជន​ ទាំង​៦នាក់ ដែល​តុលាការ​ចេញដីកា​ឲ្យ​ចាប់ខ្លួន មាន​២នាក់ ជា​សកម្មជន​ដែល​ទើប​ត្រូវ​ដោះលែង ឲ្យនៅក្រៅឃុំបណ្តោះអាសន្ន កាលពី​១០​ថ្ងៃមុន នោះ គឺ​លោក​អានុន នំផា ជា​មេធាវី​ជំនាញ​សិទ្ធិមនុស្ស និង​យុវជន​អាយុ ២៣​ឆ្នាំ​ម្នាក់ទៀត ដែល​ជា​ប្រធាន​សហជីព​និស្សិត។ ការចាប់ខ្លួន​សាជាថ្មី សកម្មជន​លេចធ្លោរ​ទាំងពីររូប​នាក់ មានជាប់​ទាក់ទង​នឹងមហាបាតុកម្ម កាលពី​ថ្ងៃទី ១០ សីហា នៅ​មុខ​សកលវិទ្យាល័យ​ធម្មសាត ដែលនៅក្នុង​នោះ ពួកគេ​ទាំងពីរ បាន​និយាយ​ច្រើន​ពីការធ្វើ​កំណែទម្រង់​ស្ថាប័ន​ព្រះមហាក្សត្រ ថៃ (សំណុំរឿង​ដ៏រសើប នៅប្រទេស​ថៃ)។

ខុសប្លែក​ពី​បាតុកម្ម​ថ្ងៃ​ផ្សេង ដែល​តែងផ្តោត​លើ​ការរិះគន់​យ៉ាង​ចេញមុខ លោកនាយករដ្ឋមន្រ្តី​ប្រាយុទ្ធ ចាន់អូចា និង​ទាមទារ​ឲ្យ​រំលាយ​រដ្ឋសភា នៅក្នុង​បាតុកម្ម​នៅមុខ​សកលវិទ្យាល័យ​ធម្មសាត ដែល​បាន​ទាក់ទាញ មនុស្ស​ចូលរួម ជិត ៤​ពាន់​នាក់ សកម្មជន​នៃ​ចលនា​ប្រជាធិបតេយ្យ បាន​ទាមទារ​ឲ្យ​គេលុបចោល​ច្បាប់​ស្តីពីការប្រមាថ​ព្រះមហាក្សត្រ ដែល​គេ​ចាត់ទុកថា តឹងតែង​ជ្រុលពេក និង​ត្រូវ​រាប់គណនេយ្យ​ហិរញ្ញវត្ថុ​របស់រាជវាំង។ ចាប់តាំង​ពី​ចូលគ្រងរាជ្យសម្បត្តិ នៅ​ឆ្នាំ ២០១៦ ព្រះមហាក្សត្រ​ថៃ មហា វិជ្ជរ៉ាឡុងកន បាន​ផ្លាស់ប្តូរ​ស្ថាប័ន​ព្រះមហាក្សត្រ ដោយ​បាន​ច្បាម​យក ទ្រព្យសម្បត្តិ​ទាំងអស់ របស់​ព្រះរាជវាំង ដែលមាន​តម្លៃ​ប្រមាណ ៦០ពាន់លាន​ដុល្លារ មកនៅក្នុង​ការគ្រប់គ្រង​របស់​ព្រះហស្ត​របស់ព្រះអង្គ តែមួយ អង្គឯង។

នៅប៉ុន្មាន​ឆ្នាំ​ចុងក្រោយនេះ ការដាក់ទោស តាមច្បាប់​ជេរប្រមាថ​ព្រះមហាក្សត្រ បាន​ថយចុះ​ចំនួន​គួរ​ឲ្យ​កត់សំគាល់។ ប៉ុន្តែ សម្រាប់អ្នកតាមដាន​ច្បាប់ នៅប្រទេស​ថៃ រដ្ឋាភិបាល​លោក​ប្រាយុទ្ធ ចាន់អូចា ដែល​ទំនង​មិនចង់​ឲ្យ​រូបភាព​ព្រះមហាក្សត្រ​ត្រូវ​ប្រឡាក់​ជាប់ដាន បានប្រើ​ឧបករណ៍​ច្បាប់​ថ្មី ដូចជា ឧក្រិដ្ឋកម្ម​អ៊ីនធ័រនែត សម្រាប់​ចោទប្រកាន់ និង​បិទសិទ្ធិ​សេរីភាព​បញ្ចេញមតិ​របស់ក្រុមប្រឆាំង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI