អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

អាហ្វ្រិក​លុបបំបាត់​​ជំងឺ​ស្វិតដៃជើងបាន ​ពិភពលោកនឹង​លែង​មានជំងឺនេះ ក្នុង​ពេលឆាប់ៗ ?

សំឡេង ០៤:៤១
អាហ្វ្រិកប្រកាស​លុបបំបាត់​បាន​ជា​ផ្លូវការ​ជំងឺ​គ្រុនស្វិតដៃជើង
អាហ្វ្រិកប្រកាស​លុបបំបាត់​បាន​ជា​ផ្លូវការ​ជំងឺ​គ្រុនស្វិតដៃជើង PIUS UTOMI EKPEI / AFP
ដោយ៖ អៀង សុខម៉ិញ
២៩ នាទី

គ្មានករណីកើត​ជំងឺគ្រុនស្វិតដៃជើងសោះ នៅ​នីហ្សេរីយ៉ា នារយៈ​ពេល​បួន​ឆ្នាំ​ជាប់​គ្នា​កន្លងមកនេះ។ មាន​ន័យ​ថា អាហ្វ្រិក អាចលុប​បំបាត់​​ជំងឺ​គ្រុនស្វិតដៃជើង បាន​ជា​ផ្លូវការ​ហើយ។ នេះ​បើ​តាម​សេចក្តី​ប្រកាសរបស់​អង្គការ​សុខភាព​ពិភពលោក នៅ​ល្ងាច​ថ្ងៃ​អង្គារ៍​ទី ២៥ សីហា ២០២០។ ​អាហ្វហ្កានីស្ថាន និង​ប៉ាគីស្ថាន​ ទំនង​ជា​ប្រទេស​ពីរ​ចុងក្រោយ​គេ​បង្អស់ ដែលនៅ​រាប់​មានករណីកើត​ជំងឺ​គ្រុនស្វិតដៃជើង។ បើ​ដូច្នេះ​មែន តើ​គេ​អាចសង្ឃឹមបានទេ​​ថា​ នៅ​ក្នុង​ពេល​ឆាប់ៗ​ខាងមុខ ​​ជំងឺ​គ្រុនស្វិតដៃជើង​នឹង​ចូលដល់ទី​អវសាន ?

ផ្សាយពាណិជ្ជកម្ម

ដំណឹងស្តីពី​ ការ​​លុប​បំបាត់​​ជំងឺ​គ្រុនស្វិតដៃជើង​បានជាផ្លូវការនៅទ្វីបអាហ្វ្រិក ត្រូវ​បានអង្គការសុខភាពពិភពលោក ប្រកាស​បញ្ជាក់​ ក្នុង​ឱកាស​ជំនួប​ប្រជុំ​អនឡាញ រវាង​ប្រមុខ​ដឹកនាំអង្គការ​សុខភាពពិភពលោក Tedros Adhanom Ghebreyesus នាយិកា​តំបន់ប្រចាំ​​អាហ្វ្រិកលោកស្រី Matshidiso Moeti, ​មហាសេដ្ឋី​គាំទ្រចលនា​មនុស្សធម៌ ជាតិ​នីហ្សេរីយ៉ា លោក Aliko Dangote និង​អាមេរិក​ លោក Bill Gates។ បើតាម​គណៈកម្មការ​ត្រួត​ពិនិត្យ​របស់អង្គការ​សុខភាពពិភពលោក បួនឆ្នាំកន្លងមក​នេះ នីហ្សេរីយ៉ា ដែល​ជា​ប្រទេស​រងគ្រោះ​មានករណី​​ជំងឺគ្រុនស្វិតដៃជើង​ខ្លាំង​ជាង​គេ​នៅ​អាហ្វ្រិក គ្មាន​រក​ឃើញ​ករណី​ឆ្លង​ថ្មី​សោះ។ នៅដើមទសវត្សរ៍​ឆ្នាំ​២០០០ នីហ្សេរីយ៉ា ប្រទេស​ដ៏​ធំបំផុត​មួយ​នៅ​អាហ្វ្រិក​មាន​ប្រជាជន​សរុប​ជាង​២០០​លាន​នាក់​ ជា​ចំណុច​ផ្ទុះ​ជំងឺគ្រុនស្វិតដៃជើង​ដ៏​ធំ​ជាង​គេ​នៅ​លើ​ពិភពលោក។ ក្រោមឥទ្ធិពល​របស់​ពួក​ជ្រុលនិយម​អ៊ីស្លាមសាឡាហ្វីស សហគមន៍អ៊ីស្លាម​នៅ​ភាគ​ខាង​ជើង​ប្រទេស​មិន​ព្រម​ទទួល​ថ្នាំ​បង្ការទេ យុទ្ធនាការ​ចាក់​ថ្នាំ​បង្ការ​គ្រុនស្វិតដៃជើង​ត្រូវ​ផ្អាក​ទាំង​ស្រុង​​ឆ្នាំ​២០០៣-២០០៤ ដោយ​ពួកគេ​យល់​ថា​ជាល្បិច​របស់​សហគមន៍​អន្តរជាតិ​ដែល​ចង់​ធ្វើ​អ្នកកាន់​សាសនាអ៊ីស្លាមអារ។ គេ​ត្រូវការពេលវេលា​ និង​កម្លាំង​ច្រើន​ទម្រាំ​ប្រជាជន​នាំ​កូនមកចាក់ថ្នាំបង្ការ។

ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​រដ្ឋាភិបាល របស់​ក្រុមគ្រូពេទ្យ និងសហគមន៍​ បានសង្គ្រោះ​កុមារ​ជាង​១លាន៨សែន​ពី​ជំងឺ​គ្រុនស្វិតដៃជើង។ នេះ​បើ​ការ​អបអរ​របស់​អង្គការ​សុខភាពពិភពលោក។ ប៉ុន្តែ​សួរ​ថា​តើ​ ជំងឺគ្រុន​ស្វិតដៃជើង​ជាជំងឺអ្វី​ឱ្យ​ពិត​ប្រាកដ ? តើ​ជំងឺនេះ​នៅ​បន្តកើត​មានក្នុង​តំបន់​ណាខ្លះ ?តើ​ពិភពលោកអាច​នឹងលុប​បំបាត់​វា​បានទាំងស្រុង​ទេ ?

គ្រុនស្វិតដៃជើង ជា​ជំងឺ​ឆ្លងខ្លាំង ដែល​ប៉ះពាល់​ជាពិសេស​លើ​កុមារ​ក្រោម​អាយុ​៦​ឆ្នាំ និង​ដែល​បង្ក​ឡើង​ដោយ​វីរុស​ឈ្មោះ « poliovirus sauvage » (PVS)។ ជាការ​ចម្លង​តាម​លាមកនិង​មាត់ មាន​ន័យ​ថាជាការចម្លង​តាមរយៈ​​ការយក​ដៃ​ ចំណីអាហារ ទឹក ឬ​វត្ថុ​អ្វី​មួយ​មានប្រលាក់​លាមក មកដាក់​ក្នុង​មាត់​។ ​នៅ​ពេល​វីរុស​ចូល​ដល់​ក្នុង​ខ្លួនមនុស្ស វា​នឹងទៅ​រីកលូតលាស់​ក្នុង​ពោះវៀន បង្ក​ឱ្យ​មាន​អាការៈ​សញ្ញា​ក្តៅ​ខ្លួន ល្អិតល្ហៃ ឈឺក្បាល ក្អួត តឹង​សាច់ដុំ ឈឺអវៈយវៈ រូច​​ទៅ​បំផ្លាញប្រព័ន្ធ​ប្រសាទ និង​ខួរ​ឆ្អឹង ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​អ្នកជំងឺ​អាច​ធ្លាក់​ខ្លួន​ពិការស្វិត​ដៃជើង ក្នុង​រយៈ​ពេល​តែ​ពីរ​បីម៉ោង។ អ្នក​ជំងឺម្នាក់​ក្នុង​ចំណោម២០០​នាក់មិន​អាច​ដើរ​វិញ​បាន។ ៥ ទៅ១០%​ នឹង​ត្រូវ​ស្លាប់​ ព្រោះ​សាច់ដុំ​ផ្លូវ​ដង្ហើម​​ស្វិតលែង​ដំណើរការ។

មុន​​ឆ្នាំ​១៩៥០​ ឆ្នាំ​រកឃើញ​ថ្នាំបង្ការ​ ជំងឺគ្រុនស្វិតដៃជើង មានកើត​និង​ឆ្លងនៅ​ទូទាំង​ពិភពលោក។ ប៉ុន្តែ​ ដោយ​មាន​ថ្នាំវ៉ាក់សាំង ប្រទេស​អ្នកមាន​អាច​លុប​បំបាត់​បាន​យ៉ាង​ឆាប់​រហ័ស​ ជំងឺគ្រុនស្វិតដៃជើង​មាន​ផ្តុំ​កើត​ច្រើនតែ​នៅ​អាស៊ី​និងអាហ្វ្រិក។ បើតាម​អង្គការ​សុខភាពពិភពលោក នៅ​ឆ្នាំ​១៩៨៨ ពិភពលោករាប់​មានករណី​គ្រុន​ស្វិតដៃជើង​ដល់ទៅ ៣៥០០០០នាក់ និង​ជាង​៧ម៉ឺន​ករណី​​នៅ​អាហ្វ្រិក នៅ​ឆ្នាំ​១៩៩៦។ ដោយសារ​ការ​ភ្ញាក់ស្មារតី​របស់​សមូហភាព និង​ផែនការ​ តម្លៃ ១៩ពាន់លានដុល្លារ​សម្រាប់​​៣០ឆ្នាំ ​​ករណី​គ្រុនស្វិតដៃជើង បាន​ថយ​ចុះ​អស់​ជិត​៩៩% ពីរវាងពី​ឆ្នាំ​១៩៨៨-២០១៨ (ពី​៣ម៉ឺន​៥ពាន់​នាក់​មកត្រឹម​៣៣នាក់​នៅ​ឆ្នាំ​២០១៨)។ បច្ចុប្បន្ននេះ មាន​ប្រទេសតែ​ពីរគត់ ដែល​នៅមាន​កើត​ជំងឺគ្រុនស្វិតដៃជើង​ថ្មី ៖នៅ​ឆ្នាំ​២០២០ មាន​២៩​ករណី​ នៅ​អាហ្វហ្កានីស្ថាន និង​៥៨​នៅ​ប៉ាគីស្ថាន។

ជំងឺ​គ្រុន​ស្វិតដៃជើង​ មាន​បី​ប្រភេទ (១-២-៣)។ ប្រភេទ​ទី​ពីរ​ ត្រូវ​លុបបំបាត់​បាន​នៅ​ឆ្នាំ​១៩៩៩ និង​ពុំ​ដែល​ឃើញ​កើត​ប្រភេទ​ទីបី​សោះ តាំង​ពី​ខែ​វិច្ឆិកា២០១២មក។

ការ​ការ​ពារ​ជា​មធ្យោបាយ​តែមួយ​គត់​ទល់នឹង​​ជំងឺ​គ្រុនស្វិតដៃជើង ដែល​គ្មាន​​ថ្នាំ​ព្យាបាល​ឡើយ។ ថ្នាំ​បង្ការ​ ជាថ្នាំ​បន្តក់ ផ្តល់​ជូន​ជា​ច្រើនលើក អាចការពារក្មេង​បាន​មួយ​ជីវិត។ ថ្នាំបង្ការ​នេះមាន​ចែកចាយ​និង​រក​បាន​នៅ​ទូទាំង​ពិភពលោក​។ បើ​ប្រជាជនគ្រប់​បាន​ទទួលថ្នាំ​បង្ការ​នោះ​ជំងឺ​ស្វិតដៃជើង ពិត​ជា​ពុំ​អាច​កើត​មាន​បាន​ឡើយ តែ​ការលុប​បំបាត់​ជំងឺ​ទាំង​ស្រុង​​ពី​ផែនដី ទំនង​ជា​មិន​ស្រួល​ដូច​ពាក្យ​ថា​ទេ។ ប្រទេសខ្លះ​នៅ​មាន​បញ្ហា​សន្តិសុខ​និង​សុខាភិបាល​ ទើប​ផែនការ​លុប​បំបាត់​ជំងឺ​ត្រូវជួប​ការលំបាក។ ជាក់ស្តែង​នៅ​នីហ្សេរីយ៉ា មាន​កុមារ​យ៉ាង​ហោច​ បី​ម៉ឺននាក់​ រស់​ក្នុង​តំបន់​គ្រប់​គ្រង​ដោយ​ពួក​អ៊ីស្លាមជ្រុលនិយម បូកូអារ៉ាម​ និង​រដ្ឋ​អ៊ីស្លាម​ មិន​បាន​ទទួលថ្នាំ​បង្ការ។ ​ជំងឺ​គ្រុនស្វិតដៃជើង បន្ត​​ឆ្លង​រាលដាល​នៅ​ប៉ាគីស្ថាន​ និង​អាហ្វហ្កានីស្ថាន ដែល​អាច​នឹង​ជំរុញ​ឱ្យ​មាន​ករណី​ឆ្លង​ ដល់ទៅ ២០ម៉ឺនករណី ក្នុងមួយ​ឆ្នាំៗ ​រយៈ​ពេល​១០​ឆ្នាំទៅ​មុខ​ នៅលើពិភពលោក។ អាហ្វ្រិក​ដែល​ទើប​ប្រកាស​លុប​បំបាត់ជំងឺគ្រុនស្វិតដៃជើង​បាន​នៅ​ពេលនេះត្រូវធ្វើ​យ៉ាង​ណា​ទប់កុំ​ឱ្យ​ករណីឆ្លងចូលមកពី​ប៉ាគីស្ថាននិងអាហ្វហ្កានីស្ថាន ហើយ​ត្រូវ​បន្ត​ប្រឹងផ្តល់ថ្នាំបង្ការ​ដល់​កុមារថែមទៀត ​ដើម្បីធានា​ថា​គ្រប់​គ្នា​នៅលើទ្វីប​មានអង់ទីក័រ​ការពារ​ខ្លួន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ