កូរ៉េខាងត្បូង-កូវីដ-១៩

កូរ៉េខាងត្បូងពង្រឹងវិធានការប្រឆាំងនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩

កូរ៉េខាងត្បូងពង្រឹងវិធានការប្រឆាំងនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩
កូរ៉េខាងត្បូងពង្រឹងវិធានការប្រឆាំងនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ AP Photo/Ahn Young-joon

នៅ​ក្នុង​ប្រទេស​កូរ៉េខាងត្បូង ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ​កូវីដ-១៩ មាន​ជិត ៣០០ករណី​ក្នុង​មួយ​ថ្ងៃ​នា​រយៈពេល ៣ថ្ងៃ​ជាប់​គ្នា។ ជាក់ស្តែង​នៅ​ថ្ងៃ​សៅរ៍ ទី២៩ សីហា ករណី​ឆ្លង​ថ្មី​មាន​ចំនួន ២៩៩ករណី។ ប្រឈម​នឹង​កំណើន​ករណី​ឆ្លង​គួរ​ឲ្យ​បារម្ភ​នេះ រដ្ឋអំណាច​សុខាភិបាល​មិន​បាន​បន្ធូរ​ដៃ​ក្នុង​ការ​ទប់​ស្កាត់​ដោយ​បាន​ពង្រឹង​វិធានការ​ថ្មីៗ​ទៀត។ វិធានការ​ថ្មីៗ​ទាំង​នេះ​ចាប់​ផ្តើម​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​អាទិត្យ ទី៣០ សីហា​ដោយ​ទាក់ទង​ពិសេស​នៅ​ក្នុង​ទីក្រុង​សេអ៊ូល និង​ជុំវិញ​ទីក្រុង។

ផ្សាយពាណិជ្ជកម្ម

ជាមួយ​នឹង​វិធានការ​ថ្មី គេ​មិន​អាច​ផឹក​កាហ្វេ​នៅ​ក្នុង​ហាង​កាហ្វេ​បាន​ឡើយ តែ​អាច​ទិញ​ដាក់​ក្នុង​កែវក្រដាស​ទៅ​ផឹក​នៅ​ក្រៅ​បាន។ សម្រាប់​ភោជនីយដ្ឋាន​វិញ សេវា​នៅ​ក្នុង​ហាង​អនុញ្ញាត​ឲ្យ​មាន​ត្រឹម​ម៉ោង ៩យប់ តែ​លើស​ពី​ម៉ោង​នេះ​ក៏​គេ​អាច​កម្ម៉ង់​វិចខ្ចប់​ទៅ​ក្រៅ​បាន​ដែរ។ ទាក់ទង​នឹង​ការ​រៀបចំ​ពិធី​ផ្សេងៗ​វិញ រដ្ឋអំណាច​ធ្លាប់​បាន​ហាម​មិន​ឲ្យ​មាន​ពិធី​សាសនា។ ចំណែក​ក្លិប​ហាត់កីឡា ទីតាំង​លេងល្បែង Online ឬ​មួយ​កន្លែង​ច្រៀង​ការ៉ាអូខេ​មិន​អនុញ្ញាត​ឲ្យ​មាន​មនុស្ស​លើស​ពី ១០នាក់​ឡើយ។ វិធានការ​ថ្មី​នេះ​បាន​ធ្វើ​ឲ្យ​ផ្លាស់ប្តូរ​ទម្លាប់​របស់​សិស្ស​សាលា​ដែល​បន្ត​ការ​ហាត់​កីឡា បន្ទាប់​ពី​រៀនសូត្រ​នៅ​សាលា។ ជាក់ស្តែង ការ​ហាត់​តៃខ្វាន់ដូ ឬ​កីឡា​ផ្សេង​ទៀត​នឹង​ត្រូវ​ហាម​ឃាត់ ប្រសិន​បើ​មាន​កូនសិស្ស​ចូលរួម​លើស​ពី ១០នាក់។

បន្ទាប់​មក ការ​ធ្វើ​ការងារ​ពី​ចម្ងាយ​នៅ​ជា​សំណូមពរ​អាទិភាព​របស់​រដ្ឋាភិបាល។ បុគ្គលិក​រដ្ឋ​ដែល​ធ្វើ​ការ​នៅ​តាម​ទីភ្នាក់ងារ​រដ្ឋាភិបាល និង​ស្ថាប័ន​សាធារណៈ​ចំនួន ១ភាគ៣ ត្រូវ​ធ្វើ​ការ​ពី​ផ្ទះ។ វិធានការ​ដូច​គ្នា​នេះ​ក៏​ត្រូវ​បាន​ណែនាំ​ចំពោះ​វិស័យ​ឯកជន​ដែរ។ ចំណែក​ការ​ទៅ​សួរ​សុខទុក្ខ​ក្រុម​គ្រួសារ ឬ​ញាតិមិត្ត​នៅ​តាម​មណ្ឌល​ចាស់ជរា​ត្រូវ​បាន​ហាម​ឃាត់។ មែនទែន​ទៅ រដ្ឋអំណាច​ចង់​កាត់​បន្ថយ​ឲ្យ​បាន​ច្រើន​បំផុត​នូវ​ទំនាក់ទំនង​រវាង​មនុស្ស និង​មនុស្ស​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាលដាន​នៃ​ជំងឺ​កូវីដ-១៩។ គួរ​រម្លឹក​ថា​មក​ទល់​ពេល​នេះ  កូរ៉េខាងត្បូង​មិន​ដែល​ចាត់​វិធានការ​បិទខ្ទប់​មនុស្ស​ទាំង​អស់​មិន​ឲ្យ​ចេញ​ពី​ផ្ទះ​ដូច​ប្រទេស​ខ្លះ​ទេ។

តែ​ជាមួយ​នឹង​សន្ទុះ​កំណើន​គួរ​ឲ្យ​បារម្ភ​នា​រយៈពេល​ចុង​ក្រោយ​ពេល​នេះ រដ្ឋាភិបាល​បាន​បង្ខំ​ចិត្ត​ផ្តើម​រឹតបន្តឹង​វិធានការ​បន្តិច​ម្តងៗ​ដើម្បី​ចៀសវាង​ការ​បិទខ្ទប់​ទាំង​ស្រុង​ដែល​នាំ​ឲ្យ​សេដ្ឋកិច្ច​ជាប់គាំង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI