អានតួអត្ថបទ
តៃវ៉ាន់-ឆែក

ទស្សនកិច្ចរបស់ប្រធានព្រឹទ្ធសភាឆែកនៅតែវ៉ាន់បញ្ឆេះកំហឹងរបស់ចិនដីគោក

ប្រធានព្រឹទ្ធសភានៃប្រទេសឆែកលោកមីឡូស វីសជីល
ប្រធានព្រឹទ្ធសភានៃប្រទេសឆែកលោកមីឡូស វីសជីល REUTERS - DAVID W CERNY
១៥ នាទី

នៅ​ថ្ងៃ​អាទិត្យ ទី៣០ សីហា ប្រធាន​ព្រឹទ្ធសភា​នៃ​ប្រទេស​ឆែក​លោក​មីឡូស វីសជីល​ផ្តើម​ទស្សនកិច្ច​នៅ​ក្នុង​ទឹកដី​តៃវ៉ាន់។ គឺ​ជា​ទស្សនកិច្ច​មួយ​បង្កប់​ដោយ​និមិត្តរូប​ខ្ពស់​ដោយ​លោក​មីឡូស​បាន​នាំ​ទៅ​ជាមួយ​លោក​នូវ​គណៈប្រតិភូ​មួយ​ក្រុម។ ទោះ​ជា​ដំណើរ​ទស្សនកិច្ច​នេះ​ធ្វើ​ឡើង​ក្រោម​រូបភាព​អ្វី​ក៏​ដោយ ក៏​មិន​អាច​ទប់​កំហឹង​របស់​ចិន​ដីគោក​បាន​ទេ ព្រោះ​ក្រោម​ភ្នែក ច្រមុះ​របស់​ក្រុង​ប៉េកាំង តែវ៉ាន់​ជា​ខេត្ត​ឧទ្ទាម​របស់​ខ្លួន និង​ដែល​ខ្លួន​មិន​ញញើត​ប្រើ​កម្លាំង​ដើម្បី​វាយ​យក​ទេ បើ​កោះ​មួយ​នេះ​ហ៊ាន​ប្រកាស​ឯករាជ្យ​នៅ​ថ្ងៃ​ណា​មួយ។

ផ្សាយពាណិជ្ជកម្ម

ដោយ​មិន​ខ្វាយខ្វល់​នឹង​ប្រតិកម្ម​របស់​ចិនដីគោក ប្រធាន​ព្រឹទ្ធសភា​នៃ​ប្រទេស​ឆែក​លោក​មីឡូស វីសជីល​ផ្តើម​ទស្សនកិច្ច​នៅ​កោះ​តៃវ៉ាន់​ដោយ​បាន​នាំ​ទៅ​ជាមួយ​លោក​នូវ​គណៈប្រតិភូ​មួយ​ក្រុម​ធំ​ដែល​មាន​គ្នា​ដល់​ទៅ ៩០នាក់។ ប្រធាន​ព្រឹទ្ធសភា​ឆែក​រូប​នេះ​ធានា​ថា ទស្សនកិច្ច​របស់​លោក​នៅ​តៃវ៉ាន់​ធ្វើ​ឡើង​ក្នុង​នាម​សេរីភាព និង​ប្រជាធិបតេយ្យ។ គួរ​រម្លឹក​ថា កោះតៃវ៉ាន់​ដែល​មាន​ពលរដ្ឋ​រស់នៅ​ចំនួន ២៤លាននាក់ និង​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ​ត្រូវ​បាន​ចិនដីគោក​ចាត់​ទុក​ជា​ខេត្ត​មួយ​របស់​ខ្លួន ព្រម​ទាំង​ព្យាយាម​គ្រប់​បែប​យ៉ាង​ដើម្បី​រារាំង​មិន​ឲ្យ​មាន​ដំណើរ​ទស្សនកិច្ច​របស់​ថ្នាក់ដឹកនាំ​បរទេស​នៅ​ទីនោះ។

តាម​ពិត​ទៅ គឺ​អតីត​ប្រធាន​ព្រឹទ្ធសភា​ឆែក​លោក​ហ្សារ៉ូស្លាវ គូបេរ៉ា​ទេ​ដែល​ត្រូវ​ទៅ​ទស្សនកិច្ច​នៅ​កោះ​តៃវ៉ាន់​ក្នុង​ខែ​កុម្ភៈ​កន្លង​ទៅ។ តែ​ចៃដន្យ​អី​នៅ​ប៉ុន្មាន​សប្តាហ៍​មុន​ការ​ចេញ​ដំណើរ លោក​ហ្សារ៉ូស្លាវ គូបេរ៉ា​បាន​គាំង​បេះដូង​ស្លាប់។ កាលណោះ ក្រុម​អ្នក​ជំនិត​របស់​លោក​ហ្សារ៉ូស្លាវ គូបេរ៉ា​បាន​បរិហារ​ពី​ផលវិបាក​កើត​ចេញ​ពី​លិខិត​គំរាម​របស់​ចិន​ដីគោក​ដែល​ព្យាយាម​បំភិតបំភ័យ​លោក​ហ្សារ៉ូស្លាវ គូបេរ៉ា។ ផ្អែក​តាម​ក្រុម​អ្នក​ជំនិត​របស់​លោក​ហ្សារ៉ូស្លាវ គូបេរ៉ា​ដដែល គឺ​លិខិត​គំរាម​របស់​ចិន​នោះ​ឯង​ដែល​បាន​ធ្វើ​លោក​ហ្សារ៉ូស្លាវ គូបេរ៉ា​បារម្ភ​រហូត​ដល់​គាំង​បេះដូង។

ក្រោយ​មរណៈភាព​របស់​លោក​ហ្សារ៉ូស្លាវ គូបេរ៉ា ប្រធាន​ព្រឹទ្ធសភា​ថ្មី​លោក​មីឡូស វីសជីល​តែង​បាន​បញ្ជាក់​ពី​ជំហរ​ចង់​ទៅ​ទស្សនកិច្ច​នៅ​កោះ​តៃវ៉ាន់​ឲ្យ​ខាន​តែ​បាន។ នៅ​កោះ​តៃវ៉ាន់ លោក​មីឡូស វីសជីល​ត្រូវ​បាន​ទទួល​ជួប​ពិសេស​ដោយ​ប្រធានាធិបតី​តៃវ៉ាន់​លោកស្រី​ឆៃ អ៊ីងវេន​ដែល​គេ​ស្គាល់​ជា​អ្នក​ប្រឆាំង​ចិនដីគោក​ជា​ចំហ។ សូម​បញ្ជាក់​ថា ប្រធាន​ព្រឹទ្ធសភា​ឆែក​ជា​ថ្នាក់ដឹកនាំ​នយោបាយ​ជាន់ខ្ពស់​បរទេស​ទី២ ដែល​បាន​ដាក់​ជើងជាន់​ទឹកដី​តៃវ៉ាន់​ក្នុង​ខែ​សីហា​នេះ ព្រោះ​នៅ​ដើម​ខែ​សីហា គឺ​ជា​ទស្សនកិច្ច​របស់​រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​អាមេរិក។ សម្រាប់​តៃវ៉ាន់​ដែល​បារម្ភ​ខ្លាច​ជា​ផ្ទាំងស៊ីប​របស់​ចិន​ដីគោក​ដូច​ហុងកុង ទស្សនកិច្ច​របស់​ថ្នាក់ដឹកនាំ​បរទេស​ជា​សក្ខីកម្ម​ដែល​បញ្ជាក់​ពី​ការ​ទទួល​ស្គាល់ និង​ការ​គាំទ្រ​តៃវ៉ាន់​ដែល​មិនមែន​ជា​អធិបតេយ្យ​ចំណុះ​ឲ្យ​ចិនដីគោក​ទេ។

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ