ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើនយោបាយសេដ្ឋកិច្ច "អាបេណូមិច" របស់លោកស្ហុីនហ្សូអាបេពិតជាបានទទួលជោគជ័យមែនឬ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅពេលដែលលោក​ស្ហ៊ីនហ្សូ អាបេ ឡើងកាន់តំណែង​ជា​នាយករដ្ឋមន្រ្តី​ជប៉ុន​ជាលើកទី២ កាល​ពីឆ្នាំ២០១២ ការសន្យា​ដ៏​ចម្បង​បំផុត​របស់​លោក​នៅពេលនោះ គឺ​ធ្វើ​យ៉ាងណាទាញ​ជប៉ុន​ឲ្យ​ចេញ​ពី​បញ្ហា​សេដ្ឋកិច្ច​ដែល​អូសបន្លាយពេល​រាប់ទសវត្សរ៍​កន្លងទៅ តាម​រយៈ​ការ​ដាក់ចេញ​នូវ​នយោបាយ​សេដ្ឋកិច្ច ដែល​គេតែងតែ​ស្គាល់​តាម​ភាសា​អង់គ្លេស​ថា “អាបេណូមិច” (Abenomics)។ ជិត ៨ឆ្នាំក្រោយមក នៅពេល​ដែល​លោក​ស្ហ៊ីនហ្សូ អាបេ ត្រូវ​បង្ខំ​ចិត្ត​លាឈប់​ពីតំណែង ដោយ​បញ្ហា​សុខភាព តើ​អ្វីទៅ​ជា​តុល្យការ​នៃ​នយោបាយ​សេដ្ឋកិច្ច​របស់​លោក?

លោក​ស៊្ហីនហ្សូ អាបេ នាយករដ្ឋមន្រ្តី​ជប៉ុន
លោក​ស៊្ហីនហ្សូ អាបេ នាយករដ្ឋមន្រ្តី​ជប៉ុន REUTERS - Issei Kato
ផ្សាយពាណិជ្ជកម្ម

និយាយ​សង្ខេបដោយខ្លី គន្លឹះ​នៃ​នយោបាយ​សេដ្ឋកិច្ច​របស់​លោក​ស្ហ៊ីនហ្សូ​អាបេ​ គឺ​កាត់បន្ថយ​អត្រា​ការប្រាក់ និង​បង្កើន​ការ​ចំណាយ​របស់​រដ្ឋ បូករួម​ជាមួយ​នឹង​គម្រោង​ធ្វើ​កំណែទម្រង់​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច​មួយ​ចំនួន​ផ្សេងទៀត។ គោលដៅ គឺ​ដើម្បី​ជំរុញ​លំហូរ​សាច់ប្រាក់​នៅ​ក្នុង​ទីផ្សារ និង​ការ​ចំណាយ​ទូទៅ​នៃ​ទីផ្សារ​ក្នុងស្រុក ព្រមទាំង​​រក្សា​តម្លៃ​លុយ​យេន​ឲ្យ​នៅ​ទាប ដើម្បី​ងាយ​ប្រកួតប្រជែង​ក្នុង​ការ​នាំចេញ ទៅ​កាន់​ទីផ្សារ​អន្តរជាតិ។

នៅ​ក្នុង​ការ​អនុវត្ត​ជាក់ស្តែង គេ​សង្កេតឃើញ​ថា នយោបាយ​សេដ្ឋកិច្ច​នេះ​ត្រូវ​បានដាក់ចេញ​ព្រមគ្នា ដោយ​ធនាគារ​កណ្តាល និង​រដ្ឋាភិបាល គឺ​ធនាគារ​កណ្តាល​ជប៉ុន​​ជា​អ្នក​បញ្ចេញសាច់ប្រាក់​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ទៅ​ក្នុង​ទីផ្សារ ដែល​គេ​ច្រើន​ហៅ​ដោយសាមញ្ញ​ជាទូទៅ​ថា “បោះពុម្ពលុយ”​ តាមរយៈ​ការ​ទិញ​មូលបត្រ​បំណុល​រដ្ឋ ឬ​ឯកជន។ ចំណែក​រដ្ឋាភិបាល​របស់​លោក​ស្ហ៊ីនហ្សូ អាបេ​វិញ ក៏​បាន​បង្កើន​ការ​ចំណាយ​យ៉ាងច្រើន​ផងដែរ ជាពិសេស ចំណាយ​នៅ​ក្នុង​គម្រោង​​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​ការ​ប្រកួត​កីឡា​អូឡាំពិច​ឆ្នាំ២០២០ ដែល​ត្រូវ​លើកពេល​ទៅ​ឆ្នាំ​ក្រោយ ដោយ​សារ​តែ​វិបត្តិ​កូវីដ។

ជាលទ្ធផល​ លំហូរ​សាច់ប្រាក់​នៅ​ក្នុង​ទីផ្សារ​បាន​ធ្វើ​ឲ្យ​វិនិយោគ​ក្នុងស្រុក​ត្រូវ​កើនឡើង អត្រា​អ្នក​អត់ការងារ​ធ្វើ​វិញ​ត្រូវ​ធ្លាក់ចុះ ហើយ​ក្នុងពេល​ជាមួយគ្នា លុយ​យេន​របស់​ជប៉ុន​ក៏​មាន​កម្រិត​ទាប ដែល​អាច​ជួយ​ជំរុញ​ការ​នាំ​ចេញ​ផង និង​អាច​ទាក់ទាញ​ផងដែរ​នូវ​ទេសចរណ៍​បរទេស។

ជាក់ស្តែង គេ​សង្កេតឃើញ​ថា នៅ​ក្នុងរយៈ​ពេល​ជាច្រើន​ឆ្នាំ ក្រោយ​ពី​ការ​ដាក់ចេញ​នូវ​នយោបាយ​សេដ្ឋកិច្ច “អាបេណូមិច” នេះ សេដ្ឋកិច្ច​របស់​ជប៉ុន​ចាប់ផ្តើម​មាន​កំណើន​ឡើងវិញ។ បើទោះបីជា​កំណើន​នោះ​មាន​អត្រា​ទាប ត្រឹមក្នុង​រង្វង់ ១% ឬ​ទាប​ជាង ១% ក៏ប៉ុ​ន្តែ សម្រាប់​សេដ្ឋកិច្ច​ជប៉ុន ដែល​ស្គាល់​តែ​អត្រា​កំណើន​អវិជ្ជមាន​ស្ទើរតែ​ជាប់​ជា​ប្រចាំ​អស់រយៈពេល​រាប់សិបឆ្នាំ​មកហើយ​នោះ អត្រា​កំណើន​ត្រឹម​ប៉ុននេះ​ក៏​អាច​ចាត់ទុក​ថា​ជា​ជោគជ័យ​ដ៏​សំខាន់​មួយ​ដែរ គ្រាន់តែ​វា​មិន​បាន​ជោគជ័យ​ទៅ​ដល់​កម្រិត​មួយ ដែល​លោក​ស្ហ៊ីនហ្សូ អាបេ​បាន​សន្យា ហើយ​សេដ្ឋកិច្ច​ជប៉ុន​នៅតែ​ស្ថិត​ក្នុង​ស្ថានភាព​ផុយស្រួយ ដោយ​ត្រូវ​ពឹងផ្អែកខ្លាំង​លើ​ស្ថានភាព​នៃ​ទីផ្សារ​បរទេស។

គេ​សង្កេតឃើញ​ថា ដោយ​មិនគិត​ពី​ឥទ្ធិពលនៃ​​វិបត្តិ​កូវីដ ដែល​ជា​បញ្ហា​ចោទ​សម្រាប់​ប្រទេស​ទូទៅ​នៅ​ទូទាំង​ពិភពលោក អត្រា​កំណើន​សេដ្ឋកិច្ច​ជប៉ុន​បាន​ចាប់ផ្តើម​ធ្លាក់ចុះ​​ដល់​កម្រិត​អវិជ្ជមាន​វិញ តាំង​ពី​ពាក់កណ្តាល​ឆ្នាំ២០១៩​ ពោលគឺ តាំង​ពី​មុនពេល​មាន​វិបត្តិ​កូវីដ​មក​ម៉្លេះ ហើយកត្តា​ចម្បងមួយ ដែល​នាំ​ឲ្យ​មាន​ការ​ធ្លាក់ចុះ​នៃ​កំណើន​សេដ្ឋកិច្ច​នេះ គឺសង្រ្គាម​ពាណិជ្ជកម្ម​ រវាង​ចិន និង​អាមេរិក ដែល​បង្ក​ឲ្យ​មាន​ការ​ប៉ះពាល់ទៅដល់​តម្រូវការ​ទីផ្សារ​អន្តរជាតិ ហើយ​ប៉ះពាល់​ទៅដល់​វិស័យ​នាំ​ចេញ​ ក៏ដូចជា វិស័យ​ទេសចរណ៍​របស់​ជប៉ុន។ ចំណែកឯ​ការចំណាយ​ទូទៅ នៅ​ក្នុង​ទីផ្សារ​ក្នុងស្រុក​ជប៉ុន​វិញ​​ក៏​មិនមាន​កំណើន​គ្រប់គ្រាន់ ក្នុងការ​ជំរុញ​កំណើន​សេដ្ឋកិច្ច​បាន ដោយ​នៅ​ក្នុង​នោះ គេ​សង្កេតឃើញ​ថា ជាទូទៅ អត្រា​អតិផរណា​ប្រចាំឆ្នាំ​​នៅ​ជប៉ុន​កើនឡើង​មិនដល់ ១% ផង ដែល​នេះ គឺ​ទាប​ជាង​ឆ្ងាយ​ពី​គោលដៅ​អត្រាអតិផរណា ២% ដែល​​​ធនាគារ​កណ្តាល​ជប៉ុន​បាន​ដាក់ចេញ​ ទៅតាម​គោលនយោបាយរបស់​លោក​ស្ហ៊ីនហ្សូ អាបេ។

ជាការពិត​ថា បញ្ហា​ទីផ្សារ​ក្នុងស្រុក​ជប៉ុន​នេះ វា​កើតចេញ​ពី​កត្តាជាលក្ខណៈប្រព័ន្ធ​នៃ​សេដ្ឋកិច្ច​ជប៉ុន ហើយ​ជាពិសេស គឺ​បញ្ហា​ប្រជាសាស្ត្រ។ គេ​សង្កេតឃើញ​ថា អស់រយៈពេល​ជាច្រើន​ឆ្នាំមកហើយ ដែល​ចំនួន​ប្រជាជន​ជប៉ុន​មាន​ការ​ថយចុះ​ជា​រៀងរាល់ឆ្នាំ។ លើសពីនេះ​ទៅទៀត ក្រៅពីការធ្លាក់ចុះ​ខាងបរិមាណ រចនាសម្ព័ន្ធនៃ​ប្រជាសាស្រ្ត​របស់​ជប៉ុន​ក៏​មាន​ភាពចាស់រិចរឹល​យ៉ាងខ្លាំងផងដែរ ដោយ​ចំនួន​កូនក្មេង​អាយុក្រោម ១៥ឆ្នាំ មាន​ការ​ធ្លាក់ចុះ ចំណែក​ឯ​ចំនួន​មនុស្សចាស់ចាប់ពីអាយុ ៦៥ឆ្នាំឡើង មាន​ការ​កើនឡើង។

គិតត្រឹមឆ្នាំ២០១៧​កន្លងទៅនេះ អត្រា​នៃ​មនុស្សចាស់​វ័យ​ចាប់ពី ៦៥ឆ្នាំឡើង មាន​រហូតដល់​ទៅ ២៧,៧% នៃ​ចំនួន​ប្រជាជន​សរុប។ ចំណែក​ឯ​អត្រា​កូនក្មេងអាយុក្រោម ១៥ឆ្នាំវិញ មាន​ត្រឹមតែ ១២,៣%​ ប៉ុណ្ណោះ។

គួរបញ្ជាក់ថា យោងតាម​ស្តង់ដា​របស់​អង្គការ​សុខភាព​ពិភពលោក ​ប្រទេសមួយ​ដែល​​មាន​ ​មនុស្ស​ចាស់វ័យ​ចាប់ពី ៦៥ឆ្នាំឡើង លើសពី ៧% នៃ​ចំនួន​ប្រជាជនសរុប ត្រូវ​ចាត់ទុក​ថា​ជា​ប្រទេស​ដែល​​មាន “​ប្រជាសាស្រ្ត​​កំពុងចាស់រិចរឹល”, លើស​ពី ១៤% គឺ “ប្រជាសាស្រ្ត​ចាស់រិចរឹល” ហើយ​ចាប់ពី ២១%​ ឡើងទៅ គឺ “ប្រជាសាស្រ្តចាស់រិចរឹលខ្លាំង”។

ដូច្នេះ ជប៉ុន គឺ​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដែល​មាន​ប្រជាសាស្រ្តចាស់​រិចរឹលខ្លាំង ហើយក្នុង​ប្រទេស​ដែល​មាន​ប្រជាសាស្ត្រ​រិចរឹល​ខ្លាំង​ដូចជា​ប្រទេស​ជប៉ុន​នេះ ការ​ជំរុញ​ការ​ចំណាយ​ទូទៅ​នៅក្នុង​ទីផ្សារ​ក្នុងស្រុក​ គឺ​ជា​រឿងមួយ​ស្មុគស្មាញ​ខ្លាំង។

ក៏ប៉ុន្តែ ក្នុងពេល​ជាមួយគ្នា នយោបាយ​សេដ្ឋកិច្ច​របស់​លោក​ស្ហ៊ីនហ្សូ អាបេ ខ្លួនឯងផ្ទាល់ ក៏​ជា​កត្តា​បន្ថែម​មួយ​ទៀត​ផងដែរ គឺ​ការ​ដំឡើង​ពន្ធលើ​ការ​លក់ទំនិញ ពី ៥% មក ៨% កាលពី​ឆ្នាំ២០១៤ ហើយ​បន្ទាប់​មក​ឡើងដល់ ១០% នៅ​ឆ្នាំ២០១៩។

តាមការពិត នៅ​ក្នុង​គោលគំនិត​របស់​លោក​ស្ហ៊ីនហ្សូ អាបេ ការ​ដំឡើង​ពន្ធ​លើ​ការ​លក់ទំនិញ គឺ​ដើម្បី​ទប់ទល់​បញ្ហា​បំណុល​របស់​រដ្ឋ ពីព្រោះ​ថា នៅ​ក្នុង​នយោបាយ​ “អាបេណូមិច” រដ្ឋ​ត្រូវ​បង្កើន​ការ​ចំណាយ​ច្រើន ស្រប​នឹង​ពេល​ដែល​អត្រា​បំណុល​រដ្ឋ​ក៏​មាន​កម្រិត​ខ្ពស់ រហូតដល់​ទៅ​លើស​ពី ២០០% នៃ​ផលិតផល​ក្នុងស្រុក​សរុប។

ក៏ប៉ុន្តែ បញ្ហា​ចោទ គឺ​នៅត្រង់​ថា ការ​ដំឡើង​ពន្ធលើ​ការ​លក់ទំនិញ​នេះ ក៏ដូចជា​ការ​ដំឡើង​ពន្ធផ្សេងទៀត ដែល​ជា​បន្ទុក​ដល់​ប្រជាជន​ទូទៅ វា​ជា​កត្តា​ដែល​ធ្វើ​ឲ្យ​ប្រជាជន​នាំគ្នា​​កាត់បន្ថយ​ការ​ចំណាយ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​តម្រូវការ​ទីផ្សារ​ក្នុងស្រុក​ត្រូវ​ធ្លាក់ចុះ ហើយ​ប៉ះពាល់​ទៅ​ដល់​កំណើន​សេដ្ឋកិច្ច។ នៅ​ទីបំផុត​ទៅ ​វិធានការ​ដែល​​​ដាក់ចេញ ក្នុង​ចេតនា​​ទប់ស្កាត់​បញ្ហា​បំណុល ដែល​អាច​កើតមាន​ឡើង​ដោយសារ​តែ​គោលនយោបាយ “អាបេណូមិច” នេះ បាន​ក្លាយ​ទៅជា​ឧបសគ្គ​ចម្បង​មួយ ដែល​រារាំង​មិន​ឲ្យ​នយោបាយ​នេះ​បាន​ទទួល​ជោគជ័យ​ទៅ​តាម​ការ​រំពឹងទុក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI