អាស៊ាន

ប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ក្នុងបរិបទ​វិវាទកាន់តែធំ រវាងអាមេរិកនិងចិន

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសបរទេសវៀតណាម លោក ផាំ ប៊ីនមិញ ដឹកនាំបើកការប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ថ្ងៃទី​៩កញ្ញា ២០២០
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសបរទេសវៀតណាម លោក ផាំ ប៊ីនមិញ ដឹកនាំបើកការប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ថ្ងៃទី​៩កញ្ញា ២០២០ REUTERS - ASEAN VIETNAM 2020
ដោយ៖ ម៉ម ពិសី
១៣ នាទី

នៅថ្ងៃ​ពុធ ទី៩កញ្ញានេះ កិច្ចប្រជុំកំពូល ថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន ត្រូវចាប់ផ្តើម នៅទីក្រុងហាណូយ តាមរយៈប្រព័ន្ធវីស្យូខុនហ្វឺរិនស៍។ កិច្ចប្រជុំកំពូលរយៈពេល​៤ថ្ងៃនេះ ក៏នឹងមានវត្តមាន​ចូលរួម ពីប្រមុខការទូតសហរដ្ឋអាមេរិក និងចិនផងដែរ។ ចិន និងសហរដ្ឋអាេមរិក មានរឿងមិនចុះសម្រុងនឹងគ្នា ជាច្រើនចំណុច ជាពិសេសទាក់ទិននឹងស្ថិរភាពតំបន់អាស៊ីប៉ាស៊ីហ្វិកនេះតែម្តង។ វាគឺជាកាលៈទេសៈដ៏លំបាក សម្រាប់ប្រទេសអាស៊ាន ដែលត្រូវស្ថិតនៅចំកណ្តាល​ នៃភាពប្រទាញ​ប្រទង់​ វិវាទតានតឹង រវាងមហាអំណាចទាំង២នេះ។

ផ្សាយពាណិជ្ជកម្ម

ចាប់ផ្តើមពីថ្ងៃទី​៩ ដល់ថ្ងៃទី១២កញ្ញា កិច្ចប្រជុំកំពូល​ថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន ស្ថិតចំ កាលៈ​ទេសៈ​មួយដ៏លំបាក ព្រោះថា ចិន និងសហរដ្ឋអាេមរិក ដែលជាដៃគូ មិនអាចខ្វះបានរបស់អាស៊ាន កំពុងតែមានវិវាទតានតឹងនឹងគ្នា យ៉ាងខ្លាំងបំផុត។ លោក វ៉ាង យី ប្រមុខការទូតចិន និងលោក​ ម៉ៃ ប៉ុមប៉េអូ នឹងមានវត្តមាន​ថ្លែងការណ៍ម្តងម្នាក់ តាមប្រព័ន្ធវីស្យូខុនហ្វឺរិនស៍ ជាមួយ​នឹងរដ្ឋមន្ត្រីការបរទេសអាស៊ាន​ទាំង១០ប្រទេស។

សំណុំរឿងជម្លោះ ក្នុងសមុទ្រចិនខាងត្បូង ត្រូវគេជឿថា ពិតជាស្នូលនៃការជជែកគ្នាមិនខាន។ សំណុំរឿងនេះ ក៏ជាប្រភពនៃការបែកបាក់ផ្ទៃក្នុងផងដែរ របស់ប្រទេសសមាជិកអាស៊ាន។ ជាច្រើនខែមកហើយ ដែលចិន បាន​បន្តធ្វើការសាងសង់មូលដ្ឋានទ័ព និងធ្វើសមយុទ្ធយោធាក្នុងតំបន់​នេះ។ ប្រការនេះ បាន​ធ្វើឲ្យ​រំខានយ៉ាងខ្លាំងដល់ ស្ថិរភាពនិងសន្តិសុខ របស់ចរាចរណ៍នាវាទំនិញអន្តរជាតិ។

គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ នៅពុំទាន់មានដំណោះស្រាយណាមួយ​ នៅឡើយទេ ទាក់ទិននឹងវិវាទសមុទ្រចិនខាងត្បូងនេះ។ ប្រទេសអាស៊ាន មានដូចជា វៀតណាម ម៉ាឡេស៊ី ហ្វ៊ីលីពីន ប្រ៊ុយណេ ឥណ្ឌូណេស៊ី​ជាដើម សុទ្ធតែជាអ្នកមាន​វិវាទ អធិបតេយ្យភាព​ដែនសមុទ្រជាមួយចិន។ សហរដ្ឋអាេមរិក ដែលចាត់ទុកថាចិនកំពុងធ្វើសកម្មភាពវាទទី ក្នុងសមុទ្រចិនខាងត្បូង បានចេញវិធានការ កាលពីខែសីហាកន្លងទៅ ដោយបាន​ ដាក់ទណ្ឌកម្មលើមនុស្ស ឬក្រុមហ៊ុនចិនទាំងអស់ ដែល​ចូលរួម នៅក្នុងសកម្មភាព​ សាងសង់​មូលដ្ឋានទ័ព ក្នុងដែនសមុទ្រចិនខាងត្បូង។

នៅមុនពេល​កិច្ចប្រជុំអាស៊ាននេះបានចាប់ផ្តើម លោកប្រមុខការទូតអាេមរិក ដែលនរណាក៏ដឹងថា ស្អប់ចិនខ្លាំងនោះ បាននិយាយថា « គណបក្សកុម្មនុយនីស្តចិន កំពុងដើរលើគំនូស​មួយយ៉ាងច្បាស់ និងកាន់តែខ្លាំងឡើងៗ តាមរយៈគំរាម សំឡុតប្រទេសជិតខាង »។ នយោបាយការបរទេសអាមេរិក ក្រោម​ការដឹកនាំរបស់​លោក ម៉ៃ ប៉ុមប៉េអូ គឺអាេមរិក បានយកចិន ធ្វើជា​​ចំណុចស្នូល ប្រភពនៃបញ្ហាទាំងអស់។

ក្រៅពី​សំណុំរឿងសមុទ្រចិនខាងត្បូងនេះ គេរំពឹងថា ប្រទេសអាស៊ានក៏អាចនឹងលើកឡើងផងដែរអំពី​បញ្ហាឧបទ្វីបកូរ៉េ ការរំសាយនុយក្លេអ៊ែររបស់កូរ៉េខាងជើង ដែលស្ថិតនៅទ្រឹងមិនទៅមុខ ព្រមទាំងបញ្ហាសេដ្ឋកិច្ចតំបន់ផង ដែលបច្ចុប្បន្ន កំពុងតែជួបការលំបាកខ្លាំង ដោយសារវិបត្តិកូវីដ១៩៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI