កូវីដ១៩ បានធ្វើឱ្យក្រុមហ៊ុនប្រេងឥន្ធនៈចិនស្គាល់ការខាតបង់ជាលើកទីមួយ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៤:០៨
ផលវិបាកបង្កឡើងដោយវិបត្តិកូវីដ១៩ ធ្ងន់ធ្ងរខ្លាំងណាស់។ គ្មានក្រុមហ៊ុនប្រេងឥន្ធនៈណាមួយបានរួចខ្លួនទេ។ ដោយគ្មានការភ្ញាក់ផ្អើល ក្រុមហ៊ុនយក្សផ្នែកប្រេងឥន្ធនៈ មួយហើយមួយទៀត បានបង្ហាញតុល្យការនៃការខាតបង់ដ៏មហិមារបស់ខ្លួន ជាបន្តបន្ទាប់គ្នា។ ក្រុមហ៊ុនប្រេងឥន្ធនៈចិន ក៏មិនអស្ចារ្យខុសប្លែកពីគេ។ បន្ទាប់ពីក្រុមហ៊ុន PetroChina ដល់វេនក្រុមហ៊ុន Sinopec ដែលប្រកាសថ្ងូចថ្ងូរ ជាលើកទីមួយ គិតចាប់តាំងពីជាង២០ឆ្នាំមក អំពីការខាតបង់ដ៏សម្បើមរបស់ខ្លួន។
កូវីដ១៩បានបង្កការខូចខាតខ្លាំងដល់វិស័យប្រេងឥន្ធនៈ។ កាលពីខែចុងខែសីហា ក្រុមហ៊ុនតូតាល់បារាំង បានប្រកាសខាតបង់អស់៨៤០០លានដុល្លារ។ ក្រុមហ៊ុនENIអ៊ីតាលី ជាគូប្រជែងតូតាល់ ប្រកាសខាត៥២០០លានដុល្លារ។ Shell ក្រុមហ៊ុនកូនកាត់អង់គ្លេសហូឡង់ខាតខ្លាំងជាងគេបំផុត (១៨១០០០លានដុល្លារ) នៅត្រីមាសទីពីរនៃឆ្នាំ២០២០។ ការខាតបង់ដ៏ធំធេងខ្លាំងរបស់ក្រុមហ៊ុនឥន្ធនៈយក្សទាំងបី គឺបណ្តាលមកពីការបាត់បង់តម្លៃភាគហ៊ុននៅលើទីផ្សារមូលប័ត្រ។
ចុះក្រុមហ៊ុនប្រេងឥន្ធនៈចិន តើយ៉ាងណាដែរ ? ប្រទេសចិនបានងើបចេញពីវិបត្តិកូវីដ១៩មុនគេ ប៉ុន្តែកូរ៉ូណាវីរុស ក៏បានពង្រាបក្រុមហ៊ុនយក្សរបស់ចិន មិនខុសពីគូប្រជែងអន្តរជាតិផ្សេងៗទៀតឡើយ។ គិតចាប់តាំងពីបានចូលក្នុងទីផ្សារមូលប័ត្រហុងកុង មានលក់ភាគហ៊ុន នៅឆ្នាំ២០០០មក ក្រុមហ៊ុនSinopec បានស្គាល់ការខាតបង់ ជាលើកទីមួយ អស់២២ពាន់លានយ័ន (៣២០០លានដុល្លារ)។ ដោយហេតុតែតម្រូវការពិភពលោកខ្យោយ ក្រុមហ៊ុន Sinopec ឬ PetroChina ដែលបើទោះបីជាជាប់ឈ្មោះជាក្រុមហ៊ុនចម្រាញ់ប្រេងលំដាប់ទីមួយ នៅអាស៊ីក្តី ក៏ក្រុមហ៊ុនអាចចម្រាញ់ប្រេងឆៅបានតែ ១១១លានតោន តែប៉ុណ្ណោះ នៅចន្លោះពីខែមករាដល់ខែមិថុនា២០២០ ពោលគឺ១០%តិចជាងកាលពីឆ្នាំ២០១៩។
តុល្យការរបស់ក្រុមហ៊ុនផលិតប្រេងលំដាប់ទីមូយរបស់ចិន PetroChina ដែលទើបបានផ្សព្វផ្សាយកាលពីពីរបីថ្ងៃមុន កាន់តែអាក្រក់ខ្លាំងទៅទៀតដោយក្រុមហ៊ុនបានខាតបង់ អស់ ៣០ពាន់លានយ័ន (៤៤០០លានដុល្លារ) នៅក្នុងឆមាសទីមួយនៃឆ្នាំ២០២០។ ដូចក្រុមហ៊ុនប្រេងអឺរ៉ុបដែរ PetroChina រងគ្រោះខ្លាំង ដោយហេតុតែតម្លៃប្រេងលើទីផ្សារបានដាំក្បាលចុះផង តម្រូវការក្នុងស្រុក និងពិភពលោក ទុចងក់ផង។ នៅលើទីផ្សារភាគហ៊ុន ក្រុមហ៊ុនខាតបង់អស់១២០០លានដុល្លារ។ ជាចុងក្រោយ ក្រុមហ៊ុនរដ្ឋចិន CNOOC, China National Offshore Oil Corp ដែលមានជំនាញនាំចេញប្រេងទៅបរទេសច្រើនជាងគេវិញ មានស្ថានភាពល្អប្រសើរជាងគេមិនខាតបង់មែន តែប្រាក់ចំណេញបានរួមតូចអស់ពីរភាគបី។
ទន្ទឹមគ្នានោះ ក្រុមហ៊ុនសាធារណៈគ្រាក់ៗរបស់ចិនទាំងបី នៅតែបន្តផលិតកម្មប្រេង យ៉ាងពេញទំហឹងដដែល។ នៅឆមាសទីមួយ ផលិតផលរបស់ក្រុមហ៊ុន Sinopec ចុះថយតែ០,៤% ឯក្រុមហ៊ុនCNOOC ឡើង៦% PetroChinaឡើង៧%។
ប៉ុន្តែស្ថានភាព៦ខែខាងមុខ មិនច្បាស់លាស់ទេ។ ChinaCorp ត្រៀមប្រឈមនឹងការលំបាកខ្លាំង ដោយតាំងពីថ្មីៗមកមានក្រុមហ៊ុនប្រេងបរទេសច្រើនអាចចូលមកប្រជែងនៅលើទឹកដីចិន។ Sinopec គិតថាសេចក្តីត្រូវការផ្នែកប្រេង នឹងស្ទុះឡើងវិញ តែតម្លៃប្រេងឆៅនឹងនៅតែទាបដដែល ព្រោះសេដ្ឋកិច្ចពិភពលោកគ្មានស្ថិរភាព និងមិនប្រាកដថាមានកំណើនឡើងវិញទេ។
កូវីដ១៩ បានធ្វើឱ្យសេដ្ឋកិច្ចពិភពលោក គាំងលែងដំណើរការ មួយរយៈ។ សេដ្ឋកិច្ចគាំង សេចក្តីត្រូវការផ្នែកប្រេងឥន្ធនៈក៏ថយចុះ ហើយអូសតម្លៃប្រេង និងភាគហ៊ុនឱ្យធ្លាក់ចុះទៅតាមនោះដែរ។ ប្រេងបានចុះថ្លៃស្ទើរដល់ក្រោមសូន្យផង ក្នុងអំឡុងខែមីនា និងទើបរើបឡើងវិញបន្តិចនៅខែមេសាប៉ុណ្ណោះ។ ពេលនេះតម្លៃប្រេងបានឡើងដល់ម្តុំ៤០ដុល្លារក្នុងមួយធុងបារីលវិញ តែជាតម្លៃទាបជាងកាលពីឆ្នាំទៅបើប្រៀបធៀបនៅនឹងពេលវេលាដូចគ្នា។ តម្លៃនៅទាប តម្រូវការផ្នែកប្រេងឥន្ធនៈអាចនឹងត្រូវនៅទន់ខ្សោយខ្លាំងនិងយូរពេលទៀត ព្រោះកូវី១៩មិនទាន់អស់អំណាចរាតត្បាតរបស់ខ្លួន ហើយសន្ទទស្សន៍សេដ្ឋកិច្ចនៅតាមបណ្តាប្រទេសជឿនលឿនដែលជាអ្នកត្រូវការប្រេងខ្លាំង មិនទាន់បានប្រសើរនៅឡើយទេ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ