អានតួអត្ថបទ

ទាហានភូមា២នាក់​សារភាព​ថា បាន​ទទួល​បញ្ជា​ឲ្យ​សម្លាប់រង្គាល​ជនជាតិរ៉ូហ៊ីងយ៉ា

វីដេអូ​ថត​ដោយ​ក្រុមឧទ្ទាម​អារ៉ាខាន​ភូមា បង្ហាញ​ទាហាន​ភូមា ឈ្មោះ Myo Win Tun ដែល​និយាយ​សារភាព​ពី​ការសម្លាប់រង្គាលជនជាតិ​រ៉ូហ៊ីងយ៉ា ទៅតាម​បញ្ជា​របស់​មេបញ្ជាការកងទ័ព​ភូមា។ វីដេអូ​ថតបាន​កាលពី​ពាក់កណ្តាល​ខែ កក្កដា
វីដេអូ​ថត​ដោយ​ក្រុមឧទ្ទាម​អារ៉ាខាន​ភូមា បង្ហាញ​ទាហាន​ភូមា ឈ្មោះ Myo Win Tun ដែល​និយាយ​សារភាព​ពី​ការសម្លាប់រង្គាលជនជាតិ​រ៉ូហ៊ីងយ៉ា ទៅតាម​បញ្ជា​របស់​មេបញ្ជាការកងទ័ព​ភូមា។ វីដេអូ​ថតបាន​កាលពី​ពាក់កណ្តាល​ខែ កក្កដា AP
ដោយ៖ ឈាង បុប្ផា
១៩ នាទី

ទាហាន​ពីរនាក់​បាន​ក្លាយជា​សមាជិក​កងទ័ព​ភូមា ដំបូងគេ ដែល​បាន​និយាយ​សារភាព ពី​ការសម្លាប់​រង្គាល​ទៅលើ​ជនជាតិ​រ៉ូហ៊ីងយ៉ា នៅ​រដ្ឋរ៉ាឃីន កាលពី​ឆ្នាំ ២០១៧។ ចម្លើយសារភាព​របស់​កូនទាហានភូមា មាននៅក្នុង​វីដេអូ ដែល ក្រុមឧទ្ទាមទ័ពព្រៃ អារ៉ាខាន បាន​ថត កាលពី​ពាក់កណ្តាល​ខែ​កក្កដា និង​ដែល អង្គការ​ការពារ​សិទ្ធិមនុស្ស​Forty Rights បាន​បង្ហាញ ចុះផ្សាយ កាលពី​ថ្ងៃ​អង្គារ​កន្លងទៅ។ កងទ័ព​ភូមា ​កាលពីថ្ងៃ​ព្រហស្បតិ៍ បាន​អះអាងថា អតីត​កូនទាហាន​រត់ចោលជួរ​ទាំងពីររូប​ខាងលើ​បាន​ផ្តល់ចម្លើយ សារភាព ដោយសារ​មាន​ការចាប់បង្ខំ។

ផ្សាយពាណិជ្ជកម្ម

បីឆ្នាំ ក្រោយ​អំពើហិង្សា ដែលបានធ្វើ​ឲ្យ​ប្រជាជន​ភាគតិច រ៉ូហ៊ីងយ៉ា នៅ​រដ្ឋរ៉ាឃីន ជាង ១លាន​នាក់ រត់ភៀសខ្លួន ទៅនៅទឹកដី​បង់ក្លាដែស នេះជា​លើក​ទី១ ដែល​មានទាហាន​ភូមា និយាយ​សារភាព ពី​ការសម្លាប់រង្គាល ប្រព្រឹត្ត​ដោយ​កងទ័ព​ភូមា​ទៅលើ​ជនជាតិ​រ៉ូហ៊ីងយ៉ា កាលពី​ឆ្នាំ ២០១៧។ នៅក្នុង​វីដេអូ ដែល អង្គការ​Forty Rights បានផ្តល់​ទៅ​ឲ្យ​ប្រព័ន្ធផ្សព្វផ្សាយ​អន្តរជាតិ កាលពី​ថ្ងៃ​អង្គារ ទាហាន​ភូមា បាន​លើកឡើង​ពី​ការសម្លាប់ រំលោភ និង​កាប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ផ្សេងទៀត ទៅលើ​ជនជាតិ​រ៉ូហ៊ីងយ៉ា នៅ​រដ្ឋរ៉ាឃីន ភាគខាងជើង​ប្រទេស​ភូមា។

ក្នុង​វ័យ ប្រមាណ ៣០​ឆ្នាំ ទាហាន​ភូមា​ទាំងពីរ​រូប​ទទួលស្គាល់​ថា ដោយបាន​ទទួល​បញ្ជា​ពីថ្នាក់លើ ពួកគេ​បាន​ចូលរួម​ក្នុង​ប្រតិបត្តិការ​ដុត​ផ្ទះសម្បែង ដើម្បី​បណ្តេញ អ្នកភូមិ​រ៉ូហ៊ីងយ៉ា និង​បាន​សម្លាប់​មនុស្ស ប្រមាណ ១៨០​នាក់ ដែល​នៅ​ក្នុង​នោះ មានទាំង​ស្រ្តី និង​កុមារ។ ទាហាន​រត់ចោលជួរ​ទាំងពីរ​នាក់ នៅបាន​រៀបរាប់​លម្អិត​ឈ្មោះ ទាហាន​ភូមា ១៧ផ្សេងទៀត ដែល​ចូលរួម​ក្នុង​ការសម្លាប់រង្គាល ដែល​នៅក្នុង​នោះ មាន ៦នាក់ ជា​មេទាហាន ដែល​ជាអ្នកបញ្ជា​ឲ្យ​កាប់សម្លាប់ ដោយ​មិនរើសមុខ​ជនជាតិ រ៉ូហ៊ីងយ៉ា។

ប្រតិកម្ម​នឹង​ចម្លើយសារភាព​របស់​ទាហាន​ភូមា​ទាំងពីររូប​ខាងលើ អ្នកនាំពាក្យ​របស់​កងទ័ព​ភូមា បាន​និយាយ​ប្រាប់​ប្រព័ន្ធផ្សព្វផ្សាយ​អង់គ្លេស BBC ថា អតីត​ទាហាន​ភូមា​ទាំងពីរ ត្រូវក្រុមឧទ្ទាម អារ៉ាខាន ចាប់ជា​ចំណាប់ខ្មាំង និងត្រូវគេ​គំរាម បង្ខំ​ឲ្យ​ឆ្លើយសារភាព។

ក្រុមឧទ្ទាមអារ៉ាខាន ដែល​តស៊ូ ផ្នែកអាវុធ ដើម្បី​ទាមទារ​ស្វ័យភាព​ឲ្យ​ប្រជាជន​អារ៉ាខាន កាន់ពុទ្ធសាសនា ធ្លាប់​រង​ការចោទប្រកាន់ បាន​ចូលរួម​ជាមួយ​កងទ័ព​ភូមា ដើម្បី​ធ្វើទុក្ខបុកម្នេញ ប្រជាជន​អ៊ីស្លាម រ៉ូហ៊ីងយ៉ា។ សម្រាប់​អ្នកវិភាគ ដោយ​ថតចម្លើយ​សារភាព​របស់​ទាហាន​ភូមា ស្តី​ពីការសម្លាប់រង្គាល របស់​កងទ័ព​ទៅលើ​ប្រជាជន​រ៉ូហ៊ីងយ៉ា ក្រុមអារ៉ាខាន ចង់​បំផ្លាញមុខមាត់​របស់​កងទ័ពភូមា។

អ្នកនាំពាក្យ​របស់​ក្រុមឧទ្ទាម អារ៉ាខាន នៅថ្ងៃ​ព្រហស្បតិ៍ម្សិលមិញ បាននិយាយ​ថា ទាហាន​ភូមា​ទាំងពីរ បាន​រត់ចោលជួរ និង​បាន​ស្ម័គ្រចិត្ត ឆ្លើយសារភាព ពី​ឧក្រិដ្ឋកម្ម​សង្រ្គាម​ទៅលើ​ប្រជាជន​រ៉ូហ៊ីងយ៉ា។ តាម​អង្គការ​សិទ្ធិមនុស្ស Forty Rights នៅក្រោយ ឆ្លើយសារភាព កាលពី​ពាក់កណ្តាល​ខែ​កក្កដា គេ​ឃើញ​អតីត​ទាហាន​ភូមា​ទាំងពីរ​រត់គេច ទៅ​ព្រំដែន ភូមា បង់ក្លាដែស នៅពាក់កណ្តាល​ខែ​សីហា និង​បន្ទាប់មក ត្រូវ​គេបញ្ជូន​បន្ត ទៅ​ប្រទេស​ហូឡង់ ជាទី​ តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​កំពុង​បើកការស៊ើបអង្កេត​លើ​ការសម្លាប់​រង្គាល​ទៅលើ​ជនជាតិ​រ៉ូហ៊ីងយ៉ា។ អង្គការ​Forty Rights សង្ឃឹមថា តុលាការ​អន្តរជាតិ បើកការជំនុំជម្រះ​អតីត​ទាហាន​ភូមាទាំងពីរ ដើម្បី​ផ្តល់​យុត្តិធម៌​ឲ្យ​ប្រជាជនរងគ្រោះ​រ៉ូហ៊ីងយ៉ា។

ការិយាល័យ រដ្ឋអាជ្ញា​របស់​តុលាការ​ក្រុងឡាអេ មិនបាន​បញ្ជាក់​ពីវត្តមាន​របស់​ទាហាន​ភូមា នៅហូឡង់ឡើយ ដោយ​លើកឡើង​ពីការសម្ងាត់ ក្នុង​ដំណើរការ​ស៊ើបអង្កេត និង​ដើម្បី​ការពារ​សុវត្ថិភាព និង​សន្តិសុខ​របស់​ជនរងគ្រោះ និង​សាក្សី៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ