អានតួអត្ថបទ

រដ្ឋមន្រ្តីការបរទេស​អាមេរិក​ជំរុញឲ្យអាស៊ាន​​​កាត់ផ្តាច់​ទំនាក់ទំនង​ជាមួយ​ក្រុមហ៊ុនរដ្ឋចិន

រដ្ឋមន្រ្តីការបរទេស​អាមេរិក លោក​Mike Pompeo ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន ដែល​មាន​វៀតណាម​ជាម្ចាស់ផ្ទះ នៅថ្ងៃព្រហស្បតិ៍ទី ១៩​កញ្ញា
រដ្ឋមន្រ្តីការបរទេស​អាមេរិក លោក​Mike Pompeo ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន ដែល​មាន​វៀតណាម​ជាម្ចាស់ផ្ទះ នៅថ្ងៃព្រហស្បតិ៍ទី ១៩​កញ្ញា AP
ដោយ៖ ឈាង បុប្ផា
៣៧ នាទី

អាមេរិក និង​ចិន ដែលកំពុង​មានជម្លោះ​តានតឹង​ដាក់​គ្នា កាន់តែខ្លាំង​កំពុង​ដើរ​បញ្ចុះបញ្ចូល ប្រទេស​សមាជិក​អាស៊ាន​ឲ្យ​គាំទ្រ​រៀងៗខ្លួន។ នៅក្នុង​កិច្ចប្រជុំ​ថ្នាក់រដ្ឋមន្រ្តី​ការបរទេស​អាស៊ាន នៅថ្ងៃ​ព្រហស្បតិ៍នេះ ​រដ្ឋមន្រ្តីការបរទេស​អាមេរិក​លោក Mike Pompeo បាន​ជំរុញ​ឲ្យ​ប្រទេស​អាស៊ាន​កាត់ផ្តាច់​ទំនាក់ទំនង​ធ្វើជំនួញ ជាមួយ​ក្រុមហ៊ុន​ចិន​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការសាងសង់ សំណង់ នៅលើ​កោះសិប្បនិម្មិត​ក្នុង​សមុទ្រ​ចិន​ខាងត្បូង។ រដ្ឋមន្រ្តី​ការបរទេស​ចិន​វិញ ដែល​បាន​ជួបប្រាស្រ័យ ជាមួយ​បណ្តារដ្ឋមន្រ្តី អាស៊ាន កាលពី​ថ្ងៃ​ពុធ ម្សិលមិញ បាន​ចោទប្រកាន់​អាមេរិក​ថា ជា​ការគំរាមកំហែង​ដល់​សុខសន្តិភាព នៅសមុទ្រ​ចិន​ខាងត្បូង។ អាស៊ាន​ ​មាន​ប្រទេស​សមាជិក​ចំនួន ៥ ដែល​កំពុង​ជាប់ជម្លោះ​ដែនទឹក​ជាមួយ​ចិន នៅសមុទ្រ​ចិន​ខាងត្បូង។ តើ​អាស៊ាន នឹង​ជ្រើសរើស​យក​ផ្លូវដើរ​មួយខាងណា? ទៅ​ខាង​ចិន ឬ​ធ្វើ​តាម​អាមេរិក?

ផ្សាយពាណិជ្ជកម្ម

ការប្រឈមមុខ​ដាក់គ្នា​រវាង​ចិន និង​អាមេរិក​បាន​ចូល​ទៅ​រាលដាល ដល់​ក្នុង​ជំនួបកំពូល​អាស៊ាន ដែលត្រូវ​បើកធ្វើ រហូត​ដល់ថ្ងៃ​សៅរ៍​ចុងសប្តាហ៍​នេះ។ នៅក្នុង​កិច្ចប្រជុំ ​ជាមួយ រដ្ឋមន្រ្តី​ការបរទេស​របស់​ប្រទេស​សមាជិក​អាស៊ាន ប្រមុខ​ការបរទេស​អាមេរិក លោក​Mike Pompeo បាន​និយាយ​ជំរុញឲ្យ​អាស៊ាន ​កាត់ផ្តាច់​ទំនាក់ទំនង​ជាមួយ ក្រុមហ៊ុន​ចិន ដែល ជាប់​ពាក់ព័ន្ធ​នឹង​គម្រោងការ​សំណង់​របស់​រដ្ឋាភិបាល​ចិន នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង។

អាមេរិក កាលពី​ខែ​សីហាមុន ​បាន​សម្រេច​ដាក់ទណ្ឌកម្ម​ក្រុមហ៊ុន ចិន ចំនួន ២៤ ដែល​ជាប់ពាក់ព័ន្ធ ចូលរួម ក្នុង​ការសាងសង់ នៅលើ​កោះសិប្បនិម្មិត​របស់​ចិន នៅ​សមុទ្រ​ចិន​ខាងត្បូង។ បើប្រៀបធៀប​នឹង​ប្រទេស​សមាជិក​អាស៊ាន​ចំនួន ៥ ដូចជា វៀតណាម ហ្វីលីពីន ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និង​ព្រុយណេ ដែលកំពុង​មាន​ជម្លោះ​ដណ្តើម​ដែនទឹក​ជាមួយ ចិន នៅសមុទ្រ​ចិនខាងត្បូង អាមេរិក មិនមែន​ជា​ភាគី​ជម្លោះ​ដោយផ្ទាល់ ជាមួយ​ចិន មែន ប៉ុន្តែ អាមេរិក ចេញមុខ​ប្រឆាំង​រាល់​គម្រោងការ​សាងសង់ សំណង់យោធា របស់​ចិន នៅ​លើ​កោះសិប្បនិម្មិត នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង ដោយ​លើក​ហេតុផល​ថា ការបំពាក់រ៉ាដា មីស៊ីល នៅលើ​​ទីតាំង​យោធា​ដែល​ចិន បង្កើតឡើង​នៅលើ​កោះសិប្បនិម្មិត នៅសមុទ្រ​ចិន​ខាងត្បូង គំរាមកំហែង ចរាចរណ៍​ដឹកជញ្ជូន​ផ្លូវទឹកអន្តរជាតិ។

សម្រាប់​រដ្ឋមន្រ្តីការបរទេស​អាមេរិក វា​ដល់​ពេល​ហើយ​ដែល​អាស៊ាន​ត្រូវ​ចាត់វិធានការ​ជាក់ស្តែង គឺមិនមែន​គ្រាន់តែ​និយាយ​តែមាត់នោះទេ។ អាស៊ាន​ត្រូវតែ​ពិចារណា សើរើ​ឡើងវិញ រាល់​កិច្ចសន្យា​វិនិយោគ ធ្វើជំនួញ​ជាមួយ​ក្រុមហ៊ុន​រដ្ឋចិន​ទាំងឡាយណា ដែលបាន​ចូលរួម ក្នុង​ផែនការ​រំលោភឈ្លានពាន ដែនទឹក​របស់​ប្រទេស​សមាជិក​អាស៊ាន នៅសមុទ្រ​ចិនខាងត្បូង។ “យើង​មិនត្រូវ​បក្សកុម្មុយនិស្ត​ចិន ដើរជាន់ឈ្លី យើង និង​ប្រជាជន​របស់​យើង​នោះទេ។ អាស៊ាន​ត្រូវ​មាន​ទំនុកចិត្ត ព្រោះថា អាមេរិក​ក្នុង​នាមជា​មិត្ត នឹងនៅជួយ អាស៊ាន” នេះជាការបញ្ជាក់របស់ លោក​Mike Pompeo ទៅកាន់​បណ្តារដ្ឋមន្រ្តីការបរទេស​របស់ប្រទេស​សមាជិកអាស៊ាន។

ចិន​ថា​អាមេរិក​ ​គ្រោះថ្នាក់ គំរាមកំហែង សុខ​សន្តិភាព​នៅ​សមុទ្រ​ចិន

នៅមុន​មួយថ្ងៃ ដែល រដ្ឋមន្រ្តី​ការបរទេស​អាមេរិក​និយាយ​អូសទាញ អាស៊ាន​ឲ្យ​កាត់ផ្តាច់​ទំនាក់ទំនង​ធ្វើជំនួញ​ជាមួយ​ក្រុមហ៊ុនចិន រដ្ឋមន្រ្តី​ការបរទេស​ចិន​លោក វ៉ាង យី ធ្លាប់​បាន​បើកការប្រជុំ​តាម​វីដេអូសន្និសីទ ជាមួយ រដ្ឋមន្រ្តីការបរទេស​អាស៊ាន ទាំង​១០  ដែល​នៅ​ក្នុង​នោះ លោក​និយាយ​ថា អាមេរិក​ជា​គ្រោះថ្នាក់​ខ្លាំងបំផុត ដែល​គំរាមកំហែង​សន្តិភាព​នៅ​សមុទ្រ​ចិន។ ចិន​ដែល​បាន​ទាមទារ​ជា​ម្ចាស់កម្មសិទ្ធិ​តំបន់ទឹកមួយផ្នែក​ធំ​នៅសមុទ្រ​ចិនខាងត្បូង និង​ខាងកើត កំពុង​ជាប់ជម្លោះ​ជាមួយ ប្រទេស​សមាជិក​អាស៊ាន​ចំនួន​៥ (វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ព្រុយណេ) និង​ប្រទេស​ជប៉ុន តៃវ៉ាន់។

សម្រាប់​រដ្ឋមន្រ្តី​ការបរទេស​ចិន លោកវ៉ាង យី អាមេរិក​កំពុង​បង្កើត​ភាពតានតឹង​ដើម្បី​ទាញយក​ប្រយោជន៍ផ្ទាល់ខ្លួន។ “អាមេរិក​កំពុង​ក្លាយ​ចលករ​ដែលជំរុញ​ឲ្យ​មាន​ការបំពាក់អាវុធ នៅសមុទ្រ​ចិន” នេះជាប្រសាសន៍របស់​លោកវ៉ាងយី ទៅកាន់​រដ្ឋមន្រ្តីការបរទេស​របស់​អាស៊ាន កាលពីថ្ងៃ​ពុធ។

ទីក្រុង​ប៉េកាំង​ដែលនៅតែ​អះអាង ពីភាពស្របច្បាប់ ក្នុងការការពារ ដែន​អធិបតេយ្យភាព​របស់ខ្លួន នៅ​សមុទ្រ​ចិន​ខាងត្បូង បាន​បាញ់​ ​មីស៊ីល​បាលីស្ទីក​រយៈចម្ងាយមធ្យម ចំនួន ២ដើម នៅក្នុង​សមយុទ្ធ​យោធា កាលពី​សប្តាហ៍មុន។ មីស៊ីល​ដែល​ចិន​បាន​បាញ់ ​ទៅក្នុង​សមុទ្រ​ចិន​ខាងត្បូង មានឈ្មោះថា ឃាតករ​កម្ទេច នាវា​ដឹកយន្តហោះ។

សមយុទ្ធ​យោធា​របស់​ចិន ដោយ​មាន​បាញ់​មីស៊ីល​ដ៏កម្រ​យ៉ាងដូច្នេះ គឺអាច​ជាសញ្ញា ព្រមាន​អាមេរិក​ដែល​បាន​បង្កើន​សមយុទ្ធ និង​បញ្ជូនយន្តហោះ កប៉ាល់​ចម្បាំង រួម​នាវាដឹក​យន្តហោះ ឲ្យ​ទៅ​បើក​ឆ្លងកាត់​កាន់តែ​ញយឡើង នៅ​សមុទ្រចិនខាងត្បូង។

អាស៊ាន​នៅក្នុង​ការប្រទាញប្រទង់គ្នា​រវាង​អាមេរិក និង​ចិន

ស្ថិតនៅចន្លោះអូសទាញ រវាង​ចិន និងអាមេរិក អាស៊ាន​នៅមិនទាន់​មាន​ជំហរ​រួមណា​មួយ​នោះ​ទេ។ ប៉ុន្តែ នៅមុន​បើកការប្រជុំ​កំពូលអាស៊ាន​លើកទី ៥២​នេះ រដ្ឋមន្រ្តី​ការបរទេស​ឥណ្ឌូណេស៊ី​បានអំពាវនាវ​រួចហើយថា អាស៊ាន​ត្រូវ​តែ ស្ថិតនៅ​អព្យាក្រឹត្យ និង​រួមកម្លាំងគ្នា នៅក្នុង​កាលៈទេសៈ ដែល ​អាមេរិក និង​ចិន កំពុង​តានតឹង​ដាក់គ្នា​យ៉ាងដូច្នេះ។ ប្រមុខការបរទេស ឥណ្ឌូណេស៊ី បាន​ទាមទារ​ផងដែរ មហាអំណាច ចិន និង​អាមេរិក កុំ​ឲ្យ​អូសទាញ យក​អាស៊ាន​ទៅ​នៅជាប់​ក្នុង​ជម្លោះរវាង​មហាអំណាច​ទាំងពីរ។

ប្រទេស​សមាជិក​អាស៊ាន​មាន​ជំហរ​មិនដូចគ្នា​នោះទេ ទៅ​នឹងការអំពាវនាវ​របស់​អាមេរិក។ អ្វីៗ​គឺអាស្រ័យ​ទៅលើ​ផលប្រយោជន៍ ការពាក់ព័ន្ធ​ក្នុង​ជម្លោះ​នៅសមុទ្រ​ចិន​ខាងត្បូង។ ជាក់ស្តែង វៀតណាម​ជា​ម្ចាស់ផ្ទះ​រៀបចំ​ជំនួបកំពូល​អាស៊ានឆ្នាំនេះ ប៉ុន្តែ ដែល​ជាប់ជម្លោះ​ទាមទារ​ដែនទឹក​ជាមួយ​ចិន នៅសមុទ្រ​ចិន​ខាងត្បូង បាន​និយាយ​ស្វាគម យ៉ាងកក់ក្តៅ ការចូលរួម​របស់​អាមេរិក នៅក្នុង​តំបន់។ សម្រាប់​វៀតណាម តួនាទី និង​ការចូលរួម​របស់​អាមេរិក​ក្នុង​ការថែរក្សា​សន្តិភាព ស្ថិរភាព និងសន្តិសុខ​ក្នុង​តំបន់ គឺ ជា​រឿង​គួរឲ្យ​លើកទឹកចិត្ត។ ការលើកឡើង​យ៉ាងដូច្នេះ របស់​វៀតណាម គឺ​ហាក់ផ្ទុយស្រឡះ ពីការលើកឡើង​របស់​ប្រមុខការបរទេស​ចិន ដែលកាលពី​១​ថ្ងៃ​មុន បាន​ប្រាប់​ប្រមុខការបរទេស​អាស៊ាន​ថា អាមេរិក គឺ​ជា​គ្រោះថ្នាក់ គំរាមកំហែង​សន្តិភាព​នៅសមុទ្រចិន។ គេ​អាច​យល់​បានពីជំហរ​របស់​វៀតណាម ដែលគាំទ្រ ឲ្យ​មាន​វត្តមានរបស់​អាមេរិក នៅសមុទ្រ​ចិន​ខាងត្បូង​ព្រោះថា វៀតណាម​បារម្ភ​កាន់តែ​ខ្លាំងពីការពង្រីកឥទ្ធិពល យោធា របស់​ចិន ជាពិសេស នៅក្រោយ ការបាញ់មីស៊ីល នៅសមុទ្រ​ចិន ដែល​វៀតណាម​បាន​ចាត់ទុក​ជា​កង្វល់​ដ៏ធំ​សម្រាប់​វៀតណាម​ដែល​ជាភាគីជម្លោះដែនទឹក​ជាមួយ​ចិន នៅសមុទ្រ​ចិនខាងត្បូង។

និយាយ​ពី​ហ្វីលីពីន​វិញ ដែល​ជាប់ជម្លោះ​ជាមួយ​ចិន ដែរនៅក្នុង​ជម្លោះដណ្តើម​ប្រជុំកោះ Spratley នៅសមុទ្រ​ចិនខាងត្បូង បាន​អះអាងថា ហើយ​នឹង​មិន កាត់ផ្តាច់​ទំនាក់ទំនង​ធ្វើជំនួញ ជាមួយ​ក្រុមហ៊ុន​ចិន តាម​អាមេរិក​នោះ ក្នុងហេតុផលថា ហ្វីលីពីន ត្រូវការ​វិនិយោគ ពីចិន។

តើ​អាស៊ាន​គួរធ្វើតាមគេ ឬ​ធ្វើ​ជា​ម្ចាស់​លើការសម្រេចចិត្ត​របស់​ខ្លួនឯង? សម្រាប់​ប្រមុខការបរទេស​ម៉ាឡេស៊ី ការសម្រេចចិត្ត​ណាមួយ​របស់​អាស៊ាន សំខាន់ណាស់។ វាអាច​ជាការសម្រេចិត្ត​ដែល​នឹង​ទៅ​ជួយ រក្សា​ស្ថិរភាព សន្តិភាព​ក្នុង​តំបន់ ឬ​អាច​ជា​ការសម្រេចចិត្ត​ដែលអាច​នាំ​ឲ្យកើតផ្ទុះសង្រ្គាម​នៅក្នុង​តំបន់។

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ