អានតួអត្ថបទ
ឥណ្ឌា-បារាំង

ឥណ្ឌា​សម្ភោធ​យន្តហោះ​ចម្បាំង ​Rafale ដែល​ទិញពី​បារាំង ជាមួយ​វត្តមាន​​រដ្ឋមន្ត្រី​ការពារ​ជាតិ​បារាំង

កងទ័ពអាកាស​ឥណ្ឌា នៅក្បែរ​ផ្លាកប៉ាណូផ្សព្វផ្សាយ កម្មវិធីសម្ភោធយន្តហោះ Rafale ៥គ្រឿង​ដំបូងបង្អស់របស់ឥណ្ឌា នៅមូលដ្ឋាន Ambala ថ្ងៃទី​ ១០ កញ្ញា ២០២០
កងទ័ពអាកាស​ឥណ្ឌា នៅក្បែរ​ផ្លាកប៉ាណូផ្សព្វផ្សាយ កម្មវិធីសម្ភោធយន្តហោះ Rafale ៥គ្រឿង​ដំបូងបង្អស់របស់ឥណ្ឌា នៅមូលដ្ឋាន Ambala ថ្ងៃទី​ ១០ កញ្ញា ២០២០ REUTERS - ADNAN ABIDI
ដោយ៖ ម៉ម ពិសី
១៥ នាទី

លោកស្រី រដ្ឋមន្ត្រីក្រសួងការពារជាតិបារាំង បានទៅដល់ប្រទេសឥណ្ឌា កាលពី​ថ្ងៃព្រហស្បតិ៍ទី១០កញ្ញា។ ជាទស្សនកិច្ចក្នុងន័យការទូត​ យុទ្ធសាស្ត្រ និងពាណិជ្ជកម្មផង ព្រោះលោកស្រីបានចូលរួម ក្នុងកម្មវិធីសម្ភោធដាក់​ឲ្យ​ប្រើប្រាស់ នូវយន្តហោះចម្បាំង Rafale ចំនួន​៥គ្រឿងដំបូង ក្នុងចំណោម​៣៦គ្រឿង​ ដែលឥណ្ឌាបានទិញពីបារាំង។ ការទំនើបកម្មក្នុងវិស័យកងទ័ពឥណ្ឌានេះ គឺវាស្ថិតក្នុងបរិបទមួយ​ ដែលឥណ្ឌាកំពុងមាន​វិវាទជាមួយ​ប៉ាគីស្ថាន និងជាពិសេស គឺជាមួយ​ចិន តែម្តង។

ផ្សាយពាណិជ្ជកម្ម

ថ្ងៃទី១០កញ្ញា នៅឯ​មូលដ្ឋានទ័ពអាកាស Ambala ស្ថិតនៅ​ភាគខាងជើង ឥណ្ឌាបានរៀបចំពិធីសម្ភោធដាក់ឲ្យ​ប្រើប្រាស់ យន្តហោះចម្បាំងRafale ក្រោមអធិបតីភាព​របស់​រដ្ឋមន្ត្រីការពារជាតិឥណ្ឌា លោក Rajnath Singh និងលោកស្រី Florence Parly រដ្ឋមន្ត្រីការពារជាតិបារាំង។ វាគឺជាយន្តហោះ Rafale ៥គ្រឿងដំបូង ក្នុងចំណោម៣៦គ្រឿង ដែលឥណ្ឌា បានបញ្ជាទិញពីបារាំង ក្នុងតម្លៃសរុប ១៣០០លានអឺរ៉ូ។

លោកស្រី រដ្ឋមន្ត្រីការពារជាតិបារាំង បានថ្លែងថា ឥណ្ឌានិងបារាំង បានបើកទំព័រថ្មីនៃចំណងសហការ​​ផ្នែកកងទ័ព និងចំណងមិត្តភាព រឹងមាំ​ជាដរាប។ ចំណែកលោក រដ្ឋមន្ត្រីការពារជាតិឥណ្ឌាវិញ បានលើកឡើងថា វត្តមាននៃយន្តហោះចម្បាំង Rafale ដ៏ទំនើបរបស់បារាំង គឺវាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ឥណ្ឌា។ ឥណ្ឌាមាន​ Rafale គឺអ្វីៗនឹងលែងដូចមុនហើយ។ លោកបន្តថា យន្តហោះទំនើបនេះ ជាសក្ខីកម្ម​បង្ហាញអំពីឆន្ទៈរបស់រដ្ឋាភិបាល ក្នុងការ​ការពារព្រំដែន បូរណភាពដែនដីឥណ្ឌា និងរក្សាសន្តិភាព​ក្នុងតំបន់។

សំដីរបស់លោក​រដ្ឋមន្ត្រីការពារជាតិឥណ្ឌា គឺបាន​ធ្វើឲ្យ​សន្នដ្ឋានបាន អំពី​ចេតនាធ្វើទំនើបកម្មយោធា របស់ឥណ្ឌា ដើម្បីប្រឈមនឹង​សកម្មភាពវាទទី គំរាមពីសំណាក់ប្រទេសជិតខាង មានប៉ាគីស្ថាន និងចិន។​ យ៉ាងណាមិញ ជម្លោះព្រំដែនរវាងឥណ្ឌា និងចិន បានផ្ទុះឡើងខ្លាំង រហូតបណ្តាល​ឲ្យ​ស្លាប់ទាហានឥណ្ឌា​២០នាក់ កាលពីពាក់កណ្តាល​ខែ​មិថុនា។ 

គួរបញ្ជាក់ដែរ​ថា នេះជាលើកទី៣ហើយ ដែលលោកស្រីរដ្ឋមន្ត្រីការពារជាតិបារាំង បានទៅឥណ្ឌា ចាប់តាំងពីលោក​ស្រីចូលកាន់តំណែងមក។ អាចថាវាជាយុទ្ធសាស្ត្រការទូត និងពាណិជ្ជកម្ម របស់ក្រសួងការពារជាតិបារាំង ក៏ថាបាន ក្នុងការ​ជួយផ្សព្វផ្សាយ​ឧស្សាហកម្មសព្វាវុធទំនើប របស់បារាំង។ ខុទ្ទកាល័យ​លោក​ស្រីរដ្ឋមន្ត្រីការពារជាតិបារាំង បានអះអាងថា ឥណ្ឌា មានភ្នែកមុត និងទស្សនវិស័យវែងឆ្ងាយណាស់ ទាក់ទិននឹង​ឥទ្ធិពលរបស់ចិននៅក្នុងតំបន់។ នៅឆ្នាំ២០២១ខាងមុខ ឥណ្ឌា នឹងចូលជាសមាជិកនៃក្រុមប្រឹក្សា​សន្តិសុខ របស់អង្គការសហប្រជាជាតិ។ ដូច្នេះ មានឥណ្ឌា ជាដៃគូ រិតតែធ្វើឲ្យបារាំងមានកម្លាំងនៅក្នុងស្ថាប័ននេះ។

ដោយឡែក លោក Manoj Joshi អ្នកវិភាគនៅ Observer Research Foundation នៅក្រុងញូដេលី បានលើកឡើងថា មិនមែនមានតែយន្តហោះ Rafale ហើយ ឥណ្ឌានឹងអាចយកឈ្នះកម្លាំងយោធារបស់ចិននោះទេ។ តែនេះ វាមានន័យនយោបាយ ធ្វើឲ្យ​កងទ័ពឥណ្ឌា មាន​កម្លាំងទឹកចិត្ត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ