កូវីដ១៩ ៖ តើគួរឬមិនគួរពាក់ម៉ាស ពេលធ្វើកីឡា នៅទីវាល ?
ចុះផ្សាយនៅថ្ងៃ៖
ក្នុងសម័យកាលកូវីដ ម៉ាសបានក្លាយជារបស់ដ៏ពេញនិយម។ ដើម្បីសុខភាពនិងការពារខ្លួនពីគ្រោះហានិភ័យឆ្លងកូរ៉ូណាវីរុសថ្មី គ្មានអ្វីប្រសើរជាងការពាក់ម៉ាស់បន្ថែមពីលើវិធានការការពារ ដូចជារក្សាគម្លាតសុវត្ថិភាពនិងលាងដៃទេ។ ប៉ុន្តែនៅពេលធ្វើកីឡា ហាត់ប្រាណ នៅតាមទីវាលសាធារណៈ តើគួរឬមិនគួរពាក់ម៉ាស់ ?
ប្រឈមនឹងកូវីដ១៩ ម៉ាសបានក្លាយជាអាវុធការពារខ្លួនដ៏ចាំបាច់មួយរបស់មនុស្សទូទៅ។ នៅប្រទេសបារាំង អាជ្ញាធរបានកំហិតឱ្យពលរដ្ឋគ្រប់រូបពាក់ម៉ាសជាទូទៅ នៅគ្រប់ទិសទី ក្នុងក្រុងធំៗ ដើម្បីចៀសវាងការឆ្លងរាតត្បាតទ្រង់ទ្រាយធំនិងចៀសវាងការបិទខ្ទប់ប្រទេសជាថ្មី។ ប៉ុន្តែរដ្ឋាភិបាលបារាំងបានអារកាត់សេចក្តី អនុគ្រោះឱ្យអ្នកធ្វើកីឡារត់ត្រឹកៗ និងអ្នកសេ្នហាការធាក់កង់ ក្នុងក្រុង មិនម៉ាសបាន។
តាមការពិត សំណួរស្តីពីការពាក់ម៉ាស ឬមិនពាក់ម៉ាស នៅពេលធ្វើកីឡា ឬហាត់ប្រាណ ដូចជា ដើរ រត់ ជិះកង់ ត្រូវបានចោទសួរឡើងតាំងពីជំងឺកូវីដ១៩ផ្ទុះឡើងដំបូងភ្លាមម្ល៉េះ។ តែជាសំណួរគ្មានចម្លើយ។ អ្នកវិទ្យាសាស្ត្រ ប្រទាញប្រទង់គ្នា និងពុំបានផ្តល់អនុសាសន៍អ្វីឱ្យបានច្បាស់លាស់ទេ។ ប៉ុន្តែការិយាល័យសុខភាពនៃក្រសួងកីឡាបារាំង បានបញ្ជាក់ម្តងហើយម្តងទៀត ថាម៉ាសមិនស៊ីចង្វាក់គ្នានឹងសកម្មភាពធ្វើកីឡាទេ។ ហើយថ្មីៗនេះក្រសួងបានការពារទស្សនៈនេះជាថ្មី ទើបរដ្ឋាភិបាលបានចេញសេចក្តីសម្រេច តែម្តងកាលពីថ្ងៃសុក្រទី ២៨ សីហា ប្រកាសលើកលែងមិនឱ្យអ្នកស្នេហាកីឡា រត់និងជិះកង់ ថាចាំបាច់ត្រូវតែពាក់ម៉ាស ដូចក្នុងពេលដើរហើរ ប្រើមធ្យោបាយដឹកជញ្ជូនសាធារណៈ នៅទីបិទជិត ឬទីចំហ ទីធ្លា សួនឧទ្យាន ឬតាមដងផ្លូវ ដងទន្លេទេ។
ការរំខាន
តើម៉ាសពិតជាមិនស៊ីនឹងការធ្វើកីឡា មែនឬយ៉ាងណា ? ជំនាញគ្រូពេទ្យផ្នែកកីឡា ផ្នែកសុខភាពនិងអនាម័យ ព្រមទាំងគ្រូពេទ្យឯកទេសសួត បេះដូង យល់ស្របគ្នាទាំងអស់ថា ម៉ាសមិនមែនផលិតឡើងដើម្បីពាក់នៅពេល ទៅធ្វើកីឡា ឬនៅពេលត្រូវប្រឹងបញ្ចេញកម្លាំងខ្លាំង ស្រូបខ្យល់បរិយាកាសនៅទីវាលទេ។ មូលហេតុដំបូងគេបង្អស់ គឺការទើសទែង ៖ ម៉ាសអាចរអិល រុលឡើងរុលចុះ រមាស់ កកិតស្បែកមុខ និងពិសេសបាំងផ្លូវដង្ហើម មិនស្រូបខ្យល់ចេញចូលបានស្រួល និងពេញលេញ។
“នៅពេលរត់ នៅពេលធ្វើកីឡានិងហាត់ប្រាណ យើងត្រូវការដកដង្ហើម បឺតស្រូប បញ្ចេញខ្យល់ និងខាកស្តោះ ញើសសម្បោរ តែនៅពេលពាក់ម៉ាស ច្បាស់ជាលំបាកខ្លាំង ? នេះបើតាមប្រសាសន៍របស់លោកវេជ្ជបណ្ឌិត ព្រុយណូ ប៊ូរ៉ែល Bruno Burel គ្រូពេទ្យកីឡា និងជាអនុប្រធានសហជីពគ្រូពេទ្យកីឡាជាតិបារាំង។
ម៉ាសបង្កើនហានិភ័យខ្លាំងដល់ការដកដង្ហើម ជាពិសេសនៅពេលប្រឹងបញ្ចេញកម្លាំង។ ជាទូទៅនិងជាមធ្យម មនុស្សម្នាក់ៗ ត្រូវការដកង្ហើមស្រូបខ្យល់ ពី ៤០០ទៅ៥០០លីត្រក្នុងមួយម៉ោង ពេលប្រឹងបញ្ចេញកម្លាំងកាយ ល្មមៗ ។ ហើយនៅពេលប្រឹងធ្វើកីឡាខ្លាំង គេត្រូវការដកដង្ហើម៥ទៅ១០លើសធម្មតា។ នេះបើតាមការលម្អិតរបស់បន្ថែមរបស់វេជ្ជបណ្ឌិត ឯកទេសសួត ហ្សង់ហ្វីលីព សង់តូនី Jean-Philippe Santoni។
នៅពេលធ្វើកីឡា យើងត្រូវការស្រូបខ្យល់ច្រើន។ យើងនឹងមិនអាចប្រឹងនិងបញ្ចេញកម្លាំងធ្វើកីឡាបានពេញមួយទំហឹងទេនៅពេលពាក់ម៉ាស ព្រោះម៉ាសបានមករំខានចលនាដកដង្ហើមដែលជាកត្តាចាំបាច់នៅពេលធ្វើកីឡា។ នេះជាការសរុបយ៉ាងខ្លីរបស់លោក ហ្វ្រង់ស័រការ៉េ François Carré គ្រូពេទ្យកីឡាជំនាញបេះដូង នៅមន្ទីរពេទ្យក្រុងរ៉ែន។
ចំណែកលោកវេជ្ជបណ្ឌិត ហ្សេរ៉េម៉ី កាឌីយូ Jérémy Cadiou នៅ មន្ទីរពេទ្យ សាំងហ្ក្រេហ្គ័រSt Gregoire វិញ បានបញ្ជាក់បន្ថែមក្នុងអត្ថន័យដូចគ្នា ដោយប្រៀបប្រដូចម៉ាសទៅនឹងរនាំងចាំចម្រោះខ្យល់។ នៅពេលពាក់ម៉ាស យើងអាចដកដង្ហើមស្រូបយកខ្យល់អុកស៊ីហ្សែន បានក្នុងបរិមាណតិចជាងនៅពេលមិនពាក់ម៉ាស។ ដូច្នេះការស្រូប និងការបញ្ចេញខ្យល់ទៅចិញ្ចឹមសួត ពិតជាមិនអាចប្រព្រឹត្តទៅបានដោយពេញលេញទេ។ សកម្មភាពកីឡាអាចនឹងត្រូវបង្អាក់ យ៉ាងឆាប់រហ័ស។
ម៉ាសសើម
ប្រសិនបើជាម៉ាសប្រភេទ អេហ្វៗប៉េ២ ម៉ាសជំពុះទាវិញ សឹងអាចនិយាយបានថា បើពាក់ហើយគឺមិនបាច់ធ្វើកីឡាតែម្តង ព្រោះបើគ្រាន់ពាក់នៅស្ងៀម ក៏រំខានការដកដង្ហើមទៅហើយនោះ។ នេះបើតាមអះអាងបន្ថែមរបស់លោកវេជ្ជបណ្ឌិត ព្រុយណូ ក្រេស្តានី Bruno Crestani ប្រធានផ្នែកជំងឺសួតនៅមន្ទីរពេទ្យប៊ីស្ហារ ក្រុងប៉ារីស និងជាអនុប្រធានមូលនិធិដង្ហើម ដោយលម្អិតទៀតថា នៅពេលយើងប្រឹងធ្វើកីឡា ដង្ហើមយើងកាន់តែញាប់ ប្រឹងដកស្រូប ខ្យល់ទៅបក់បង្វិលបំពេញសួត។ ហើយនៅរាល់ពេលយើងប្រឹងស្រូបដង្ហើមខ្លាំងចូល ម៉ាសក៏នឹងផឺតផតតាម។ មកផ្អឹបប៉ះមាត់តែពីរបីដង ម៉ាសច្បាស់ជាត្រូវសើម ដែលធ្វើឱ្យកាន់តែស្ទះខ្យល់។ បើជាម៉ាសដេរខ្លួនឯង ប្រភេទក្រណាត់ខ្លះក្រាស់ ធ្ងន់ ឆាប់សើម និងឆាប់ស្ទះ។ បើស្ទះខ្យល់ សាច់ដុំផ្លូវដង្ហើមត្រូវធ្វើការកាន់ខ្លាំង ដូច្នេះអ្នកពាក់ម៉ាសកាន់តែឆាប់ហត់ និងឆាប់ថប់ខ្យល់មិនអាចធ្វើកីឡាបានដោយសម្រួលនិងតាមចំណង់បានឡើយ។ អ្នកធ្វើកីឡានឹងទាញម៉ាសចេញពីមុខដោយមិនដឹងខ្លួន ប្រសិនបើពួកគេចង់រត់បន្ត។
ក្រៅអំពីការរំខានផ្នែកដកដង្ហើម នៅពេលធ្វើកីឡា អ្នកនឹងត្រូវចេញញើស។ ញើសនឹងទៅ ផ្អើមម៉ាស និងធ្វើម៉ាសរអិល ឡើងបុកបិទភ្នែក ឬរអិលធ្លាក់ចុះ ចេញច្រមុះកណ្តាលវាល ... ពាក់មិនត្រឹមត្រូវ (មិនបិទជិតច្រមុះនិងមាត់) បានន័យថាម៉ាសលែងមានប្រសិទ្ធភាព។ ម្យ៉ាងវិញទៀត បើម៉ាសរអិលធ្លាក់ខុសកន្លែងភ្លាម យើងច្បាស់ជាយកដៃទៅរុញ ទៅប៉ះ ដាក់ឱ្យចំកន្លែងវិញ ដោយស្វ័យប្រវត្តិ ទាំងមិនបានគិត និងមិនដឹងខ្លួនផង។ តែការយកដៃទៅប៉ះម៉ាស ជាហានិភ័យធំមួយនៃការនាំមេរោគ។
ការសិក្សាចេញផ្សាយនៅឆ្នាំ២០១៨ តាំងពីសម័យមុនកូវីដ១៩ និងក្រៅក្របខ័ណ្ឌកូវីដ របស់ភ្នាក់ងារសន្តិសុខសុខភាពចំណីអាហារ បរិស្ថាន និងការងារ ជាតិបារាំង ស្តីអំពី ម៉ាស និងកីឡា បានផ្តល់សេចក្តីសន្និដ្ឋានថា អានុភាពរបស់ម៉ាស ត្រូវធ្លាក់ចុះនៅពេលអ្នកពាក់មានសកម្មភាពខ្លាំង។ ការបញ្ចេញសកម្មភាពរាងកាយនឹងបង្កើនចង្វាក់ដង្ហើម។ ចង្វាក់ដង្ហើមញាប់លឿន នឹងធ្វើឱ្យយើងកាន់តែបាត់បង់បន្ទុកកាន់តែខ្លាំង ហើយបង្កឱ្យកាន់តែងាយបែកញើសមុខ។
គម្លាតសុវត្ថិភាព ១០ម៉ែត្រ
ជាសរុប ក្រុមគ្រូពេទ្យ មិនសូវគាំទ្រ ការពាក់ម៉ាសពេលធ្វើកីឡាទេ។ ក្រុមគ្រូពេទ្យខ្លាចថា បានហាត់ប្រាណពាក់ម៉ាស នឹងធ្វើឱ្យអ្នកហាត់ប្រាណលេងកីឡាភ្លេចការពារខ្លួន ពីកូវីដ១៩ មានជាអាទិ៍ភ្លេចគោរពគោរពគម្លាតសុវត្ថិភាព។ អាងថាបានពាក់ម៉ាសហើយ និងអាងតែរត់ម្នាក់តែងឯង អ្នកធ្វើកីឡាងាយនឹងភ្លេចគិតថាខ្លួនកំពុងស្ថិតនៅក្នុងក្រុង នៅទីកន្លែងដែលមានមនុស្សផ្សេងទៀត ...
ប៉ុន្តែក្រុមគ្រូពេទ្យបានព្រមព្រៀងគ្នាជាឯកច្ឆ័ន្ទផ្តល់អនុសាសន៍ឱ្យគ្រប់អ្នកស្នេហាកីឡាថាត្រូវ ការរក្សាគម្លាតសុវត្ថិភាព និងប្រណិបត្តិអនាម័យការពារទប់ស្កាត់កូវីដ ជាប់ជានិច្ច។ ពាក់ម៉ាសនឹងធ្វើឱ្យចំណង់ហាត់ប្រាណធ្លាក់ចុះ តែការធ្វើកីឡាហាត់ប្រាណជាការចាំបាច់សម្រាប់សុខភាព ដូច្នេះជម្រើសដ៏ល្អជាងគេ គឺហាត់ប្រាណធ្វើកីឡា ដោយគោរពគម្លាតសុវត្ថិភាព។ នេះបើតាមលោកវេជ្ជបណ្ឌិត ហ្សេរ៉េមី កាឌីយូ។
“ប្រសិនបើរត់ហាត់ប្រាណតែម្នាក់ឯង ក្នុងសួន ក្នុងឧទ្យាន គ្មានប្រយោជន៍អ្វីត្រូវពាក់ម៉ាសទេ” ព្រោះវីរុសកូរ៉ូណា មិនរត់ហើរ ដោយសេរីក្នុងទីវាល រាប់សិបម៉ែត្រ រហូតអាចមកតោងចូលច្រមុះមាត់ចម្លងជំងឺឡើយ។
ប៉ុន្តែការសិក្សារបស់អ្នកស្រាវជ្រាវវិទ្យាសាស្ត្រប៊ែលហ្សិកនិងហូឡង់បានបំភ្លឺឱ្យកាន់តែច្បាស់ថា បើអ្នកចង់ធ្វើកីឡារត់ត្រឹកៗមានគ្នា ពីរឬបី នាក់នោះ គួរតែអ្នករត់ទន្ទឹមគ្នា ប្រសើរជាងរត់ម្នាក់មុខម្នាក់ក្រោយ។ ហេតុអ្វី ? ព្រោះនៅពេលរត់ នៅពេលមានល្បឿន ទឹកមាត់ ចំណាយទឹកមាត់របស់យើងអាចអណ្តែតហើរលើខ្យល់ប្រវែងពី ៤ទៅ៥ម៉ែត្រមុនធ្លាក់ទៅដី ... មានន័យថា ហានិភ័យចម្លងមេរោគកូវីដមានខ្ពស់ប្រសិនបើអ្នករត់ពីក្រោយជនមានផ្ទុកមេរោគតែគ្មានរោគសញ្ញានិងអាការៈជំងឺកូវីដ។ នេះបើតាមលទ្ធផលនៃការសិក្សារបស់ប៊ែលហ្សិកនិងហូឡង់ដដែល។
ហេតុដូច្នេះហើយបានជាក្រសួងកីឡាបារាំង ចេញសេចក្តីណែនាំបន្ថែមពីលើសេចក្តីសម្រេចរបស់រដ្ឋាភិបាល កំណត់គម្លាតសុវត្ថិភាពរវាងពីអ្នករត់ម្នាក់ ឬអ្នកជិះកង់ម្នាក់ ទៅម្នាក់ទៀត ចម្ងាយយ៉ាងហោច១០ម៉ែត្រ ពីគ្នា។ ចំពោះលំហាត់ប្រាណ ធ្វើយូហ្កា រាំ ធាក់កង់មួយកន្លែង ឬលើវាយសី នៅទីវាលត្រូវស្ថិតនៅឃ្លាតពី ចម្ងាយ ៤ម៉ែត្រការ៉េពីអ្នកប្រាត់ប្រាណ ទៅអ្នកហាត់ប្រាណម្នាក់ទៀត។
សម្រាប់អ្នកគ្មានទម្លាប់ហាត់កីឡាបញ្ចេញកម្លាំងកាយ សូមកុំចាប់ផ្តើមដោយការពាក់ម៉ាសអី ព្រោះវាអាចនឹងធ្វើអ្នកជួបគ្រោះថប់ដង្ហើម គាំងបេះដូង ខ្វះអុកស៊ីហ្សែន។ មានការធ្វើកីឡាបែបស្រទន់ មិនត្រូវការបញ្ចេញកម្លាំងខ្លាំង ដូចយ៉ាងលេងវាយកូនគោលទេ ដែលក្រុមគ្រូពេទ្យបារាំងយល់ថាម៉ាសមិនសូវរំខាន។ ការសមធ្វើកីឡាខ្លះ ក៏ត្រូវបានអនុញ្ញាតឱ្យពាក់ម៉ាសដែរ ប៉ុន្តែគ្មានទេការហាមឃាត់ដាច់ណាត់មិនឱ្យពាក់ម៉ាស ក្នុងពេលហាត់ប្រាណនៅទីវាល។ សូមជ្រើសរើសពាក់ឬមិនពាក់ទៅតាមការយល់ឃើញនិងស្ថានភាពជាក់ស្តែងនីមួយៗ គ្រាន់តែត្រូវចង់ចាំជានិច្ចថា ម៉ាសគ្មានប្រសិទ្ធភាពទេនៅពេលសើម និងត្រូវប្រកាន់អនាម័យ ឧស្សាហ៍លាងដៃ កុំប៉ះពាល់ម៉ាស កុំប៉ះពាល់មុខ និងរក្សាគម្លាតសុវត្ថិភាពជានិច្ចទោះក្នុងលក្ខខណ្ឌក៏ដោយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ