អានតួអត្ថបទ
អាហ្វហ្កានីស្ថាន

អាហ្វហ្កានីស្ថាន៖ក្រុមឧទ្ទាមតាលីបង់ និងរដ្ឋាភិបាលផ្តើមកិច្ចចរចាសន្តិភាព

ក្រុមឧទ្ទាមតាលីបង់ និងរដ្ឋាភិបាលអាហ្វហកានីស្ថានផ្តើមកិច្ចចរចាសន្តិភាពរៀបចំ​ក្នុង​ទិក្រុង​ដូហា ប្រទេស​កាតារ ថ្ងៃទី១២ កញ្ញា ២០២០
ក្រុមឧទ្ទាមតាលីបង់ និងរដ្ឋាភិបាលអាហ្វហកានីស្ថានផ្តើមកិច្ចចរចាសន្តិភាពរៀបចំ​ក្នុង​ទិក្រុង​ដូហា ប្រទេស​កាតារ ថ្ងៃទី១២ កញ្ញា ២០២០ REUTERS/Ibraheem al Omari
១៨ នាទី

នៅ​ថ្ងៃ​សៅរ៍ ទី១២ កញ្ញា ក្រុម​ឧទ្ទាម​តាលីបង់ និង​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន​ផ្តើម​កិច្ចចរចា​សន្តិភាព​នៅ​ក្នុង​ទីក្រុង​ដូហា ប្រទេស​កាតារ។ កិច្ចចរចា​សន្តិភាព​នេះ​ធ្វើ​ឡើង​ក្រោម​វត្តមាន​ប្រមុខ​ការទូត​អាមេរិក​លោក​ម៉ៃ ប៉ុមប៉េអូ។ តែ​ភាព​មិន​ចុះ​សម្រុង​គ្នា​ខ្លាំង​រវាង​ភាគី​ជម្លោះ​ផ្ទៃក្នុង​ទាំង​ពីរ​អាច​នឹង​ធ្វើ​ឲ្យ​កិច្ចចរចា​ពេល​នេះ​ជួប​ការ​លំបាក​ខ្លាំង។ គួរ​បញ្ជាក់​ថា កិច្ចចរចា​សន្តិភាព​រវាង​ពួក​តាលីបង់ និង​រដ្ឋាភិបាល​ក្រុង​កាប៊ូល​ពេល​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​ពួក​តាលីបង់ និង​សហរដ្ឋអាមេរិក​បាន​ចុះ​ហត្ថលេខា​លើ​​កិច្ចព្រមព្រៀងប្រវត្តិសាស្រ្ត​កាល​ពី​ខែ​កុម្ភៈ។

ផ្សាយពាណិជ្ជកម្ម

គឺ​តាំង​ពី ៦ខែ​មុន​ម្ល៉េះ​ដែល​កិច្ចចរចា​សន្តិភាព​រវាង​ពួក​តាលីបង់ និង​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន​ត្រូវ​ចាប់​ផ្តើម។ តែ​ដោយ​ភាព​មិន​ចុះ​សម្រុង​គ្នា​ខ្លាំង​រវាង​ភាគី​ជម្លោះ​ផ្ទៃក្នុង​ទាំង​ពីរ​ទើប​កិច្ចចរចា​បាន​អូសបន្លាយ​មក​ដល់​ថ្ងៃ​នេះ។ « ភាគី​ទាំង​សងខាង​ត្រូវ​តែ​រក​ផ្លូវ​មួយ​ឆ្ពោះ​ទៅ​មុខ​ដើម្បីកាត់​បន្ថយ​អំពើ​ហិង្សា និង​ឆ្លើយ​តប​តាម​ការ​ទាមទារ​របស់​ប្រជាជន​អាហ្វហ្កានីស្ថាន​ដែល​ចង់​បាន​ប្រទេស​ផ្សះផ្សា​មួយ​ជាមួយ​នឹង​រដ្ឋាភិបាល​មួយ​ដែល​ឆ្លុះ​បញ្ចាំង​ពី​ប្រជាជាតិ​មួយ​ដែល​គ្មាន​សង្គ្រាម » នេះ​ជា​ការ​ថ្លែង​របស់​ប្រមុខ​ការទូត​អាមេរិក​លោក​ម៉ៃ ប៉ុមប៉េអូ​នា​ថ្ងៃ​សុក្រ ទី១១ កញ្ញា។

គួរ​រម្លឹក​ថា ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​ដែល​បាន​ឈរ​ឈ្មោះ​ជា​ថ្មី​សម្រាប់​ការ​បោះឆ្នោត​នា​ពេល​ខាង​មុខ​បាន​ប្តេជ្ញាចិត្ត និង​បាន​ព្យាយាម​គ្រប់​យ៉ាង​ដើម្បី​បិទបញ្ចប់​សង្រ្គាម​ដ៏​យូរ​របស់​អាមេរិក​នៅ​អាហ្វហ្កានីស្ថាន។ កាល​ពី​ខែ​កុម្ភៈ​កន្លង​ទៅ ពួក​តាលីបង់ និង​រដ្ឋបាល​អាមេរិក​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជា​ប្រវត្តិសាស្រ្ត​មួយ។ តែ​ជំហាន​បន្ទាប់ គឺ​ត្រូវ​រក​ឲ្យ​បាន​នូវ​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​តាលីបង់ និង​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន។ គឺ​ដំណើរ​ស្វែង​រក​កិច្ចព្រមព្រៀង​មួយ​នេះ​ដែល​គ្រប់​គ្នា​បាន​មើល​ឃើញ​ពី​ការ​លំបាក​ដោយសារ​តែ​មាន​ភាព​មិន​ចុះ​សម្រុង​គ្នា​ខ្លាំង​រវាង​ពួក​តាលីបង់ និង​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន។

ភាព​មិន​ចុះ​សម្រុង​គ្នា​ខ្លាំង គឺ​ទាក់ទង​នឹង​ការ​ដោះដូរ​អ្នកទោស​រវាង​គ្នា​ដូច​ដែល​មាន​ចែង​នៅ​ក្នុង​កិច្ចព្រមព្រៀង​រវាង​ពួក​តាលីបង់ និង​រដ្ឋបាល​អាមេរិក។ តាម​កិច្ចព្រមព្រៀង រដ្ឋាភិបាល​ក្រុង​កាប៊ូល​ត្រូវ​ដោះលែង​អ្នកទោស​តាលីបង់​ប្រមាណ​ជា ៥ ០០០នាក់ ហើយ​តាលីបង់​ត្រូវ​ដោះលែង​អ្នកទោសទាហាន​អាហ្វហ្កានីស្ថាន​ចំនួន ១ ០០០នាក់។ តែ​បន្ទាប់​ពី​បាន​រារែក អល់អែក មាន​អ្នកទោស​តាលីបង់​តែ ៤០០នាក់​ប៉ុណ្ណោះ​ដែល​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន​បាន​ដោះលែង។ ប្រេសិត​អាមេរិក​សម្រាប់​អាហ្វហ្កានីស្ថាន​លោក Zalmay Khalilzad យល់​ថា ការ​សម្រេចចិត្ត​របស់​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន​ក្នុង​ការ​ដោះលែង​អ្នកទោស​តាលីបង់​ជា​ការ​សម្រេចចិត្ត​ដ៏​លំបាក តែ​វា​ចាំ​បាច់​ដើម្បី​បើក​កិច្ចចរចា​ពេល​នេះ។

គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​កិច្ចចរចារ​សន្តិភាព​រវាង​តាលីបង់ និង​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន​ពេល​នេះ​ត្រូវ​បន្ត​រហូត​ដល់​ពេល​ណា និង​ចេញ​តាម​ច្រក​ណា​ទេ។ គួរ​រម្លឹក​ថា សង្រ្គាម​នៅ​អាហ្វហ្កានីស្ថាន​តាំង​ពី​ឆ្នាំ ២០០១ បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ជា​ច្រើន​ពាន់​នាក់ ក្នុង​នោះ​មាន​ទាហានអាមេរិក​ចំនួន ២ ៤០០នាក់ ព្រម​ទាំង​មាន​មនុស្ស​ជា​ច្រើន​លាននាក់​បាន​រត់ភៀសខ្លួន។ ទន្ទឹម​គ្នា​នេះ រដ្ឋបាល​អាមេរិក​បាន​ចាយ​លុយ​ទៅ​លើ​សង្រ្គាម​មួយ​នេះ​អស់​ជាង ១ ០០០ ០០០លានដុល្លារ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ