អានតួអត្ថបទ
ហុងកុង

គ្រួសារហុងកុង បារម្ភ​ថាសាច់​ញាតិ​ប៉ងរត់​គេចទៅតៃវ៉ាន់ ត្រូវ​រងការ​កាត់​ទោស​តាមច្បាប់​ចិន​ដីគោក

គ្រួសារ​របស់​ជន​​ហុងកុង​១២នាក់​ដែល​ចង់​គេច​ទៅ​តៃវ៉ាន់
គ្រួសារ​របស់​ជន​​ហុងកុង​១២នាក់​ដែល​ចង់​គេច​ទៅ​តៃវ៉ាន់ DALE DE LA REY / AFP
ដោយ៖ អៀង សុខម៉ិញ
១៦ នាទី

ក្រុមគ្រួសារ​ហុងកុងដែលមាន​សមាជិក​​បាន​ប៉ុនប៉ង​រត់គេច​ខ្លួនទៅ​តៃវ៉ាន់ កំពុង​បារម្ភអំពី​ជោគវាសនា​ញាតិ​ផៅ​របស់ពួកគេ​ទាំងអស់​។ ​ត្រូវ​ឆ្មាំ​សមុទ្ទ​ចិន​ចាប់​ខ្លួន​បាន ​មុន​ទៅ​ដល់​តៃវ៉ាន់ ពួកគេ​ទាំងនោះ​ ​កំពុង​ជាប់​ឃុំឃាំង​នៅ​លើ​ទឹកដី​ចិនដីគោក និង​ត្រូវ​ស្ថិត​នៅ​ក្នុង​ដៃ​តុលាការ​ នៃ​របបកុម្មុយនិស្ត​ចិន ដែល​ហុងកុង​គ្មាន​​ជំនឿ​លើ​ទាល់​តែ​សោះ។

ផ្សាយពាណិជ្ជកម្ម

កាលពី​ចុង​ខែ​សីហា អាជ្ញាធរ​ចិន​បាន​ប្រកាស​ចាប់​ខ្លួន​ពលរដ្ឋ​ហុងកុង​១២នាក់ ជិះអូប័រក្នុង​​សមុទ្ទ​ចិនខាង​ត្បូង ចម្ងាយ​ប្រមាណ​៧០គីឡូម៉ែត្រពី​ឆ្នេរតៃវ៉ាន់។ ឆ្មាំ​សមុទ្ទ​ចិន​បាន​បញ្ជូន​អ្នកទាំង​១២​នោះ​ទៅ​ឱ្យ​ប៉ូលិស​ក្រុង​ស្ហេនហ្សេន Shenzen។ ប្រមុខ​រដ្ឋាភិបាល​ហុងកុង លោកស្រី ការី ឡាំ ក៏​បាន​ប្រកាសដែរថា ជនទាំង១២​នាក់​នេះ ត្រូវ​ទទួលការកាត់ទោសទៅ​ច្បាប់​របស់​ចិន​ដីគោក។

​បើ​តាម​សារព័ត៌មាន នៅ​​ក្នុង​ចំណោម​នោះ ​មានយ៉ាង​ហោច​ណាស់​ម្នាក់​ជា​សកម្មជន​ប្រជាធិបតេយ្យ​ហុងកុង​ផង។ ហើយ​ខ្លះ​ទៀត ធ្លាប់​ជាប់​អង្កេត​នៅ​តុលាការ​ហុងកុង​ ពី​បទ​បាន​ចូលរួម​ធ្វើ​សកម្មភាព​មានពាក់ព័ន្ធ​នឹងមហា​​បាតុកម្ម​ដែល​បាន​រុញ​ហុងកុង​ឱ្យ​ធ្លាក់​ក្នុង​អំពើ​ហិង្សា និង​ពុះ​កញ្ជ្រោលខ្លាំង​កាលពី​ឆ្នាំ​ទៅ។

​នៅ​ថ្ងៃសៅរ៍​ទី ១២​កញ្ញា​ម្សិលមិញ ក្រុមគ្រួសារ​នៃ​អ្នក​ប៉ុនប៉ង​រត់​ទៅ​តៃវ៉ាន់​៦​នាក់ បានធ្វើ​សន្និសីទ​កាសែត​រួម​គ្នា ដើម្បី​សម្តែងការ​ព្រួយ​បារម្ភ​អំពី​ជោគវាសនា​របស់​កូន​ចៅខ្លួន ព្រោះ​ពួកគេ​គ្មាន​ទទួលបាន​ដំណឹងអ្វីសោះ មិន​ថាសាច់​ញាតិនោះ​ស្លាប់​ឬ​រស់។ ក្តី​ព្រួយ​បារម្ភមាន​កាន់​តែ​​ខ្លាំងបំផុត គឺ​ខ្លាច​សមាជិកគ្រួសារពួកគេ​ ត្រូវ​ជាប់​ឃុំ​និងធ្លាក់​​ក្នុង​ដៃ​តុលាការ​ចិន​ដី​គោក​ដែល​ល្បី​ខាង​មាន​ប្រព័ន្ធ​តុលាការ​មិនច្បាស់លាស់ ​មិនការពារ​សិទ្ធពលរដ្ឋ។ ជា​ក្តីបារម្ភ​ប្រកប​ដោយហេតុផល ព្រោះ​តាំង​ពីចុង​ខែមិថុនាមក តាមរយៈ​ច្បាប់​សន្តិសុខ​ជាតិហុងកុង​ថ្មី តុលាការ​ហុងកុង​លែង​ឯករាជ្យ​ ឯប៉េកាំង​មានសមត្ថិកិច្ចអាច​ចាប់​សំណុំរឿង​ឧក្រិដ្ឋធ្ងន់ធ្ងរ​ផ្សេង​ៗទៅ​កាត់​ទោស​នៅ​លើ​ទឹកដី​ចិន និង​តាម​ច្បាប់​ចិនដីគោក។

ក្រុមគ្រួសារនៅហុងកុង​បាន​បង្កើន​សកម្មភាព រៀប​ចំសំណើបែបបទ​ទៅ​ភ្នាក់ងារទទួល​បន្ទុកទំនាក់ទំនង​ហុងកុងចិនដីគោក​ច្រើនឡើងៗ​ដោយ​សង្ឃឹម​ថានឹងទទួល​ព័ត៌មាន​ខ្លះ​ពី​សាច់ញាតិរបស់ខ្លួន ប៉ុន្តែ​អាជ្ញាធរ​ហុងកុង​បានត្រឹម​ផ្តល់​ចម្លើយ​ថាពួកគេ​មាន​សុខភាព​ល្អ​ទាំង​អស់​គ្នា និង​កំពុង​តាមដានស្ថានការណ៍ដោយ​កៀកកិត​បំផុត។

កាលពី​ថ្ងៃសុក្រ លោកប្រមុខការទូត​អាមេរិក បាន​សម្តែងការ​ព្រួយបារម្ភ​ខ្លាំងដែរ ចំពោះ​ការ​ចាប់ខ្លួន​ពលរដ្ឋ​ហុងកុង​ទាំង​១២​នាក់​នេះ។ កាលពី​ប៉ុន្មានថ្ងៃមុន ​មេធាវីរបស់​ក្រុមគ្រួសារ​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូលជួបកូនក្តី​របស់ពួកគេទេ ក្រោម​ហេតុផល​ថា ​អាជ្ញាធរ​បាន​ជ្រើសតាំង​មេធាវី​ឱ្យ​រួច​ទៅ​ហើយ។ ក្នុង​សំណុំ​រឿង​ដែលមានការ​ផ្សព្វផ្សាយ​ខ្លាំង​​ អាជ្ញាធរ​ចិន​តែង​តែជ្រើស​តាំង​មេធាវី​ដោយ​ជនជាប់​ចោទ ដើម្បី​បាន​លេស​កុំឱ្យ​ក្រុមគ្រួសារ​យកមេធាវី​ខ្លួនឯង។ នេះបើ​តាម​សមាគមការពារ​សិទ្ធិមនុស្ស៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ