អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

តើនាយករដ្ឋមន្ត្រីជប៉ុនថ្មី ជានរណា?

សំឡេង ០៦:៤៩
លោក អាបេ និង​លោក ស៊ូហ្កា ដែលទើប​ជាប់​ឆ្នោត​ជា​ប្រធានបក្ស​កាន់​អំណាច​ថ្មី នៅ​ថ្ងៃទី ១៤ កញ្ញា ២០២០
លោក អាបេ និង​លោក ស៊ូហ្កា ដែលទើប​ជាប់​ឆ្នោត​ជា​ប្រធានបក្ស​កាន់​អំណាច​ថ្មី នៅ​ថ្ងៃទី ១៤ កញ្ញា ២០២០ JIJI PRESS/AFP
ដោយ៖ អៀង សុខម៉ិញ
៣៣ នាទី

ក្នុង​វ័យ​៧១​ឆ្នាំ លោក យូស្ហ៊ីហ៊ីដេ ស៊ូហ្កា Yoshihide Suga នឹង​ក្លាយ​ជា​នាយករដ្ឋមន្ត្រី​ជប៉ុន​ថ្មី​បន្ត​ពី​លោក​ ស្ហ៊ីនហ្សូ អាបេ ដែល​លាលែង​ចេញ​ពី​តំណែង​ដោយ​បញ្ហា​សុខភាព។ គណបក្ស​សេរីប្រជាធិបតេយ្យ​ បាន​បោះ​ឆ្នោត​ជ្រើស​តាំង​លោក ស៊ូហ្កា នៅ​ថ្ងៃទី ចន្ទ​ទី ១៤​ កញ្ញា ជា​ប្រធាន​បក្ស​កាន់​អំណាច​ ក្នុង​សំឡេង​ភាគ​ច្រើន​លើសលុប។ សភា​ជប៉ុន ត្រូវ​​សម្រេចអនុម័ត​ ​ ផ្តល់​ទំនុក​ចិត្ត​​ លើ​លោក យូស្ហ៊ីហ៊ីដេ ស៊ូហ្កា ជា​នាយករដ្ឋមន្ត្រី​ជប៉ុន​ថ្មី នៅ​ថ្ងៃ​ពុធ​ទី ១៦​កញ្ញា ២០២០។ ប៉ុន្តែ​អនាគត​រដ្ឋាភិបាល​ថ្មី​ មាន​​អាណត្តិ​ត្រឹម​តែ​មួយ​ឆ្នាំប៉ុណ្ណោះ។

ផ្សាយពាណិជ្ជកម្ម

គណបក្ស​សេរីប្រជាធិបតេយ្យ ដែល​ជា​បក្ស​កាន់​អំណាចនៅ​ជប៉ុន​​ បាន​បោះ​ឆ្នោតនៅ​ថ្ងៃទី ចន្ទ​ទី ១៤​ កញ្ញា ជ្រើស​តាំង​លោក យូស្ហ៊ីហ៊ីដេ ស៊ូហ្កា ប្រធាន​បក្ស និង​ជា​បេក្ខជន​​នាយករដ្ឋមន្ត្រី​​ថ្មី​ មក​បន្ត​ពី​លោក​ ស្ហ៊ីនហ្សូ អាបេ ដែល​សុំលាលែង​ចេញ​ពី​តំណែង​ដោយ​បញ្ហា​សុខភាព។ បេក្ខភាព​ជានាយករដ្ឋមន្ត្រី​របស់​លោក យូស្ហ៊ីហ៊ីដេ ស៊ូហ្កា នឹង​ត្រូវ​សភា​ជប៉ុន​អនុម័ត​ នៅ​ថ្ងៃ​ពុធ​ទី ១៦​កញ្ញា​។

តើ​លោក យូស្ហ៊ីហ៊ីដេ ស៊ូហ្កា ជា​នរណា ?​

កើត​នៅ​ថ្ងៃ​ទី ៦ ធ្នូ ១៩៤៨ លោក យូស្ហ៊ីហ៊ីដេ ស៊ូហ្កា  ជា​ឥស្សរជន​នយោបាយ​​​ប្លែក​ពី​សមាជិក​បក្ស​សេរី​ប្រជាធិបតេយ្យ​។ លោក ជាកូន​កសិករធ្វើ​ចំការ​ដាំ​ផ្លែស្តូបូរី​ និង​ម្តាយ​ជា​គ្រូបង្រៀន។ បើ​តាម​ទំព័រ​អ៊ីនធ័រនែត​ផ្លូវការ លោកអាច​បន្ត​កា​រសិក្សា នៅ​តូក្យូ​​បាន​ដោយ​សារ​ប្រឹង​ធ្វើ​ការ​ក្រៅ​ជា​កម្មករ​អណ្តែត​នៅ​រោងចក្រ​ផលិត​ក្រដាស និង​នៅ​ផ្សារ​លក់​ត្រី​នៅ​តូក្យូ។ តាម​ធម្មតា​ នៅ​ក្នុង​ជួរ​បក្ស​អភិរក្ស​ជប៉ុន​នេះ គេ​សង្កេត​ឃើញ​មាន​តែ​កូន​ចៅ​របស់​អ្នកនយោបាយ​គ្រាក់ តាំង​ពី​សម័យ​សង្គ្រាមលោក​លើក​ទីពីរ និងមុន​នោះ​ទៅ​ទៀត។

លោក យូស្ហ៊ីហ៊ីដេ ស៊ូហ្កា Yoshihide Suga មាន​ស្រុក​កំណើត​នៅ​​តំបន់​ តូហូគូ ​ភាគ​ខាង​ជើងប្រទេស ដែល​ជា​ខេត្ត​ក្រីក្រ លំបាក​ខ្លាំង “ស្រុក​ទឹកកក”។ លោក​ជា​និម្មិត្តរូប​សម្រាប់​ប្រជាជន​ជប៉ុន​មួយ​ភាគ​ដែល​បន្ត​គោរព​ប្រពៃណី​បូរាណ។

ជា​ឪពុក​របស់​កូន​បី​នាក់ ចូល​ចិត្តដើរ​និងនេសាទ ​ មិន​ទទួល​ទានសុរា លោក យូស្ហ៊ីហ៊ីដេ ស៊ូហ្កា មិនសូវ​បញ្ចេញ​ជីវិត​ឯកជនទេ​ ហើយ​ប្រជាពលរដ្ឋ​ជប៉ុន​ក៏​ស្គាល់​រូប​លោក​យ៉ាងតិចតួច​បំផុត​ដែរ។ លោក ​ទើប​លេខ​មុខ​ខ្លាំង​ រហូត​ជាប់​ឈ្មោះ​ជា​ មារបស់​រជ្ជកាល Reiwa នៅ​ពេល​ប្រកាស​បើក​សករាជ​ថ្មី​ របស់​ព្រះ​ចៅអធិរាជ្យ​ជប៉ុន ណារូហ្ស៊ីតូ។

​ស្នាដៃ​ការងារ

​ចំពោះ​ប្រវត្តិការងារ​វិញ ក្រោយ​ពី​បាន​បញ្ចប់​ការ​សិក្សា​​ផ្នែក​ច្បាប់ និង​មាន​ជំនក់​ចិត្ត​ផ្នែក​នយោបាយ​ ដោយ​បានជាប់​ឆ្នោត ​ជា​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ ​ នៅ​ក្រុង​យូកូហាម៉ា នៅ​​ឆ្នាំ១៩៨៧។ ៩​ឆ្នាំ ក្រោយ​មក​លោក​ យូស្ហ៊ីហ៊ីដេ ស៊ូហ្កា ក៏​បាន​ក្លាយ​ជា​សមាជិកសភាម្នាក់នៃ​​ក្រុង​ដ៏​ធំ​មួយ​នេះ​ រហូត​មក​ទល់សព្វថ្ងៃ។

ជា​ជំនិត​របស់​លោក​ អាបេ ជា​អ្នក​ផ្តួចផ្តើម​រៀប​ចំ​ឱ្យ​​លោក​អាបេ​ ត្រលប់​មក​កាន់​អំណាច​វិញ​នៅ​ឆ្នាំ​២០១២ លោកស៊ូហ្កា បាន​ទទួល​ការត​ស្នងមក​វិញ ជាមួយនឹង​កាត់​តួនាទី​ជា​​អ្នកនាំពាក្យ​រដ្ឋាភិបាល និង​​​ជា​អគ្គលេខា​ធិការ​របស់​រដ្ឋាភិបាល (តួនាទី​យុទ្ធសាស្ត្រ​ ​មិន​ថា​ក្នុង​ផ្នែក​រដ្ឋបាល​និងជម្រើស​នយោបាយ​ឬ​សេដ្ឋកិច្ចទេ)។

​គឺរូបលោក យូស្ហ៊ីហ៊ីដេ ​ ស៊ូហ្កា​​នេះ​ហើយ​ជា​ស្នូល​នៃ​ផែនការ​ផ្តល់​សន្ទុះ​សេដ្ឋកិច្ច​ជប៉ុន  អាបេណូមិច របស់​លោក​អាបេ។ គឺ​លោក​នេះ​ហើយ​ជា​អ្នក​ផ្តួចផ្តើម ​បើក​ចំហ​​នយោបាយទេសចរណ៍ ផ្តល់​ទិដ្ឋាការ​ទេសចរណ៍​ដល់​បណ្តា​ប្រទេស​នៅ​តំបន់​អាស៊ី ពិសេស​ចិន​។ បើ​តាម​ទស្សនាវដ្តី​ Times លោក យូស្ហ៊ីហ៊ីដេ ស៊ូហ្កា បាន​ដើរ​តួនាទី​សំខាន់​ណាស់​ ក្នុង​ការទ្រទ្រង់​សន្ធិសញ្ញា​ផ្តោះប្តូរ​សេរី​អន្តរប៉ាស៊ីហ្វិក​  ក្រោយ​ពី​អាមេរិក​របស់​លោក​ត្រាំ បាន​ដក​ខ្លួន​ចេញ​នៅ​ឆ្នាំ​២០១៧។

ហើយ​ទាក់​ទង​នឹង​នយោបាយ​ការបរទេស លោក យូស្ហ៊ីហ៊ីដេ ស៊ូហ្កា ក៏​ទំនង​ជា​នឹង​បន្ត​នយោបាយរបស់​ស្ហ៊ីនហ្សូ​អាបេ ដដែល​​ គឺ ប្រកាន់​ជំហរ​តឹង​តែង​ជាមួយ​ចិន តែ​រក្សា​ចំណង​ទំនាក់ទំនង​ល្អ​ដើម្បីការពារ​និង​រក្សា​​ប្រយោជន៍​សេដ្ឋកិច្ច​ និង​ថែថួន​ឱ្យ​បាន​ល្អ​ប្រសើរ​បំផុត​សម្ព័ន្ធភាព​ជាមួយ​សហរដ្ឋ​អាមេរិក។

នាយករដ្ឋមន្ត្រី​ថ្មី ​មិនមែន​នាយករដ្ឋមន្ត្រី​ស្តីទី

 

ដោយ​ហេតុ​តែ​ពេល​ខ្លី ប្រមុខ​រដ្ឋាភិបាល​ថ្មី ត្រូវ​ជំនះ​ការ​លំបាក​និង​ស្មុគស្មាញ​ច្រើន។ ជប៉ុន​​កំពុង​មាន​សេដ្ឋកិច្ច​ដើរ​ថយ​ក្រោយ​ស្រាប់ តាំង​ពី​មុន​វិបត្តិ​កូរ៉ូណាវីរុស​ផ្ទុះ​ឡើង​ទៀត ហើយ​នយោបាយ​សេដ្ឋកិច្ចសម្រេច​បាន​​របស់នាយករដ្ឋ​មន្ត្រី​ផុតតំណែង ដែល​គេ​ប្រសិទ្ធនាម​ថា ផែនការ អាបេណូមិច «Abenomics» ក៏​កំពុង​ស្ថិត​ក្នុង​គ្រោះ​ថ្នាក់​ទៀត។

នៅ​ក្នុង​ពេល​ឃោសនា​ លោក ស៊ូហ្កា បាន​ប្រកាស​បញ្ជាក់​ថា ការ​ផ្តល់​សន្ទុះ​ដល់​សេដ្ឋកិច្ច និង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​កូវីដ១៩ ជា​អាទិភាព​ចំបង​និង​សំខាន់​បំផុត​របស់​លោក។ ការ​រៀប​ចំ​កីឡា​អូឡាំពិក​ ២០២០​ ដែល​ត្រូវ​លើក​ទៅ​ឆ្នាំ​ក្រោយ​ ក៏​ជា​អាទិភាព​មួយ​របស់​រដ្ឋាភិបាល​ជប៉ុន​ថ្មី​ដែរ។ លោក យូស្ហ៊ីហ៊ីដេ ស៊ូហ្កា បាន​ប្រើ​និង​សង្កត់​ពាក្យ​យ៉ាង​ច្បាស់ៗ​ថា ​រដ្ឋាភិបាលរបស់​លោកជា​រដ្ឋាភិបាល​ថ្មី មិនមែន​ជា​រដ្ឋាភិបាល​ស្តី​ទី​ទេ ទោះបី​ជា​មាន​ពេល​ត្រឹម​តែ​​មួយ​ឆ្នាំ​ក៏​ដោយ។

រដ្ឋាភិបាល​របស់​លោក យូស្ហ៊ីហ៊ីដេ ស៊ូហ្កា អាច​នឹង​ខ្លី​ជាង​មួយ​ឆ្នាំ​ក៏ថាបាន។ ប្រសិន​បើ​​នៅពេល​ក្លាយ​ជា​នាយក​រដ្ឋមន្ត្រី​ជា​ផ្លូវការ លោក យូស្ហ៊ីហ៊ីដេ ស៊ូហ្កា អាច​សម្រេច​ចិត្ត​ប្រកាស​រៀប​ចំ​បោះឆ្នោត​សភា​មុន​អាណត្តិ​  ដើម្បី​បញ្ចៀស​កុំ​ឱ្យ​ឮ​ពាក្យ​ថា​នាយករដ្ឋមន្ត្រី​ស្តី​ទីបាន​​។ មាន​ឥស្សរជន​ជាន់​ខ្ពស់​ក្នុង​រដ្ឋាភិបាល​ជា​ច្រើន​នាក់​បាន​ព្រលយ​អំពី​លទ្ធភាព​​ នៃ​ការ​បោះឆ្នោត​សភា​មុន​អាណត្តិ​ នៅ​ខែ​តុលា​ឬ​វិច្ឆិកា​ខាង​មុខ​ផង តែ​លោក យូស្ហ៊ីហ៊ីដេ ​ស៊ូហ្កា មិន​ដែល​គាំទ្រ​​គំនិត​នេះ​ទេ​ពី​មុនមក។

បោះឆ្នោត​មុន​អាណត្តិ​ ឬ​តាម​​​កំណត់ មាន​តែ​ពេលវេលា​ទេ ដែល​អាច​បំភ្លឺ​ចំណុច​នេះ​បាន​ច្បាស់។ ប៉ុន្តែ​ចំណោទ​ដ៏​សំខាន់​បំផុតដែល​គ្រប់​គ្នា​ចង់​ដឹង​នោះ​ គឺ​តើ​ការ​បោះឆ្នោត​សភា មុន​ឬ​តាម​កំណត់ ជា​ការ​ពង្រឹង​អំណាច​ឱ្យ​ លោក យូស្ហ៊ីហ៊ីដេ ស៊ូហ្កា ឬ ក៏​បក្ស​រក​ឃើញ​បេក្ខភាព​ថ្មី៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ