អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

កូវីដ-១៩៖ចិនប្រកាសពីមានវ៉ាក់សាំងចាប់ពីខែវិច្ឆិកា ខណៈដែលពិភពលោកកំពុងប្រឈមនឹងរលកឆ្លងទី២

ចិនប្រកាសពីមានវ៉ាក់សាំងបង្ការកូវីដ-១៩ចាប់ពីខែវិច្ឆិកា ខណៈដែលពិភពលោកកំពុងប្រឈមនឹងរលកឆ្លងទី២
ចិនប្រកាសពីមានវ៉ាក់សាំងបង្ការកូវីដ-១៩ចាប់ពីខែវិច្ឆិកា ខណៈដែលពិភពលោកកំពុងប្រឈមនឹងរលកឆ្លងទី២ AFP - NICOLAS ASFOURI
៣០ នាទី

នៅ​ក្នុង​ប្រទេស​ចិន លោកស្រី ហ្គីហ្សែន វូ អ្នក​តំណាង​នៃ​មជ្ឈមណ្ឌល​បង្ការ និង​គ្រប់គ្រង​ជំងឺ​បាន​ថ្លែង​នា​យប់​ថ្ងៃ​ចន្ទ ទី១៤ កញ្ញា​ថា វ៉ាក់សាំង​បង្ការ​កូវីដ-១៩ ដែល​ចិន​កំពុង​សាកល្បង​នៅ​ក្នុង​ដំណាក់កាល​ទី៣ ដែល​ជា​ដំណាក់កាល​ចុង​ក្រោយ​អាច​នឹង​ដាក់​ឲ្យ​ប្រើប្រាស់​ជា​សាធារណៈ​ចាប់​ពី​ដើម​ខែ​វិច្ឆិកា​ខាង​មុខ​ទៅ។ ដំណឹង​មួយ​នេះ​បាន​ធ្លាក់​មក ខណៈ​ដែល​មាន​បេក្ខជន​វ៉ាក់សាំង​ជិត ២០០ នៅ​ទូទាំង​ពិភពលោក​កំពុង​បន្ត​ធ្វើ​ការ​សាកល្បង​វ៉ាក់សាំង​របស់​ខ្លួន​នៅ​ក្នុង​ដំណាក់កាល​ទី១ ទី២ ឬ​ទី៣។ ដោយឡែក ក្នុង​ពេល​ដែល​ពិភពលោក​កំពុង​រង់ចាំ​វ៉ាក់សាំង​យ៉ាង​អន្ទះសារ អង្គការ​សុខភាពពិភព​បាន​ព្រមាន​ពី​កំណើន​ចំនួន​អ្នក​ស្លាប់​នៅ​អឺរ៉ុប​នា​ខែ​តុលា និង​វិច្ឆិកា​ខាង​មុខ។

ផ្សាយពាណិជ្ជកម្ម

ខណៈ​ដែល​ពិភពលោក​កំពុង​រង់ចាំ​វ៉ាក់សាំង​យ៉ាង​អន្ទះសារ កំណើន​ករណី​ឆ្លង​ជំងឺ​កូវីដ-១៩ ក៏​កំពុង​មាន​សន្ទុះ​គួរ​ឲ្យ​ព្រួយបារម្ភ។ មាន​បេក្ខជន​វ៉ាក់សាំង​ជិត ២០០ នៅ​ទូទាំង​ពិភពលោក​បាន​ផ្តើម​ស្រាវជ្រាវ​រក​ថ្នាំ​ព្យាបាល និង​វ៉ាក់សាំង។ ៦ខែ​ក្រោយ​ការ​ផ្ទុះ​កូវីដ-១៩ ឬ​វីរុស​កូរ៉ូណាថ្មី មាន​បេក្ខជន​វ៉ាក់សាំង​ខ្លះ​បាន​ធ្វើ​ការ​អភិវឌ្ឍន៍​វ៉ាក់សាំង​របស់​ខ្លួន​លឿន​ជាង​បេក្ខជន​វ៉ាក់សាំង​ខ្លះ​ទៀត។ តាម​បញ្ជី​របស់​អង្គការ​សុខភាព​ពិភពលោក មាន​បេក្ខជន​វ៉ាក់សាំង​ចំនួន ៣៥ កំពុង​ធ្វើ​ការ​សាកល្បង​វ៉ាក់សាំង​របស់​ខ្លួន​ទៅ​លើ​មនុស្ស ក្នុង​នោះ មាន​បេក្ខជន​វ៉ាក់សាំង​ចំនួន ៩ បាន​បោះជំហាន​ចូល​ដល់​ដំណាក់កាល​ចុង​ក្រោយ ឬ​កំពុង​ត្រៀម​ចូល​ដំណាក់កាល​ចុង​ក្រោយដោយ​ធ្វើ​ការ​សាកល្បង​លើ​មនុស្ស​ក្រោម​ទ្រង់ទ្រាយ​ធំ។

ក្នុង​ចំណោម​បេក្ខជន​ទាំង ៩ នោះ​ក៏​មាន​បេក្ខជន​វ៉ាក់សាំង​នៅ​ក្នុង​ប្រទេស​ចិន​ចំនួន ៤ ដែរ។ បន្ទាប់​មក គឺ​ក្រុមហ៊ុន​ឱសថ AstraZeneca របស់​អង់គ្លេស​ដែល​អង្គការ​សុខភាពពិភពលោក​ចាត់​ទុក​ជា​បេក្ខជន​វ៉ាក់សាំង​ដែល​កំពុង​មាន​ការ​អភិវឌ្ឍន៍​លឿន​ជាង​គេ។ ក្រោយ​ពី​បាន​ប្រកាស​ផ្អាក​សាកល្បង​វ៉ាក់សាំង​របស់​ខ្លួន​ក្នុង​ថ្ងៃទី៤ កញ្ញា AstraZeneca បាន​ប្រកាស​ក្នុង​ថ្ងៃទី១២ កញ្ញា​ពី​ការ​ផ្តើម​សាកល្បង​ឡើង​វិញ​ចាប់​ពី​ថ្ងៃ​ចន្ទ ទី១៤ កញ្ញា​នៅ​ក្នុង​ប្រទេស​ប្រេស៊ីល និង​អង់គ្លេស។ លោកស្រី ហ្គីហ្សែន វូ អ្នក​តំណាង​នៃ​មជ្ឈមណ្ឌល​បង្ការ និង​គ្រប់គ្រង​ជំងឺ​ក្នុង​ប្រទេស​ចិន​បាន​ថ្លែង​នា​យប់​ថ្ងៃ​ចន្ទ ទី១៤ កញ្ញា​ថា ការ​សាកល្បង​វ៉ាក់សាំង​ផលិត​ដោយ​បេក្ខជន​វ៉ាក់សាំង​ទាំង ៤ របស់​ចិន​បាន​ឈាន​ចូល​ដំណាក់កាល​ចុង​ក្រោយ។

តាម​លោកស្រី​ហ្គីហ្សែន វូ ការ​សាកល្បង​មាន​ដំណើរការ​ល្អ ហើយ​ក៏​គ្មាន​រោគសញ្ញា​អ្វី​លេច​ចេញ​លើ​អ្នកស្ម័គ្រចិត្ត​ចាក់​វ៉ាក់សាំង​ដែរ និង​ថា វ៉ាក់សាំង​ចិន​សម្រាប់​បង្ការ​កូវីដ-១៩ អាច​នឹង​ដាក់​ឲ្យ​ប្រើប្រាស់​ជា​សាធារណៈ​ចាប់​ពី​ដើម​ខែ​វិច្ឆិកា​ខាង​មុខ​ទៅ។ ដំណឹង​អាច​មាន​វ៉ាក់សាំង​ក្នុង​ខែ​វិច្ឆិកា​ក៏​ត្រូវ​បាន​ប្រកាស​ដោយ​ប្រធានាធិបតី​អាមេរិក​លោកត្រាំ​ដែរ។ តែ​វ៉ាក់សាំង​ដែល​លោក​ត្រាំ​ចង់​និយាយ​មិនមែន​របស់​ចិន​ទេ តែ​ប្រហែលជា​របស់​ក្រុមហ៊ុនឱសថ​អាមេរិក។ វ៉ាក់សាំង​បង្ការ​កូវីដ-១៩ ច្បាស់​ជា​មាន តែ​មាន​នៅ​មុន​ឆ្នាំ ២០២០ ឬ​ក្រោយ​ឆ្នាំ ២០២០ វា​ជា​រឿង​មួយ​ដែល​គេ​ត្រូវ​ចាំ​មើល​បន្ត​ទៀត។

WHO ព្រមាន​ពី​កំណើន​ចំនួន​អ្នក​ស្លាប់​នៅ​អឺរ៉ុប​

ក្នុង​ពេល​ដែល​ពិភពលោក​កំពុង​រង់ចាំ​វ៉ាក់សាំង កំណើន​ករណី​ឆ្លង​កូវីដ-១៩ នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​បាន​ស្ទុះ​ឡើង​គួរ​ឲ្យ​ព្រួយបារម្ភ។ ប្រទេស​ខ្លះ​ដែល​ទើប​បាន​ធូរស្រាល​មួយ​រយៈពេល​ខ្លី​ក៏​ស្រាប់​កំពុង​ស្គាល់​កំណើន​ឆ្លង​យ៉ាង​លឿន។ ក្នុង​រយៈពេល​តែ ២៤ម៉ោង​នា​ថ្ងៃ​អាទិត្យ ទី១៣ កញ្ញា ករណី​ឆ្លង​កូវីដ-១៩ មាន​ដល់​ទៅ ៣០៨ ០០០ករណី​នៅ​ទូទាំង​ពិភពលោក។ តាំង​ពី​ប៉ុន្មាន​សប្តាហ៍​កន្លង​ទៅ អឺរ៉ុប​បាន​ក្លាយ​ជា​កន្លែង​ដែល​កំណើន​ករណី​ឆ្លង​មាន​សន្ទុះ​ខ្លាំង​ជាង​គេ ពិសេស​នៅ​ក្នុង​ប្រទេស​បារាំង​ដែល​មាន​ជាង ១០ ០០០នាក់​ក្នុង​ថ្ងៃទី១២ កញ្ញា អេស្ប៉ាញ​មាន​ជាង ៤ ៧០០នាក់ អង់គ្លេស​មាន​ជាង ៣ ៥០០នាក់ និង​ជាង ១ ៥០០នាក់​នៅ​ក្នុង​ប្រទេស​អ៊ីតាលី។

តែ​អ្វី​ជា​ការ​កត់សម្គាល់​នៅ​ពេល​នេះ ចំនួន​អ្នកស្លាប់​នៅ​មាន​កម្រិត​ទាប បើ​ធៀប​ពី​ពេល​ដំបូង ពោល​មាន​ស្លាប់​ចន្លោះ​ពី ៤០០ ទៅ ៥០០នាក់​ក្នុង​មួយ​ថ្ងៃ​នៅ​អឺរ៉ុប។ ចំណែក​អ្នក​ជំងឺ​ធ្ងន់ធ្ងរ​ដែល​ត្រូវ​ការ​ជំនួយ​ដកដង្ហើម​ក៏​នៅ​មាន​ចំនួន​តិចតួច​ដែរ នេះ​បើ​តាម​នាយក​សាខា​អង្គការ​សុខភាពពិភពលោក​ប្រចាំ​អឺរ៉ុប​លោក Hans Kluge។ តែ​លោក Hans Kluge បាន​ទាញសញ្ញាអាសន្ន​ពី​កំណើន​ចំនួន​អ្នក​ស្លាប់​ដោយ​កូវីដ-១៩ នៅ​អឺរ៉ុប​នា​ខែ​តុលា និង​វិច្ឆិកា​ខាង​មុខ​ដែល​ចូល​ដល់​រដូវ​ត្រជាក់។ ទោះ​ជា​យ៉ាង​នេះ​ក្តី លោក Hans Kluge មិន​ចង់​ឲ្យ​មាន​វិធានការ​បិទខ្ទប់​ទាំង​ស្រុង​ដូច​ដែល​ប្រទេស​ជា​ច្រើន​បាន​ធ្វើ​នា​ពេល​កន្លង​មក​ទេ។

អ្វី​ដែល​នាយក​សាខា​អង្គការ​សុខភាពពិភពលោក​ប្រចាំ​អឺរ៉ុប​ដដែល​រូប​នេះ​ចង់​បាន គឺ​វិធានការ​បិទខ្ទប់​ដោយ​ពិនិត្យ​លើ​ករណី​ជាក់ស្តែង​នៅ​តាម​តំបន់ ឬ​ទីកន្លែង​នីមួយៗ។ ខណៈ​នេះ មាន​ប្រទេស​អឺរ៉ុប​មួយ​ចំនួន​បាន​ផ្តើម​រឹតបន្តឹង​វិធានការ​ទប់ស្កាត់​ការ​ឆ្លង​ដោយ​បង្ខំ​ឲ្យ​ពាក់​ម៉ាស់​នៅ​ទីកន្លែង​សាធារណៈ​ទាំង​អស់ ទោះ​ជា​កន្លែង​បិទជិត ឬ​នៅ​ក្រៅ​ល្ហល្ហេវ ហាម​មិន​ឲ្យ​មាន​ការ​ជួបជុំ​គ្នា​ច្រើន ផ្អាក​ការ​រៀបចំ​កម្មវិធី​មិន​ចាំ​បាច់ ឬ​មួយ​ក៏​ផ្តល់​អាទិភាព​លើ​ការ​ធ្វើ​ការងារ​ពី​ផ្ទះ​ជា​ដើម។

សហរដ្ឋអាមេរិក និង​ប្រេស៊ីល​ជា​ប្រទេស​ពីរ​ដែល​មាន​អ្នក​ឆ្លង និង​អ្នក​ស្លាប់​ច្រើន​ជាង​គេ

នៅ​ក្នុង​ប្រទេសឥណ្ឌូនេស៊ី ការ​បិទខ្ទប់​មួយ​ផ្នែក​ក្នុង​ទីក្រុង​ហ្សាការតា​បាន​ចូល​ជា​ធរមាន​ចាប់​ពី​ថ្ងៃ​ចន្ទ ទី១៤ កញ្ញា​ដោយ​បិទសាលារៀន សួនច្បារ សួនកំសាន្ត​ទេសចរណ៍ និង​កម្រិត​សកម្មភាព​ពាណិជ្ជកម្ម​ដែល​មិន​ចាំ​បាច់។ អ៊ីស្រាអែល​ដែល​មាន​ករណី​ឆ្លង​ចំនួន ១៥៣ ២១៧ករណី និង​មាន​ស្លាប់​ចំនួន ១ ១០៣នាក់​ត្រូវ​បាន​រដ្ឋាភិបាល​ប្រើ​វិធានការ​ចាស់​ដៃ​ដោយ​បិទខ្ទប់​ប្រទេស​ទាំង​ស្រុង​រយៈពេល ៣សប្តាហ៍​ដោយ​ចាប់​ផ្តើម​ពី​ថ្ងៃ​សុក្រ ទី១៨ កញ្ញា​ដែល​ជា​ថ្ងៃ​ផ្តើម​ចូល​ឆ្នាំ​ជ្វីហ្វ។ នៅ​សហរដ្ឋអាមេរិក​ដែល​ប្រទេស​មាន​អ្នក​ឆ្លង និង​អ្នក​ស្លាប់​ច្រើន​ជាង​គេ​ក្នុង​លោក​កំពុង​មាន​ករណី​ឆ្លង​ថ្មី​ចំនួន ៣៥ ០០០ករណី​ក្នុង​មួយ​ថ្ងៃ។ បន្ទាប់​មក​គឺ​ប្រេស៊ីល​ដែល​ជា​ប្រទេស​ស្ថិត​លំដាប់ទី២ គិត​ពី​ចំនួន​អ្នក​ឆ្លង និង​អ្នក​ស្លាប់​ដោយ​កូវីដ-១៩។

ប្រឈម​នឹង​រលក​ឆ្លង​ទី២ ជា​យថាហេតុ​ពេល​នេះ ក្រុម​វេជ្ជបណ្ឌិត​ហាក់​យល់​ឃើញ​ដូច​គ្នា​ថា ការ​បិទខ្ទប់​ឡើង​វិញ​ជា​រឿង​មិន​អាច​ចៀសរួច​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាលដាល​កូវីដ-១៩ តែ​ត្រូវ​ពិនិត្យ​លើ​ករណី​ជាក់ស្តែង​នីមួយៗ​ដូច​ជា​ការ​វិភាគ​លើ​តួលេខ និង​កម្រិត​ឆ្លង​កូវីដ-១៩។ គឺ​តាម​រយៈ​លទ្ធផល​នៃ​ការ​សិក្សា វិភាគ​នេះ​ដែល​រដ្ឋអំណាច​ចាប់​ផ្តើម​គិតគូរ​ពី​វិធានការ​ទប់ស្កាត់ នេះ​បើ​តាម​ការ​អះអាង​របស់​ក្រុម​វេជ្ជបណ្ឌិត​ដដែល។ ចំណែក​អង្គការ​សុខភាព​ពិភពលោក​អំពាវនាវ​ឲ្យ​ពិភពលោក​បន្ត​រួម​ដៃ​គ្នា​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ដោយ​មិន​ត្រូវ​រង់ចាំ​វ៉ាក់សាំង​ទេ។ តាម​អង្គការ​សុខភាព​ពិភពលោក ទោះ​បី​ជា​មាន​វ៉ាក់សាំង​ក៏​មិន​មាន​ន័យ​ថា​ជា​ការ​បញ្ចប់​ការ​ឆ្លង​រាលដាល​កូវីដ-១៩ ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ