អានតួអត្ថបទ

អាមេរិក​នឹង​ហាម​មិន​ឲ្យ​នាំចូល​ផលិតផល​ ដែល​មានប្រភព​ចេញពីតំបន់​​ស៊ីនជាំង

រូបថតបានពី​វីដេអូ​ដែល​បង្ហាញ​ជនជាតិ​អ៊ុយហ្គួរ​កាត់ដេរ​នៅ​មជ្ឈមណ្ឌល​អប់រំបណ្តុះបណ្តាល​វិជ្ចាជីវៈ​នៅទីក្រុង Hotanក្នុង​តំបន់​ស៊ីនជាំង  (CCTV via AP Video, File)
រូបថតបានពី​វីដេអូ​ដែល​បង្ហាញ​ជនជាតិ​អ៊ុយហ្គួរ​កាត់ដេរ​នៅ​មជ្ឈមណ្ឌល​អប់រំបណ្តុះបណ្តាល​វិជ្ចាជីវៈ​នៅទីក្រុង Hotanក្នុង​តំបន់​ស៊ីនជាំង (CCTV via AP Video, File) AP - Anonymous
ដោយ៖ ឈាង បុប្ផា
១៨ នាទី

អាមេរិក​កាលពី​ថ្ងៃ​ចន្ទម្សិលមិញ បាន​ប្រកាស​ថា នឹង​បិទខ្ទប់ មិន​ឲ្យ​នាំចូល​ទំនិញ ជាច្រើនមុខ ដែល​ផលិតឡើង​ ដោយ​ការប្រើ​កម្លាំង​ចាប់បង្ខំ ទៅ​លើ​ប្រជាជន​អ៊ុយហ្គួរ នៅ​តំបន់​ស៊ីនជាំង។ សម្រាប់​រដ្ឋមន្រ្តី​ការបរទេស​អាមេរិក នេះ​ជា​សារ​ដ៏​ច្បាស់លាស់ ដើម្បី ជំរុញ​ឲ្យ​អាជ្ញាធរ​ចិន បិទ​បញ្ចប់​ការងារ​ចាប់បង្ខំ​ទៅលើ​ប្រជាជន​ភាគតិច​អ៊ុយហ្គួរ។ សហភាព​អឺរ៉ុប​វិញ បាន​ស្នើ​បញ្ជូន​ក្រុម​សង្កេតការណ៍​ឯករាជ្យ​ទៅ​តំបន់​ស៊ីនជាំង ជាទី​ដែល​ទីក្រុង​ប៉េកាំង​រង​ការចោទប្រកាន់​ថា បាន​ចាប់ឃុំខ្លួន ប្រជាជន​ភាគតិច​អ៊ុយហ្គួរ​ជាង ១លាននាក់។

ផ្សាយពាណិជ្ជកម្ម

នៅក្នុង​ក្រឹត្យ​ចំនួន ៤ ទីភ្នាក់ងារ​គយ​អាមេរិក បាន​សម្រេច​ហាមឃាត់ មិន​ឲ្យ​គេ​នាំចូល ផលិតផល​ ចំនួន ៤ ដូចជា សំឡី​កប្បាស គ្រឿងព័ត៌មានវិទ្យា ផលិតផល​សម្រាប់​សក់ និងសំលៀកបំពាក់ ដែល​ផលិតឡើង​ដោយ​ក្រុមហ៊ុន​ចិន ក្នុង​តំបន់​ស៊ីនជាំង។ បទបញ្ជាទី​៥​ របស់​ទីភ្នាក់ងារ​គយអាមេរិក សំដៅ ហាមឃាត់​រាល់​ទំនិញ ដែល​ផលិត នៅ​ក្នុង​ជំរំ​លត់ដំ មួយ ក្នុង​តំបន់​ស៊ីនជាំង។

នៅ​ខែ​មិថុនា​កន្លងទៅ ក្រុមគយ​អាមេរិក​ធ្លាប់​បាន​ចាប់ រឹបអូស​ទំនិញ ដែល​គេ​សង្ស័យ​ថា ផលិត​ឡើង​នៅក្នុង​ជំរំ​លត់ដំ​ការងារ​មួយ ក្នុង​តំបន់​ស៊ីនជាំង។ នៅ​ឆ្នាំ​មុន វ៉ាស៊ីនតោន​ក៏​ធ្លាប់​បានប្រកាស​ដាក់​ទណ្ឌកម្ម​ប្រឆាំង​អ្នកនយោបាយ និង​ក្រុមហ៊ុន​ចិន ដែល​ចូលរួម​ពាក់ព័ន្ធ​នឹង​ការរំលោភ​សិទ្ធិមនុស្ស ទៅលើ​ប្រជាជន​អ៊ុយហ្គួរ​នៅតំបន់​ស៊ីនជាំង។

សូមរំលឹកថា អង្គការ​ការពារ​សិទ្ធិមនុស្ស ក៏ដូចជា​អាមេរិក និង​បណ្តា​ប្រទេស​លោកខាងលិច មួយចំនួន ធ្លាប់​បាន​ចោទប្រកាន់​រដ្ឋាភិបាល​ចិន ថា បាន​ធ្វើ​ទុក្ខ​បុកម្នេញ ប្រជាជន​ភាគតិច អ៊ុយហ្គួរ នៅក្នុង​តំបន់​ស៊ីនជាំង។ គេជឿថា ប្រជាជន​អ៊ុយហ្គួរ ប្រមាណ ១លាននាក់ ត្រូវ​បាន​អាជ្ញាធរ​ចិន​ចាប់ឃុំ ខ្លួន ក្នុង​ជំរំលត់ដំ សម្ងាត់​មួយ នៅស៊ីនជាំង។

ទាក់ទង​នឹង​បញ្ហា​ចាប់ឃុំខ្លួន​ជនជាតិ​អ៊ុយហ្គួរ នៅតំបន់​ស៊ីនជាំង នៅក្នុង​កិច្ចប្រជុំ​តាមវីដេអូ ជាមួយ​ប្រធានាធិបតី​ចិន កាលពី​ថ្ងៃ ចន្ទ​ម្សិលមិញ ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប បាន​សំដែង​ក្តីបារម្ភ​ពី​ជោគវាសនា​របស់​ជនជាតិ​ភាគតិច​អ៊ុយហ្គួរ និងបាន​ស្នើ​បញ្ជូន ក្រុមអ្នកសង្កេតការណ៍ ទៅ​តំបន់​ស៊ីនជាំង។ បារាំង ធ្លាប់​ស្នើ​យ៉ាងដូច្នេះ កាលពី​ខែ​កក្កដា​កន្លងទៅ ប៉ុន្តែ គ្មានចម្លើយ​វិជ្ជមាន​ពី​អាជ្ញាធរចិន​នោះទេ។

ទីក្រុង​ប៉េកាំង​រហូតមក បាន​បដិសេធ​ការចោទប្រកាន់​របស់អង្គការ​ការពារ​សិទ្ធិមនុស្ស និង​ក្រុមប្រទេស​លោកខាងលិច ដោយ​អះអាង​ទៅវិញ ថា ប្រជាជន​ភាគតិច អ៊ុយហ្គួរ កំពុង​ទទួល​ការបណ្តុះបណ្តាល នៅ​មជ្ឈមណ្ឌលអប់រំ ដែល​នឹងជួយ​ពួកគេ ឲ្យ​មាន​ការងារធ្វើ ហើយ​និង​នៅ​ឃ្លាតឆ្ងាយ​ពីក្រុម​អ៊ីស្លាម​ជ្រុលនិយម។

សម្រាប់អនុរដ្ឋមន្រ្តី​ក្រសួងមហាផ្ទៃ​អាមេរិក មណ្ឌលអប់រំ​របស់​ចិន តាមពិត​ជា​ពន្ធនាគារ ជាទី​ដែល​ជនជាតិភាគតិច និង​អ្នកកាន់សាសនា រង​ការធ្វើបាប និងត្រូវ​គេ​ចាប់បង្ខំ​ឲ្យ​ធ្វើការងារ សម្រាប់​ផលប្រយោជន៍​របស់​ក្រុមហ៊ុន​ចិន។

នៅខែ​មីនា មជ្ឈមណ្ឌល​អូស្ត្រាលី ស្តីពី​យុទ្ធសាស្រ្ត​នយោបាយ​បាន​ចេញ​របាយការណ៍​ដែលនៅក្នុង​នោះ គេ​បានវាយតម្លៃថា ប្រជាជន​អ៊ុយហ្គួរ រាប់​ម៉ឺននាក់ ត្រូវ​គេ​ចាប់បញ្ជូន​ចេញ​ពី​ជំរំលត់ដំ​នៅ ស៊ីនជាំង ឲ្យ​ទៅធ្វើការ​នៅ​តាម​រោងចក្រ ចិន ដែល​ផលិត ចេញ ផលិតផល​ល្បីៗ ក្នុង​ពិភពលោក ចំនួន ៨៣ ផលិតផល ដូចជា ផលិតផល​របស់​ក្រុមហ៊ុន​Apple Sony Adidas Nike ​ឬ​ក្រុមហ៊ុន​ផលិតឡាន BMWជាដើម៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ