អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ADB ព្យាករថា​សេដ្ឋកិច្ច​អាស៊ី​ នឹង​ធ្លាក់ចុះ​ក្នុងឆ្នាំ​២០២០ ដោយសារ​វិបត្តិ​កូវីដ១៩

សំឡេង ០៦:០៧
ប្រជាជនហ្វីលីពីន ឈររងចាំរថយន្តក្រុង នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ថ្ងៃទី​ ៧ កញ្ញា ២០២០
ប្រជាជនហ្វីលីពីន ឈររងចាំរថយន្តក្រុង នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ថ្ងៃទី​ ៧ កញ្ញា ២០២០ REUTERS - ELOISA LOPEZ
ដោយ៖ ម៉ម ពិសី
៣៣ នាទី

ដោយសារវិបត្តិសេដ្ឋកិច្ចសកលលោក បង្កឡើងដោយជម្ងឺកូវីដ១៩ សេដ្ឋកិច្ចប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក នឹងត្រូវដើរថយក្រោយ​ ក្នុងឆ្នាំ២០២០នេះ។​ នេះគឺជាការព្យាករណ៍ របស់​ធនគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ថា ADB ចេញផ្សាយក្នុងរបាយការណ៍ ថ្ងៃទី ១៥កញ្ញា។ អ្នកជំនាញ​របស់ធនាគារនេះ លើកឡើងថា ក្រៅពីតៃវ៉ាន់ កូរ៉េខាងត្បូង និងចិន ដែលអាចមានកំណើនសេដ្ឋកិច្ច​ ប្រទេសអាស៊ីខាងត្បូង និងប្រទេសអាស៊ីអាគ្នេយ៍ នឹងត្រូវជួបវិបត្តិបាត់បង់ចំណូលដុលក្នុងស្រុក។ ជាងនេះទៀត ដំណើរវិវឌ្ឍន៍ អូសបន្លាយយូរនៃ ការបិទខ្ទប់ប្រទេសនានា ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ ក៏ជាប្រភពមួយ បន្ថែមភាពស្រពិចស្រពិល ដល់ចក្ខុវិស័យ នៃសេដ្ឋកិច្ចប្រទេសអាស៊ីដែរ។

ផ្សាយពាណិជ្ជកម្ម

ដំណើររីកចម្រើន នៃក្រុម​ប្រទេសអាស៊ីកំពុងអភិវឌ្ឍន៍ខ្លាំង នឹងត្រូវនៅនឹងទ្រឹងមួយកន្លែង ឬអាចថយក្រោយ នៅឆ្នាំ២០២០។ ធនាគារអភិវឌ្ឍន៍អាស៊ី ADB បានព្យាករថា ជាលើកទីមួយ ក្នុងរវាង​៦០ឆ្នាំចុងក្រោយនេះ ដែល​ប្រទេសទាំង៤៦ក្នុងតំបន់អាស៊ី នឹងត្រូវជួបវិបត្តិក្នុងឆ្នាំ២០២០ លើក​ លែង​អូស្ត្រាលី និងជប៉ុន។ ជារួម ចំណូលដុលក្នុងស្រុក (PIB) នៃប្រទេសទាំងនេះ នឹងត្រូវធ្លាក់ចុះ ចំនួន០,៧% មុននឹងអាចស្ទុះឡើងបន្តិចវិញ ចំនួន ៦,៨% នៅឆ្នាំ២០២១។

ភាពខុសគ្នា រវាងអាស៊ីខាងត្បូង និងអាស៊ីខាតកើត

តែយ៉ាងណា​ ធនាគារអភិវ្ឍន៍អាស៊ី លើកឡើងថា ស្ថានភាពមានភាពខុសគ្នា​រវាង​ ប្រទេសអាស៊ីខាងត្បូង ដូចជាប៉ាគីស្ថាន ឬឥណ្ឌា ដែលសេដ្ឋកិច្ច​នឹងដើរថយក្រោយខ្លាំង ចំណែក​ប្រទេសអាស៊ីខាងកើត ដូចជាចិន តៃវ៉ាន់ កូរ៉េខាងត្បូង ដែលអាចទប់ទល់បានជាមួយវិបត្តិនេះ។ តាមការព្យាករណ៍ សេដ្ឋកិច្ចឥណ្ឌា នឹងដាំក្បាលចុះ ចំនួន​៩% នៅឆ្នាំ២០២០ ខណៈដែលចិនអាចប្រហែល​ជាមានកំណើនសេដ្ឋកិច្ច ប្រមាណ​​១,៨%។

បើតាមការវិភាគរបស់អ្នកជំនាញ ប្រទេសអាស៊ី ដូចជា តៃវ៉ាន់ កូរ៉េខាងត្បូង ដែល​បានចេញវិធានការ​ បង្ការទុកមុននូវ​ការឆ្លងរាលដាល​កូវីដ១៩ បានឆាប់រហ័ស ដូចជា​ការប្រើម៉ាស់ ការធ្វើតេស្ត​ទ្រង់​ទ្រាយធំ ការតាមដានស្វែងរកអ្នកអាចឆ្លង​ជាដើម ប្រហែលជាអាចងើបផុតពីវិបត្តិសេដ្ឋកិច្ច បានល្អជាងប្រទេស ដែលមិនមានវិធា​ន​ការអ្វីច្រើន ក្រៅតែពីបិទខ្ទប់ប្រទេសក្នុងរយៈពេលវែង​ ដើម្បីបង្អាក់​ការឆ្លងរាលដាល ដូចជានៅហ្វីលីពីន ឬ នៅឥណ្ឌា។

ប្រទេសរំពឹងខ្លាំង លើវិស័យទេសចរណ៍

មួយវិញទៀត កម្រិតធ្ងន់ធ្ងរនៃវិបតិ្ត គឺវាអាស្រ័យ​ទៅលើ ភាពរំពឹង​ទាំងស្រុងលើវិស័យណាមួយ របស់​សេដ្ឋកិច្ចប្រទេសនីមួយៗ។ ជាក់ស្តែង សម្រាប់ ថៃ ស្រីលង្កា ម៉ាល់ឌីវ ដែលរំពឹងយ៉ាងខ្លាំងទៅលើវិស័យទេសចរណ៍នោះ គឺវិបត្តិនេះ អាចមានភាពធ្ងន់ធ្ងរ និងអូសបន្លាយយូរជាងប្រទេសផ្សេងទៀត ព្រោះថា វិស័យទេសចរណ៍ អាចនឹងត្រូវការ​ពេលយូរបន្តិច ទំរាំអាចត្រលប់​មករកភាព​ប្រក្រតីវិញបាន។

ស្ថានភាពនៅប្រទេសឡាវ អាចប្រហែលជាធ្ងន់ធ្ងរខ្លាំង ដោយសារប្រទេសនេះ កំពុងប្រឈមនឹង ការគ្មានលទ្ធភាពសងបំណុលបរទេស ដែលភាគច្រើនលើសលប់ គឺជាបំណុលរបស់ចិន នេះបើផ្អែក​តាមទីភ្នាក់ងារ ​​Moody’s។ ឡាវបានខ្ចីប្រាក់ចិន មកកសាង​ទំនប់វារីអគ្គីសនី និង​ផ្លូវដែក ក្នុងគម្រោង​ផ្លូវមួយខ្សែក្រ​វ៉ាត់មួយ ដែលគិតជាទឹកប្រាក់បំណុលសរុប មានប្រមាណ​១២០០លានដុល្លារ។ ដោយគ្មានចំណូល គ្មាន​ប្រាក់​សង​ចិន នៅដើមខែកញ្ញានេះ ឡាវទើបតែបាន​កាត់​ ប្រគល់​ក្រុមហ៊ុន​អគ្គីសនីជាតិឡាវ ទៅឲ្យ​ចិនគ្រប់គ្រង។

តៃវ៉ាន់ ចិន កូរ៉េខាងត្បូង មានលទ្ធភាពនាំចេញច្រើន

ខណៈដែល​ប្រទេសខ្លះ បាត់បង់ចំណូលច្រើន ពី​វិស័យទេសចរណ៍ មានប្រទេសផ្សេង ដូចជា តៃវ៉ាន់ ចិន កូរ៉េខាងត្បូង បានចំណូលច្រើនបង្កួរ ដោយសារតែវិស័យផលិតកម្មទំនិញ។ ជាមួយនឹងជំងឺឆ្លងកូវីដ១៩ តម្រូវការនូវទំនិញប្រើប្រាស់ ដូចជាម៉ាស ទឹកអាល់កុល និងសម្ភារៈពេទ្យជាច្រើនផ្សេងទៀត បានកើនឡើងខ្លាំង ហើយដែលប្រទេសទាំងនេះ មានលទ្ធភាពផលិតនាំចេញ។ បន្ថែមពីនេះទៀត តម្រូវការផលិតផល​បច្ចេកវិទ្យា​អេឡិចត្រូនិក ក៏កាន់តែកើនឡើង ដោយសារតែមនុស្ស​ ភាគច្រើនបាន​ធ្វើការ​​ពីផ្ទះ ឬរៀនពីផ្ទះជាដើម។

ប្រភពចំណូល​ពី​ពលករចំណាកស្រុក

ការបាត់បង់ចំណូលក្នុងស្រុក នៅតាមប្រទេសអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ មួយផ្នែកធំ ក៏មកពីការចុះថយ នូវចំនួន​នៃការផ្ញើប្រាក់ របស់ពលករចំណាកស្រុក ទៅឲ្យ​ក្រុមគ្រួសារខ្លួន។ ការចុះថយ​នេះ អាចមានចន្លោះពី ១១,៥% ទៅ១៩,៨% ទៅតាមប្រទេសផ្សេងៗគ្នា។ ណេប៉ាល់ បង់ក្លាដែស ឬប៉ាគីស្ថាន ប្រាក់បញ្ញើរបស់​ពលករចំណាកស្រុកនេះ អាចធ្លាក់ចុះដល់ទៅ​៣០%។ នៅតាមប្រទេសទាំងនេះ ប្រាក់ខែពលករចំណាកស្រុក ដែលទៅធ្វើការនៅបរទេស គឺជាប្រភពចំណូល​ដ៏សំខាន់​សម្រាប់​ជីវភាពគ្រួសារ នៅក្នុងប្រទេសដើមរបស់ពួកគេ។

ពលករចំណាកស្រុក និងក្រុមគ្រួសារពួកគេ ដែលរស់រំពឹងនឹងប្រាក់ខែរបស់ពួកគេ គឺជាក្រុម​មនុស្ស ដែល​ប្រឈម​​នឹងហានិភ័យ​បំផុត ដោយសារវិបត្តិសេដ្ឋកិច្ច​​បង្កឡើង​​ដោយ​​កូវីដ១៩នេះ។ ធនគារអភិវឌ្ឍន៍អាស៊ី ប៉ាន់ស្មានថា វិបត្តិនេះ នឹងរុញច្រានមនុស្ស​ប្រមាណ​១៦០លាននាក់ ក្នុង​តំបន់​អាស៊ី ឲ្យធ្លាក់​ទៅក្នុង​ភាពក្រីក្រ។

ជួយសហគ្រាសធនតូច និង​រិះរកគំនិតថ្មី

នៅអាស៊ី វិបត្តិកូវីដ១៩ បានធ្វើឲ្យ​មានគម្លាតកាន់តែខ្លាំង រវាងអ្នកមាននឹងអ្នកក្រ។ ដើម្បីទប់ទល់លំនឹងសេដ្ឋកិច្ច ធនាគារអភិវឌ្ឍន៍អាស៊ី បានក្រើនរំឮក ឲ្យរដ្ឋាភិបាល​​ត្រូវតែ​បន្ថែមជំនួយសាធារណៈ បង្កើត​គម្រោង​ផ្តល់សន្ទុះសេដ្ឋកិច្ច​ ឲ្យ​បានច្រើនបំផុត។ លក្ខណៈពិសេស នៃតំបន់អាស៊ី គឺសំបូរទៅដោយ​សហគ្រាសធនតូច និងជាលក្ខណៈគ្រួសារ ដែលស្ថិតនៅក្រៅប្រព័ន្ធ។ គឺសហគ្រាស និងរបរ​រកស៊ីតូចតាច​ទាំងនោះហើយ ដែលប្រឈមខ្លាំងនឹងវិបត្តិ។ នៅអាស៊ីអាគ្នេយ៍ ១ភាគ​៣ នៃសហគ្រាសធនតូច គឺពួកគេមានទុនបំរុង ត្រឹមតែប្រមាណ១ខែប៉ុណ្ណោះ។​ ដូច្នេះ រដ្ឋាភិបាល ត្រូ​វតែ​រៀបចំយន្តការ ដើម្បី​ឲ្យ​សហគ្រាសធនតូច និងលក្ខណៈគ្រួសារទាំងនេះ​ អាចទទួល​បាន​​នូវអត្ថប្រយោជន៍ហិរញ្ញវត្ថុ ជំនួយបន្ទាន់ ក្នុងកាលៈទេសៈលំបាកនេះ។

អ្នកជំនាញធនាគារអភិវឌ្ឍន៍អាស៊ី ក៏បានផ្តល់ជាអនុសាសន៍ផងដែរថា ឱកាសនេះ អាចជាឱកាសដែលល្អ និងចាំបាច់ជាងពេលណាៗទាំងអស់​ ដែលប្រទេសអាស៊ី ត្រូវតែស្វះស្វែង បង្កើតគំនិតច្នៃប្រៃឌិតថ្មី ផ្តល់សន្ទុះសេដ្ឋកិច្ច ក្នុងបរិបទថ្មី ជាជាងរំពឹង រងចាំ​ឲ្យ​អ្វីៗ វិលមករកភាពប្រក្រតីដូចមុន។ ផ្តល់សន្ទុះសេដ្ឋកិច្ច ដោយគិតពី​សុខមាលភាពមនុស្ស និងការពង្រឹងសុខភាពប្រជាជនខ្លួន អាចជា​ច្រកថ្មីនៃចរន្តសេដ្ឋកិច្ច។ ប្រជាជនមានកម្លាំងប្រាជ្ញា សុខភាពរាងកាយមាំមួន កម្លាំងពលកម្ម​ការងារ​ក៏មាន​ប្រសិទ្ធិភាពខ្ពស់​ គឺវា​អាច​នាំចរន្តសេដ្ឋកិច្ច ឲ្យស្ទុះដើរឡើងវិញ ជាក់ជា​មិនខាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ