អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

អាហ្វហ្កានីស្ថាន៖ហេតុអ្វីបានជារដ្ឋាភិបាល និងចលនាឧទ្ទាមតាលីបង់យល់ព្រមអង្គុយចរចាគ្នា?

សំឡេង ០៥:២៦
Qatar's Minister of Foreign Affairs Sheikh Mohamad Bin Abdel Rahman Al-Thani, from left, talks to the audience as U.S. Special Representative for Afghanistan Reconciliation Zalmay Khalilzad, U.S. Secretary of State Mike Pompeo, Qatar's Minister of Foreign Affairs Sheikh Mohamad Bin Abdel Rahman Al-Thani and Mutlaq bin Majid al-Qahtani, the special envoy of the Qatari Foreign Minister for Terrorism and Mediation in the Settlement of Disputes, attend the opening session of the peace talks between the Afghan government and the Taliban in Doha, Qatar, Saturday, Sept. 12, 2020. (AP Photo/Hussein Sayed)
Qatar's Minister of Foreign Affairs Sheikh Mohamad Bin Abdel Rahman Al-Thani, from left, talks to the audience as U.S. Special Representative for Afghanistan Reconciliation Zalmay Khalilzad, U.S. Secretary of State Mike Pompeo, Qatar's Minister of Foreign Affairs Sheikh Mohamad Bin Abdel Rahman Al-Thani and Mutlaq bin Majid al-Qahtani, the special envoy of the Qatari Foreign Minister for Terrorism and Mediation in the Settlement of Disputes, attend the opening session of the peace talks between the Afghan government and the Taliban in Doha, Qatar, Saturday, Sept. 12, 2020. (AP Photo/Hussein Sayed) AP - Hussein Sayed
៣៤ នាទី

តាំង​ពី​ថ្ងៃ​សៅរ៍ ទី១២ កញ្ញា និង​មាន​រយៈពេល ២សប្តាហ៍ រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន និង​ចលនា​ឧទ្ទាមតាលីបង់​បាន​ចាប់​ផ្តើម​កិច្ចចរចាសន្តិភាព​ដែល​រៀបចំ​នៅ​ក្នុង​ទីក្រុង​ដូហា ប្រទេស​កាតា។ កិច្ចចរចា​សន្តិភាព​រវាង​ភាគី​ជម្លោះ​ផ្ទៃក្នុង​ទាំង​ពីរ​ពេល​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​មាន​ការ​ចរចា​រវាង​សហរដ្ឋអាមេរិក និង​ចលនា​ឧទ្ទាម​តាលីបង់​ដែល​សម្រេច​បាន​នូវ​កិច្ចព្រមព្រៀង​មួយ​ចុះ​ហត្ថលេខា​កាល​ពី​ថ្ងៃទី២៩ កុម្ភៈ។ តាំង​ពី​បាន​ធ្លាក់​ពី​អំណាច​ក្នុង​ឆ្នាំ ២០០១ ក្រោម​ការ​វាយប្រហារ​របស់​អាមេរិក ពួក​តាលីបង់​បាន​បន្ត​កាន់​អាវុធ​ប្រយុទ្ធ​ទល់​នឹង​ទ័ពរដ្ឋាភិបាល​អាហ្វហ្កានីស្ថាន និង​ទ័ពអាមេរិក​មក​ដល់​ពេល​នេះ។ គួរ​រម្លឹក​ថា​តាំង​ពី​ដំបូង ពួក​តាលីបង់​មិន​ដែល​ទទួល​ស្គាល់​រដ្ឋាភិបាល​ក្រុង​កាប៊ូល និង​មិន​ព្រម​និយាយ​ជាមួយ​ទេ។ ចុះ​ហេតុអ្វី​បាន​ជា​ពួក​តាលីបង់​សុខចិត្ត​ចរចា​ជាមួយ​ពេល​នេះ និង​ថា តើ​អាហ្វហ្កានីស្ថាន​ដែល​ស្គាល់​សង្គ្រាម​ជិត ២០ឆ្នាំ​អាច​ស្គាល់​សន្តិភាព​តាម​រយៈ​កិច្ចចរចា​ពេល​នេះ​ដែរ ឬ​ទេ?។

ផ្សាយពាណិជ្ជកម្ម

ក្នុង​រយៈពេល ៤ទសវត្ស​ជាប់​គ្នា​ដោយ​បូក​តាំង​ពី​សម័យ​គ្រប់គ្រង​ដោយ​សហភាពសូវៀត​ឆ្លង​ចូល​សម័យសង្រ្គាមស៊ីវិល និង​ពី​សម័យ​គ្រប់គ្រង​ដោយ​ពួក​តាលីបង់​ឆ្លង​ចូល​សម័យ​វត្តមាន​ទាហាន​អាមេរិក ប្រជាជន​អាហ្វហ្កានីស្ថាន​មិន​ដែល​បាន​យក​វាសនា​របស់​ខ្លួន​ទៅ​គ្រប់គ្រង​ក្នុង​ដៃ​ទេ ឬ​និយាយ​ឲ្យ​ស្រួល គឺ​អ្នក​ដទៃ​ជា​អ្នក​កំណត់​វាសនា​ឲ្យ។ តើ​វា​ល្មម​ដល់​ពេល​ដែល​ប្រជាជន​អាហ្វហ្កានីស្ថាន​ត្រូវ​ចាប់​ផ្តើម​គិតគូរ​ពី​អនាគត​ដោយ​ខ្លួន​ឯង​ហើយ ឬ​យ៉ាង​ណា?។ ចម្លើយ​ចំពោះ​សំណួរ​នេះ​កំពុង​ស្តែង​ឡើង​តាម​រយៈ​កិច្ចចរចា​សន្តិភាព​រវាង​រដ្ឋាភិបាល និង​ពួក​តាលីបង់​នៅ​ក្នុង​ទីក្រុង​ដូហា ប្រទេស​កាតារ​ពេល​នេះ។ តែ​គ្រប់​គ្នា​បាន​ទទួល​ស្គាល់​ថា ផ្លូវ​ឆ្ពោះ​ទៅ​កាន់​សន្តិភាព​សម្រាប់​ប្រទេស និង​ប្រជាជន​អាហ្វហ្កានីស្ថាន​នៅ​វែង​ឆ្ងាយ និង​រលាក់​ខ្លាំង។

គួរ​រម្លឹក​ថា តាំង​ពី​ត្រូវ​បាន​ទ័ពអាមេរិក​ទម្លាក់​ពី​អំណាច​ក្នុង​ឆ្នាំ ២០០១ ពួក​តាលីបង់​មិន​ដែល​ទម្លាក់​អាវុធ​ចុះ និង​បាន​ធ្វើ​សង្រ្គាម​ប្រឆាំង​នឹង​ទ័ព​រដ្ឋាភិបាល និង​ទ័ពអាមេរិក​មក​ដល់​សព្វថ្ងៃ។ មួយ​វិញ​ទៀត ពួក​ឧទ្ទាម​មួយ​នេះ​មិន​ដែល​ទទួល​ស្គាល់​រដ្ឋាភិបាល​ក្រុង​កាប៊ូល និង​បដិសេធ​មិន​ជ្រលក់​មាត់​រក​ទេ ទោះ​ក្រោម​រូបភាព​អ្វី​ក៏​ដោយ។ សម្រាប់​ពួក​តាលីបង់ រដ្ឋាភិបាល​ក្រុង​កាប៊ូល​បច្ចុប្បន្ន​ជា​អាយ៉ង​របស់​ក្រុង​វ៉ាស៊ីនតោន។ ចំណែក​រដ្ឋាភិបាល​ក្រុង​កាប៊ូល​វិញ​ក៏​មិន​ដែល​ចាត់​ទុក​ពួក​តាលីបង់​ជា​កម្លាំង​នយោបាយ​មួយ មិន​ព្រម​និយាយ​ជាមួយ និង​គិត​តែ​ពី​ប្រើ​កម្លាំងបាយ​រួម​ជាមួយ​កម្លាំង​បរទេស​ដើម្បី​កម្ទេច​ចលនា​ឧទ្ទាម​មួយ​នេះ​ឲ្យ​ដល់​ឫសគល់ ដូច​សុភាសិត​មួយ​ចែង​ថា បើ​គេ​ដក​ស្មៅ​ត្រូវ​ដក​ទាំង​ឫស។

តែ​បញ្ហា​នៅ​ត្រង់​ថា ស្មៅ​តាលីបង់​មិន​ត្រឹម​តែ​មិន​អាច​ដក​បាន​ទាំង​ឫស​ទេ សូម្បី​តែ​បោច​ក៏​បោច​មិន​ចង់​ដាច់​ផង។ សឹង​តែ​រាល់​ថ្ងៃ​ជិត ២០ឆ្នាំ​កន្លង​ទៅ ពួក​តាលីបង់​អាច​បង្ក​អំពើហិង្សា​តាម​គ្រប់​រូបភាព នៅ​ពេល​ណា​ក៏​បាន និង​នៅ​កន្លែង​ណា​ក៏​បាន​ដែរ។ ក្រៅ​ពី​មាន​ស្លាប់ និង​របួស​ជនស៊ីវិល​ស្លូតត្រង់​រាប់សិបពាន់នាក់ នៅ​មាន​ស្លាប់​ទាហាន​កម្លាំង​សម្ព័ន្ធមិត្ត​ជា​ច្រើន​ពាន់នាក់​ផ្សេង​ទៀត​ក្រោម​ស្នាដៃ​របស់​ពួក​តាលីបង់ ក្នុង​នោះ អាមេរិក​តែ​ម្នាក់​ឯង​មាន​ស្លាប់​ដល់​ទៅ ២ ៤០០នាក់។ នេះ​នៅ​មិន​ទាន់​បាន​គិត​ពី​ការ​ចំណាយ​របស់​អាមេរិក​ទៅ​លើ​សង្រ្គាម​មួយ​នេះ​ដែល​មាន​ដល់​ទៅ ១ ០០០ ០០០លានដុល្លារ។ បន្ទាប់​មក សង្រ្គាម​ជិត ២០ឆ្នាំ​នៅ​អាហ្វហ្កានីស្ថាន​បាន​បណ្តាល​ឲ្យ​មាន​ជនភៀសខ្លួន​ជា​ច្រើន​លាននាក់។

គឺ​កំណើន​ឥទ្ធិពល​របស់​ពួក​តាលីបង់​នេះ​ហើយ​ដែល​បាន​ធ្វើ​ឲ្យ​រដ្ឋបាល​អាមេរិក​តាំង​ពី​​ជំនាន់​លោក​អូបាម៉ា និង​លោក​ត្រាំ​ពេល​នេះ​ផ្តើម​គិតគូរ​ពី​វាសនា​ទ័ពអាមេរិក​នៅ​អាហ្វហ្កានីស្ថាន។ លោក​ត្រាំ​ចង់​ដក​ទ័ពអាមេរិក​ទាំង​អស់​ចេញ​ពី​អាហ្វហ្កានីស្ថាន​ពី​ពេល​នេះ​ទៅ​ខែ​ឧសភា ឆ្នាំ ២០២១។ តែ​ដើម្បី​អាច​សម្រេច​កម្មវត្ថុ​នេះ​បាន រដ្ឋបាល​អាមេរិក​បាន​ផ្តើម​ចរចា​ផ្ទាល់​ជាមួយ​ពួក​តាលីបង់​តាំង​ពី​ពាក់កណ្តាល​ឆ្នាំ ២០១៨ ដើម្បី​ឲ្យ​ពួក​នេះ​ឈប់​បង្ក​អំពើហិង្សា​ជា​ថ្នូរ​នឹង​ការ​ដកទ័ព​អាមេរិក​បណ្តើរៗ​ចេញ​ពី​ទឹកដី​អាហ្វហ្កានីស្ថាន។ គេ​ត្រូវ​រង់ចាំ​ដល់​ថ្ងៃទី២៩ កុម្ភៈ ឆ្នាំ ២០២០ ទើប​អាមេរិក និង​ពួក​តាលីបង់​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ ហើយ​តាម​រយៈ​កិច្ចព្រមព្រៀង​ដដែល​មួយ​នេះ រដ្ឋាភិបាល​ក្រុង​កាប៊ូល និង​ពួក​តាលីបង់​សន្យា​ដោះលែង​អ្នក​ទោស​រវាង​គ្នា​ទៅ​វិញ ទៅ​មក គឺ​ដោះលែង​អ្នកទោស​តាលីបង់​ចំនួន ៥ ០០០នាក់​ជា​ថ្នូរ​នឹង​ការ​ដោះលែង​អ្នកទោសទាហាន​អាហ្វហ្កានីស្ថាន​ចំនួន ១ ០០០នាក់។

ជំហាន​បន្ទាប់ គឺ​ការ​ចរចា​សន្តិភាព​រវាង​រដ្ឋាភិបាល​ក្រុង​កាប៊ូល និង​ពួក​តាលីបង់។ នៅ​ពេល​ដំបូង ប្រធានាធិបតី​អាហ្វហ្កានីស្ថាន​លោក​ហ្កានី​បាន​បដិសេធ​មិន​ដោះលែង​អ្នក​ទោស​តាលីបង់​ទេ​ដោយ​ពន្យល់​ថា លោក​ត្រូវ​បាន​អាមេរិក​ទាត់​ចោល​ពី​កិច្ចចរចា​រវាង​អាមេរិក និង​ពួក​តាលីបង់។ តែ​ដោយ​ទទួល​គំនាប​ខ្លាំង​ពី​អាមេរិក និង​តាលីបង់ លោក​ហ្កានី​ក៏​បាន​យល់ព្រម​ដោះលែង​អ្នកទោស​តាលីបង់​ចំនួន ៤០០នាក់​ក្នុង​ថ្ងៃទី៩ សីហា។ គឺ​កាយវិការ​នេះ​ហើយ​ដែល​បាន​បើក​ផ្លូវ​ឲ្យ​ក្រុង​កាប៊ូល និង​តាលីបង់​ចូល​អង្គុយ​តុចរចា​ទល់​មុខ​គ្នា​ជា​លើកទី១ សម្រាប់​រយៈពេល ២សប្តាហ៍ និង​ដោយ​គ្មាន​វត្តមាន​អន្តរការី​បរទេស​ណា​ម្នាក់​នៅ​ពេល​នេះ។ តែ​អ្វី​ជា​ការ​កត់សម្គាល់ ពួក​តាលីបង់​ហាក់​កំពុង​មាន​ប្រៀប​លើ​ក្រុង​កាប៊ូល ព្រោះ​ចូរ​កុំ​ភ្លេច​ថា​តាំង​ពី​ជិត ២០ឆ្នាំ​កន្លង​ទៅ ពួក​តាលីបង់​មិន​ដែល​ចុះ​ញ៉ម និង​មិន​បាន​ធ្វើ​សម្បទាន​អ្វី​ទាំង​អស់ ទោះ​នៅ​លើ​សមរភូមិ​នយោបាយ ការទូត ឬ​មួយ​យោធា។

ផ្ទុយ​ទៅ​វិញ គឺ​ពួក​នេះ​ទេ​តើ​ដែល​ហាក់​កំពុង​សោយរាជ្យ​នៅ​អាហ្វហ្កានីស្ថាន​សព្វថ្ងៃ។ សន្តិភាព និង​ការ​ផ្សះផ្សាជាតិ នេះ​ជា​កម្មវត្ថុ​នៃ​កិច្ចចរចា​រវាង​តាលីបង់ និង​រដ្ឋាភិបាល​ក្រុង​កាប៊ូល ហើយ​ដើម្បី​អាច​សម្រេច​កម្មវត្ថុ​មួយ​នេះ​បាន ភាគី​នីមួយៗ​ត្រូវ​ចេះ​យោគយល់​គ្នា ទុកចិត្ត​គ្នា និង​ត្រូវ​ធ្វើ​សម្បទាន​ឲ្យ​គ្នា​ទៅ​វិញ ទៅ​មក។ អ្វី​ដែល​ច្បាស់​ចាប់​ពី​ពេល​នេះ​ត​ទៅ តាលីបង់​បាន​ក្លាយ​ជា​តួអង្គ​នយោបាយ​ស្របច្បាប់​មិន​អាច​ខ្វះ​បាន​សម្រាប់​ការ​បង្កើត​អនាគត​រដ្ឋាភិបាល​បង្រួមបង្រួបជាតិ​អាហ្វហ្កានីស្ថាន។ ចង់​មិន​ចង់​ចាប់​ពី​ពេល​នេះ​ត​ទៅ សហគមន៍​អន្តរជាតិ​ហាក់​គ្មាន​ជម្រើស​ផ្សេង​ក្រៅ​ពី​បញ្ចូល​តាលីបង់​ជា​កម្លាំង​នយោបាយ​ដែល​កំពុង​មាន​ឥទ្ធិពល​ខ្លាំង​នៅ​ក្នុង​ឆាកនយោបាយ​អាហ្វហ្កានីស្ថាន។ តើ​ពួក​តាលីបង់​ដែល​ត្រូវ​បាន​អាមេរិក​បណ្តេញចេញ​ពី​អំណាច​កាល​ពី​ជិត ២០ឆ្នាំ​មុន មិនមែន​កំពុង​រំកិល​បន្តិច​ម្តងៗ​ទៅ​ក្តាប់​អំណាច​ជា​ថ្មី​នៅ​អាហ្វហ្កានីស្ថាន​ទេ ឬ​យ៉ាង​ណា?។ យើង​ទុក​ចម្លើយ​ចំពោះ​សំណួរ​នេះ​នៅ​ពេល​ក្រោយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ