អានតួអត្ថបទ

ចិន​បើកសមយុទ្ធ​ដើម្បីប្រឆាំង​​ទស្សនកិច្ច​របស់មន្រ្តី ជាន់ខ្ពស់អាមេរិក ​ ម្នាក់ទៀត​នៅតៃវ៉ាន់

អនុរដ្ឋលេខាធិការ​ក្រសួងការបរទេស​អាមេរិកទទួល​បន្ទុក​សេដ្ឋកិច្ច បរិស្ថាន និង​ថាមពល លោក​Keith Krach ធ្វើដំណើរ​ទៅដល់​ក្រុង​តៃប៉ិ នៅថ្ងៃ ព្រហស្បតិ៍ទី​១៧​កញ្ញា ដើម្បី​បំពេញទស្សនកិច្ច​៣ថ្ងៃ​នៅតៃវ៉ាន់
អនុរដ្ឋលេខាធិការ​ក្រសួងការបរទេស​អាមេរិកទទួល​បន្ទុក​សេដ្ឋកិច្ច បរិស្ថាន និង​ថាមពល លោក​Keith Krach ធ្វើដំណើរ​ទៅដល់​ក្រុង​តៃប៉ិ នៅថ្ងៃ ព្រហស្បតិ៍ទី​១៧​កញ្ញា ដើម្បី​បំពេញទស្សនកិច្ច​៣ថ្ងៃ​នៅតៃវ៉ាន់ AP
ដោយ៖ ឈាង បុប្ផា
៣៩ នាទី

ប្រតិកម្ម​តបនឹង​ដំណើរ​ទស្សនកិច្ចរបស់​មន្រ្តីជាន់ខ្ពស់​ម្នាក់ទៀត​របស់​អាមេរិក​នៅ តៃវ៉ាន់ ប្រទេស​ចិន ​ប្រកាស​បើកធ្វើ​សមយុទ្ធ​នៅក្បែរតៃវ៉ាន់ នៅថ្ងៃ​សុក្រទី​១៨​កញ្ញា។ លោកឃីស ក្រច​ Keith Krach អនុរដ្ឋលេខាធិកា ទទួលបន្ទុក​ផ្នែកកំណើន​សេដ្ឋកិច្ច​ ថាមពលនិង​បរិស្ថាន ជាមន្រ្តីជាន់ខ្ពស់​អាមេរិក​ទី២ ​ដែល​បានធ្វើដំណើរ​ទៅតៃវ៉ាន់ ទោះបី​មានការព្រមាន ថ្កោលទោស​ពី​ប្រទេស​ចិន

ផ្សាយពាណិជ្ជកម្ម

តាមក្រសួងការបរទេស​អាមេរិក លោកឃីស ក្រចត្រូវ​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​សព​បិតា​ប្រជាធិបតេយ្យ​តៃវ៉ាន់ លោក លី តេងហ៊ុយ។ ប៉ុន្តែ សម្រាប់​ចិន ទស្សនកិច្ច​របស់​មន្រ្តីជាន់ខ្ពស់​អាមេរិក នៅ​តៃវ៉ាន់ ឆ្លុះបញ្ចាំង​ពីការរួមផ្សំគំនិតគ្នា​រវាង​អាមេរិក និង​តៃវ៉ាន់ ដែលអាច​គំរាមកំហែង​ដល់​ដែនអធិបតេយ្យភាព របស់​ចិន…

ធានា​រក្សា​ដែនអធិបតេយ្យភាព និង​បូរណភាពទឹកដី​ចិន នេះគឺ​ជា​គោលដៅ​នៃ​សមយុទ្ធ​របស់​ចិន នៅជិត​សមុទ្រ​តៃវ៉ាន់ នៅ​ថ្ងៃ​សុក្រនេះ គឺ​ចំ​ថ្ងៃ ពេល​ដែល​អនុរដ្ឋលេខាធិការ​អាមេរិក​លោក ឃីស ក្រច Keith Krach ត្រូវ​ជួប​ប្រធានាធិបតី​តៃវ៉ាន់ លោកស្រី ត្សៃ អ៊ីងវេន ដែល​ជា​បុគ្គល​សំអប់​របស់​ប៉េកាំង។

កាលពី​ថ្ងៃ​ពុធ នៅពេល​លឺ​ថា អាមេរិក​បញ្ជូន​អនុរដ្ឋលេខាធិការ លោក ឃីស ក្រច ទៅតៃវ៉ាន់ ចិន បង្ហាញ​ជំហរ​ប្រឆាំង របស់ខ្លួន ម្តងហើយ ដោយ​បានបញ្ជូន យន្តហោះ ប្រឆាំង​នាវាមុជទឹក ឲ្យ​ទៅហោះ​ក្នុងតំបន់​ការពារ​អាកាស​របស់​តៃវ៉ាន់។

សូមបញ្ជាក់ថា តៃវ៉ាន់​ដែល​ចិន​ចាត់ទុក​ជា​ដែនដីកោះមួយ និងដែល​ចិន​ត្រូវ​ក្រសោប​យក​មកគ្រប់គ្រង​វិញ ទោះជា​ត្រូវ​ប្រើកម្លាំងយោធា ជាផ្នែក​មួយ​នៃ​បញ្ជី​ជម្លោះ រវាង ​ចិន និង​អាមេរិក​ ដែល​មានតាំង​ពី​ជម្លោះ​ពាណិជ្ជកម្ម ជំងឺកូវីដ បញ្ហា​ហុងកុង និង​សំណុំរឿង​អ៊ុយហ្គួរ។

លោកឃីស ក្រច ជាមន្រ្តីជាន់ខ្ពស់​អាមេរិក ទី​២ ដែល​បានធ្វើ​ទស្សនកិច្ច នៅតៃវ៉ាន់ នៅក្នុង​រយៈពេល​តែ​ជាង ១ខែ ចុងក្រោយនេះ។ កាលពី​ថ្ងៃទី​១០​សីហា រដ្ឋមន្រ្តី​សុខាភិបាល​អាមេរិក ជា​មន្រ្តីជាន់ខ្ពស់​របស់​អាមេរិក​ដំបូងគេ ដែល​បាន​ធ្វើ​ទស្សនកិច្ច នៅ​តៃវ៉ាន់ ចាប់តាំង​ពី​ឆ្នាំ ១៩៧៩។ ឆ្នាំ ដែល​អាមេរិក​កាត់ផ្តាច់​ទំនាក់ទំនង​ការទូតជាមួយ​តៃវ៉ាន់ និង​ងាក​មកទទួលស្គាល់គោលការណ៍​ចិន​តែមួយ។ ទស្សនកិច្ច​របស់​រដ្ឋមន្រ្តី​សុខាភិបាល​អាមេរិក​បានធ្វើ​ឲ្យ​ប្រទេស​ចិន​ ឆេះកំហឹង ក្តៅក្រហាយ​ម្តងហើយ។

នៅពេល​លោកស្រី​ប្រធានាធិបតី​តៃវ៉ាន់​ទទួល​ជួប​រដ្ឋមន្រ្តី​សុខាភិបាល​អាមេរិក ដែល​ជា​មន្រ្តីជាន់ខ្ពស់​បំផុត​របស់​អាមេរិក ធ្វើទស្សនកិច្ច នៅ​តៃវ៉ាន់ ចាប់ពី​ឆ្នាំ ១៩៧៩ ចិន ក៏បាន​បញ្ជូន​យន្តហោះ ចម្បាំង ទៅ​ហោះក្បែរ​ដែនទឹក​របស់​តៃវ៉ាន់​ម្តងហើយ ដើម្បីប្រតិកម្ម​ថ្កោលទោស​អាមេរិក ដែល​ហ៊ាន​បញ្ជូន​មន្រ្តី ទៅ​តៃវ៉ាន់។ ខុសពី​សមយុទ្ធ​ដទៃ ដែល ចិន​អះអាងថា គ្មានទិសដៅ គំរាមកំហែង​ប្រទេស ឬ​ទឹកដី ដទៃ ​ចិន​លើកនេះ បាន​បញ្ជាក់​ច្បាស់ៗ​ថា សមយុទ្ធ នៅថ្ងៃ​សុក្រនេះ គឺ​ដើម្បី ការពារ​ដែនបូរណភាព​របស់​ចិន និង​ដើម្បី​ឆ្លើយតប​នឹង​ព្រឹត្តិការណ៍​ដែល​កំពុង​កើតមាន នៅតៃវ៉ាន់។

ក្រសួងការបរទេស​អាមេរិក៖ លោក​ឃីស ក្រច នឹងតំណាងអាមេរិកក្នុង​ពិធី​គោរពវិញ្ញាណក្ខន្ធ របស់​បិតា​ប្រជាធិបតេយ្យ​តៃវ៉ាន់

តាម​សេចក្តីថ្លែងការណ៍ របស់​ក្រសួងការបរទេស អាមេរិក លោក​ឃីស ក្រច អនុរដ្ឋលេខាធិការ​ទទួល​បន្ទុក​ផ្នែក​សេដ្ឋកិច្ច ថាមពល​និង​បរិស្ថាន ត្រូវ​ចូលរួម​ក្នុង​ពិធី​គោរពវិញ្ញាណក្ខន្ធ​របស់​សព បិតា​ប្រជាធិបតេយ្យ​តៃវ៉ាន់ លោក​លីតេងហ៊ុយ នៅថ្ងៃ​សៅរ៍។ ក្រសួងការបរទេស​អាមេរិក​មិន​បាន​លម្អិតច្រើន ពី បេសកកម្ម​របស់​លោក​ឃីស ក្រច នៅតៃវ៉ាន់​នោះទេ។ តាម​កាសែត តៃវ៉ាន់ អនុរដ្ឋលេខាធិការ​អាមេរិកត្រូវ​ជួប​បាយពេលល្ងាច​ជាមួយ​លោកស្រីប្រធានាធិបតី តៃវ៉ាន់ និង​ជួប​សមភាគី​ការបរទេស​តៃវ៉ាន់ ដើម្បី​និយាយ​ពី​ទំនាក់ទំនង​សេដ្ឋកិច្ច។ រាល់ជំនួប គឺ​ធ្វើឡើង​ដោយ​បិទទ្វារ មិន​ឲ្យ​អ្នកកាសែត​ចូល​ស្តាប់​នោះទេ។

សម្រាប់ចិន ទំនាក់ទំនង​ពាណិជ្ជកម្ម​តៃវ៉ាន់ និង​អាមេរិក តាមពិត​ជា​ការសហការ​យោធា

ដោយ​បញ្ជូន​រដ្ឋមន្រ្តី​សុខាភិបាល ឬ អនុរដ្ឋលេខាធិការក្រសួងការបរទេស ទទួលបន្ទុក សេដ្ឋកិច្ច ថាមពល និង​បរិស្ថាន អាមេរិក​មិន​បាន​រំលោភ​ខ្សែបន្ទាត់ក្រហម​ដែល​ចិន​បាន​កំណត់​នោះទេ។ តាម​ខ្សែបន្ទាត់ក្រហម​របស់​ចិន គឺ​ហាម​ដាច់ខាត មិន​ឲ្យ​មានទីប្រឹក្សា​សន្តិសុខ ឬ​រដ្ឋមន្រ្តីទទួល​បន្ទុក​សន្តិសុខ​ជាតិ​អាមេរិក​ធ្វើដំណើរ​ទៅវិញ​នោះទេ។

ប៉ុន្តែ ការបញ្ចូន​មន្ត្រី​ជាន់ខ្ពស់ អាមេរិក​ឲ្យទៅធ្វើ​ទស្សនកិច្ច​ជាបន្តបន្ទាប់គ្នា​នៅតៃវ៉ាន់ យ៉ាងដូច្នេះ  គឺ​សឱ្យ​ឃើញ​ថា អាមេរិក​កំពុង​ចូល​ក្បែរ​កៀកបំផុត​នឹង​ខ្សែបន្ទាត់​ក្រហម​របស់​ចិន។ ទីក្រុង​ប៉េកាំង​តែង​ប្រឆាំង​ដាច់ខាត មិន​ឲ្យ​អាមេរិក​ចង ផ្សារភ្ជាប់​ទំនាក់ទំនង អ្វីទាំងអស់​ជាមួយ​តៃវ៉ាន់។ តៃវ៉ាន់ ដែល​ចិន​ចាត់ទុក​ជា​ដែនដីខេត្ត​របស់ខ្លួន និង​ដែល​ចិន​ប្រឹងប្រែង​ធ្វើ​ឲ្យ​នៅ​ឯកោ ដាច់ឆ្ងាយពី​ការរាប់រក​របស់​សហគមន៍អន្តរជាតិ។

ប៉ុន្តែ នៅក្នុង​អាណត្តិ​របស់​លោកដូណាល់ ត្រាំ អាមេរិក បាន​បង្កើន ទំនាក់ទំនង​កាន់តែ​ជិតស្និទ្ធ ជាមួយ​តៃវ៉ាន់ ដោយ​មិនខ្លាច អើពើ​នឹង​ការព្រមាន​របស់​ចិន។ អាមេរិក​បាន​បង្កើន​ការលក់​អាវុធ ទៅ​ឲ្យ​តៃវ៉ាន់ និង​បាន​ប្រុងប្រៀបជួយ​តៃវ៉ាន់​ឲ្យ​ត្រៀមខ្លួន​ទប់ទល់​នឹង​ការឈ្លានពាន​នៅថ្ងៃ​ណាមួយ​របស់​ចិន។

សម្រាប់​អ្នកតាមដាន​នយោបាយ​នៅតៃវ៉ាន់ ក៏ដូចជា សម្រាប់​ក្រសែភ្នែក​របស់​ទីក្រុង​ប៉េកាំង កិច្ចសហការ​សេដ្ឋកិច្ច​ដែល​លោក​ឃីស ក្រច​លើកនិយាយ​ជាមួយ សមភាគី​តៃវ៉ាន់ គឺ​គ្មាន​អ្វី​ក្រៅពី​ការសហការ​យោធា​នោះទេ។ តាម​ការចុះផ្សាយ​កាលពី​ថ្ងៃ​ពុធ របស់​ទីភ្នាក់ងារ​ព័ត៌មានអង់គ្លេស​Reuters ប្រឈម​នឹង​មហិច្ឆតា ការសំញែង​កម្លាំង​យោធា​ របស់​ចិន អាមេរិក​កំពុង​ត្រៀម លក់​សព្វាវុធ ថ្មី​ទៅ​ឲ្យ​តៃវ៉ាន់។ តាម​ទីភ្នាក់ងារ​Reuters ខុសពីកិច្ចសន្យា​លក់​សព្វាវុធ​លើកមុនៗ អាមេរិក​ប្រុង​នឹង​ពិចារណា ធ្វើ​កិច្ចសន្យា​លក់​សព្វាវុធ ដល់​ទៅ​៧​ប្រភេទ ​ក្នុង​ពេល​តែមួយ។ ទាំង​ភាគី​តៃវ៉ាន់ និង​អាមេរិក​មិន​បាន​ប្រកាស​ជា​ផ្លូវការ​ពីគម្រោង​ដែល​តៃវ៉ាន់ ប្រុង​ទិញអាវុធ ថ្មី ពីអាមេរិក​នោះទេ។ ប៉ុន្តែ មន្រ្តី អាមេរិក​បាន​ពន្លយ​ឲ្យ​ដឹងថា សំណើ​លក់អាវុធ ទៅ​ឲ្យ​តៃវ៉ាន់ ត្រូវ​បាន​បញ្ជូន​រួចហើយ​ទៅ​ឲ្យ​ព្រឹទ្ធសភាអាមេរិក​សម្រេច។

ប្រឈម​នឹង​ការពង្រីក​ឥទ្ធិពល យោធា​របស់​ចិន តៃវ៉ាន់ របស់​លោកស្រី ប្រធានាធិបតី​ត្សៃ អ៊ីងវេន បាន​ប្រកាន់​ជំហរ​ដាច់ខាត ដើម្បី​ការពារ​កោះតៃវ៉ាន់ ពី​ការវាយសង្រ្គប់​របស់​ចិន។

នៅ​ដើម​ខែ​សីហា​កន្លងទៅ ខុទ្ទកាល័យ​របស់​ប្រធានាធិបតី​តៃវ៉ាន់ បាន​ប្រកាស​បង្កើន​ការចំណាយ​សម្រាប់​កងទ័ព ប្រមាណ ១០% សម្រាប់​ឆ្នាំ ២០២១ ដែល​ស្មើ​ជាង ១៥ ពាន់លានដុល្លារ។ ថវិកា​កងទ័ព​ភាគច្រើន​គឺ​សម្រាប់​ទិញ សព្វាវុធ​អាមេរិក ដើម្បីបំពាក់​ឲ្យ​កងទ័ព​តៃវ៉ាន់។ តាម​កាសែត​អាមេរិក អាវុធ​ដែល​តៃវ៉ាន់​ចង់បាន​ពីអាមេរិក​លើកនេះ ភាគច្រើន គឺ​សម្រាប់​ប្រុងប្រៀប​ទប់ទល់​នឹង​ការឈ្លានពាន​ពីសត្រូវខាងក្រៅ ដែល​មាន​ដូចជា​ដ្រូន​សម្រាប់​ចាប់សញ្ញា នាវា​ចម្បាំង មីនក្នុង​ទឹក ដើម្បី​ប្រឆាំង នាវាមុជទឹក និង​មីស៊ីល សម្រាប់​ប្រឆាំង​មីស៊ីល​បាញ់​ចេញ​ពី​នាវាចម្បាំង​ជាដើម។

ការណ៍​ដែល​តៃវ៉ាន់ទិញសព្វាវុធ​កាន់តែ​ច្រើន​ពីអាមេរិក យ៉ាងដូច្នេះ គឺ​ធ្វើ​ឲ្យ​ចិន​ បារម្ភ​កាន់តែ​ខ្លាំង។ ចិន​ប្រហែល​មិន​ចង់​បង្ក​ជម្លោះ ធ្វើ​សង្រ្គាម​ជាមួយ​តៃវ៉ាន់ និង​អាមេរិក ដើម្បី​ស្ថិរភាព​ក្នងុ​តំបន់ និង​ប្រយោជន៍​សេដ្ឋកិច្ច ប៉ុន្តែ ការបំពាក់សព្វាវុធ​ឲ្យមេដឹកនាំ​តៃវ៉ាន់ ដែល​មាន​និន្នាការ​ចង់ទាមទារ​ឯករាជ្យ​ផ្តាច់ទឹកដី​ពីចិន​យ៉ាងដូច្នេះ គឺ ជា​រឿង​មិនល្អ​សោះ សម្រាប់​ទីក្រុង​ប៉េកាំង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ