អានតួអត្ថបទ

ចិនចាត់វិធានការសងសឹក ក្រោយអាមេរិក ហាមឃាត់​ការប្រើប្រាស់ TikTok និង WeChat

រដ្ឋាភិបាលអាេមរិក ប្រកាសសង្រ្គាមជាមួយចិន តាមរយៈកម្មវិធីទូរស័ព្ទ២ គឺ TikTok  និង WeChat
រដ្ឋាភិបាលអាេមរិក ប្រកាសសង្រ្គាមជាមួយចិន តាមរយៈកម្មវិធីទូរស័ព្ទ២ គឺ TikTok និង WeChat REUTERS - DADO RUVIC
ដោយ៖ ម៉ម ពិសី
១៨ នាទី

រដ្ឋាភិបាលចិន បានបញ្ជាក់ឲ្យដឹង កាលពីថ្ងៃសៅរ៍ទី១៩កញ្ញា ថាខ្លួនបានបង្កើតយន្តការច្បាប់ ដើម្បី​រិតបន្តឹងសកម្មភាពរកស៊ី របស់ក្រុមហ៊ុនបរទេសមួយចំនួន។ ដំណឹងពីរដ្ឋាភិបាលចិន​នេះ គឺត្រូវបានគេដឹងថា ជាវិធានការសងសឹងប្រាកដណាស់ ទៅលើសហរដ្ឋអាេមរិក បន្ទាប់ពីរដ្ឋាភិបាល​លោកដូណាល់ ត្រាំ បានចេញបញ្ជាហាមឃាត់ជាផ្លូវការ នូការប្រើប្រាស់កម្មវិធីទូរស័ព្ទ២ របស់ចិន គឺ TikTok និង WeChat។ 

ផ្សាយពាណិជ្ជកម្ម

យន្តការពិសេសមួយ ត្រូវបានរៀបចំឡើង​ ដោយរដ្ឋាភិបាលចិន តាមរយៈការធ្វើ​បញ្ជីឈ្មោះក្រុមហ៊ុនមួយចំនួន ដែលមិនបង្កឲ្យ​មានទំនុកចិត្ត។ ក្រុមហ៊ុនអ្វីខ្លះ ចំនួនប៉ុន្មាននោះ មិនត្រូវបាន​គេបង្ហាញឲ្យដឹងទេ ដោយអ្នកនាំពាក្យរដ្ឋាភិបាលចិន គ្រាន់តែអះអាងថា ក្រុម​ហ៊ុនទាំងនោះ អាចរងនូវការពិន័យជាប្រាក់ ការរិតបន្តឹងសកម្មភាពការងារធ្វើជំនួញ ការដឹកទំនិញចូល ឬការធ្វើដំណើរចូលដីចិន របស់បុគ្គលិកក្រុមហ៊ុនទាំងនោះ។

គួរបញ្ជាក់ថា វិធានការថ្មីរបស់រដ្ឋាភិបាលចិននេះ គឺច្បាស់ណាស់ ជាវិធានការ​សងសឹកទៅលើរដ្ឋាភិបាល​អាមេរិក ដែលបាន​ហាមឃាត់ការប្រើប្រាស់ កម្មវិធីទូរស័ព្ទ២របស់ចិន គឺ TikTok និង WeChat។ ហើយវាក៏គឺជាការសងសឹកផងដែរ ចំពោះការដែលរដ្ឋាភិបាលអាមេរិក បានបិទទីផ្សារ មិនឲ្យក្រុមហ៊ុន Huawei រកស៊ី។ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន ធ្លាប់បានលើកឡើងថា វិធានការវាយប្រហារផ្ទួនៗមកលើក្រុមហ៊ុន​ចិន ពីសំណាក់រដ្ឋាភិបាលអាមេរិក គឺជាវិធានការបែប គំរាមសំឡុត។

សូមរំលឹកថា ដោយយោងលើហេតុផលសន្តិសុខជាតិ រដ្ឋាភិបាល​លោកដូណាល់ ត្រាំ បាន​បញ្ជាឲ្យ​បិទការប្រើប្រាស់ TikTok និង WeChat លើទូរស័ព្ទដៃ ចាប់ពីថ្ងៃទី២០កញ្ញាទៅ។​ សម្រាប់ TikTok ជំហានដំបូង គឺអ្នកប្រើប្រាស់ប្រមាណ​១០០លាននាក់ នៅអាមេរិក លែងអាចធ្វើបច្ចុប្បន្នភាព​ (Up date) កម្មវិធី TikTok បានទៀតហើយ ចាប់ពីថ្ងៃទី​២០កញ្ញា។ រដ្ឋាភិបាលអាមេរិក ​បានទុកពេល​ឲ្យ​ក្រុមហ៊ុននេះ ស្វែងរកដំណោះស្រាយ ដល់ថ្ងៃទី​១២ ខែវិច្ឆិកា មុននឹងបិទជាស្ថាពរ។ ចំណែក​ កម្មវិធី WeChat វិញ អ្នកប្រើប្រាស់ទាំង១៩លាននាក់នៅអាមេរិក នឹងលែងអាចប្រើប្រាស់វាបានទៀតហើយ ចាប់ពីថ្ងៃទី​២០កញ្ញា។

ក្រោយការប្រកាសរបស់​លោកដូណាល់ ត្រាំនេះ ក្រុនហ៊ុន TikTok ព្រមទាំងក្រុមហ៊ុនមេ ឈ្មោះ ByteDance បានដាក់ពាក្យប្តឹង ទៅតុលាការមួយ នៅក្រុងវ៉ាស៊ីនតោន នៅថ្ងៃសៅរ៍ទី​១៩កញ្ញា។ TikTok ប​ាន​ទាមទារឲ្យតុលាការអាមេរិក សម្រេចព្យួរការហាមឃាត់របស់រដ្ឋាភិបាល ដោយបានលើកឡើងថា TikTok បានគោរព និងមានប្រព័ន្ធការពារទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់យ៉ាងច្បាស់លាស់ ហើយ​មិនបានហានិភ័យ ដល់សន្តិសុខជាតិអាេមរិក ដូចដែលរដ្ឋាភិបាលលោក​ដូណាល់ ត្រាំ ចោទប្រកាន់នោះឡើយ។ TikTok លើកឡើងទៀតថា វាគឺជាការចោទ ដោយមិនមែនយោងលើហេតុផលបច្ចេកទេសទេ តែគឺមានហេតុផលនយោបាយ។

គួរកត់សំគាល់ថា នៅមួយឆ្នាំចុងក្រោយនៃអាណត្តិរបស់​លោកដូណាល់ ត្រាំ នេះ ចិនបានក្លាយជាផ្ទាំងស៊ីប នៃការចោទប្រកាន់ស្ទើមិនលោះថ្ងៃ ពីសំណាក់លោកដូណាល់ ត្រាំ មិនថាបញ្ហាពាណិជ្ជកម្ម បញ្ហាការទូត និង​បញ្ហាកូវីដ១៩។ រហូតមកទល់ពេលនេះ លោកដូណាល់ ត្រាំ មិនដែបង្ហាញភស្តុតាងជាក់ច្បាស់ណាមួយ ថា TikTok អាចបង្កហានិភ័យដល់សន្តិសុខជាតិ​អាមេរិកនោះទេ។ លោកដូណាល់ ត្រាំ បានបង្ខំ ឲ្យ​ ក្រុមហ៊ុនមេរបស់ TikTok លក់ភាគហ៊ុនសាខានៅអាេមរិក ​ឲ្យ​ទៅ​ក្រុមហ៊ុន​អាមេរិក។ តែការចរចាទិក ជាមួយ Microsoft និង Walmart ប៉ុន្មានសប្តាហ៍មកនេះ បានធ្លាក់ទឹក៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ