អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

មហាបាតុកម្មនៅបាងកក ទាមទារលទ្ធិប្រជាធិបតេយ្យ កំណែទម្រង់រដ្ឋធម្មនុញ្ញ និងស្ថាប័ន​ព្រះមហាក្សត្រ

សំឡេង ០៧:៣៥
បាតុករថៃ នៅលើទីលាន សាណាមលួង ក្បែរព្រះបរមរាជវាំងថៃ ក្រុងបាងកក។ ថ្ងៃទី​ ១៩ កញ្ញា ២០២០
បាតុករថៃ នៅលើទីលាន សាណាមលួង ក្បែរព្រះបរមរាជវាំងថៃ ក្រុងបាងកក។ ថ្ងៃទី​ ១៩ កញ្ញា ២០២០ REUTERS/Jorge Silva
ដោយ៖ ម៉ម ពិសី
៣៥ នាទី

នៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃ ពេញមួយថ្ងៃ​សៅរ៍ទី​១៩កញ្ញានេះ ប្រជាជនថៃ ភាគច្រើនជាយុវជនជាច្រើនម៉ឺននាក់ បាននាំគ្នាដង្ហែរក្បួន​បាតុកម្មដ៏ធំសម្បើម ដើម្បីទាមទារការវិលត្រលប់មកវិញ នូវលទ្ធិប្រជាធិបតេយ្យ និង​ការ​ធ្វើកំណែទម្រង់​ស្ថាប័នព្រះមហាក្សត្រ។​ ក្រុម​បាតុករ មានគម្រោង​បន្ត​ មហាបាតុកម្មនេះ នៅថ្ងៃអាទិត្យទៀត បើទោះបីជា​ត្រូវប្រឈមនឹងការគំរាមបង្រ្កាប ពីសំណាក់អាជ្ញាធរ យ៉ាងណាក៏ដោយ។

ផ្សាយពាណិជ្ជកម្ម

បាតុករអះអាងថាមានគ្នាចូលរួម១០ម៉ឺននាក់

យោងតាម​ប្រភព​ពីអ្នកយកព័ត៌មានបារាំង​ ដែលមានវត្តមាន​នៅទីក្រុងបាងកកផ្ទាល់ គឺក្រុមបាតុករបានចាប់ផ្តើមជួបជុំគ្នា តាំងតែពីម៉ោង៨ ៩ ព្រឹកម្លេះ បើទោះបីជាមេឃរលឹក អ្នកខ្លះកាន់ឆ័ត្រ អ្នកខ្លះបាក់អាវភ្លៀង។ នៅតាមបណ្តាញសង្គម ក្រុមបាតុករ អះអាងថា មហាបាតុកម្មនៅថ្ងៃនេះ គឺជាបាតុកម្មដ៏ធំបង្អស់ គិតចាប់ពីឆ្នាំ២០១៤មក នៅពេល​ដែលមានរដ្ឋប្រហារយោធា ដឹកនាំដោយក្រុមរបស់​លោក​ប្រាយុទ្ធ ចាន់អូចា។ នរគរបាលថៃបានត្រៀមកំលាំងមិនតិចជាង១ម៉ឺននាក់ទេ។

មានបាតុករជាច្រើនពាន់នាក់ បានចាប់ផ្តើមសំដៅ ដើរទៅ​សកលវិទ្យាល័យថាម៉ាសាត។ បរិវេណ សកលវិទ្យាល័យ ត្រូវបិទចាក់សោរ តែក្រុមបាតុករ ដែលភាគច្រើនសុទ្ធតែជាយុវជន សិស្សនិស្សិត បាននាំគ្នាសម្រុក ផ្លោះរបងចូលទៅខាងក្នុងទីលាន​នៃសកលវិទ្យាដ៏ធំនេះ។ ទីបំផុតម៉ោង ប្រមាណជា​១២ថ្ងៃត្រង់ សកលវិទ្យាល័យបានសម្រេចបើកទ្វាររបង ឲ្យ​បាតុករចូលទៅក្នុងនោះ។ ទីលាន​សកលវិទ្យាល័យថាម៉ាសាតនេះ​ មានន័យជានិម្មិតរូបសំខាន់ណាស់ សម្រាប់ការទាមទារលទ្ធិប្រជាធិបតេយ្យ ព្រោះថាទីនោះហើយ ដែល​កាលពី​ថ្ងៃទី​៦ តុលា ឆ្នាំ១៩៧៦ សមត្ថកិច្ច​ថៃ បានបាញ់សម្លាប់​និស្សិតថៃជាច្រើននាក់ បន្ទាប់ពីពួកគេបានទាមទារលទិ្ធប្រជាធិបតេយ្យ។

នៅម៉ោង ប្រហែលជា​៣រសៀល ក្រុមបាតុករ បាននាំគ្នាចេញពី សកលវិទ្យាល័យថាម៉ាសាត ដើរ​សំដៅទៅ​ទីលាន សាណាមលួង ដែលគឺជាទីលានវាលព្រះមេរុ នៅក្បែរព្រះបរមរាជវាំងថៃ និងតុលាការកំពូលថៃ។ ក្រុមបាតុករ ដើរបណ្តើរ លើកដៃម្រាម៣បណ្តើរ ជាសញ្ញានៃចលនាទាមទាររបស់ពួកគេ។ អ្នកខ្លះកាន់បដា សរសេរថា « ប្រាយុទ្ធ ចុះចេញទៅ » បដាខ្លះសរសេរថា « ត្រូវ​តែរំលំរបបផ្តាច់ការ » ឯបដាខ្លះទៀត សរសេរថា « ជ័យោលទ្ធិប្រជាធិបតេយ្យ »។

នៅទីលានសាណាមលួង នរគរបាលថៃ បានព័ទ្ធមិនឲ្យ​បាតុករចូលទៅក្នុងទីលានវាលស្មៅទេ ដោយទុកឲ្យ​បាតុករ នៅឈរតាមគែមចិញ្ចឹមថ្នល់ ជុំវិញ​ទីលានតែប៉ុណ្ណោះ។ ព័ត៌មានចុងក្រោយ​ នៅម៉ោងប្រមាណ​៥ល្ងាច គឺមានការប្រទាញប្រទង់គ្នា រវាងបាតុករ និងសមត្ថកិច្ច ដោយទីបំផុត ក្រុមបាតុករ បានសម្រុកចូលទៅ​លើ​វាលស្មៅ នៃទីលានសាណាមលួង ដោយនគរបាល​បានដកថយ តែបានដាក់រនាំងចំងាយ​១៥០ម៉ែត្រ មិនឲ្យ​បាតុករចូលក្បែររបងព្រះបរមរាជវាំងទេ។ ក្រុមបាតុករ អាចប្រហែល​ជា​នៅក្នុងទីលាននេះ យូរម៉ោងក្នុងវេលាយប់ថ្ងៃសៅរ៍នេះ។

បើតាមការ​ប៉ាន់ស្មានរបស់សមត្ថកិច្ចថៃ បាតុករមានចំនួន​ប្រហែល២ម៉ឺននាក់​ នៅទីលាននេះ។ តែក្រុមបាតុករវិញ អះអាងថា មានគ្នាដល់ទៅ ១០ម៉ឺននាក់ឯណោះ។ នេះបើផ្អែកតាមចុះផ្សាយរបស់ បណ្តាញព័ត៌មានបាងកកប៉ុស្តិ។

"ប្រាយុទ្ធត្រូវចុះចេញពីតំណែង និងត្រូវ​ធ្វើ​កំណែទម្រង់ស្ថាប័នព្រះមហាក្សត្រ"

បាតុកម្មនេះ គឺមានកម្មវត្ថុទាមទារ ឲ្យ​មានការវិលត្រលប់មកវិញ នូវលទ្ធិប្រជាធិបតេយ្យ។ ពោលគឺលទ្ធិប្រជាធិបតេយ្យ ដែលមាននៅមុនពេល​ រដ្ឋប្រហារយោធា ដឹកនាំដោយលោកប្រាយុទ្ធ ចាន់អូចា។ ក្រុមបាតុករ បានចាត់ទុកថា របបសិកថៃបាន មកបំផ្លាញ​លទ្ធិប្រជាធិបតេយ្យ ហើយចុងក្រោយបង្អស់ គឺការធ្វើកំណែទម្រង់រដ្ឋធម្មនុញ្ញថៃ នៅឆ្នាំ២០១៧ ដែលបានបើកដៃ ផ្តល់អំណាចយ៉ាងទូលាយ ទៅឲ្យ​ក្រុមកងទ័ពថៃ។

អ្វីដែលជាការទាមទារជាក់ស្តែង របស់ក្រុមបាតុករ គឺទាមទារឲ្យ​លោក ប្រាយុទ្ធ ចាន់​អូចា ចុះចេញពីតំណែង ដើម្បីរៀបចំការបោះឆ្នោតជាថ្មី។ បាតុករ​ទាមទារ ឲ្យរំលាយ​រដ្ឋសភាបច្ចុប្បន្ននេះចោល និងត្រូវ​រៀបចំ ធ្វើ​កំណែទម្រង់រដ្ឋធម្មនុញ្ញឡើងវិញ ដើម្បីស្តារលទ្ធិប្រជាធិបតេយ្យ បែងចែកអំណាច ឲ្យ​មាន​តុល្យភាព។ បាតុករ ក៏ទាមទារផងដែរ ឲ្យ​បិទបញ្ចប់ រាល់ការធ្វើទុកបុកម្នេញ ការគំរាមការ​សំឡុត ទៅលើសកម្មជននយោបាយ​ប្រឆាំង។

មួយទៀត អ្វីដែលជាការទាមទារ ប្រកបដោយភាពក្លាហាន របស់ក្រុមបាតករ គឺធ្វើកំណែទម្រង់​ស្ថាប័នព្រះមហាក្សត្រថៃ ដែលពួកគេចាត់ទុកថា កាន់តែផ្តាច់ការខ្លាំងឡើង និង​គ្មានភាពសុក្រិត្យ។ ពួកគេ​ទាមទារ ឲ្យរៀបចំយន្តការថ្មី ដើម្បីកុំឲ្យ​ព្រះមហាក្សត្រ លូកដៃប្រើបឥទ្ធិពល មកលើ​នយោបាយ​ជាតិ ត្រូវ​លប់​ចោល​ច្បាប់ប្រមាថព្រះចេស្តាព្រះមហាក្សត្រ និងត្រូវ​រៀបចំយន្តការច្បាប់មួយទៀត គ្រប់គ្រងទ្រព្យសម្បត្តិរបស់​ព្រះបរមរាជវាំង ឲ្យ​មកស្ថិតក្នុងទ្រព្យសម្បត្តិជាតិ។

បាតុកម្មយុវជន អាចនាំប្រជាជនថៃគ្រប់មជ្ឈដ្ឋា​ន ឲ្យចូលរួមដែរឬទេ?

តើ ចលនាបាតុកម្មនេះ អាចធ្វើឲ្យ​អំណាចនយោបាយ​ ដឹកនាំដោយក្រុមយោធាបច្ចុប្បន្ននេះ មានការខ្លាចរអារ ដែរ ឬទេ។ លោកស្រី  Christine Cabasset អ្នកស្រាវជ្រាវសិក្សាតំបន់អាស៊ីអាគ្នេយ៍ បានលើកឡើងថា បាតុកម្មនេះ មានឥទ្ធិពល ឬគ្មាន គឺវាអាស្រ័យថាតើ វាមានទំហំប៉ុណ្ណា ហើយថាតើបាតុកម្មនេះ នឹងបានទទួលការចូលរួមភ្លូកទឹកភ្លូកដី ពីសំណាក់ ប្រជាជនថៃទូទៅដែរ ឬទេ។

ដូចយើងដឹងហើយ ថា​បាតុករដែលដែលធ្វើចលនាបាតុកម្ម ប៉ុន្មានខែមកនេះ គឺភាគច្រើនជាយុវជន និស្សិតក្មេងៗ ហើយ​នៅតែក្រុងបាងកកទៀត។ ដូច្នេះ សំណួរសួរថា តើប្រជាជនថៃ គ្រប់មជ្ឈដ្ឋានផ្សេងទៀត នៅតាមខេត្តក្រុងផ្សេងៗ គិតយ៉ាងណា ហើយនឹងចូលរួមដែរឬទេ?

នៅថ្ងៃសោរ៍ទី១៩កញ្ញា​ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រី បានចេញលិខិតប្រកាសតូចមួយ​ ដោយបានលើកឡើងថា « យុវជនថៃធ្វើបាតុកម្មច្រើនសប្តាហ៍​មកនេះ គឺដោយសារពួកគេ សម្លឹងឃើញអនាគត គ្មានពន្លឺ គ្មានសិទ្ធិសេរីភាព »។ 

ជាការពិត ការទាមទាររបស់យុវជនថៃ ប៉ុន្មានចំណុច ជាពិសេសទាក់ទិននឹង​ស្ថាប័នព្រះមហាក្សត្រថៃនេះ គឺជាការទាមទារធំៗសម្បើមណាស់ ដែលមិនដែលមាន​នរណាហ៊ានធ្វើទេពីមុនមក។ ក៏ប៉ុន្តែ ការទាមទារនេះ ក៏ត្រូវបាន​ក្រុមសាស្ត្រាចារ្យសកលវិទ្យាថៃ ជាច្រើនរយអ្នក ធ្វើញត្តិចុះហត្ថលេខាគាំទ្រដែរ។ អ្នកស្រី Panusaya Sithijirawattanakul តំណាងក្រុមបាតុករ បានលើកឡើង​ថា អ្វីដែលពួកគេទាមទារ គឺគ្មានកម្មវត្ថុ​ បំផ្លាញស្ថាប័នព្រះមហាក្សត្រ ជាទីគោរពសក្ការៈនោះទេ។​ តែគឺដើម្បីធ្វើទំនើបកម្មស្ថាប័ននេះ ដើម្បីឆ្លើយតបទៅនឹងការវិវឌ្ឍន៍នៃសង្គមថៃ។

បើគិតចាប់ពីមានចលនាបាតុកម្មនេះ នៅខែមិថុនាមក គឺមានមនុស្ស​ជាង​២០នាក់ហើយ ដែល​ត្រូវបានឃាត់ខ្លួន និងចោទពីបទធ្វើសកម្មភាពបះបោរ បង្កអសន្តិសុខសង្គម។ សំណួរសួរថា តើសមត្ថកិច្ចរដ្ឋាភិបាលថៃ នឹងបន្ធូរដៃឲ្យ​បាតុកម្មនេះ បន្តរហូតដល់ពេលណា? តាមការគ្រោងទុក នៅថ្ងៃអាទិត្យទី​២០កញ្ញា បាតុករនឹងធ្វើការជួបជុំគ្នាទៀត​ នៅខាងមុខវិមានរដ្ឋាភិបាលតែម្តង ដើម្បី​ដាក់​ញត្តិទៅរដ្ឋាភិបាល​ នូវចំណុចដែលគេទាមទារ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ