អានតួអត្ថបទ
ថៃ-នយោបាយ

ក្រុមបាតុករថៃបាន​ដាក់ « ផ្លាកប្រជាជន » ជានិម្មិតរូប​បង្ហាញ​ថា ប្រទេសថៃ​ជា​របស់​ប្រជាជន

យុវជនថៃ ចាក់ស៊ីម៉ង់ត៍ ដាក់ផ្លាកប្រជាជន ដែលមានសរសេរអក្សរថា "ប្រទេសនេះជារបស់ប្រជាជន មិនមែនជាកម្មសិទ្ធិរបស់ព្រះមហាក្សត្រឡើយ" ។ បាងកក ថ្ងៃទី​​២០ កញ្ញា ២០២០
យុវជនថៃ ចាក់ស៊ីម៉ង់ត៍ ដាក់ផ្លាកប្រជាជន ដែលមានសរសេរអក្សរថា "ប្រទេសនេះជារបស់ប្រជាជន មិនមែនជាកម្មសិទ្ធិរបស់ព្រះមហាក្សត្រឡើយ" ។ បាងកក ថ្ងៃទី​​២០ កញ្ញា ២០២០ REUTERS - ATHIT PERAWONGMETHA
ដោយ៖ ម៉ម ពិសី
១៦ នាទី

កាលពីថ្ងៃទី១៩កញ្ញា មហាបាតុកម្មដ៏ធំរបស់​យុវជនថៃ ដើម្បីលទ្ធិប្រជាធិបតេយ្យ នៅក្រុងបាងកក មានមនុស្សចូលរួមជាច្រើនម៉ឺននាក់។ ពុំមានការប៉ះទង្គិច ឬការប្រឈមមុខធំដំណាមួយ រវាងបាតុករនិង​អាជ្ញាធរមាន​សមត្ថកិច្ចទេ។ នៅថ្ងៃអាទិត្យនេះ បាតុកម្មបានបន្ត នៅទីលាន​ក្បែរ​ព្រះ​បរមរាជវាំងថៃដដែល ដោយ​ក្រុមបាតុករ បានចាក់ស៊ីម៉ង់ ដាក់ផ្លាកតូចមួយ ដែលគេឲ្យ​ឈ្មោះថា « ផ្លាកប្រជាជន »។ ផ្លាកនេះជានិម្មិតរូបបញ្ជាក់ថា ប្រទេសថៃជារបស់ប្រជាជនថៃ មិនមែនជាកម្មសិទ្ធិផ្តាច់មុខ របស់​ព្រះមហាក្សត្រនោះទេ។

ផ្សាយពាណិជ្ជកម្ម

បន្ទាប់ពីបានជួបជុំគ្នា ដោយជោគជ័យនិងដោយសន្តិវិធី អស់ពេញមួយថ្ងៃទី​១៩កញ្ញា នៅព្រឹកថ្ងៃអាទិត្យទី២០កញ្ញា ក្រុមបាតុករជាយុវជនថៃ បាន​ចាក់ស៊ីម៉ង់ត៍ ដាក់ « ផ្លាកប្រជាជន » នៅទីលានសាណាមហ្លួង។ នៅលើផ្លាកធ្វើពីស្ពាន់ រាងមូលពណ៌មាស មានសរសេរអក្សរថា « នៅទីនេះ ប្រជាជនថៃ​បានរួមគ្នាសម្តែងឆន្ទៈថា ប្រទេសនេះគឺជារបស់ប្រជាជនថៃទាំងអស់ មិនមែនជាកម្មសិទ្ធិផ្តាច់មុខ របស់ព្រះមហាក្សត្រឡើយ »។

គួរកត់សំគាល់ថា ការដាក់ផ្លាកប្រជាជននេះ គឺជាទង្វើពើងទ្រូងដ៏ក្លាហាន របស់យុវជនបាតុករថៃ ដែលហានប្រឈមដោយផ្ទាល់ ជាមួយស្ថាប័នព្រះមហាក្សត្រថៃ ដ៏មានអំណាច។ លោក ផារីត ជីវ៉ារ៉ាក់ មេចលនាយុវជនថៃដ៏សំខាន់ម្នាក់ បាន​លើកឡើងថា ប្រទេសជាតិទាំងមូល មិនអាចស្ថិតក្នុងដៃនរណាម្នាក់ ក្រៅពីប្រជាជនទាំងអស់គ្នានោះទេ។ យុវជនថៃ បានស្រែកទាមទារ ឲ្យ​រំលាយចោល នូវរបបជិះជាន់បែបសក្តិភូមិ។ ក្រុមបាតុករ បានទាម​ទារ ឲ្យ​ធ្វើកំណែទម្រងស្ថាប័នព្រះមហាក្សត្រ​ ដោយព្រះមហាក្សត្រ ត្រូវឈប់លូកដៃប្រើឥទ្ធិពល​ ក្នុងកិច្ចការនយោបាយ​ជាតិ ហើយទ្រព្យសម្បតិ្តរបស់ព្រះបរមរាជវាំង ត្រូវតែជាទ្រព្យរបស់ជាតិ។

សូមបញ្ជាក់ដែរថា ការចាក់ស៊ីម៉ង់ត៍ ដាក់ផ្លាកដ៏មានអត្ថន័យជានិម្មិតរូបនេះ អាចចាត់ទុកបានថា ជាជោគជ័យជំហានដំបូង របស់ចលនាបាតុកម្មនេះ។ « ផ្លាកប្រជាជន » ធ្លាប់ត្រូវបាន​គេដាក់តាំងរួចមកហើយ នៅក្រោយពេល​រដ្ឋប្រហារ រំលំរបបរាជានិយមផ្តាច់ការ ឆ្នាំ១៩៣២។ តែផ្លាកនោះ ត្រូវបានជនមិនស្គាល់មុខ លួចដកគាស់ចេញ កាលពីឆ្នាំ២០១៧។

គួរកត់សំគាល់ដែរថា ក្បួនបាតុកម្មមានមនុស្សជាច្រើនម៉ឺននាក់ចូលរួម ២ថ្ងៃមកនេះ ហាក់បានប្រព្រឹត្តិទៅ​ដោយ​សន្តិវិធី​ អមដោយតន្ត្រីរាំសប្បាយ ពុំមានអំពើហិង្សាគួរឲ្យ​កត់សំគាល់ទេ។  លោក អានុឆា ប៊ូរ៉ាប៉ាឆៃស៊ី អ្នក​នាំពាក្យរដ្ឋាភិបាលថៃ បាន​អះអាងថា កម្លាំង​សមត្ថកិច្ចទាំងអស់ប្រមាណ​១ម៉ឺននាក់ ដែល​បាន​ការពារសន្តិសុខ២ថ្ងៃនេះ គឺបានទទួលបញ្ជា ឲ្យមានការអត់ធ្មត់ មិនប្រើកម្លាំងលើបាតុករ។

ជោគជ័យមួយទៀតរបស់យុវជនថៃ គឺនៅរសៀលថ្ងៃអាទិត្យនេះ តំណាងបាតុករ បាន​ឈានទៅជួបអគ្គមេបញ្ជាការនគរបាលជាតិថៃ និងបាន​ប្រគល់ញត្តិដោយផ្ទាល់ដៃ ថែមទៀតផង។ តាមការគ្រោងទុក នៅថ្ងៃព្រហស្បតិ៍ក្រោយ យុវជនបាតុករ និងជួបជុំគ្នាម្តងទៀត នៅ​ខាងមុខវិមានរដ្ឋសភាថៃ ដើម្បី​ឲ្យរដ្ឋសភា ចាប់ផ្តើមនីតិវិធីធ្វើកំណែទម្រងរដ្ឋធម្មនុញ្ញ។ ក្រុមបាតុករ ក៏បានអំពាវនាវ បាតុកម្មធំទូទាំងប្រទេស និងគ្រប់វិស័យទាំងអស់ នៅថ្ងៃទី​១៤តុលា ដែលជាថ្ងៃបុណ្យខួបនៃការបះបោររបស់និស្សិតថៃ ឆ្នាំ១៩៧៣៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ