អានតួអត្ថបទ
ទីបេ

ក្រៅពីអ៊ុយហ្គួរ ប៉េកាំង​រងការចោទប្រកាន់ ថា​ប្រើវគ្គ​បណ្តុះបណ្តាល​ដើម្បី​លាង​ខួក្បាល​ប្រជាជន​ទីបេ

ទាហាន​​ចិន​ឈរ​យាម នៅ​មុខ​វាំង​នៅ​ Lhasa ក្នុង​តំបន់ស្វយ័តទីបេ ដែល​ចិន​បាន​យក​មកគ្រប់គ្រង​ នៅ​ឆ្នាំ ២០១៥
ទាហាន​​ចិន​ឈរ​យាម នៅ​មុខ​វាំង​នៅ​ Lhasa ក្នុង​តំបន់ស្វយ័តទីបេ ដែល​ចិន​បាន​យក​មកគ្រប់គ្រង​ នៅ​ឆ្នាំ ២០១៥ REUTERS - Damir Sagolj
ដោយ៖ ឈាង បុប្ផា
២០ នាទី

បន្ទាប់ពី​រង​ការចោទប្រកាន់​ថា បាន​ចាប់ឃុំខ្លួន​ជនជាតិ​អ៊ុយហ្គួរ​ជាង​១លាន​នាក់ ក្នុង​ជំរំ អប់រំ លត់ដំ និង​ធ្វើការ​ដោយ​បង្ខំ ទីក្រុង​ប៉េកាំង​ត្រូវ​បាន​រិះគន់​ជាថ្មី​ម្តងទៀត ថា បាន​អនុវត្ត​កម្មវិធី​ស្រដៀងគ្នានេះ នៅតំបន់​ទីបេ ដែល​សំបូរ​រស់នៅ​ភាគច្រើន ដោយ​ប្រជាជន​ទីបេ កាន់ពុទ្ធសាសនា។ តាម​របាយការណ៍ ចុះផ្សាយ កាលពីថ្ងៃ​អង្គារ ម្សិលមិញ ដោយ​ទីភ្នាក់ងារ​ស្រាវជ្រាវ​អាមេរិកាំង Jamestown Foundation ប្រជាជន​ទីបេ ប្រមាណ ៥សែននាក់ បាន​ទទួល​ការបណ្តុះបណ្តាល តាមបែប​កងទ័ព។ ប៉ុន្តែ សម្រាប់​អាជ្ញាធរ​ប៉េកាំង ទាំង​នៅ​ស៊ីនជាំង និង​នៅ​ទីបេ វគ្គបណ្តុះបណ្តាល ប្រជាជន​ភាគតិច​ធ្វើឡើង​ កាត់បន្ថយភាពក្រីក្រ ទៅតាម គោលដៅ​ចង់បាន​របស់​លោកប្រធានាធិបតី ស៊ី ជីនពីង។

ផ្សាយពាណិជ្ជកម្ម

ប្រធានាធិបតី​ចិន លោក​ស៊ី ជីនពីង​ធ្លាប់​បាន​ដាក់​ទិសដៅ លុបបំបាត់​ភាពក្រីក្រ​ខ្លាំង ឲ្យ​អស់​ពីក្នុង​ទឹកដី​ចិន យ៉ាងយូរ​បំផុត នៅ​ឆ្នាំ ២០២០។ នៅពេល​កម្មនយោបាយ​របស់​រដ្ឋាភិបាល​ចិន​ជួយ​ធ្វើ​ឲ្យ​ភាពក្រីក្រ នៅប្រទេស​ចិន បាន​ធ្លាក់ថយចុះ គួរ​ឲ្យ​កត់សំគាល់ នៅក្នុង​រយៈពេល ៤០ឆ្នាំ នៅទីបេ ឯណោះវិញ នយោបាយ​ប្រយុទ្ធប្រឆាំង​ភាពក្រីក្រ នៅតាម​ទីជនបទ របស់​លោក ស៊ី ជីនពីង ត្រូវបាន​គេចាត់ទុក​ជា​ផែនការ​លុបបំបាត់​វប្បធម៌ សាសនា កេរមរតក​របស់​ប្រជាជន​ទីបេ។

តាមមជ្ឈមណ្ឌល​ស្រាវជ្រាវ​អាមេរិកាំង Jamestown ដែល​ទើប​ចេញរបាយការណ៍ ស្តីពី​ការបណ្តុះបណ្តាល​នៅទីបេ ដោយសារ កំណត់​កូតា និង​កាលកំណត់​របស់​លោកប្រធានាធិបតី ស៊ី ជីនពីង ដែលថា ត្រូវ​លុបបំបាត់ចោល​ភាពក្រីក្រ ឲ្យអស់ នៅឆ្នាំ ២០២០ អាជ្ញាធរ​នៅតាម​មូលដ្ឋាន​បានញាប់ដៃជើង ​ដាក់សម្ពាធ លើ​ប្រជាជន​ទីបេ ឲ្យ​លះបង់​ការងារ​ដាំដុះ និង​ចិញ្ចឹមសត្វ ដោយ​ត្រូវ​ងាក​មក​រៀនជំនាញ ថ្មីទាន់សម័យ ដើម្បី​រកប្រាក់ចំណូល នោះបើទោះបី​ជា​ពួកគេ​មួយចំនួន មាន​អរិភាព មិន​ចង់​ផ្លាស់ប្តូរ​ទម្លាប់ប្រពៃណី​ចាស់​របស់​ពួកគេ​ក៏ដោយ។

តាម​ឯកសារ​របស់​រដ្ឋាភិបាល​ចិន ដែល​ដកស្រង់​ដោយ​របាយការណ៍ របស់​Jamestown បាន​បង្ហាញ​ថា នៅក្នុង​រយៈពេល ៧ខែ ដើម​ឆ្នាំ​នេះ ប្រជាជន​ទីបេ ប្រមាណ ៥សែន​នាក់​បាន​ទទួល​ការបណ្តុះបណ្តាល សម្រាប់​ការងារ នៅ​រោងចក្រ សណ្ឋាគារ ភោជនីយដ្ឋាន ឬ​សន្តិសុខ​ជាដើម។ តាមផែនការ​សកម្មភាព​របស់​រដ្ឋាភិបាល ឆ្នាំ ២០១៩ ការអប់រំ​បណ្តុះបណ្តាល​ជនជាតិ​ទីបេ ផ្តោត​សំខាន់​ទៅលើ​វិន័យ​ការងារ ការរៀនភាសា​ចិន និង​ក្រមសីលធម៌​ការងារ។ របាយការណ៍​របស់​អាជ្ញាធរក្រុង​Nagqu នៅទីបេ​វិញ​បានលើកឡើង​ថា ​ការបញ្ជូន​កម្លាំងការងារ​ទៅខាងក្រៅ មាន​គោលដៅ​លុបបំបាត់​ចោល​ក្រុមមនុស្ស​ខ្ជិលច្រអូស។ តាមរបាយការណ៍​របស់​មជ្ឈមណ្ឌលJamestown គេ​រកឃើញថា ប្រជាជន​ទីបេ ជាង ៥ម៉ឺននាក់ ត្រូវគេ​បញ្ជូនចេញ​ពី​ភូមិកំណើត​ទៅ​ទីៗ​ឆ្ងាយ នៅក្នុង​តំបន់​ទីបេ ចំណែក​មនុស្ស​ជាង ៣ពាន់​ត្រូវ​គេ​បញ្ជូន​ទៅកាន់​តំបន់​ផ្សេងទៀត របស់​ប្រទេស​ចិន។

នៅពេល​ក្រុមហ៊ុន​ចិន​ទទួល​បាន​ប្រាក់ឧបត្ថម្ភ​ជាង ៧ម៉ឺន​ដុល្លារ សម្រាប់​ជួល​បុគ្គលិក​ជនជាតិ​ទីបេ ប្រជាកសិករ និង​អ្នកចិញ្ចឹមសត្វ​ទីបេ​ឯណោះវិញ ត្រូវ​បាន​លើកទឹកចិត្ត​ឲ្យ​លក់ផលិតផល និង​ដី​កសិកម្ម​របស់ខ្លួន​ទៅ​ឲ្យ​ក្រុមហ៊ុនរដ្ឋ​ចិន។

សម្រាប់​អ្នកសរសេរ​របាយការណ៍​របស់​មជ្ឈមណ្ឌល​ស្រាវជ្រាវ អាមេរិកាំង នយោបាយ​បណ្តុះបណ្តាល​ដើម្បី​អភិវឌ្ឍ​ការងារ នៅ​ទីបេ មាន​លក្ខណៈ​ស្រដៀង គ្នា ទៅនឹង​ផែនការ​បណ្តុះបណ្តាល នៅ​តំបន់​ស៊ីនជាំង ដែល​អាជ្ញាធរ​ចិន​លើកហេតុផលថា ធ្វើឡើង​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹងចលនាភេរវនិយម។​អង្គការ​ការពារ​សិទ្ធិមនុស្ស ចោទប្រកាន់​អាជ្ញាធរ​ចិន​ថា បាន​បង្រ្កាប និង​ចាប់ឃុំ​ប្រជាជន​អ៊ុយហ្គួរ​ជាង ១លាននាក់ នៅស៊ីនជាំង ប៉ុន្តែ រដ្ឋអំណាច​ចិន​ទើប​អះអាង ​ថា ប្រជាជន​ភាគតិច​អ៊ុយហ្គួរ ជាង ១លាននាក់ នៅ​មណ្ឌលអប់រំ បាន​ទទួល​ការបណ្តុះបណ្តាល​ជំនាញ មានការងារធ្វើ មានប្រាក់ចំណូល នៅ​ដាច់ឆ្ងាយ​ពីក្រុម​អ៊ីស្លាមជ្រុលនិយម។ សម្រាប់ ទីបេ អ្នកស្រាវជ្រាវ​ របស់​មជ្ឈមណ្ឌល​ស្រាវជ្រាវ​អាមេរិកាំង វាយតម្លៃថា ការបង្កើន​សកម្មភាព ដើម្បី​បញ្ចូល​ប្រជាជន​ភាគតិច ទៅក្នុង​សង្គម​ចិន នឹង​អាច​ធ្វើ​ឲ្យ​ប្រជាជន​បាត់បង់ សាសនា ភាសា និង​ជំនឿ នៅ​ថ្ងៃ​អនាគត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ