អានតួអត្ថបទ
នាទីសុខភាពនិងអនាម័យ

ត្រូវ​ជ្រើសរើស​ម៉ាសក្រណាត់​របៀបណា ?

សំឡេង ០៨:៥៩
សិប្បកម្ម​ផលិត​ម៉ាស​នៅ​ក្រុង​កាន ភាគ​ខាង​ត្បូង​ប្រទេស​បារាំង
សិប្បកម្ម​ផលិត​ម៉ាស​នៅ​ក្រុង​កាន ភាគ​ខាង​ត្បូង​ប្រទេស​បារាំង REUTERS/Eric Gaillard
ដោយ៖ អៀង សុខម៉ិញ
៤៥ នាទី

ម៉ាស​បាន​ក្លាយ​ជា​របស់​មិន​អាច​ខ្វះ​បាន​ នៅ​ពេល​ត្រូវ​ចេញ​ដើរ​តាម​ទី​សាធារណៈ​ និង​ទី​បិទ​ជិត។ ប៉ុន្តែ​ម៉ាស​មាន​ច្រើន​ប្រភេទ​ណាស់ និង​ជាបន្ទុក​​មួយ​មុខ​ទៀត​ សម្រាប់​គ្រួសារក្រីក្រ បើ​ត្រូវ​ចំណាយ​ទិញ​ម៉ាស​ដូច​ពេទ្យមក​​ប្រើ​ម្តង​ក្រវ៉ាត់​ចោល។ ជម្រើស​ប្រើ​ម៉ាស​ធ្វើពី​ក្រណាត់​ជា​ដំណោះស្រាយ​ប្រសើរ​ជាង​គេ។ ម៉ាសធ្វើ​ក្រណាត់​ មាន​ពណ៌ មាន​ផ្កា ​មាន​រូប​ផ្សេងៗ គ្រប់​ម៉ូដ រីក​សុះ​សាយ​ពេញ​ទីផ្សារ។ ម្យ៉ាង​វិញ​ទៀត នៅ​ពេល​ពាក់​ម៉ាស ខ្លះ​មាន​អារម្មណ៍​ថប់​ពិបាក​ទ្រាំ ខ្លះ​រម៉ាស់​នៅលើ​ស្បែក​មុខ ខ្លះ​លេច​មុន​ឡើង ... ​ ដូច្នេះ​សួរ​ថា​បើ​មាន​ច្រើន​ម្លឹងៗ តើ​ត្រូវ​ជ្រើសរើសម៉ាស​ប្រភេទ​ណា ? ​មួយ​ណា ?

ផ្សាយពាណិជ្ជកម្ម

កូវីដ​១៩​ទំនង​ជា​មិន​ងាយ​ចាក​ចេញ​ទៅវិញ​ដោយ​ងាយ​ៗទេ។ រៀន​រស់​ជាមួយ​វីរុស បាន​ក្លាយ​ជា​ពាក្យ​ស្លោក​ថ្មី​របស់​អាជ្ញាធរ​​ប្រទេសបារាំង។​ ចំណែក​ក្រុម​គ្រូពេទ្យ​អ្នក​ជំនាញ​វិញ បាន​ខិត​ខំ​ផ្តល់​ការណែនាំ​ និង​អនុសាសន៍​ផ្សេងៗ​ ដល់​ប្រជាពលរដ្ឋ ដើម្បី​ងាយ​អនុវត្ត​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​សម័យ​កូវីដ។

តាមការ​ពិត​ភាព​រំខានរបស់​ម៉ាស មិនមែន​ជា​រឿង​ថ្មី​ទេ។ ពិភព​អ្នក​វេជ្ជសាស្ត្រ​ ជា​ពិសេ​សក្រុមគ្រូពេទ្យ​វះកាត់ ស្គាល់អំពី​បំរើបំរាស់ និងផលរំខាន​របស់​ម៉ាស​នេះ​យ៉ាង​ច្បាស់ណាស់។ ផលរំខាន​នៃម៉ាស អាច​មានតាំង​ពី ការ​ឈឺ​ត្រចៀក ព្រោះ​ខ្សែ​​ម៉ាសតឹង​ពេក មកថ្ពក់តោង​ជាប់​នឹង​ត្រចៀកយូរពេក ឬ​ក៏​ស្រអាប់​កញ្ចក់​វែន​តា​ និង​បើ​ធ្ងន់ធ្ងរ​ខ្លាំង គឺ​ការ​រំខាន ដូច​ជា​រោល រមាស់ និង​ឡើងមុន នៅ​លើ​ស្បែកមុខ។

ផល​វំខាន​នៃ​ម៉ាស

 

"ពាក់ម៉ាស​ជា​ច្រើន​ម៉ោង​ ជាប់​គ្នា​ អាច​នឹង​បង្ក​ផលរំខាន​ខ្លះ​ដល់​ស្បែក។ នៅ​ប្រទេស​បារាំង បញ្ហា​ដែល​គេ​ជួប​ញឹកញាប់​ជាង​គេ​មាន​បី ៖

  • ការរោល ឡើង​ក្រហម​ ​រមាស់ នៅ​ត្រង់​កន្លែង​ដែល​ម៉ាសរឹត​​​កកិត ប៉ះស្បែក​ដោយ​ផ្ទាល់​។ ​ស្បែ

 

  • ឡើង​មុន (ច្រើនជាង​ធម្មតា ឬ​បាត់​ទៅហើយ​តែ​លេច​ឡើង​ជា​ថ្មី) នៅ​លើ​មុខ ក្រោម​កន្លែង​ពាក់​ម៉ាស។ នៅពេល​ពាក់ម៉ាស ស្បែក​ត្រង់​កន្លែងបាំង​ដោយ​ម៉ាស មិន​អាច​ដក​ដង្ហើម​បាន​ទេ ហេតុ​ដូច្នេះ​ហើយ​បាន​ជាស្បែក​ប្រឹងផលិត​​ក្រពេញ​សេប៉ុម និង​ហើយ​ក្រពេញ​នេះ​នឹង​ទៅ​បិទ​រន្ធ​ញើស​ ទើប​ធ្វើ​ឱ្យ​លេច​មុន​ឡើង។

 

  • ទីបី​ ជា​ករណី​កម្រទេ តែ​ក៏​មានកើត​ខ្លះ​រួច​មក​ហើយ នោះ​គឺ​ប្រតិកម្ម​ អាល់ឡែកហ្ស៊ី នឹង​ម៉ាស។ តាមការពិត​ម៉ាស​ពេទ្យ​ មិន​ងាយ​បង្ក​អាល់ឡែកហ្ស៊ី​ទេ តែម៉ាស​ខ្លះ​មាន​ពណ៌ គឺ​ការ​ផលិតផល​ពណ៌​នោះ​ឯង​ជា​ដើម​ហេតុ​នាំ​មាន​បញ្ហាអាល់ឡែកហ្ស៊ី។”

​​ដំណោះស្រាយ

ដើម្បី​បញ្ចៀស​ផលរំខាន (រោល កកិត​ នៅ​លើ​ស្បែក) គួរ​តែ​ជ្រើសរើសពាក់​​ម៉ាសធ្វើ​ពី​ក្រណាត់ មាន​​ជាតិ​​អំបោះ (កប៉ាស)។ ម៉ាស​ក្រណាត់​ធ្វើ​ពី​កប៉ាស ទន់​ និង​មិនសូវ​បង្ក​ការ​កកិត​រោល​ ដូច​ម៉ាស​ពេទ្យ​ទេ។ តែ​ចាំ​បាច់​ត្រូវ​​ឱ្យ​ម៉ាស​ក្រណាត់​នោះ​គោរព​តាមស្តង់ដារ​/បទដ្ឋាន​សុវត្ថិភាព​សុខភាព​ផង។

ទន្ទឹម​គ្នា​នោះ យើង​ត្រូវ​ចេះ​ថែរក្សា​ស្បែក និង​ត្រូវ​ប្រឹង​ថែ​មុខ​លើស​ពីទម្លាប់​ធម្មតា​ដែលមិន​ពាក់​ម៉ាស ដោយ​ប្រកាន់ទម្លាប់​ល្អដូច​ខាង​ក្រោម​នេះ

 

  • សូម​លាប​ក្រែម​ផ្សើម​មុខដែល​គ្មាន​ជាតិ​អាល់កុល គ្មានក្លិន គ្មានជាតិ​ទឹក​អប់ ឱ្យ​បាន​យ៉ាង​តិច​កន្លះ​ម៉ោង​មុន​ពាក់​ម៉ាស ប្រសិន​បើ​អ្នក​មាន​ស្បែកស្ងួត
  • ដោះម៉ាស​ចេញ​រាល់​ពី​រម៉ោង​ម្តង​យ៉ាង​តិច ដើម្បី​ឱ្យ​ស្បែក​បាន​ប៉ះ​ខ្យល់​ស្រូប​ដង្ហើម​ខ្លះ។

 

  • លាង​ដៃ​មុន​និង​ក្រោយ​ពាក់​ម៉ាស និង​លាង​មុខ​ភ្លាម​ក្រោយ​ពេល​ដោះម៉ាសចាស់​ចេញ និង​ពាក់​ម៉ាសថ្មី​មួយ​ទៀត

 

  • សូម​លាង​សម្អាត​មុខ ឱ្យ​បានស្អាត នៅ​ពេល​ព្រឹក​ និង​ពេល​យប់ ដោយ​ប្រើ​ផលិតផល​ដែល​ស្រទន់​ខ្លាំង​ចំពោះ​ស្បែក ឬ​ដោយ​ទឹក​ក្តៅឧណ្ណៗ ហើយ​ប្រើ​កន្សែងស្អាត​ជូត​សង្កត់​ថ្នមលើ​ផ្ទៃមុខ​

 

  • បើ​អ្នក​មាន​ស្បែក​ឡើង​ខ្លាញ់ និង​ងាយ​កើតមុន សូម​ជ្រើសរើស​ផលិត​ផល​លាង​មុខ​ ជាពពួកជាតិ​ពពុះ​ តែ​ផ្តល់​ភាព​ទន់​ល្មើយ​ដល់​ស្បែក និង​ត្រូវ​ប្រើ​ឡើងវិញ នូវ​ផលិតផល​ព្យាបាល​ ការពារ​ប្រឆាំងនឹង​ការកើត​មុន ជា​រៀង​រាល់​ថ្ងៃ ដើម្បី​កុំ​ឱ្យ​ឡើង​មុនទាន់។

 

  • សូម​ប្រយ័ត្ន ម៉ាស​និង​ការ​ផាត់​មុខ​មិន​ស៊ី​គ្នា​ទេ ។ ពី​មុន​អ្នក​អាច​ភ្លេច​ឬ​រំលង​ម្តង​ម្កាល​បាន ប៉ុន្តែ​ក្នុងសម័យ​ពាក់​ម៉ាស សូម​កុំ​ភ្លេច​​ជូត​សម្អាត​គ្រឿង​ម៉ាគីយ៉េ ឱ្យ​អស់​ពី​មុខនៅ​ពេល​មុន​ចូល​គេង។ ​បើ​អ្នក​ចូល​ចិត្ត​តែងខ្លួន ផាត់​មុខ​ សូម​ផាត់​លាប​ថើរៗ និង​ស្រាលៗ​បាន​ហើយ ដើម្បីកុំឱ្យ​ជិត​រន្ធ​ញើស។

ម៉ាស​ក្រណាត់ និង​បរិស្ថាន

ដើម្បីកាត់​បន្ថយ​ផលរំខាន​របស់​ម៉ាស ជម្រើស​ដ៏ប្រសើរ​ជាង​គេ គឺ​ការ​ពាក់ម៉ាស​ក្រណាត់។ សំឡេង​របស់​អ្នក​ជំនាញកាន់​តែ​ច្រើន​ឡើង​ៗ បាន​ណែនាំ​ឱ្យ​ពលរដ្ឋ​ជ្រើសរើស​ការ​ពាក់​ម៉ាសក្រណាត់។ រដ្ឋ​បណ្ឌិត​សភា​វេជ្ជសាស្ត្រ​បារាំង បាន​ថែម​ទាំង​ចេញ​សេចក្តី​ណែនាំ​មួយ​អំពា​វនាវ​ឱ្យ​ចាត់ទុក​ ​ម៉ាសក្រណាត់​ជា​វត្ថុ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​មួយ​ដែល​មាន​បម្រើបម្រាស់​យ៉ាង​សាមញ្ញ ពោល​គឺ​អាច​បោក​លាង​ជា​រៀង​រាល់​ថ្ងៃ ដូច​បោកគក់​សម្លៀក​បំពាក់ មិនចាំ​​បាច់​ត្រូវតែ​​បោកលាង​សម្អាត​នឹង​ទឹក​ក្តៅ​៦០អង្សាឱ្យ​ងាប់​មេរោគទេ។ ​

សេចក្តី​ណែនាំ​ស្រួល​ស្តាប់ ម៉ាស​ស្រួល​ប្រើ ស្រួលសម្អាត​ ទើប​ប្រជាពលរដ្ឋ​ងាយ​ធ្វើ​តាម (ពាក់​ម៉ាស)។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​រដ្ឋបណ្ឌិតសភា​វេជ្ជសាស្ត្រ​បារាំង ដែល​បាន​គូស​បញ្ជាក់​ទៀតថា សូម​ជ្រើសរើស​ប្រើម៉ាស​ក្រណាត់​​​ផលិត​តាមបទដ្ឋានស្តង់ដារ​ត្រឹមត្រូវ ឬ​ដេរ​ដោយ​ខ្លួន​ឯង បោក​ស្អាត ហាល​ស្ងួត យក​មក​ពាក់​វិញហើយ​​ប្តូរ​ភ្លាម​នៅ​ពេល​ម៉ាស​សើម។ ចំណែក​​ម៉ាស​ប្រឆាំងមេរោគ ប្រភេទ FFP2 ម៉ាសជំពុះ​ទា ឬ​ម៉ាស​ពេទ្យ​បីភ្លី គួរ​តែ​ទុក​សម្រាប់​តែ​ឱ្យ​បុគ្គលិក​ពេទ្យ​ពាក់ ព្រោះ​ម្យ៉ាង​ពិភពលោកទំនង​ជា​​ត្រូវ​ការ​ម៉ាស​យូរខែ​យូរ​ឆ្នាំ​ទៀត​ផង និង​ម្យ៉ាង​ទៀត គឺដើម្បីការពារ​បរិស្ថាន។ ម៉ាសពេទ្យ មិនថា​ជាម៉ាស​ជំពុះ​ទា ម៉ាសអិន​៩៥ឬអិន៩៩ ឬ​ម៉ាស​បីភ្លីទេ​ ផលិត​ឡើង​ពី​​ជាតិ​​ពី​ប្លាស្ទិក​ ទើបមាន​សមត្ថភាព​ទប់​ស្កាត់​ចំហាយ​ទឹក​មាត់​ ដង្ហើម និង​ការ​រារាំង​មេរោគ​​បាន​ល្អ តែ​មិន​ងាយ​រលាយ​ក្នុង​ដី​ នៅ​ពេល​ក្លាយ​ជា​សំរាម។ ដូច​វត្ថុ​ធ្វើ​ប្លាស្ទិក​ផ្សេង​ទៀត​ដែរ ម៉ាស​មួយ​អាច​ត្រូវ​ការពេល​វេលា​ដល់​ទៅ​បួនរយ​ឆ្នាំ​ទើប​បំបែង​បាត់​រូប​រាង។

 

ការ​​ជ្រើសរើស​ក្រណាត់ធ្វើ​ម៉ាស

 

ទី​ភ្នាក់ងារបារាំង​គ្រប់គ្រងស្តង់ដារ​​គុណភាព​របស់​ផលិតផល​នីមួយៗហៅ​កាត់​ថា AFNOR ដែល​ជា​អ្នក​ត្រួត​ពិនិត្យ​សម្រេច​អំពី​ស្តង់ដារ​នៃ​ផលិតផល​ប្រើប្រាស់​ដើម្បី​ការពារ​ប្រយោជន៍​សាធារណៈ​ បាន​ចេញ​គំរូ​​ ដេរម៉ាស និង​លម្អិត​អំពី​សាច់​ក្រណាត់​​សម្រាប់​យក​មក​ដេរ​ម៉ាស។

បើ​តាម​Afnor ម៉ាស​អាច​មាន​ទម្រង់​ជា​ជំពុះ​ទា​ក៏​បាន​ បត់​ជា​បី​ភ្លី​ក៏​បាន​ធ្វើ​យ៉ាង​ណាត្រូវ​គ្រប​បាំង​ច្រមុះ មាត់​និង​ ចង្ការ មិន​តឹង​ជ្រុល ធ្វើ​អំពី​ក្រណាត់ដែល​ ​រលោង (មិន​គ្រើម) មិន​ក្តៅ មិន​កកិត ទន់ល្មមអត់សម្រប​តាម​ផ្ទៃមុខ និង​គ្មាន​​ថ្នេរ​នៅ​ចំ​កណ្តាល​ម៉ាស​ពី​លើ​មក​ក្រោម​ទេ។

ដើម្បី​ធានា​ថា​ម៉ាស​មិនរំខាន​ដល់​ការ​ដក​ដង្ហើម​ ស្រូប​ខ្យល់ចេញ​ចូល​ និង​ទប់​ទឹកមាត់ ចំហាយ​ទឹក​មាត់​កុំ​ឱ្យ​ខ្ទាត​ទៅ​ក្រៅ​បាន ទីភ្នាក់ងារ​បាន​អនុម័ត​គំរូ​ដេរ​ម៉ាស​ចំនួន​១៩ និង​​បាន​ណែនាំ​ឱ្យ​ជ្រើសរើស ឬ​ដេរ​ម៉ាស សម្រាប់​ជា​បម្រើបម្រាស់​ទូទៅ​ប្រចាំ​ថ្ងៃ ជាពីរ​ឬ​​បី​ស្រទាប់។ ផ្នែក​ខាង​ក្រៅ​និង​ខាង​ក្នុង​ជា​ ក្រណាត់ធ្វើ​ពីកប៉ាស (អាច​ជា​ប្រភេទ​ក្រណាត់​ទេសឯក តេតារ៉ុង...) ដែល​មាន​ដង់​ស៊ីតេ (កម្រាស់) ៩០-១៥០ក្រាមក្នុង​មួយ​ម៉ែត្រ​ការ៉េ។ ចំណែក​ទ្រនាប់​​កណ្តាលជា​​ក្រណាត់​ប្រភេទ​ប៉ូលីស្ទែរ ឬ​ប៉ូលីអាមីដឬ​វីស្កូ (ក្រណាត់​សូត្រ​សិប្បនិម្មិត) ស្តើង​ទម្ងន់ប្រមាណ​​១៣០ក្រាម​ក្នុងមួយ​ម៉ែត្រ​ការ៉េ។ បើ​ជា​ម៉ាស​បត់​បី​ភ្លី តែ​ពីរ​ស្រទាប់​ក៏​បាន។

របៀប​​គណនា​អំពី​(ដង់ស៊ីតេ​)កម្រាស់​សាច់​ក្រណាត់ ត្រូវ​ទម្ងន់​ក្រណាត់​ទៅ​​ថ្លឹង​ដោយ​គិត​ជា​ក្រាមរួច​យក​ ចែក​នឹង​ប្រវែង​ទទឹងគុណនឹង​​បណ្តោយ​ក្រណាត់​គិត​ជាម៉ែត្រ។ ឧទាហរណ៍​បើ​ក្រណាត់​មួយ​ផ្ទាំង មាន​ទទឹង​ប្រវែង ៥០ស.ម. បណ្តោយ​៧០​សង់ទីម៉ែត្រ ទម្ងន់​៨០ក្រាម ត្រូវ​យក​ ៨០៖០,៥x0,៧= ២២៨ក្រាម/ម៉ែត្រ​ការ៉េ។

និយាយ​ជា​រួ​ម​ ប្រភេទ​ក្រណាត់​ ដែល​គួរ​យក​មក​ធ្វើ​ជាម៉ាស គឺ​ក្រណាត់​កូតុង ប្រភេទសាច់​​អាវ​សឺមី​ និង​អាវ​យឺតបុរស​ ឬ​ក្រណាត់​ទេសឯក។ តែ​សូម​ចៀសវាង​កុំ​ប្រើក្រណាត់​ ខូវប៊យ ក្រណាត់​មាន​ជាតិ​ប្រេង ក្រណាត់​មាន​គូស​លាប​លម្អ​រូប​ផ្សេងៗពីលើ។ ការ​ធ្វើ​តេស្តពាក់​ម៉ាសដោយ​​​ផ្លុំ​ភ្លើង គ្រាន់​តែ​ដើម្បី​ដឹង​ថា​ដក​ដង្ហើម​ស្រួល​ឬ​អត់​ប៉ុណ្ណោះ ប៉ុន្តែ​មិន​អាច​កំណត់​អំពី​ប្រសិទ្ធភាព​ទប់​មេរោគ​បាន​ទេ។ ជា​ចុងក្រោយ​ សូម​ចង់​ចាំ​ថា ម៉ាស​​ជាមធ្យោបាយ​​ការ​ពារកូវីដ​១៩ ដែល​ត្រូវ​​​បន្ថែម​ពី​ដោយ​ការ​លាង​សម្អាត​ដៃ​ជា​ប្រចាំ និង​ការ​រក្សា​គម្លាត​សុវត្ថិភាព​ ពី​មនុស្ស​ម្នាក់​ទៅមនុស្ស​ម្នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ