ចិនប្តេជ្ញា សម្រេចឱ្យបាននូវ “អព្យាក្រិត្យកាបោន” ត្រឹមឆ្នាំ២០៦០
នៅថ្ងៃអង្គារទី ២២កញ្ញា ២០២០ ជាលើកទីមួយ ចិនបានប្រកាសកំណត់កម្មវត្ថុ អព្យាក្រិត្យកាបោន មានន័យថាកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ឱ្យដល់កំរិតសូន្យ ឱ្យបានត្រឹមឆ្នាំ២០៦០។ សេចក្តីសម្រេចចិត្តនេះ បានទទួលការស្វាគមន៍និងអបអរ ពីសំណាក់អ្នកជំនាញផង និងជាការពង្រឹងកិច្ចព្រមព្រៀងអាកាសធាតុក្រុងប៉ារីសផង។
ចុះផ្សាយនៅថ្ងៃ៖
លោកប្រធានាធិបតីចិន ស៊ី ជីនពីង បានធ្វើសេចក្តីប្រកាសដ៏គួរភ្ញាក់ផ្អើល ក្នុងឱកាសថ្លែងសុន្ទរកថាទៅកាន់អង្គមហាសន្និបាតអង្គការសហប្រជាជាតិថា ចិន នឹងសម្រេចកម្មវត្ថុអាកាសធាតុ ដោយចាប់ផ្តើមកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិក នៅមុនឆ្នាំ២០៣០ និង សម្រេច អព្យាក្រិត្យកាបោន នៅឆ្នាំ២០៦០។
តើអ្វីទៅជា “ហ្សេរ៉ូកាបោន” ឬ “អព្យាក្រឹតកាបោន”?
“ប៉េកាំង នឹងបង្កើនកិច្ចសន្យាអាកាសធាតុស្របតាមក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងអាកាសធាតុក្រុងប៉ារីសឆ្នាំ២០១៥។ បើតាមកិច្ចព្រមព្រៀងក្រុងប៉ារីស ប្រទេសហត្ថលេខីនីមួយៗមានសេរីភាពក្នុងការកំណត់កម្មវត្ថុអាកាសធាតុរបស់ខ្លួនទេ ប៉ុន្តែក្នុងអត្ថន័យថាត្រូវដំឡើងពាក្យសន្យារបស់ខ្លួនជារហូត។ ការស្ម័គ្រចិត្តធ្វើបែបនេះ ទើបអាចកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់បានពិតៗនិងទប់ការឡើងកម្តៅសីតុណ្ហភាពនៃភពផែនដីបាន”។ នេះបើតាមប្រសាសន៍របស់លោកប្រធានាធិបតី ដោយប្រកាស បែបចង់ស្តីឱ្យសហរដ្ឋអាមេរិកទៀតថា គ្រប់ប្រទេសត្រូវតែចាត់វិធានការដាច់ណាត់តាមកិច្ចព្រមព្រៀងក្រុងប៉ារីស។
កាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ក្នុងបរិយាកាសឱ្យដល់កំរិតសូន្យ ឬហៅថា អព្យាក្រិត្យកាបោន ឱ្យបាននៅឆ្នាំ២០៥០ ជាការចាំបាច់បំផុតក្នុងការទប់កម្តៅសីតុណ្ហភាពនៃភពផែនដីឱ្យឡើងត្រឹម១,៥អង្សា។ នេះបើតាមរបាយការណ៍របស់ក្រុមអ្នកជំនាញអាកាសធាតុអង្គការសហប្រជាជាតិចេញផ្សាយកាលពីឆ្នាំ២០១៨។ មានន័យថាកម្មវត្ថុអព្យាក្រិត្យកាបោនចិន មិនសូវមានមហិច្ឆតាទេ។ ប៉ុន្តែ ចិនកំពុងឈានទៅមុខមួយជំហានធំ និងបានស្រោចស្រង់កិច្ចព្រមព្រៀងក្រុងប៉ារីសឱ្យរស់រវើកឡើងវិញ។ ចិនកំណត់កម្មវត្ថុឆ្ងាយបន្តិច (២០៦០)ទំនងដើម្បីប្រាកដថាពិតជាអាចសម្រេចពាក្យសន្យាបាន ព្រោះចិនត្រូវការបិទនិងធ្វើទំនើបកម្មមជ្ឈមណ្ឌលថាមពលដើរដោយធ្យូងថ្មជាច្រើនរបស់ខ្លួន។ នេះបើតាមការវិភាគរបស់អ្នកស្រាវជ្រាវអង់គ្លេស។
តែអ្នកជំនាញអាកាសធាតុអង្គការសហប្រជាជាតិ ខកចិត្តខ្លាំង ត្រង់ចិនមិនអាចបង្ខិតពេលឱ្យបានឆាប់ជាងឆ្នាំ២០៣០ក្នុងការចាប់បញ្ចុះការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងបានរំលឹកចិនឱ្យឈប់ផ្តល់ជំនួយហិរញ្ញវត្ថុដល់មជ្ឈមណ្ឌលធ្យូងថ្ម និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតពាក់ព័ន្ធនឹងធ្យូងថ្មនៅអាហ្វ្រិក ទើបស៊ីនឹងសេចក្តីចិត្តដ៏សំខាន់របស់ចិន។
ចំណែកអាមេរិកវិញ ក្នុងសុន្ទរកថា ថ្លែងទៅកាន់អង្គការសហប្រជាជាតិអនឡាញ លោកដូណាល់ ត្រាំ បានបន្ទោសចិនថាចោល ផ្លាស្ទិកនិងសំរាម ទាំងតោនៗវាល់លាន ក្នុងសមុទ្ទ និងបានរំលោភបរិស្ថានជាច្រើនទៀត ផ្ទុយពីអាមេរិកដែលបានកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់តិចជាងឆ្នាំមុន។ ជាការពិត ឧស្ម័នផ្ទះកញ្ចក់នៅអាមេរិកបានធ្លាក់ចុះបន្តិចមែន តែដោយសារសកម្មភាពផ្ទាល់របស់រដ្ឋសហព័ន្ធនិងក្រុង មិនមែនដោយនយោបាយរបស់រដ្ឋាភិបាលទេ។ បើចង់សម្រេចកម្មវត្ថុអព្យាក្រិត្យកាបោន នៅឆ្នាំ២០៥០ និងស្តារកិច្ចព្រមព្រៀងក្រុងប៉ារីស អាមេរិករំពឹងលើជោគជ័យរបស់លោកចូ បៃដិន នៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកថ្ងៃទី៣វិច្ឆកា២០២០ហើយ។ ប្រសិនបើលោកត្រាំជាប់ឆ្នោតជាថ្មី នោះសហរដ្ឋអាមេរិកនឹងត្រូវដើរចេញពីកិច្ចព្រមព្រៀងប៉ារីស នៅខែវិច្ឆិកានេះហើយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ