អានតួអត្ថបទ

ប៉ូលិស ​ចាប់ខ្លួន លោក​Joshua Wong ​មេដឹកនាំ​ចលនា​បាតុកម្ម​ហុងកុង

សកម្មជន​ដើម្បី ប្រជាធិបតេយ្យ​លោក​Joshua Wong បានចាកចេញពីប៉ូលិស នៅក្រោយ​ចាប់ខ្លួនប៉ុន្មានម៉ោង ក្នុង​បទចោទប្រកាន់ ចូលរួម​ក្នុង​ការប្រមូលផ្តុំ​ខុសច្បាប់ កាលពីខែ​បាតុកម្ម​ប្រឆាំង​នឹងច្បាប់ហាម​​ពាក់ម៉ាស​ កាលពី​ខែ​តុលា​ឆ្នាំ ២០១៩
សកម្មជន​ដើម្បី ប្រជាធិបតេយ្យ​លោក​Joshua Wong បានចាកចេញពីប៉ូលិស នៅក្រោយ​ចាប់ខ្លួនប៉ុន្មានម៉ោង ក្នុង​បទចោទប្រកាន់ ចូលរួម​ក្នុង​ការប្រមូលផ្តុំ​ខុសច្បាប់ កាលពីខែ​បាតុកម្ម​ប្រឆាំង​នឹងច្បាប់ហាម​​ពាក់ម៉ាស​ កាលពី​ខែ​តុលា​ឆ្នាំ ២០១៩ REUTERS - TYRONE SIU
ដោយ៖ ឈាង បុប្ផា
១៩ នាទី

លោក Joshua Wong សកម្មជន​ប្រជាធិបតេយ្យហុងកុង និង​ជាអតីត​មេដឹកនាំ​ចលនា​ឆ័ត្រលឿង កាលពី​ឆ្នាំ ២០១៤ នៅទីបំផុត ត្រូវ​ប៉ូលិស​ហុងកុង ចាប់ ខ្លួន នៅថ្ងៃ​ព្រហស្បតិ៍នេះ ក្នុង​បទ ចោទប្រកាន់ ចូលរួម​ក្នុង​ការប្រមូលផ្តុំ​ខុសច្បាប់ ក្នុងអំឡុង​ពេលធ្វើ​បាតុកម្ម ប្រឆាំង​ច្បាប់​ហាមពាក់ម៉ាស កាល​ពី​ខែ​តុលា ឆ្នាំមុន។ សម្រាប់​អង្គការ​ការពារ​សិទ្ធិមនុស្ស ការឃាត់ខ្លួន សកម្មជន​ដើម្បី​ប្រជាធិបតេយ្យ ដែល​លេចធ្លោ​ជាងគេ​នៅ​ហុងកុង ស្តែងឲ្យឃើញ​ពី​នយោបាយ បំភិតបំភ័យ ធ្វើទុក្ខបុកម្នេញ របស់​ទីក្រុង​ប៉េកាំង ទៅលើ​ក្រុមអ្នកប្រជាធិបតេយ្យ​ហុងកុង។

ផ្សាយពាណិជ្ជកម្ម

លោក​Joshua Wong សកម្មជន​ដើម្បី​ប្រជាធិបតេយ្យ​ហុងកុង ត្រូវ​បាន​ប៉ូលិស​ឃាត់ខ្លួន នៅព្រឹកថ្ងៃ​ព្រហស្បតិ៍ មុន​នឹង​ដោះលែង​ឲ្យមាន​សេរីភាព នៅ​ប៉ុន្មានម៉ោងក្រោយ។ តាមមេធាវី របស់​លោកJoshua Wong សកម្មជន​ដើម្បី​ប្រជាធិបតេយ្យ ហុងកុង​ត្រូវ​បាន​ឃាត់ខ្លួន នៅពេល​ចូល​ទៅ​បង្ហាញ ខ្លួន តាមការកំណត់​របស់​ប៉ូលិស សម្រាប់​សំណុំរឿង​ចោទប្រកាន់​ផ្សេងទៀត។ នៅពេល​ឃាត់ខ្លួន ប៉ូលិស​ហុងកុង​បង្ហាញ​ពាក្យចោទប្រកាន់​ថ្មីមួយទៀត ប្រឆាំង​លោក Joshua Wong នោះគឺ​ការចូលរួម​ក្នុង​បាតុកម្ម​ខុសច្បាប់ កាលពី​ខែ​តុលា​ឆ្នាំមុន។

នៅក្នុង​សារTwitter លោក​Joshua Wong បាន​សរសេរ​ថា លោកត្រូវ​ប៉ូលិស​ចោទប្រកាន់​ផងដែរ​ថា នៅក្នុង​បាតុកម្ម​កាលពី​ខែ​តុលា លោក​បាន​រំលោភ​ច្បាប់ ដែល​ប្រឆាំង​នឹង​ការពាក់ម៉ាស។

នៅក្នុង​បរិបទ​ជំងឺ​កូវីដ ប្រជាជន​ហុងកុង ត្រូវ​តម្រូវ​ឲ្យ​ពាក់ម៉ាស​ជាចាំបាច់។ ប៉ុន្តែ កាលពី​ខែ​តុលា​ឆ្នាំមុន នៅពេលមិនទាន់​មានជំងឺ​កូវីដផ្ទុះឡើង ការពាក់ម៉ាស នៅទីកន្លែង​សាធារណៈ នៅទីក្រុង​ហុងកុង គឺ​ជា​ការរំលោភច្បាប់​ស្តីពីការហាមពាក់ម៉ាស បាំងមុខ។ សូម​បញ្ជាក់​ថា នៅមួយ​ថ្ងៃ​ក្រោយ បាតុកម្ម​ហិង្សា ដែលឈាន​ដល់​ការវាយបំផ្លាញ ហាងទំនិញ នៅទីក្រុង​ហុងកុង ក្នុង​អំឡុង​បាតុកម្ម​ប្រឆាំង រដ្ឋាភិបាល​កាលពី​ខែ​តុលា អាជ្ញាធរ​ហុងកុង បាន​អនុវត្ត​ច្បាប់ ប្រឆាំង ការពាក់ម៉ាស ដើម្បី​ងាយស្រួល​កំណត់អត្តសញ្ញាណ​របស់​បាតុករ។ ប៉ុន្តែ នៅថ្ងៃ​ដដែល ក្រុមនិស្សិត ដឹកនាំ​ដោយ​សកម្មជន​ដើម្បី​ប្រជាធិបតេយ្យ​ហុងកុង ដែល នៅក្នុង​នោះ​មានផងដែរ Joshua Wong បាន​ផ្គើន​បទបញ្ជា ដោយ​លើកគ្នា ពាក់ម៉ាស បិទមុខ និង​ធ្វើ​បាតុកម្ម​នៅតាមផ្សារទំនិញ ធំៗ។

ដោយ​ចោទប្រកាន់​ពីបទ​ចូលរួម​ក្នុង​ការប្រមូលផ្តុំ​ខុសច្បាប់ និង​រំលោភច្បាប់​ប្រឆាំង​ពាក់ម៉ាស ប៉ូលិស កំពុង​ដាក់សម្ពាធ​មួយកម្រិត​ទៀត លើ​សកម្មជន​Joshua Wong ដែល​កំពុង​ប្រឈម​នឹង​បទចោទប្រកាន់ ច្រើនផ្សេងទៀត។ ក្នុង​វ័យ ២៣ឆ្នាំ យុវជន​ក្លាហាន និងជានិស្សិត​រៀនផ្នែក​វិទ្យាសាស្ត្រ​នយោបាយ ធ្លាប់​ត្រូវអាជ្ញាធរ​ចាប់ឃុំខ្លួន​ជាច្រើនដងហើយ ពោល​គឺជាប់ពន្ធនាគារ​ចំនួនបួន​ដងរួចហើយ ចាប់​តាំងពីពេលបាន​ដឹកនាំ​ចលនា​បដិវត្តន៍​ឆ័ត្រ នៅឆ្នាំ២០១៤។

នៅក្រោយ ប៉ូលិស​ដោះលែង មកវិញ នៅល្ងាច​ថ្ងៃ​នេះ លោក​Joshua Wong បាននិយាយ​នៅ នៅចំពោះមុខ​អ្នកកាសែត អំពាវនាវ​សុំឲ្យ​សហគមន៍​អន្តរជាតិ​កុំចាប់អារម្មណ៍​សំណុំរឿង​របស់គាត់ ប៉ុន្តែ គួរផ្តោតសំខាន់​លើ​ជោគវាសនា​របស់​ជនជាតិ​ហុងកុង ១២រូប​ផ្សេងទៀត ដែល​កំពុង​ជាប់ឃុំ​នៅទឹកដី​ចិន នៅ​ក្រោយ​ប៉ុនប៉ង​មិនបានធ្វើ​សម្រេច នៅក្នុង​ការគេចខ្លួន​ពីហុងកុង ទៅ​តៃវ៉ាន់ កាលពី​ខែ​សីហា​កន្លងទៅ។

Joshua Wong បានរងបទចោទប្រកាន់ថ្មី នៅក្នុង​ពេល​សហការី សកម្មជន​ដើម្បី​ប្រជាធិបតេយ្យ​ជាច្រើនរូប ដូចជា នាង Agnes Chow  ត្រូវ​ប៉ូលិស​ពិសេស​ហុងកុង ចាប់ខ្លួន ទៅតាម​ច្បាប់​សន្តិសុខ​ជាតិ​ហុងកុង ដែល​ទីក្រុង​ប៉េកាំង​បាន​ប្រកាស​អនុវត្ត​តាំង​ពី​ខែ​កក្កដា។ សម្រាប់​អ្នកតាមដាន​សិទ្ធិមនុស្ស​នៅ​ហុងកុង បទចោទប្រកាន់​ថ្មី​ប្រឆាំង​សកម្មជន​លេចធ្លោជាងគេ​របស់​ហុងកុង ជា​សារ ​មួយទៀត​របស់​ប៉េកាំង ដើម្បី គំរាម ដាក់សម្ពាធ បំភិតបំភ័យ ក្រុម​អ្នកប្រឆាំង​ចិន នៅ​ទឹកដី​ហុងកុង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ