អានតួអត្ថបទ
កូរ៉េខាងត្បូង កូរ៉េខាងជើង

គីម ជុងអ៊ុន ផ្ញើសារ​មក​សុំទោស​ បន្ទាប់​ពី​ទាហានខ្លួន បាញ់សម្លាប់​បុរស​ជនជាតិ​កូរ៉េ​ខាងត្បូង​ម្នាក់

មេដឹកនាំ​ផ្តាច់ការ​កូរ៉េខាងជើង គីម ជុងអ៊ុន ក្នុងការប្រជុំ​​នៅព្ជុងយ៉ាង ថ្ងៃទី​ ៥ កញ្ញា ២០២០
មេដឹកនាំ​ផ្តាច់ការ​កូរ៉េខាងជើង គីម ជុងអ៊ុន ក្នុងការប្រជុំ​​នៅព្ជុងយ៉ាង ថ្ងៃទី​ ៥ កញ្ញា ២០២០ via REUTERS - KCNA
ដោយ៖ ម៉ម ពិសី
១៦ នាទី

កាលពីថ្ងៃអង្គារ  ទី​២២កញ្ញា មានបុរសជនជាតិកូរ៉េខាងត្បូងម្នាក់ ត្រូវបានឆ្មាំសមុទ្រកូរ៉េខាងជើង បាញ់សម្លាប់ ខណៈដែលបុរសនោះ ព្យាយាមបើកទូកសំដៅចូលដែនទឹក​កូរ៉េខាងជើង។ នៅថ្ងៃសុក្រនេះ ស្រាប់តែមេដឹកនាំផ្តាច់ការកូរ៉េខាងជើង គីម ជុងអ៊ុន បានផ្ញើលិខិតមួយ​ មកកាន់រដ្ឋាភិបាលកូរ៉េខាងត្បូង ដើម្បីធ្វើការសុំទោស ចំពោះហេតុការណ៍អកុសល ដែល​លោកបានចាត់ទុកថា ជាទង្វើគួរឲ្យ​អាម៉ាស។

ផ្សាយពាណិជ្ជកម្ម

មេដឹកនាំផ្តាច់ការកូរ៉េខាងជើង គីម ជុងអ៊ុន បានផ្ញើលិខិតមួយ​ មកកាន់រដ្ឋាភិបាលកូរ៉េខាងត្បូង ដោយបានថ្លែងសូមទោស ចំពោះការដែលទាហានកូរ៉េខាងជើង បានបាញ់សម្លាប់ បុរសជនជាតិកូរ៉េខាងត្បូងម្នាក់ កាលពីថ្ងៃអង្គារ ទី​២២កញ្ញា។ លោក គីម ជុងអ៊ុន បានចាត់ទុកអំពើនេះ ថាជារឿងមួយ​មិននឹកស្មានដល់ នឹងជារឿងគួរឲ្យ​អាម៉ាស។ នេះបើផ្អែកតាមការឲ្យដឹង ពីសំណាក់ លោក Suh Hoon ទីប្រឹក្សាសន្តិសុខជាតិកូរ៉េខាងត្បូង។

នៅក្នុងលិខិតនោះដែរ កូរ៉េខាងជើង បានទទួលស្គាល់ ថាទាហានខ្លួន បានបាញ់ជាច្រើនគ្រាប់ទៅលើបុរសជនជាតិកូរ៉េខាងត្បូង ដែលស្ថិតនៅលើទូក និងបាន​ចាក់សាំងដុតសាកសព ព្រមទាំងទូកនោះផង ដោយខ្លាចក្រែង បុរសនោះនាំចម្លងមេរោគកូវីដ១៩ ចូលទឹកដីកូរ៉េខាងជើង។ លោក គីម ជុងអ៊ុន អះអាងក្នុងលិខិតនោះថា ទាហានព្រំដែន​កូរ៉េខាងជើង បានធ្វើតាមតែ​បទបញ្ជា ពីថ្នាក់​លើ​តែប៉ុណ្ណោះ។

សូមបញ្ជាក់ថា កាលពីថ្ងៃអង្គារ​ យោងទីភ្នាក់ងារព័ត៌មាន Yonhap កូរ៉េខាងត្បូង ដែលស្រង់ប្រភព​ពីមន្ត្រីយោធាកូរ៉េខាងត្បូងម្នាក់ គឺមានបុរស​ម្នាក់ ជនជាតកូរ៉េខាងត្បូង ជាបុគ្គលិក​រដ្ឋក្នុងវិស័យនេសាទ បានបើកទូកទៅក្បែរ​កោះ Yeonpyeong ចំងាយប្រមាណតែ​ជាង១គីឡូម៉ែត្រ ពីដែនទឹក​របស់កូរ៉េខាងជើង។ ប្រភពព័ត៌មាន​ដដែល​អះអាងថា បុរសនោះ ត្រូវបាន​កងឆ្មាំព្រំដែន​កូរ៉េខាងជើង ដោយមានពាក់សម្លៀកបំពាក់ការពារមេរោគផងនោះ សួរចម្លើយប្រមាណ​ជា​៦ម៉ោង ដោយបុរស​នោះ សារភាពថាខ្លួន ចង់រត់គេចចេញពីកូរ៉េខាងត្បូង ដើម្បីទៅរស់នៅកូរ៉េខាងជើង។ ប្រភពដដែលបន្ថែមថា កងទ័ពកូរ៉េខាងជើង បានទទួល​បញ្ជាពីថ្នាក់លើ ឲ្យ​បាញ់សម្លាប់បុរសនោះ និងដុតសាកសព ដើម្បី​សម្លាប់​មេរោគជម្ងឺកូវីដ១៩។

គួរកត់សំគាល់ថា ករណី​ទាហានកូរ៉េខាងជើង បាញ់សម្លាប់ប្រជាជនកូរ៉េខាងត្បូងបែបនេះ គឺមិនបានកើតឡើង​ ប្រមាណ​១០ឆ្នាំមកហើយ។ ករណីនេះ បានធ្វើឲ្យ​មា​ន​ការខឹងសម្បារយ៉ាងខ្លាំង ពីសំណាក់ប្រជាជនកូរ៉េខាងត្បូង។ វាក៏ជារឿងកម្រណាស់ដែរ ដែលលើកនេះ មេដឹកនាំកូរ៉េ​ខាងជើង​ គីម ជុងអ៊ុនផ្ទាល់តែម្តង បានផ្ញើលិខិតមកកាន់កូរ៉េខាងត្បូង ដើម្បីធ្វើការសូមអភ័យទោស និងទទួលស្គាល់កំហុស របស់កងទ័ពខ្លួន។

ដោយឡែក ការចរចាសន្តិភាពរវាងប្រទេសបងប្អូនកូរ៉េទាំង២នេះ នៅជាប់គាំង ជាច្រើនខែមកហើយ ដោយកូរ៉េខាងជើង បានកាត់ផ្តាច់ចំណងសហប្រតិបត្តិការ និងបានដាក់គ្រាប់​បែក​ បំផ្ទុះអាគារ​ទំនាក់ទំនងកូរ៉េទាំង២ នៅក្បែរព្រំដែនថែមទៀតផង។ ការ​ផ្ញើលិខិតសូមទោសដោយផ្ទាល់ ពីសំណាក់គីម ជុងអ៊ុននាពេលនេះ អាចចាត់ទុកបានថាជាសញ្ញាវិជ្ជមានបន្ទន់ឥរិយាបថ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ