អានតួអត្ថបទ
វ៉ាក់សាំងកូវីដ ១៩

ចិនអះអាងថា​នឹង​អាច​ផលិត​វ៉ាក់សាំង​ប្រឆាំង​កូវីដ ចំនួន ១ពាន់​លាន​ដូស ក្នុង​១ឆ្នាំ

បុគ្គលិក​របស់​ក្រុមហ៊ុន​ផលិត​ឱសថ​ SinoVac កំពុង​ពិនិត្យមើល​ដបវ៉ាក់សាំងកូវីដ​១៩  នៅ​រោងចក្រ​របស់ក្រុមហ៊ុន​នៅទីក្រុង​ប៉េកាំង នៅថ្ងៃទី ២៤កញ្ញា ២០២០
បុគ្គលិក​របស់​ក្រុមហ៊ុន​ផលិត​ឱសថ​ SinoVac កំពុង​ពិនិត្យមើល​ដបវ៉ាក់សាំងកូវីដ​១៩ នៅ​រោងចក្រ​របស់ក្រុមហ៊ុន​នៅទីក្រុង​ប៉េកាំង នៅថ្ងៃទី ២៤កញ្ញា ២០២០ AP - Ng Han Guan
ដោយ៖ ឈាង បុប្ផា
១៥ នាទី

បន្ទាប់ពី​ប្រកាស​ថា នឹងមានវ៉ាក់សាំង​ប្រឆាំង​កូវីដ ១៩ ចាប់ពី​ខែ​វិច្ឆិកា ប្រទេស​ចិន កាលពីថ្ងៃ​សុក្រ​បាន​អះអាង​ថា ខ្លួនអាច​មាន​សមត្ថភាព​ផលិត​វ៉ាក់សាំង បាន​៦០០លានដូស នៅឆ្នាំ នេះ និង​ចំនួន ១ពាន់​លាន​ដូស ក្នុង​មួយឆ្នាំ ចាប់ពី​ឆ្នាំ​ក្រោយទៅ។ តាម​ប្រធាននាយកដ្ឋាន​វិទ្យាសាស្រ្ត និង​បច្ចេកវិទ្យា​ចិន ដែល​បាន​ថ្លែង នៅក្នុង​សន្និសីទ​កាសែត នៅទីក្រុង​ប៉េកាំង​ កាលពី​ម្សិលមិញ កម្មវិធី​អភិវឌ្ឍន៍​វ៉ាក់សាំង​របស់​ចិន​កំពុង​នាំមុខគេ។

ផ្សាយពាណិជ្ជកម្ម

នៅក្នុង​ចំណោម​វ៉ាក់សាំង ជាង​១០០​ដែល​បណ្តាប្រទេស​ជាច្រើន​ក្នុង​ពិភពលោក កំពុង​ស្រាវជ្រាវ ដើម្បី​ប្រឆាំង​ជំងឺកូវីដ​១៩ មាន​វ៉ាក់សាំង ចំនួន​៥៩ ជា​គម្រោង​របស់​ប្រទេស​ចិន។ ​វ៉ាក់សាំង ១១​ប្រភេទ របស់​ចិន​បាន​ឈាន​ដល់​ដំណាក់កាល​សាកល្បងគ្លីនិក មានន័យថា ការធ្វើតេស្ត​សាកល្បង​វ៉ាក់សាំង លើ​មនុស្ស។ វ៉ាក់សាំង ៤ប្រភេទ បាន​ចូល​ដល់​ដំណាក់​កាល​សាកល្បង​ទី៣ ដែលជា​ដំណាក់កាល​ចុងក្រោយ មុននឹង​ឈាន​ដល់​ការផលិត​ដាក់​ឲ្យប្រើប្រាស់។

សម្រាប់​លោក វូ យ័នពីន Wu Yuanbin ប្រធាន​នាយកដ្ឋាន​វិទ្យាសាស្រ្ត និង​បច្ចេកវិទ្យា ចិន​កំពុង​នាំមុខ​គេ​ក្នុង​ផ្នែក​​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​វ៉ាក់សាំងប្រឆាំង​ជំងឺកូវីដ​១៩។

វ៉ាក់សាំង​២ប្រភេទ​របស់​ក្រុមហ៊ុន​ចិន China National Biotec Group បាន​ចាប់ផ្តើម​ដំណាក់កាល​ទី​៣ ដោយ​បាន​ធ្វើតេស្ត​សាកល្បង​លើ​មនុស្ស​៣ម៉ឺន ៥ពាន់​នាក់ នៅ​តំបន់​ដើមបូព៌ា។ វ៉ាក់សាំង​មួយប្រភេទ​ទៀត របស់​ក្រុមហ៊ុន Sinovac ធ្វើការ​សាកល្បង​នៅ​អាមេរិកខាងត្បូង និង​នៅ​អាស៊ីអាគ្នេយ៍ ចំណែក​វ៉ាក់សាំង អភិវឌ្ឍ​ដោយ​CanSino Biologics រួម​ជាមួយ​កងទ័ព​ចិន ត្រូវ​បាន​អនុញ្ញាត​ឲ្យធ្វើតេស្ត​សាកល្បង នៅ​ទឹកដីអឺរ៉ុប និង​នៅ​អាស៊ី។

នៅប្រទេស​ចិន អាជ្ញាធរ​បាន​ធ្វើការ​សាកល្បង​វ៉ាក់សាំង​ទៅលើ​មនុស្សជាង​១សែននាក់ ដែល​ធ្វើការ​នៅកំពង់ផែ មន្ទីរពេទ្យ និង​នៅ​កន្លែង​ប្រឈម​នឹង​ជំងឺកូវីដ តាំង​ពី​ខែ កក្កដា។ តាម​អ្នកទទួល​ខុសត្រូវ ​ចិន​ កម្មវិធី​សាកល្បង​វ៉ាក់សាំង របស់​ចិន​បាន​ទទួល​ការគាំទ្រ​ពី​អង្គការ​សុខភាពពិភពលោក។

តាមលោក​ចេង ជុងវៃ Zheng Zhongwei មន្រ្តីគណៈកម្មការ​សុខភាពជាតិ​ចិន នៅក្នុង​ការធ្វើតេស្ត​សាកល្បង​វ៉ាក់សាំង គេ​មិនទាន់​ឃើញ​មាន​ប្រតិកម្ម របស់​វ៉ាក់សាំង ដែល​អាច​ធ្វើទុក្ខ ប៉ះពាល់​ សុខភាព​របស់​អ្នកដែល​បាន​ចូលរួម​ក្នុង​ការធ្វើតេស្ត​សាកល្បង​នោះទេ។

ជាមួយ​នឹង​សញ្ញាវិជ្ជមាន​នៃ​សុវត្ថិភាព​របស់​វ៉ាក់សាំង ប្រទេស​ចិន​សង្ឃឹមថា នឹង​អាច​ផលិត​វ៉ាក់សាំង ៦១០​លាន​ដូស នៅ​ដំណាច់​ឆ្នាំនេះ និង​យ៉ាងតិច ១០០០ លានដូស ក្នុង​១ឆ្នាំ នៅ​ឆ្នាំក្រោយ។ មន្រ្តី​ចិន​បានអះអាងថា វ៉ាក់សាំងរបស់​ចិន នឹង​មាន​តម្លៃ​សមរម្យ។ ចំណែក​ប្រធានាធិបតី​ចិន លោកស៊ី ជីនពីង ធ្លាប់​បានប្រកាស​ថា វ៉ាក់សាំង​របស់​ចិន នឹង​ជា​ទ្រព្យសម្បត្តិ​រួម​របស់​ពិភពលោក៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ