អានតួអត្ថបទ
ចិន អ៊ុយហ្គួរ

របាយការណ៍​អូស្រ្តាលី​​អះអាង​​ថា មាន​ជំរំ​​បង្ឃាំង​​ជន​អ៊ុយហ្គួ ចំនួន​​​៣៨០​​ទីតាំង នៅ​ខេត្ត​ស៊ីនជាំង

ទីតាំងមណ្ឌល​មួយ​ នៅខេត្តស៊ីនជាំង ដែលចិនអះអាងថា ជាមណ្ឌលអបរំវិជ្ជាជីវៈ។ ថ្ងៃទី​៤ កញ្ញា ២០១៨ ក្រោយទីភ្នាក់ងារ​ Reuters បានថតរូបនេះ អាជ្ញាធរចិន បានចាប់ឃាត់ខ្លួូនអ្នកកាសែត អស់រយៈពេលប្រមាណ៤ម៉ោង មុននឹងដោះលែងមកវិញ។
ទីតាំងមណ្ឌល​មួយ​ នៅខេត្តស៊ីនជាំង ដែលចិនអះអាងថា ជាមណ្ឌលអបរំវិជ្ជាជីវៈ។ ថ្ងៃទី​៤ កញ្ញា ២០១៨ ក្រោយទីភ្នាក់ងារ​ Reuters បានថតរូបនេះ អាជ្ញាធរចិន បានចាប់ឃាត់ខ្លួូនអ្នកកាសែត អស់រយៈពេលប្រមាណ៤ម៉ោង មុននឹងដោះលែងមកវិញ។ REUTERS - Thomas Peter
ដោយ៖ ម៉ម ពិសី
១៤ នាទី

យោងតាមរបាយការណ៍ សិក្សាដោយវិទ្យាស្ថានអូស្ត្រាលីមួយ បានអះអាងថា នៅខេត្តស៊ីនជាំង អាជ្ញាធរចិន បាន​កសាំងជំរំបង្ឃាំងជនជាតិអ៊ុយហ្គួ ចំនួន​៣៨០ទីទាំង។ មិនត្រឹមតែប៉ុណ្ណោះ របាយការណ៍​នេះលើកឡើងថា មានការពង្រីក កសាងជំរំបន្ថែមជាលំដាប់។ សូមបញ្ជាក់ថា ជាច្រើនខែមកហើយ ដែល​​អង្គការសិទ្ធិមនុស្ស​ជាច្រើន បាន​អះអាងថា អាជ្ញាធរកុម្មុយនីស្តចិន បាន​ចាប់បង្ឃាំង​ជនជាតិ​អ៊ុយហ្គួ ជាង​១លាននាក់ ដើម្បីធ្វើការអបរំកែប្រែ លាងខួរក្បាល។ តែការចោទប្រកាន់នេះ ត្រូវបានរដ្ឋាភិបាលចិន បដិសេធច្រានចោលជានិច្ច។

ផ្សាយពាណិជ្ជកម្ម

វិទ្យាស្ថានស្រាវជ្រាវនយោបាយ និងយុទ្ធសាស្ត្រ ASPI មានទីតាំងនៅក្រុងកង់បេរ៉ា ប្រទេសអូស្ត្រាលី បានចេញសេចក្តីសន្និដ្ឋាន ដោយផ្អែកលើរូបភាពផ្កាយរណប និងឯកសារផ្លូវការជាច្រើនទៀត ស្តីពីការសាងសង់ និងការដេញថ្លៃ ជំរំ ព្រមទាំងមណ្ឌលបង្ឃាំងមនុស្ស នៅក្នុងខេត្តស៊ីនជាំង។ ជាសរុប គឺមានមណ្ឌល ជំរំដាក់មនុស្ស ចំនួន​៣៨០ទីតាំង។

អ្នកស្រាវជ្រាវអូស្ត្រាលី បានលើកឡើងថា ជំរំទាំងនោះ គឺមានទំហំតូចធំខុសគ្នា ហើយអាចមានមុខងារខុសគ្នា ដោយខ្លះ គឺជាមណ្ឌលអបរំកែប្រែ ខ្លះជាជំរំបង្ឃាំងមនុស្ស និងខ្លះ​ជាមន្ទីរឃុំឃាំងតែម្តង។ យោងតាមវិភាគទិន្នន័យ ក្នុងរវាងខែកក្កដា ២០១៩ ដល់ខែកក្កដា ២០២០ តួលេខនៃ​ការសាងសង់អាគារជំរំបន្ថែម បានកើនឡើងប្រមាណ​៤០% ហើយក្នុងនោះ ទីទាំងបង្ឃាំងមនុស្សថ្មីចំនួន​៦១ទីតាំង ត្រូវបានគេសាងសង់បន្ថែម។

សេចក្តីសន្និដ្ឋាននៃរបាយការណ៍ របស់វិទ្យាស្ថានអូស្ត្រាលីនេះ គឺវាបានមកបញ្ជាក់ ផ្ទុយពីអ្វីដែលអាជ្ញាធរចិន បានអះអាងនាពេលថ្មីៗនេះ ថា មណ្ឌលនៅខេត្តស៊ីនជាំង គឺជាមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈជំនាញ ហើយ​អ្នកដែលមករៀន គឺបានទទួលសញ្ញាប័ត្រ និង​បានចាក​ចេញពីមណ្ឌល ជាបណ្តើរៗហើយ។

លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន បានថ្លែងប្រាប់អ្នកកាសែត កាលពីថ្ងៃព្រហស្បតិ៍​ទី​២៤កញ្ញាថា ចិនសូមច្រានចោល​ការវិភាគសន្និដ្ឋានរបស់​វិទ្យាស្ថានអូស្ត្រាលី និងបាន​លើកឡើងថា វិទ្យាស្ថាននេះមិនអាចឲ្យ​គេទុកចិត្តបានទេ។

គួរបញ្ជាក់ថា វិទ្យាស្ថានស្រាវជ្រាវនយោបាយ និងយុទ្ធសាស្ត្រ ASPI ស្ថិតនៅក្រោមចំណុះរបស់រដ្ឋាភិបាលអូស្ត្រាលី។ ការសិក្សាស្រាវជ្រាវស្តីពីជំរំបង្ឃាំងមនុស្ស នៅខេត្តស៊ីនជាំងនេះ ក៏ត្រូវបាន​ការជួយឧបត្ថម្ភពីក្រសួងការបរទេសអាេមរិកផងដែរ។ រដ្ឋាភិបាលអាមេរិក គឺជាអ្នកស្ថិតនៅជួរមុខគេ ក្នុងការបរិហារចោទប្រកាន់ចិន ទាន់ទិនការរំលោភសិទ្ធិមនុស្សនៅខេត្តស៊ីនជាំង។ យ៉ាងណាមិញ សភាតំណាងអាមេរិក ទើបតែបានបោះឆ្នោតកាលពីថ្ងៃអង្គារកន្លងទៅ ហាមឃាត់រាល់ការនាំចូលទំនិញចិន ដែលផលិតនៅខេត្តស៊ីនជាំង ព្រោះជាទំនិញដែលផលិតដោយ​ការជិះជាន់​កម្លាំងពលកម្ម ទៅលើជនជាតិអ៊ុយហ្គួ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ