អានតួអត្ថបទ
ឥណ្ឌា-កូវីដ១៩

នាយករដ្ឋមន្ត្រី​ឥណ្ឌា​​ សន្យាផលិតថ្នាំ​បង្ការ​ប្រឆាំង​នឹង​កូវីដ​១៩ សម្រាប់​គ្រប់​មនុស្ស​ជាតិ​

លោក​នាយករដ្ឋមន្ត្រី​ឥណ្ឌា Narendra Modi សន្យា​ផ្តល់​ថ្នាំ​វ៉ាក់សាំងកូវីដ​១៩ ដល់​មនុស្សជាតិ​ទាំងមូល
លោក​នាយករដ្ឋមន្ត្រី​ឥណ្ឌា Narendra Modi សន្យា​ផ្តល់​ថ្នាំ​វ៉ាក់សាំងកូវីដ​១៩ ដល់​មនុស្សជាតិ​ទាំងមូល REUTERS - ADNAN ABIDI
ដោយ៖ អៀង សុខម៉ិញ
១៤ នាទី

ឥណ្ឌា​ជា​ប្រទេស​​អ្នក​ផលិត​ថ្នាំ​បង្ការ​ដ៏​ធំ​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក។ ដូច្នេះ​ឥណ្ឌា នឹង​ប្រើ​គ្រប់​ធនធាន​ដែលមាន ​ជួយ​ពិភពលោក​ទាំងមូល ប្រយុទ្ធ​ប្រឆាំង​នឹង​កូវីដ១៩​។ នេះ​ជា​ពាក្យ​សន្យា​របស់​លោក​នាយករដ្ឋមន្ត្រី ណារិនដ្រា ម៉ូឌី នៅ​ចំពោះ​មុខ​អង្គ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ លើក​ទី​៧៥។

ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​សុន្ទរកថា​ថត​ផ្សាយ​ទៅកាន់អង្គ​មហាសន្និបាតអង្គការ​សហប្រជាជាតិ​ ប្រមុខ​រដ្ឋាភិបាល​ឥណ្ឌា មិន​បាន​លើក​ឡើង​អំពី​បញ្ហា​អាកាសធាតុ ឬ​វិបត្តិ​ព្រំដែន​ជាមួយប្រទេស​ជិត​ខាង​​ចិន ឬ​ប៉ាគីស្ថានទេ។ លោក ម៉ូឌី ផ្តោត​ចំណាប់​អារម្មណ៍​ជាពិសេស​ទៅ​លើ​វិបត្តិ​សុខភាព​ពិភពលោក ដោយ​បាន​ប្រកាស​ថា “ឥណ្ឌា​នឹង​ផលិត​វ៉ាក់សាំង និង​ប្រើ​គ្រប់​សមត្ថភាពដែលមាន​ ​ផ្តល់​ថ្នាំបង្ការ​​​​ជួយ​មនុស្ស​ជាតិ​​ទាំង​មូល ពី​គ្រោះ​​រាតត្បាត​កូវីដ​១៩”។ លោក​ ម៉ូឌី បាន​សន្យា​ទៀត​ថា ឥណ្ឌា​នឹង​ជួយ​ស្តារ​​​ប្រព័ន្ធ​​និង​សមត្ថភាព​ស្តុក​ទុក​ថ្នាំ​បង្ការ ប្រសើរ​ឡើង​​ នៅតាម​បណ្តា​​ប្រទេសទាំងឡាយ ដោយ​សំដៅ​​រាប់​ទាំង​ប៉ាគីស្ថានផង តែលោកប្រមុខ​រដ្ឋាភិបាល​មិន​បាននិយាយ​ឱ្យ​ចំ​ឈ្មោះ​​ប្រទេស​​នេះ​ទេ។ ​

ចំណុចសំខាន់​មួយ​ទៀត​ ដែល​លោក​ម៉ូឌី បាន​រំលើក​ឡើង​យ៉ាង​វែង​ដែរនោះ គឺ​ដំណើរការ​មិន​​ប្រក្រតី​របស់​អង្គការ​សហប្រជាជាតិ​ នៅ​ឆ្នាំនេះ ជា​ពិសេសភាព​មិន​ប្រក្រតី​​ក្នុង​ស្ថាប័ន​ក្រុមប្រឹក្សា​សន្តិសុខ។ ស្ថាប័ន ដែល​ឥណ្ឌា​នឹង​ក្លាយ​ជា​សមាជិក​មិន​អចិន្ត្រៃយ៍​ចាប់​ពី​ថ្ងៃទី ១ មករា​សម្រាប់​រយៈ​ពេល​ពីរ​ឆ្នាំ។ ​លោក​ម៉ូឌី​បាន​ចោទ​សួរ​ថា ក្នុងអំឡុង​ពេល​ដែល​ពិភពលោក​កំពុង​វក់​ប្រយុទ្ធ​តតាំង​នឹង​ជំងឺ​រាតត្បាត​កូវីដ១៩ រយៈ​ពេល​៨-៩ខែ​មក​នេះ​ តើ​អង្គការ​សហប្រជាជាតិ​នៅ​ឯណាក្នុង​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​នឹង​កូវីដ១៩ ? តើ​បាន​ផ្តល់​ចម្លើយ​ប្រកបដោយ​ប្រសិទ្ធភាព​យ៉ាងណាខ្លះ​?

ម្យ៉ាង​វិញ​ទៀត សម្រាប់​លោក​ម៉ូឌី ឥណ្ឌា​​រង់ចាំ​ យូរ​ជ្រុល ​ ការ​ធ្វើ​កំណែទម្រង់ សមាភាព​សមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សា​សន្តិសុខ។ តើ​ឥណ្ឌា​ត្រូវ​ស្ថិត​នៅក្រៅ​ប្រព័ន្ធ​សម្រេច​ចិត្ត​​របស់​​អង្គការ​សហប្រជាជាតិរហូត​​ដល់​ពេល​ណាទៅ​ ? នេះ​ជា​ការ​ទទូច​សួរ​របស់​លោក​នាយករដ្ឋមន្ត្រី​។

សូម​បញ្ជាក់ថា​ ក្រុមប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ មាន​សមាជិក​អចិន្ត្រៃយ៍​៥ ដែល​មាន​សិទ្ធិ​វេតូ​ប្រឆាំងគឺ ​ចិនបារាំង រុស្ស៊ី សហរដ្ឋ​អាមេរិក និងអង់គ្លេស។ សម្រែក​ទាមទារ​បង្កើន​​សមាសភាព​សមាជិក​អចិន្ត្រៃយ៍​ឱ្យ​ស្រប​ទៅ​នឹង​ស្ថានភាព​ពិភពលោក​បច្ចុប្បន្ន​លាន់ឮ​កាន់​តែខ្លាំង​ ហើយ​​ឥណ្ឌាដែលមាន​ប្រជាជនដល់​ទៅ​​ជាង​១៣០០​លាន​នាក់​បានទាមទារ​សុំយក​អាសនៈអចិន្ត្រៃយ៍​​មួយ​ដែរ នៅ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ