អានតួអត្ថបទ
ឥណ្ឌា-កូវីដ១៩

ឥណ្ឌា៖ អ្នក​ឆ្លង​កូវីដ​១៩ មាន​លើស​៦លាន​នាក់

អ្នកដំណើរពាក់ម៉ាស នៅស្ថានីយ៍រថភ្លើង Chhatrapati Shivaji ទីក្រុងម៉ុមបៃ ថ្ងៃទី ២២ កញ្ញា ២០២០
អ្នកដំណើរពាក់ម៉ាស នៅស្ថានីយ៍រថភ្លើង Chhatrapati Shivaji ទីក្រុងម៉ុមបៃ ថ្ងៃទី ២២ កញ្ញា ២០២០ REUTERS - NIHARIKA KULKARNI
ដោយ៖ ម៉ម ពិសី
១៣ នាទី

យោងតាម​តួលេខផ្លូវការ របស់ក្រសួងសុខាភិបាលឥណ្ឌា អ្នកឆ្លងជម្ងឺកូវីដ១៩នៅឥណ្ឌា បានឡើងលើស​៦លាននាក់។ នេះគឺជាកម្រិតឆ្លងរាលដាលយ៉ាងឆាប់រហ័ស ជាទីបំផុត ខណៈដែលចំនួនអ្នកស្លាប់ដោយ​កូវីដ១៩ នៅក្នុងប្រទេសនេះវិញ កំពុងតែកើន​ចំនួន ​ប្រមាណ​ជិត​១០ម៉ឺននាក់។ អ្នកជំនាញបារម្ភថា ក្នុងរវាងតែប៉ុន្មានសប្តាហ៍ខាងមុខ ចំនួន​អ្នកឆ្លងកូវីដ១៩នៅឥណ្ឌា នឹងកើនលើស​នៅសហរដ្ឋអាេមរិក ដែលបច្ចុប្បន្នមានប្រមាណ​៧លាន២សែននាក់។

ផ្សាយពាណិជ្ជកម្ម

គិតត្រឹមថ្ងៃទី​២៨កញ្ញា ឥណ្ឌាបានរកឃើញអ្នកផ្ទុកកូវីដ១៩ ចំនួនប្រមាណ​៦លាន១សែននាក់។ ប្រមាណមួយសប្តាហ៍មកហើយ ដែល​ឥណ្ឌាបានធ្វើតេស្តឃើញវិជ្ជមាន កូវីដ១៩ ប្រមាណ​ពី ៨ម៉ឺន ទៅ​៩ម៉ឺននាក់ ជារៀងរាល់ថ្ងៃ។ លោកណារិន្ទ្រ ម៉ូឌី បានថ្លែងសារតាមវិទ្យុ​ អំពាវនាវឲ្យ​ប្រជាជនឥណ្ឌា​ ត្រូវតែពាក់ម៉ាសការពារ ឲ្យ​បានខ្ជាប់ខ្ជួន។

ការឆ្លងរាលដាលយ៉ាងលឿនរហ័សនេះ កំពុងធ្វើឲ្យ​អ្នកជំនាញ​អន្តរជាតិ ព្រួយបារម្ភណាស់ ព្រោះ​ឥណ្ឌាសំបូរ​ទីក្រុងធំៗ ដែលមានមនុស្សរស់នៅរាប់សិបលាននាក់។ ទីក្រុងធំៗ ដូចជា ញូដេលី និង បុមបេ ជាដើម គឺសុទ្ធសឹងតែសំបូរអ្នកឆ្លងកូវីដ១៩ ច្រើនបំផុត។ តែទន្ទឹមនឹងនេះ កូវីដ១៩ ក៏បានចូលជ្រាបទៅដល់ទីជនបទ ដាច់ស្រយ៉ាលផងដែរ ដែល​នេះ វា​កាន់តែបង្កឲ្យ​មានការបារម្ភមួយកម្រិតទៀត ដោយសារតែ​ហេដ្ឋារចនាសម្ព័ន្ធសុខាភិបាលឥណ្ឌា មានភាពទន់ខ្សោយ។

ទោះជាយ៉ាងនេះក្តី គេសង្កេតឃើញថា រដ្ឋាភិបាលឥណ្ឌា មិនមានគម្រោងណាមួយ បិទខ្ទប់ប្រទេសជាថ្មី​ម្តងទៀតនោះទេ។ ការបិទខ្ទប់សកម្មភាពសេដ្ឋកិច្ច​ និងការធ្វើដំណើរ កាលពីដំណាក់កាលទីមួយ បានធ្វើឲ្យ​ឥណ្ឌា ខាតបង់យ៉ាងខ្លាំង។ បច្ចុប្បន្ន គេសង្កេតឃើញ​សាលារៀន ហាងទំនិញ ភោជនីយដ្ឋាន ព្រមទាំងការធ្វើដំណើរតាមមធ្យោបាយ​សាធារណៈ ដូចជារថយន្តក្រុង រថភ្លើង និងតាមជើងហោះហើរក្នុងស្រុកជាដើម​ បានដំណើរការឡើងវិញជាធម្មតា។

លោក Anand Krishnan សាស្ត្រាចារ្យនៅ All India Institute of Medical Sciences នៅទីក្រុងញូដេលី បានលើកឡើងថា រឿងតែមួយគត់ដែលចាំបាច់ ត្រូវធ្វើនាពេលនេះ គឺត្រូវយកចិត្តទុកដាក់​ព្យាបាលអ្នកជំងឺកូវីដ១៩ កំណត់មុខសញ្ញាអ្នកឆ្លងថ្មីឲ្យបានឆាប់ និងអនុវត្តវិធានការរក្សា​គម្លាតសង្គម។

ដោយឡែក អ្នករស់នៅទីក្រុងញូដេលីខ្លះ បានថ្លែងប្រាប់អ្នកយកព័ត៌មានបារាំង​ AFP ថា ជាទូទៅ ពួកគេប្រុងប្រយ័ត្ន តែពួកគេមិនភ័យខ្លាចជ្រុលហួសហេតុ រហូតលែងហ៊ានចេញពីផ្ទះនោះទេ។ អ្វីដែល​ពួក​គេខ្លាចបំផុតនោះ គឺខ្លាចបាត់បង់ការងារ បាត់បង់ប្រាក់ចំណូល ព្រោះមិនមែន​កូវីដ ជាអ្នក​បង់ថ្លៃ​ឈ្នួលផ្ទះ ជំនួសពួកគេនោះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ