អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ការប្រយុទ្ធគ្នានៅតំបន់​ការ៉ាបាក់៖ អ.ស.ប. ​ទាមទារ​ឲ្យ​​ អាម៉េនី ​និង​​អាស៊ែបៃហ្សង់ ទំលាក់​អាវុធ​ដើម្បី​​ចរចា

សំឡេង ០៧:៤៥
ទាហានអាមេនី កំពុងបាញ់ផ្លោង​គ្រាប់កាំភ្លើងធំ ទៅខាង​អាស៊ែបៃហ្សង់ នៅតំបន់ការ៉ាបាក់ ថ្ងៃទី​២៩ កញ្ញា ២០២០
ទាហានអាមេនី កំពុងបាញ់ផ្លោង​គ្រាប់កាំភ្លើងធំ ទៅខាង​អាស៊ែបៃហ្សង់ នៅតំបន់ការ៉ាបាក់ ថ្ងៃទី​២៩ កញ្ញា ២០២០ via REUTERS - ARMENIAN MINISTRY OF DEFENCE
ដោយ៖ ម៉ម ពិសី
៣៨ នាទី

អស់រយៈពេលប្រមាណ៤ថ្ងៃមកហើយ ដែលមានការប្រយុទ្ធគ្នា នៅឯតំបន់ខ្ពង់រាបការ៉ាបាក់ រវាងកងទ័ពអាមេនី និងកងទ័ពអាស៊ែបៃហ្សង់ បណ្តាលឲ្យស្លាប់​មនុស្ស​ជាច្រើននាក់​។ តំបន់ខ្ពង់រាបការ៉ាបាក់នេះ គឺជា​ដែនដីប្រកាសឯករាជ្យ​ដោយខ្លួនឯង ចង់​ផ្តាច់ចេញពីទឹកដី​អាស៊ែបៃហ្សង់ ដោយហេតុថាប្រជាជនតំបន់នេះ គឺជាអ្នកកាន់សាសនាគ្រឹស្ត ហើយមានទំនាក់ទំនងស្និទជា​មួយ​​អាមេនី ចំណែក​ឯអាស៊ែបៃហ្សង់វិញ​ គឺជាប្រទេសមានប្រជាជនភាគច្រើន កាន់សាសនាអ៊ីស្លាមនិកាយឈីអ៊ីត។ កាលពីថ្ងៃអង្គារម្សិលមិញ​ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ​បាន​ទាមទារឲ្យ​ អាមេនី និង​អាស៊ែបៃហ្សង់ ត្រូវ​ទំលាក់អាវុធជាបន្ទាន់។ មានការព្រួយបារម្ភថា ជម្លោះប្រដាប់អាវុធនេះ អាចនឹងរីកធំ បង្កវិបត្តិដល់តំបន់កូកាសទាំងមូល បន្ទាន់ពី​លោក​ប្រធានាធិបតីតួកគី បាន​ប្រកាសគោលជំហរ គាំទ្រជួយ​ខាងអាស៊ែបៃហ្សង់។

ផ្សាយពាណិជ្ជកម្ម

លើកចុងក្រោយ ដែលមានការប្រយុទ្ធគ្នា នៅតំបន់ការ៉ាបាក់នេះ គឺនៅឆ្នាំ២០១៦។​ ហើយការប្រយុទ្ធគ្នា ដ៏ធ្ងន់ធ្ងរបំផុតនោះ គឺនៅឆ្នាំ១៩៩១ ដែលបានបណ្តាលឲ្យស្លាប់ជីវិតមនុស្ស ប្រមាណ​៣ម៉ឺននាក់។ កាលនោះ​ ក្រុមកងកម្លាំងបំបែករដ្ឋ​នៃតំបន់ការ៉ាបាក់ រួមជាមួយ​កងទ័ពអាមេនី បាន​ប្រយុទ្ធជាមួយ​កងទ័ពអាស៊ែបៃហ្សង់ ដើម្បីប្រកាសឯករជ្យ តែជាចុងក្រោយ សហគមអន្តរជាតិ មិនបានទទួលស្គាល់ទេ។ ហេតុដូច្នេះហើយ បានជាបញ្ហានេះ វានៅរ៉ាំរ៉ៃរហូតដល់បច្ចុប្បន្ន ព្រោះថាតំបន់ខ្ពង់រាបការ៉ាបាក់នេះ នៅតែចង់​ផ្តាច់ខ្លួនចេញ អាស៊ែបៃហ្សង់។

តុលាការ​សិទ្ធិមនុស្សអឺរ៉ុប អំពាវនាវឲ្យភាគីជំលោះ គោរពសន្ធិសញ្ញាអន្តរជាតិការពារអាយុជីវិតជនស៊ីវីល

ការប្រយុទ្ធគ្នា ៤ថ្ងៃមកនេះ យោងតាមការបូកសរុបជាផ្លូវការ គឺមានការបាត់បង់ជីវិតមនុស្ស​យ៉ាងហោច ៩៨នាក់ ក្នុងនោះ៨១នាក់ គឺជាកងកម្លាំងបំបែកទឹកដីការ៉ាបាក់ និង១៧នាក់ទៀត គឺជាប្រជាជនស៊ីវីល ១២នាក់​ជាជនជាតិអាស៊ែបៃហ្សង់ និង ៥ជាប្រជាជនអាមេនី។

ខាងអាមេនី គេបានអះអាងថា បាន​កំទេចយានដ្រូនរបស់អាស៊ែបៃហ្សង់ ចំនួន​៧២គ្រឿង បាញ់ឧត្ថម្ភាគចក្រទំលាក់បាន​៧គ្រឿង កំទេចរថក្រោះបាន​១៣៧គ្រឿង យន្តហោះចម្បាំងមួយគ្រឿង និង​រថយន្តចល័តទ័ពចំនួន​៨២គ្រឿងទៀត។ ហើយខាងខ្លួនបានសម្លាប់ទាហានអាស៊ែបៃហ្សង់ ចំនួនប្រមាណ​៧៩០នាក់ និងរបួសជិត​២០០០នាក់។

ដោយឡែក ភាគីអាស៊ែបៃហ្សង់វិញ មិនបាន​បញ្ចេញតួលេខ ថាទាហានខ្លួនស្លាប់ប៉ុន្មាននាក់ទេ។ កងទ័ពអាស៊ែបៃហ្សង់ គ្រាន់តែបានប្រកាសថា ខ្លួនបាន​រុលចូល ដណ្តើមមកកាន់កាប់វិញ នូវផ្ទៃដីមួយចំនួន​ នៃតំបន់​ការ៉ាបាក់នេះ។ កងទ័ពអាស៊ែបៃហ្សង់ អះអាងទៀតថា បានសម្លាប់ទាហានបំបែកទឹកដីដែលគាំទ្រដោយអាមេនី ចំនួន២៣០០នាក់ កំទេចរថក្រោះបាន​១៣០គ្រឿង កាំភ្លើងធំ២០០គ្រឿង កាណុងមីស៊ីល២៥គ្រឿង និងបានកម្ទេចប្រព័ន្ធខែលមីស៊ីល S-300 ដែលអាមេនីបានទិញពីរុស្ស៊ីថែមទៀតផង។

តែយ៉ាងណា តួលេខស្លាប់មនុស្ស និង​ខូចខាតទាំងអស់នេះ គឺមិនមានប្រភពឯករាជ្យណាមួយ អាចបញ្ជាក់បានទេ។ ភាគីទាំងសងខាង ប្រកាសរៀងៗខ្លួន ហើយការប្រយុទ្ធគ្នានៅតែបន្តនៅឡើយទេ រហូតមកដល់ព្រឹកថ្ងៃទី​៣០កញ្ញានេះ។ នៅព្រឹកនេះដែរ តុលាការសិទ្ធិមនុស្សអឺរ៉ុប (CEDH) បានក្រឿនរំលឹក​ ភាគីទាំងសងខាង អាមេនី និង អាស៊ែបៃហ្សង់ ត្រូវតែធានាឲ្យបាននូវការគោរព​សន្ធិសញ្ញាអន្តរជាតិ ក្នុងការពារជីវិតប្រជាជនស្លូតត្រង់ និងមិនធ្វើទារុណកម្ម​មនុស្ស។

អាមេនី ថាកាលៈទេសៈនេះ មិនទាន់អាចចរចាបានទេ

ប្រទេសសមាជិកទាំង​១៥ នៃក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ បាន​រួមគ្នាចេញសេចក្តីប្រកាស កាលពីថ្ងៃអង្គារទី២៩កញ្ញា​ ទាមទារឲ្យ​កងទ័ព អាមេនី និង​ អាស៊ែបៃហ្សង់ ត្រូវតែឈប់បាញ់ ជាបន្ទាន់។ នៅក្នុងសេចក្តីប្រកាសនេះដែរ ក្រុមប្រឹក្សាសន្តិសុខ បាន​លើកឡើងពីភាពចាំបាច់ នៃតួនាទីដឹកនាំការចរចា របស់​ក្រុមប្រទេសមីនស្គ៍  នៃអង្គការដើម្បីសន្តិសុខ និងសហប្រតិបត្តិការអឺរ៉ុប ពោលគឺមាន​បារាំង រុស្ស៊ី និងសហរដ្ឋអាមេរិក​​។

ក៏ប៉ុន្តែ នៅថ្ងៃពុធនេះ លោក Nikol Pachinian នាយករដ្ឋមន្ត្រីអាមេនី បានលើកឡើងប្រាប់បណ្តាញព័ត៌មាន Interfax រុស្ស៊ីថា សម្រាប់កាលៈទេសៈពេលនេះ គឺអាមេនី មិនអាចចរចាជាមួយ​អាស៊ែបៃហ្សង់បានទេ ព្រោះថា ការប្រយុទ្ធគ្នានៅក្តៅគគុកនៅឡើយ។ លោកបន្ថែមថា អាមេនី យល់ព្រមចរចា ល្គឹកណា ទាក់តែ​ មានបរិយាកាសស្ងប់ នឹងមានលក្ខខណ្ឌសមស្រប។

បើតាមការរំពឹងទុក រុស្ស៊ីអាចជាអ្នកដែលមានតួនាទីសំខាន់ជាងគេ ក្នុងការធ្វើជាអាជ្ញាកណ្តាល ដឹកនាំការចរចា ព្រោះរុស្ស៊ីកន្លងមក ធ្លាប់ទំនាក់ទំនងល្អ ជាមួយប្រទេសទាំង២នេះ។ រុស្ស៊ីធ្លាប់ជាអ្នកទំនុកបំរុង នឹងលក់អាវុធឲ្យ​ប្រទេសទាំង២នេះទៀតផង។

តួកគីប្រកាសគាំទ្រ ឲ្យ​អាស៊ែបៃហ្សង់បន្តប្រយុទ្ធ

តួកគី បានលូកដៃចូលក្នុងវិវាទនេះ ដោយប្រកាសគាំទ្រ អាស៊ែបៃហ្សង់ពេញទំហឹង តែម្តង។ បើផ្អែកតាមការវិភាគ របស់​លោកស្រី Gela Gasadze អ្នកវិភាគ​នៅហ្សកស៊ី បាន​លើកឡើងថា ប៉ុន្មានឆ្នាំចុងក្រោយនេះ លោក Ilham Aliev ប្រធានាធិបតីអាស៊ែបៃហ្សង់ ហាក់ដូចជាអន់ចិត្ត ជាមួយ​នឹងលោក​ប្រធានាធិបតី​ពូទីន ដោយខឹងថារុស្ស៊ី លក់អាវុធល្អៗ ទៅឲ្យតែខាង​អាមេនី។ ហេតុដូច្នេះហើយ បានជាអាស៊ែបៃហ្សង់ មិនសូវស្តាប់រុស្ស៊ីដូចមុនទេ ហើយងាកទៅខាងតួកគី។

ប្រទេសធំៗ អាមេរិក បារាំង រុស្ស៊ី អាល្លឺម៉ង់ ព្រមទាំងអង្គការសហប្រជាជាតិផង សុទ្ធតែប្រកាសឲ្យ​ភាគីជម្លោះ​ទំលាក់អាវុធ ហើយបើផ្លូវចរចា។ តែផ្ទុយទៅវិញ មានតែលោកប្រធានាធិបតីតួកគី តែម្នាក់គត់ ដែលប្រកាសថា អាស៊ែបៃហ្សង់កុំភ័យ បើត្រូវការជំនួយ តួកគីនឹងទៅជួយប្រយុទ្ធ។ សម្តី បែបញុះញងឲ្យ​ប្រយុទ្ធ ពីសំណាក់លោកអ៊ែរដូហ្កាន់នេះ បានធ្វើឲ្យ​លោក​ម៉ាក្រុង ប្រតិក​ម្មភ្លាមនៅព្រឹកថ្ងៃពុធនេះ ដោយលោកម៉ាក្រុង បាន​ចាត់ទុកសម្តីនេះ គ្រោះថ្នាក់ណាស់ សម្រាប់សន្តិសុខ និងស្ថិរភាពនៃតំបន់កូកាស។

យ៉ាងណាមិញ ភាគីអាមេនី បានចោទថា តួកគី បានបញ្ជូនទ័ព និងគ្រឿងសព្វាវុធ ទៅជួយ​អាស៊ែបៃហ្សង់ ក្នុងការប្រយុទ្ធប៉ុន្មានថ្ងៃនេះ។ ក៏ប៉ុន្តែ លោក Ilham Aliev ប្រធានាធិបតីអាស៊ែបៃហ្សង់ បានអះអាងថា តួកគីបានជួយតែជំនួយផ្នែកស្មារតីតែប៉ុណ្ណោះ។

សមរភូមិថ្មី នៃមហិច្ឆិតារបស់​លោក អ៊ែរដូហ្កាន់

ជាបឋមយើងត្រូវដឹងថា អាមេនី គឺជាសត្រូវប្រវត្តិសាស្ត្រ យូរអង្វែងមកហើយ របស់តួកគី។ ជាក់ស្តែង អំពើប្រល័យពូជសាសន៍ធ្វើទៅលើជនជាតិអាមេនី បង្កឡើងដោយអំណាចនយោបាយតួកគី នៅដើមសតវត្សទី២០ គឺតួកគីនៅតែប្រកែកមិនទទួលស្គាល់ជានិច្ច។ តួកគី ដឹកនាំដោយ លោក​​អ៊ែរដូហ្កាន់ កាន់តែមានទំនោរជាតិនិយមជ្រុល ហើយបានចិញ្ចឹមចិត្តស្អប់ ខឹងនឹងអាមេនីជានិច្ច។ ក្នុងក្រសែរ​ភ្នែក លោកអ៊ែរដូហ្កាន់ អាមេនី គឺជាគ្រោះថ្នាក់មួយ​សម្រាប់តួកគីទៅថ្ងៃអនាគត។ ដូច្នេះហើយ បានជាតួកគី គាំទ្រខាងអាស៊ែបៃហ្សង់។ មួយវិញទៀតនោះ អាស៊ែបៃហ្សង់ គឺជាប្រទេសអ៊ីស្លាមដូចតួកគីដែរ ទោះបីនិកាយខុសគ្នាក៏ដោយ ហើយប្រជាជនអាស៊ែបៃហ្សង់ ក៏និយាយ​ភាសាតួកគីដែរ។

វាក៏ជាយុទ្ធសាស្ត្រ ពង្រឹងឥទ្ធិពល កសាងមុខមាត់ របស់តួកគីដែរ ក្នុងនាមជាមហាអំណាចតំបន់ ដ៏សំខាន់ម្នាក់។ ដូចយើងបានសង្កេត កន្លងមកហើយ ក្រោមការដឹកនាំរបស់​លោកអ៊ែរដូហ្កាន់ តួកគី បានចេញមុខ លូកដៃអន្តរាគមន៍យោធា ក្នុងសង្រ្គាមនៅស៊ីរី ផង នៅលីប៊ីផង។ យុទ្ធសាស្ត្រនេះ ក៏ដើម្បីអូសទាញ​ការគាំទ្រ កោតសរសើរ ពីសំណាក់ប្រជាជនតួកគី ដែលមានទំនោរជាតិនិយម និងអ៊ីស្លាមនិយមដែរ។ លោកអ៊ែរដូហ្កាន់ មានមហិច្ឆិតា ចង់ឲ្យតួកគី ត្រូវគេស្ញប់ស្ញែងសរសើរ ថាជាអ្នកការពារប្រយោជន៍របស់​ប្រទេសអ៊ីស្លាមទាំងអស់ នៅក្នុងតំបន់។ ទ្រឹស្តីជាតិនិយម អ៊ីស្លាមនិយម បែបប្រជាភិថុតនេះ មិនទៅណាឆ្ងាយពីលោកអ៊ែរដូហ្កាន់ទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ