ចំនួនអ្នកឆ្លងកូវីដ១៩ ពិតប្រាកដ នៅឥណ្ឌាទំនងមានច្រើនជាង៦០លាននាក់
ឥណ្ឌាទំនងមានអ្នកឆ្លងជំងឺកូវីដ១៩ ច្រើនជាងតួលេខផ្លូវការដល់ទៅ១០ដង។ នេះបើតាមសេចក្តីប្រកាសរបស់អាជ្ញាធរសុខាភិបាលទទួលបន្ទុកផ្នែកជំងឺរាតត្បាត។ ការសិក្សាជាតិដែលផ្តោតលើមូលដ្ឋាននៃការធ្វើវិភាគឈាមរកអង់ទីក័រ បានសន្និដ្ឋានថា ចំនួនពលរដ្ឋឥណ្ឌាឆ្លងកូវីដ១៩ អាចមានដល់ទៅប្រមាណដល់ជាង៦០លាននាក់។
ចុះផ្សាយនៅថ្ងៃ៖
បើតាមតួលេខផ្លូវការ ក្នុងចំណោមប្រជាពលរដ្ឋសរុប ជាង១៣០០លាននាក់ ឥណ្ឌាមានអ្នកឆ្លងកូវីដ១៩ ចំនួន ៦,១លាននាក់ ពោលគឺប្រទេសរងគ្រោះកូវីដលំដាប់ទីពីរបន្ទាប់សហរដ្ឋអាមេរិក បើគិតអំពីចំនួនឆ្លងកូវីដ១៩។ ប៉ុន្តែបើតាមសិក្សាតាមរយៈការធ្វើវិភាគឈាម នៅក្នុង២១រដ្ឋរបស់ឥណ្ឌា រវាងពីពាក់កណ្តាលខែសីហាដល់ពាក់កណ្តាលខែកញ្ញាលើមនុស្សចំនួន ២៩០០០នាក់ បានបង្ហាញថា ចំនួនអ្នកឆ្លងកូវីដ១៩ អាចមានចំនួនច្រើនជាងតួលេខផ្លូវការឆ្ងាយណាស់។
តាមការសន្និដ្ឋាន ក្នុងចំណោមពលរដ្ឋឥណ្ឌា១៥នាក់ (អាយុចាប់ពី១០ឆ្នាំ ឡើងទៅ) មានម្នាក់រស់ប្រឈមនឹងមេរោគកូរ៉ូណាវីរុសថ្មី។ ភាពប្រឈមរបស់ពលរដ្ឋរស់នៅក្នុងសង្កាត់ក្រីក្រជាយក្រុង (១៥,៦%) ខ្ពស់ជាងជិតពីរដងលើសប្រជាពលរដ្ឋរស់នៅក្នុងក្រុង (៨,២%) និងជាងបីដងលើសពលរដ្ឋរស់នៅតំបន់ជនបទ (៤,៤%)។ នេះបើតាមលទ្ធផលនៃការសិក្សា ដែលអគ្គនាយកក្រុមប្រឹក្សាស្រាវជ្រាវវេជ្ជសាស្ត្រឥណ្ឌាលម្អិតនៅក្នុងសន្និសីទកាសែតរបស់ក្រសួងសុខាភិបាល។
លទ្ធផលនៃការសិក្សាដំបូងតាមរយៈការវិភាគឈាមបានបង្ហាញថា កាលពីមុនខែឧសភា មានមនុស្សពេញវ័យឥណ្ឌាចំនួន ០,៧៣% ពោលគឺស្មើនឹង៦លាននាក់ រស់ប្រឈមនឹងកូវីដ១៩។ ប៉ុន្តែការធ្វើតេស្តវិភាគឈាមរកអង់ទីក័រ មិនសូវប្រាកដទេ ព្រោះបើតាមអ្នកស្រាវជ្រាវ មនុស្សអាចអង់ទីក័រការពារខ្លួនទល់នឹងកូរ៉ូណាវីរុសផ្សេងទៀត ដែលមិនមែនអ្នកបង្កជំងឺកូវីដ១៩។ ម្យ៉ាងវិញទៀត នៅឥណ្ឌាក៏ដូចបណ្តាប្រទេសផ្សេងទៀតដែរ ចំនួនអ្នកឆ្លងកូវីដ១៩ ពិតប្រាកដ អាចខ្ពស់ជាងតួលេខផ្លូវការឆ្ងាយ ព្រោះតួលេខផ្លូវការរំពឹងទៅលើចំនួនអ្នកបានមកធ្វើតេស្តប៉ុណ្ណោះ និងមិនបានរាប់អំពីករណីកើតកូវីដ១៩តែគ្មានរោគសញ្ញា ដែលមិនមកនិងមិនបានធ្វើតេស្តេ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ