ក្រុមហ៊ុនដូងប្រេងម៉ាឡេស៊ីជាប់បម្រាមអាមេរិកពីបទរំលោភកម្លាំងពលករ
ក្រុមហ៊ុនយក្សម៉ាឡេស៊ី FGV Holdings មិនអាចនាំចេញប្រេងដូង និងផលិតផលធ្វើពីដូងប្រេង ទៅសហរដ្ឋអាមេរិកបានទៀតទេ។ នេះជាសេចក្តីប្រកាសហាមឃាត់របស់អាមេរិក នៅថ្ងៃពុធទី ៣០កញ្ញា២០២០ ព្រោះក្រុមហ៊ុនបានរំលោភសិទ្ធកម្មករកសិកម្មយ៉ាងធ្ងន់ធ្ងរ។ ម៉ាឡេស៊ីបានបញ្ចេញប្រតិកម្មភ្លាមនៅថ្ងៃព្រហស្បតិ៍ ទី ១តុលា២០២០នេះ ច្រានចោលទាំងស្រុងការចោទប្រកាន់របស់អាមេរិក។
ចុះផ្សាយនៅថ្ងៃ៖
ភ្នាក់ងារពន្ធគយនិងការពារព្រំដែនអាមេរិក បានចេញសេចក្តីប្រកាសនៅថ្ងៃពុធនេះ ហាមឃាត់មិនឱ្យនាំចូលប្រេងដូងមកពីម៉ាឡេស៊ីទេ ក្រោយពីលទ្ធផលអង្កេតបានបង្ហាញថា មានកម្មករកសិកម្មម៉ាឡេស៊ី រងអំពើហិង្សាផ្លូវកាយ ផ្លូវភេទ រងការគំរាមសម្លុត និងជួនកាលបង្អត់ប្រាក់ខែទៀត។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុនដូងប្រេងម៉ាឡេស៊ី ប្រើក្មេងមិនទាន់គ្រប់អាយុទៀត។
ប្រើវិធីចាប់បង្ខំឱ្យធ្វើការ មានន័យថាក្រុមហ៊ុនបង្កបង្កើតភាពប្រកួតប្រជែងមិនស្មើភាព ផលិតផលរបស់ក្រុមហ៊ុនបានមកដោយវិធីខុសច្បាប់ និងផ្តល់ទំនិញខុសបទដ្ឋានសុវត្ថិភាពដល់អ្នកទិញ។ នេះបើបានការលម្អិតរបស់អ្នកទទួលខុសត្រូវអាមេរិកនៃការិយាល័យពន្ធគយព្រំដែន លោក Brenda Smith។
សេចក្តីសម្រេចដែលចូលធរមានភ្លាមនៅថ្ងៃពុធទី ៣០ កញ្ញា២០២០ ជាការដាក់បម្រាមបិទទ្វារមិនឱ្យនាំចូលមកអាមេរិកនូវ ប្រេងដូង និងផលិតផលធ្វើ ដូងប្រេង (រាប់តាំងពីចំណីអាហារដល់ផលិតផលសំអាង) របស់ក្រុមហ៊ុនម៉ាឡេស៊ី FGV ទាំងអស់។
ក្រុមហ៊ុនម៉ាឡេស៊ី បានសម្តែងការខកចិត្តយ៉ាងខ្លាំងចំពោះសេចក្តីសម្រេចរបស់អាមេរិក និងបានអះអាងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនបានព្យាយាមចាត់វិធានការជាក់ស្តែង ដើម្បីធ្វើយ៉ាងណាសម្រួលលក្ខខណ្ឌការងារកម្មករឱ្យបានកាន់តែប្រសើរឡើង។ ក្រុមហ៊ុនមិនដែលអនុគ្រោះឱ្យមានការរំលោភសិទ្ធិមនុស្ស ឬការប្រព្រឹត្តទង្វើឧក្រិដ្ឋណាមួយក្នុងការងារទេ។ នេះបើតាមការលម្អិតរបស់ក្រុមហ៊ុនក្នុងសេចក្តីថ្លែងការណ៍។
សូមបញ្ជាក់ថា ម៉ាឡេស៊ីជាប្រទេសផលិត ដូងប្រេង លំដាប់ទីពីរពិភពលោក បន្ទាប់ពីប្រទេសឥណ្ឌូណេស៊ីជិតខាង។ ផលិតផលរបស់ប្រទេសទាំងពីរបូកបញ្ចូលគ្នា តំណាងឱ្យ៨៥%ទីផ្សារប្រេងដូងពិភពលោក។ ប៉ុន្តែ កសិកម្មដូងប្រេង រងការរិះគន់យ៉ាងខ្លាំងពីសំណាក់អង្គការក្រៅរដ្ឋាភិបាល ថាជាប្រភពនៃការកាប់បំផ្លាញព្រៃឈើត្រូពិក និងជាប្រភពនៃការរំលោភបំពានសិទ្ធិកម្មករ។ សហរដ្ឋអាមេរិកបានសម្រេចបើកអង្កេតប្រឆាំងនឹងក្រុមហ៊ុន FGV Holdings នេះ គឺដោយសារមានបណ្តឹង សម្ព័ន្ធអង្គការក្រៅរដ្ឋាភិបាល៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ