ហុងកុង

ថ្ងៃ​បុណ្យជាតិ​ចិន ហុងកុងអបអរ​ ​​សន្តិភាព តែ​ហាមធ្វើ​បាតុកម្ម​

នគរបាល​និង​បាតុករ​ហុងកុង ក្នុង​ថ្ងៃ​ខួប​បង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន ថ្ងៃទី ១ តុលា ២០២០
នគរបាល​និង​បាតុករ​ហុងកុង ក្នុង​ថ្ងៃ​ខួប​បង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន ថ្ងៃទី ១ តុលា ២០២០ AFP - MAY JAMES

​ថ្ងៃ១​តុលា២០២០នេះ​ ជាខួបគម្រប់​៧១​ឆ្នាំ​នៃ​ការ​បង្កើត​​សាធារណរដ្ឋ​ប្រជាមានិត​ចិន។ នា​ឱកាស​នេះ​ ប្រមុខ​រដ្ឋាភិបាល​ហុងកុង​ លោកស្រី ការី ឡាំ បាន​សម្តែង​ការ​អបអរ​ស្វាគមន៍​ ដែល​ហុងកុងវិលមក​រក​ភាព​ស្ងប់ស្ងាត់​ មានសន្តិភាព​ ឡើង​វិញ។ ​ប៉ុន្តែ​អាជ្ញាធរ​ហុងកុង​បាន​ពង្រាយ​កម្លាំង​ប៉ូលិស​ ជាង​៦ពាន់​នាក់ ចាំរារាំង​បំបែក​បាតុកម្មរបស់​ក្រុម​សកម្មជន​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ ដែល​បាន​​ប្រមូល​ផ្តុំ​គ្នា ជា​ក្រុមតូចៗ​ មិន​ដល់​បួន​នាក់​ផង។

ផ្សាយពាណិជ្ជកម្ម

“ប៉ុន្មាន​ខែមកនេះ ដោយ​មិន​អាច​ប្រកែក​បាន ហុងកុង​បាន​ស្គាល់​ភាពស្ងប់​ស្ងាត់ ហុងកុង​បាន​ស្គាល់​សន្តិភាព​វិញហើយ។ សន្តិសុខ​ជាតិ​ចិន​បាន​ការពារ​ហុងកុង ហើយ​​ពលរដ្ឋ​អាច​ប្រើ​សិទ្ធិ​និង​សេរីភាព​របស់​ខ្លួន​​ស្រប​តាម​ច្បាប់” នេះ​បើ​តាម​ប្រសាសន៍​របស់​លោកស្រី​​ប្រមុខ​​រដ្ឋាភិបាលហុងកុង ការី ឡាំ ក្នុង​ឱកាស​ប្រារព្ធ​ពិធី​បុណ្យ​ជាតិចិន ដែល​​មានការ​ពារ​យ៉ាង​ហ្មត់ចត់​បំផុត ​នៅ​លើ​ដីផង និង​ឧទ្ធម្ភាគចក្រ​ដោតទងជាតិ​ចិន​និង​ហុងកុង​ ហោះឆ្វែលលើមេឃឥត​ឈប់ទៀត។

ជា​ថ្ងៃប្រកប​ដោយ​និម្មិត្តរូបបំផុត ប៉េកាំង​មិន​បណ្តោយ​ឱ្យ​មាន​សកម្មភាព​ប្រឆាំងណាមួយ​កើត​ឡើង​ទេនៅ​ហុងកុង។ ​ជា​សរុបអាជ្ញាធរ​ បាន​ដាក់​ពង្រាយ​កម្លាំង​ប៉ូលិស​ប្រមាណ​ជាង ៦ពាន់នាក់ ពោលគឺ​ច្រើន​ជាង​ពេលធ្វើ​បាតុកម្មមុនៗ​ដល់​ទៅ​ពីរ​ដង ក្រែង​មាន​​​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​ជា​យថាហេតុ​ណា​មួយកើត​ឡើង។

ជា​​ថ្ងៃបុណ្យ​ជាតិ​ចិន ប៉ុន្តែ​នៅ​ហុងកុង ថ្ងៃ​១​តុលា​ជា​ថ្ងៃ​ដែល​បណ្តា​ជន​ហុងកុង​មួយ​ភាគ​ តែង​នាំគ្នា​ធ្វើ​បាតុកម្ម​បញ្ចេញកំហឹង​ប្រឆាំង​នឹងប៉េកាំង​ដែល​មិន​ធានា​​សេរីភាព​ហុងកុង​​ស្របតាមគោលការណ៍​​ប្រទេសមួយ​ប្រព័ន្ធ​ពីរសម្រេច​កាលពី​ឆ្នាំ​១៩៩៧។ ពេញ​មួយ​ថ្ងៃ​មក​នេះ សកម្មជនប្រជាធិបតេយ្យបាន​ប្រមូល​ផ្តុំ​គ្នា​ធ្វើ​បាតុកម្មដែរ នៅមុខ​ការិយាល័យ​ទំនាក់ទំនង​ចិន-ហុងកុង និង​នៅ​សង្កាត់​ពាណិជ្ជកម្ម​ ដែល​ធ្លាប់​ជា​ទី​ប្រមូល​ផ្តុំធ្វើ​បាតុកម្ម​ដ៏ធំ​កាលពី​ឆ្នាំ​ទៅ តែ​​មាន​ទម្រង់​ត្រឹម​តែ​​ជា​ក្រុម​តូចៗ​ក្រោម​បួននាក់ នៅ​ចំពោះមុខវត្តមាន​ដ៏​សន្ធឹកសន្ធាប់​នៃ​​​កម្លាំងនគរបាល និង​កង​កម្លាំង​ប្រឆាំងភេរវកម្ម។ “ថ្ងៃនេះមិនមែន​ជា​ថ្ងៃ​បុណ្យ​ជាតិ​ហុងកុង​ទេ ដល់ពេល​ដែល​ពិភពលោក​ដឹង​អំពី​របៀប​ដែល​គណបក្ស​កុម្មុនិស្ត​ចិន​បំបិទ​សំឡេង​ហុងកុង​ហើយ” នេះ​ជា​សម្រែក​របស់​លោក សកម្មជន​ប្រជាធិបតេយ្យ​ហុងកុង​ដ៏​ល្បី​ឈ្មោះ​ មុន​នឹង​ត្រូវ​ប៉ូលិស​បណ្តេញ​ចេញ។ ​

សូម​បញ្ជាក់​ថា​នៅ​ឆ្នាំ​នេះ និង​តាំង​​ពី​ដើម​ឆ្នាំ​មក​ ស្ទើរ​​គ្រប់​បាតុកម្ម​ត្រូវ​បាន​ហាម​ឃាត់ ដោយ​ហេតុផល​សន្តិសុខ (ដោយច្បាប់​សន្តិសុខ​ជាតិ)​ និង​ដោយហេតុ​កូរ៉ូណាវីរុស អាជ្ញាធរ​មិនអនុញ្ញាត​ឱ្យ​មាន​ការជួបជុំ​នៅ​តាម​ទីសាធារណៈលើស​ពី​បួននាក់​ទេ។ បើ​បាតុកម្ម​​រៀប​ចំឡើងភ្លាម ​ត្រូវ​ប៉ូលិស​ប្រឆាំងភេរវកម្មនិង​ប៉ូលិស​ស៊ីវិលមក​​ចាប់​និង​បំបែក​​យ៉ាង​ទាន់​ហន់។ កាលពី​ដើម​ខែ​កញ្ញា​ ក្នុង​ពេល​តែ​មួយ​ថ្ងៃ​មាន​មនុស្ស​ជិត​បី​រយ​នាក់​ត្រូវ​​ចាប់​ខ្លួន និង​ជាង​មួយ​ម៉ឺន​នាក់​បើ​គិត​ក្នុង​រយៈ​ពេល​១៦​ខែ​ចុង​ក្រោយ​នេះ ក្នុង​នោះ​មាន​ច្រើន​នាក់ជាមេដឹកនាំ​ចលនា​ប្រជាធិបតេយ្យផង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI