អានតួអត្ថបទ

លោកដូណាល់ ត្រាំ ចង់​ដក​កងទ័ព​អាមេរិក​ឲ្យអស់​ពី​អាហ្វហ្កានីស្ថាន នៅ​ចុងឆ្នាំនេះ

ទាហានអាមេរិក​នៅ​ខេត្ត​កាន់ដាហា ដែលទើប​រងការវាយប្រហារ​ភេរវកម្ម​សម្លាប់​ទាហាន​អាហ្វហ្កានីស្ថាន នៅ​ឆ្នាំ ២០១១
ទាហានអាមេរិក​នៅ​ខេត្ត​កាន់ដាហា ដែលទើប​រងការវាយប្រហារ​ភេរវកម្ម​សម្លាប់​ទាហាន​អាហ្វហ្កានីស្ថាន នៅ​ឆ្នាំ ២០១១ ASSOCIATED PRESS - Allauddin Khan
ដោយ៖ ឈាង បុប្ផា
១៨ នាទី

ប្រធានាធិបតី អាមេរិក លោកដូណាល់ ត្រាំ បាន​ប្រកាស​ចង់​ដក​កងទ័ព​អាមេរិក ពី​អាហ្វហ្កានីស្ថាន ឲ្យអស់ មុន​ដំណាច់ឆ្នាំ ២០២០។ នៅក្នុង​សារទ្វីតធ័រ កាលពី​ថ្ងៃ​ពុធ ប្រមុខ​ដឹកនាំ​អាមេរិក​អះអាងថា ទាហាន​អាមេរិកាំង​ទាំងអស់​នឹង​អាច​ត្រលប់ចូល​ទឹកដី​អាមេរិក​វិញ ពីពេលនេះ រហូត​ដល់​បុណ្យ​ណូអែល។ ទៅតាម​កិច្ចព្រមព្រៀង​ជាប្រវត្តិសាស្រ្ត​ជាមួយ​ពួកតាលីបង់ អាមេរិក​របស់​លោកដូណាល់ ត្រាំ​បាន​សន្យា​ដកកងទ័ព​អាមេរិក ឲ្យអស់​ពីអាហ្វហ្កានីស្ថាន យ៉ាងយូរបំផុត នៅ​ពាក់កណ្តាល​ឆ្នាំ ២០២១។ ជា​ថ្នូរវិញ ពួកតាលីបង់​ត្រូវ​ឈប់​វាយប្រហារ ភេរវកម្ម និង​ត្រូវ​ចរចា​បង្កើត​សន្តិភាព​ជាមួយ រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន។

ផ្សាយពាណិជ្ជកម្ម

នៅពេល ដំណើរការចរចា​រវាង​ពួកតាលីបង់ និង​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន បោះជំហាន​យឺត មិនទាន់​ឈាន​ដល់​ការចុះ​សម្រុង ឲ្យ​មាន​បទឈប់បាញ់ និង បញ្ឈប់​អំពើហិង្សា​នៅទឹកដី​អាហ្វហ្កានីស្ថាន ប្រធានាធិបតី​អាមេរិក លោកដូណាល់ ត្រាំ បាន​សរសេរ​សារទ្វីតធ័រ កាលពី​ថ្ងៃពុធ​ម្សិលមិញ ទាហាន​អាមេរិក​ដែលនៅសល់ នៅ​អាហ្វហ្កានីស្ថាន នឹង​អាច​វិលត្រលប់​ចូល​ប្រទេស​វិញ នៅមុន​បុណ្យណូអែល ចុងឆ្នាំនេះ។

គេ​មិនដឹង​ច្បាស់ទេ​ថា តើ​លោកដូណាល់ ត្រាំ គ្រាន់តែ​និយាយ​តែមាត់ ឬ​ក៏ពិតជា​បាន​ចេញបញ្ជា​ឲ្យ​ដកកងទ័ព​អាមេរិក ឲ្យ​អស់​ពី​អាហ្វហ្កានីស្ថាន​ពិតមែននោះទេ។

លោកដូណាល់ ត្រាំ ប្រកាស​ដកកងទ័ព​អាមេរិក​ឲ្យ​អស់​ពី​អាហ្វហ្កានីស្ថាន នៅ​មុន​ដំណាច់ឆ្នាំ​នេះ ពោល​គឺ​នៅតែ​ប៉ុន្មាន​ម៉ោង​ក្រោយ ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​លោកបាន​បង្ហាញថា វ៉ាស៊ីនតោន​នឹង​កាត់បន្ថយ​ចំនួនទ័ព​អាមេរិក នៅ​អាហ្វហ្កានីស្ថាន មកនៅត្រឹម ២៥០០​នាក់ ពីពេលនេះ រហូត ចុងឆ្នាំ។

គិត​មកត្រឹម​ខែ​កញ្ញា​កន្លងទៅ អាមេរិក​មាន​កងទ័ព​របស់ខ្លួន​ប្រចាំការ​នៅអាហ្វហ្កានីស្ថាន ប្រមាណ ៨៦០០​នាក់។ ក្រសួងការពារ​ជាតិ​អាមេរិក​ធ្លាប់​បាន​ប្រកាស​ពី​ដំណាក់កាល​ថ្មី នៃ​ដកកងទ័ព អាមេរិក រហូត​ដល់​ក្រោម ចំនួន ៥០០០នាក់ នៅ​ខែ​វិច្ឆិកាចុងឆ្នាំ។ ទៅតាម​កិច្ចព្រមព្រៀង​ជា​ប្រវត្តិសាស្រ្ត ជាមួយ​ពួកតាលីបង់ ដែល​អាមេរិក​បាន​វាយណ្តេញ​ចេញពីអំណាច នៅអាហ្វហ្កានីស្ថាន នៅឆ្នាំ ២០០១ លោកដូណាល់ ត្រាំ ដែល​បាន​សន្យា​បិទបញ្ចប់​សង្រ្គាម​ដែល​គ្មាន​ថ្ងៃ​បញ្ចប់​នៅ​អាហ្វហ្កានីស្ថាន ធ្លាប់ បាន​ប្រកាស ដកទ័ព​អាមេរិក​ឲ្យ​អស់ ពី​អាហ្វហ្កានីស្ថាន នៅពាក់កណ្តាល ឆ្នាំក្រោយ ប៉ុន្តែ មិនមែន ចុងឆ្នាំនេះទេ។ លោកដូណាល់ ត្រាំ សរសេរ​សារទ្វីតធ័រ ដកកងទ័ពអាមេរិក​ឲ្យអស់​ពីអាហ្វហ្កានីស្ថាន នៅថ្ងៃ​ខួប​១៩ឆ្នាំ នៃ​ការឈ្លានពាន​របស់​អាមេរិក នៅអាហ្វហ្កានីស្ថាន ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​តាលីបង់ ដែល​អាមេរិក​ចោទប្រកាន់ថា លាក់បាំង ក្រុមអាល់កៃដា ទទួលខុសត្រូវ​លើ​ភេរវកម្ម នៅទីក្រុង​ញូវយ៉ក ថ្ងៃទី ១១​កញ្ញា ឆ្នាំ ២០០១។

ការដកកងទ័ពអាមេរិក​ចេញពី​សង្រ្គាម គ្មានថ្ងៃ​ចប់ ជា​សំណុំរឿង​សំខាន់ ដែលលោកដូណាល់ ត្រាំ យកទៅ​ប្រើ​ក្នុង​ការឃោសនា​បោះឆ្នោត​របស់លោក។ ប៉ុន្តែ នៅពេល​លោកអាច​សម្រេច ចុះកិច្ចព្រមព្រៀង​ជាមួយ​ពួកតាលីបង់ ដើម្បី​អាច​ដកកងទ័ពអាមេរិក​ពីអាហ្វហ្កានីស្ថាន កងទ័ពអាមេរិក​នៅតែ​បន្តធ្វើ​សង្រ្គាម ក្នុង​ទឹកដី អ៊ីរ៉ាក់ និង​ស៊ីរី។

គូប្រជែង​របស់លោកដូណាល់ ត្រាំ គឺ​លោកចូ បៃដិន​ធ្លាប់​បង្ហាញ​ចេតនា ចង់​ដក​កងទ័ព​អាមេរិក​ចេញពី​អាហ្វហ្កានីស្ថានដែរ។ ប៉ុន្តែ លោក​បាន​ស្នើ​ឲ្យ​មាន​វត្តមាន​ទ័ព​អាមេរិក​មួយចំនួន​តូច ដើម្បី ធានា​ទប់​ទល់​កុំ​ឲ្យ​ក្រុមភេរវនិយម ប្រើ​ទឹកដី​អាហ្វហ្កានីស្ថាន សម្រាប់​វាយប្រហារ គំរាមកំហែង សន្តិសុខ និង​ផលប្រយោជន៍​របស់​អាមេរិក៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ