ផ្ទុះអំពើហិង្សាកណ្តាលបាតុកម្មប្រឆាំងនឹងច្បាប់ការងារ នៅឥណ្ឌូណេស៊ី
នៅឥណ្ឌូណេស៊ី ច្បាប់ការងារដែលមានកម្មវត្ថុលើកស្ទួយសេដ្ឋកិច្ច ផ្តល់ការងារដល់យុវជន និងដែលទើបត្រូវបានសភាបោះឆ្នោតធ្វើវិសោធនកម្ម កាលពីថ្ងៃចន្ទ រងការប្រឆាំងយ៉ាងខ្លាំង។ នៅថ្ងៃព្រហស្បតិ៍ទី៨តុលា២០២០ ដែលត្រូវជាថ្ងៃទីបីនៃបាតុកម្ម មានអំពើហិង្សាបានផ្ទុះឡើងយ៉ាងខ្លាំងនៅរដ្ឋធានីហ្សាការតា និងនៅតាមក្រុងជាច្រើនរបស់ប្រទេស។ ប៉ូលិសបានចាប់ខ្លួនបាតុករជាច្រើនរយនាក់។
ចុះផ្សាយនៅថ្ងៃ៖
និស្សិតនិងកម្មករនិយោជិក លែងខ្វល់នឹងបម្រាមទប់ស្កាត់កូវីដ១៩ហើយ។ ក្រោមការអំពាវនាវរបស់សហជីព បាតុកម្មបានផុសឡើង នៅរដ្ឋធានី និងនៅតាមទីក្រុងធំៗជាច្រើន ក្នុងផ្ទៃប្រទេស តាំងពីពីរបីថ្ងៃមកហើយ។ បាតុកម្មបានរាលដាលទៅជាអំពើហិង្សា បាតុករ បាននាំគ្នាបញ្ចេញកំហឹងសភាតំបន់នីមួយៗនិងវាយប្រហារអាគារជាទីស្នាក់ការ រដ្ឋផង។
នៅរដ្ឋធានីហ្សាការតា អំពើហិង្សាបានផ្ទុះឡើងខ្លាំង។ ប៉ូលិសនិងកងកម្លាំងរក្សាសន្តិសុខជាង៩ពាន់នាក់ត្រូវបានដាក់ពង្រាយនៅតាមទីតាំងផ្សេងៗ ដើម្បីទប់ស្កាត់ចលនាបាតុកម្មរបស់ក្រុមនិស្សិតនិងនិយោជិក ដែលមានទិសដៅទៅប្រមូលផ្តុំគ្នានៅមុខវិមានប្រធានាធិបតីនិងរដ្ឋសភាជាតិ។
ប៉ូលិសបានប្រើឧស្ម័នបង្ហូរទឹកភ្នែក និងបានចាប់ខ្លួនបាតុករប្រមាណជាង៤០០នាក់ ភាគច្រើនជាយុវជនក្មេងៗ ដែលប្រព្រឹត្តអំពើហិង្សា បំផ្លាញសម្បត្តិសាធារណៈ។ នេះបើតាមការអះអាងរបស់អ្នកនាំពាក្យប៉ូលិសក្រុងហ្សាការតា។
សូមបញ្ជាក់ថានេះជាបាតុកម្មប្រឆាំងនឹងច្បាប់ការងារថ្មី។ ច្បាប់ការងារថ្មី កម្រាស់១០០០ទំព័រ ដែលសភាទើបបានបោះឆ្នោតធ្វើវិសោធនកម្មច្បាប់ចាស់ លើវិស័យបរិស្ថាន ពន្ធដារ សិទ្ធិការងារ និងបទដ្ឋាន(ស្តង់ដារ)បរិស្ថាន សំដៅកាត់បន្ថយរបបការិយាល័យនិយម និងទាក់ទាញវិនិយោគបរទេស ព្រោះប្រទេសកំពុងឈានទៅរកវិបត្តិសេដ្ឋកិច្ចដើរថយក្រោយ។
ប៉ុន្តែសម្រាប់ក្រុមសហជីពនិយោជិក និងក្រុមអ្នកការពារបរិស្ថាន ក៏ដូចជាអង្គការការពារសិទ្ធិមនុស្ស Amnesty International ច្បាប់ថ្មីនេះថាជាមហន្តរាយសម្រាប់បុគ្គលិកនិយោជិក ដោយបានការកាត់បន្ថយប្រាក់សំណងបុគ្គលិកពេលបណ្តេញចេញពីការងារ បង្កើនពេលធ្វើការម៉ោងបន្ថែម និងបានបន្ធូរបន្ថយលក្ខខណ្ឌនៃកិច្ចសន្យារយៈវែងរបស់ក្រុមហ៊ុន។ បើតាមអ្នកការពារបរិស្ថាន ច្បាប់ថ្មីនេះនឹងជំរុញឱ្យមានការកាប់ព្រៃឈើដែលលែងអាចត្រួតពិនិត្យបាន។
ពលរដ្ឋឥណ្ឌូណេស៊ី បានសម្តែងកំហឹងយ៉ាងខ្លាំងនិងយ៉ាងច្រើននៅបណ្តាញសង្គម។ ក្រុមចោរអ៊ីនធ័រនែតបានថែមទាំងហែកចូលវេបសាយសភា ទៅប្តូរឈ្មោះសភាទៅជាក្រុមប្រឹក្សាក្បត់ ទៀតផង។
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ