កូរ៉េខាង​ជើង

កូរ៉េខាង​ជើង ដង្ហែក្បួនព្យុហយាត្រាយោធា​​ដ៏សម្បើម​ ដើម្បី​បង្ហាញ​សព្វាវុធថ្មី ?

ព្យុហយាត្រា​ក្នុង​ថ្ងៃខួប​៧៥​ឆ្នាំ​នៃកំណើតបក្សពលករ​កូរ៉េខាងជើង ថ្ងៃទី ១០ តុលា ២០២០
ព្យុហយាត្រា​ក្នុង​ថ្ងៃខួប​៧៥​ឆ្នាំ​នៃកំណើតបក្សពលករ​កូរ៉េខាងជើង ថ្ងៃទី ១០ តុលា ២០២០ AFP

កូរ៉េខាង​ជើង​​បាន​រៀប​ចំក្បួនព្យុហយាត្រា​យោធា​ដ៏​សម្បើម នៅ​ថ្ងៃសៅរ៍ទី ១០ តុលា នេះ ដែល​ជាគម្រប់​ខួប​៧៥​ឆ្នាំ​ របស់​​គណបក្ស​ពលករ -បក្ស​នយោបាយ​តែមួយ​គត់​របស់​​កូរ៉េខាង​ជើង។ នៅលើកនេះ​ កូរ៉េខាង​ជើង​មិន​បានអញ្ជើញ​អ្នកសារព័ត៌មាន​បរទេស និង​តំណាង​ការទូតជា​​ច្រើនក៏​អវត្តមាន ដោយហេតុ​តែ​វិបត្តិ​កូរ៉ូណាវីរុស។ ​ប៉ុន្តែ​នេះ​ជា​ឱកាស​នៃ​​ការ​បង្អួត​បង្ហាញ អំពី​ភាព​ជឿន​លឿន​នៃ​បច្ចេកវិទ្យាយោធា និង​​សព្វាវុធ​ថ្មី ជា​យុទ្ធសាស្ត្រ​របស់​ព្យុងយ៉ាង​ ដែល​​លោក គីម ជុងអ៊ុន ធ្លាប់​លើក​ឡើង​កាលពី​ចុង​ឆ្នាំ​២០១៩​ឬ ?

ផ្សាយពាណិជ្ជកម្ម

គឺនៅ​ថ្ងៃទី ១០ តុលា ១០​ឆ្នាំ​មុន ដែល ​ប្រមុខ​ដឹកនាំ​កូរ៉េខាង​ជើង​ លោក គីម ជុងអ៊ីល បាន​ណែនាំ​ពិភពលោកបានស្គាល់ លោក គីម ជុងអ៊ុន ជា​ផ្លូវការ​។ ដូច្នេះ​សម្រាប់​ខួប​៧៥ឆ្នាំ​ នៃ​​ការ​បង្កើត​គណបក្ស​ពលករ​ នៅ​ថ្ងៃសៅរ៍​ទី ១០​តុលានេះ កូរ៉េខាងជើង​ត្រូវ​តែ​​ដង្ហែក្បួន​ព្យុហយាត្រា​ពិសេស​ជា​និម្មិត្តរូប​ដែរ។

បើ​តាមប្រភព​ព័ត៌មានNK​កូរ៉េខាង​ជើង មាន​ទាហាន​ប្រមាណ​៣២០០០​នាក់ បានមកចូលរួម ពោល​គឺ​ច្រើន​ជាងការ​ហែក្បួន​ព្យុហយាត្រា​ក្នុងថ្ងៃ​បុណ្យ​ជាតិ​ ខួប​ទី ៧០​ឆ្នាំ ​កាលពី​ឆ្នាំ​២០១៨ ដល់​ទៅ​ជិត​បី​ដង​។ យានយន្ត​យោធា ​តម្រៀប​បន្ត​គ្នា​យ៉ាង​វែង​ ​អូត​បង្ហាញ​​មីស៊ីល គ្រឿង​បរិក្ខាយោធា និង​​សព្វាវុធ​​ថ្មីៗ ​និង​បញ្ចប់ដោយ​​កង​សិល្បករ​​សម្តែង​ផ្ទាំង​ទស្សនីយភាព​របស់​យ៉ាង​រស់​រវើក។ ជា​ក្បួន​ព្យុហយាត្រាបង្អួត​កម្លាំង​យោធា​ដ៏​សម្បើម​ពុំ​ធ្លាប់​ក្នុង​ប្រវត្តិកូរ៉េខាង​ជើង​​ពីមុន​មក​ទេ។ ​នេះ​បើ​តាមពាក្យ​របស់​BBC។

ជា​រៀង​រាល់​ព្យុហយាត្រា​យោធា ព្យុងយ៉ាង​តែង​បង្ហាញ​​អំពី​ភាព​ជឿ​នលឿន​របស់​ខ្លួនក្នុង​វិស័យ​បច្ចេកវិទ្យាយោធា​និងសមិទ្ធិផល​ថ្មី។ តើ​​នៅ​ឆ្នាំនេះជា​អ្វី ?​ បើ​តាម​សំដី​របស់​លោក​ គីម ជុងអ៊ុន កាលពី​ខែធ្នូ​ឆ្នាំ​២០១៩ កូរ៉េខាងជើងត្រូវ​បង្ហាញសព្វាវុធ​យុទ្ធសាស្ត្រថ្មី​ ដែល​ទំនង​ជា​មីស៊ីលអន្តរទ្វីបថ្មី​ចល័ត (មិនដូច​មីស៊ីលអន្តរទ្វីប​កូរ៉េខាង​ជើង​ចាស់​ដែល​ត្រូវ​ការមានធុង​ប្រេង​នៅ​ក្បែរទេ) អាចបាញ់​បាន​ដល់​ដែនដីអាមេរិក​ខាង​ជើង។ នេះ​តាមការ​វិភាគ​របស់​អ្នក​ជំនាញស្តីពីកូរ៉េខាង​ជើង។

ប៉ុន្តែ​ខុស​ពី​កម្មវិធី​ព្យុហយាត្រា​មុនៗ នៅ​ឆ្នាំនេះកូរ៉េខាង​ជើង​មិន​បានអញ្ជើញ​ក្រុម​អ្នកសារព័ត៌មាន​បរទេស​មក​ចូល​រួម​ទេ ទូរទស្សន៍​ជាតិ​កូរ៉េខាងជើង ក៏​មិន​បាន​ផ្សាយ​បន្តផ្ទាល់​ការ​ប្រារព្ធ​កម្មវិធីនេះ​ដែរ។ តែ​រដ្ឋាភិបាល​កូរ៉េខាង​ត្បូង បាន​ទទួលសញ្ញា​ថា​ប្រមុខ​ដឹកនាំ​កូរ៉េខាង​ជើង លោក គីម ជុងអ៊ុន បាន​ថ្លែង​សុន្ទរកថា​​ដោយ​ផ្ទាល់​ក្នុង​ពេល​ដង្ហែក្បួនព្យុហយាត្រា​នេះ។

បើ​តាមអ្នក​វិភាគ​ ព្យុហយាត្រា​ហយោធា​ដ៏​សម្បើម​របស់​កូរ៉េខាង​ជើង​នេះ គ្មានកម្មវត្ថុ​​ផ្គើន​សហគមន៍​អន្តរជាតិ ឬ​សហរដ្ឋអាមេរិកទេ តែ​ដើម្បី​បង្អួត​មតិសាធារណៈ​ និងធានារ៉ាប់រង​​ប្រជាពលរដ្ឋកូរ៉េខាង​ជើងខ្លួនឯង ក្នុងខណៈដែល​ប្រទេសកំពុង​រងវិបត្តិសេដ្ឋកិច្ច​ដ៏​ធ្ងន់ធ្ងរ។ ​ជាប់​ទណ្ឌកម្មអាមេរិក រង​គ្រោះ​មហន្តរាយ​​​ព្យុះ​សង្ឃរាយ៉ាង​ច្រើន​ហើយ ​វិបត្តិ​សុខភាព​ពិភពលោក កូវីដ១៩​ បាន​មក​រុញ​កូរ៉េខាង​ជើង​ឱ្យ​បិទព្រំដែន​ និង​ចាត់​វិធានការ​តឹង​តែង​ផ្ទៃក្នុង​ប្រទេស​បន្ថែម​ពី​សេដ្ឋកិច្ច​ដែល​ផុយស្រួយ​ស្រាប់​ទៀត។

យ៉ាងណាក៏​ដោយ​ ក៏​​ក្រុម​ចារកិច្ច​កូរ៉េខាង​ត្បូងនិង​សហរដ្ឋ​អាមេរិក កំពុង​តាម​ដានស្ថានការណ៍​នេះ​ដោយ​ប្រុង​ប្រយ័ត្នបំផុត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI