កូវីដ១៩-ចិន

ចិនធ្វើតេស្តលើប្រជាជនជាង៩លាននាក់ក្នុងក្រុងទាំងមូលក្រោយរកឃើញករណីវិជ្ជមានកូវីដ១២ករណី

ប្រជាជន​តម្រង់ជួរ​ចាំ​ចូល​ធ្វើ​តេស្ត​កូវីដ១៩ នៅ​ក្នុង​ទីក្រុង​ឈីងតៅ ថ្ងៃទី១២ តុលា ២០២០
ប្រជាជន​តម្រង់ជួរ​ចាំ​ចូល​ធ្វើ​តេស្ត​កូវីដ១៩ នៅ​ក្នុង​ទីក្រុង​ឈីងតៅ ថ្ងៃទី១២ តុលា ២០២០ REUTERS - STRINGER

នៅចិន អាជ្ញាធរ​បាន​ប្រកាស​បើក​យុទ្ធនាការ​ធ្វើ​តេស្ត​​ទៅលើ​ទីក្រុង​មួយទាំងមូល ក្រោយ​ពីរកឃើញ​ករណី​វិជ្ជមាន​កូវីដ១៩ ចំនួន ១២​ករណី កាល​ពី​​​ថ្ងៃ​អាទិត្យ​ម្សិលមិញ។ យោងតាម​អាជ្ញាធរ​ក្រុង យុទ្ធនាការធ្វើ​តេស្ត​កូវីដ​នេះ​នឹង​ត្រូវ​បើក​ធ្វើ​ចាប់ពីថ្ងៃ​ចន្ទ​នេះ​ទៅ ហើយ​ជា​យុទ្ធនាការ​ទ្រង់ទ្រាយ​ធំ ដើម្បី​​​ធ្វើ​តេស្ត​ទៅលើ​ប្រជាជន​ទាំង​ជាង ៩លាននាក់​​ ក្នុងរយៈពេល ៥ថ្ងៃ។

ផ្សាយពាណិជ្ជកម្ម

ក្រុង​ដែល​បើក​យុទ្ធនាការ​ធ្វើ​តេស្ត​លើ​ប្រជាជន​ទូទាំងក្រុង​នេះ មាន​ឈ្មោះ​ថា ​ឈីងតៅ (Qingdao) ដែលជាក្រុង​ស្ថិត​នៅ​ជាប់​ឆ្នេរសមុទ្រ​ប៉ែក​ខាង​កើត ហើយ​ស្ថិតនៅ​ប្រមាណ​ជាង ៥រយគីឡូម៉ែត្រ​ខាងជើង​ទីក្រុង​សៀងហៃ។

យោងតាម​អាជ្ញាធរ​ក្រុង មនុស្ស ៦នាក់ ដែល​មាន​រោគសញ្ញា​កូវីដ១៩ ត្រូវ​បាន​ធ្វើ​តេស្ត​វិជ្ជមាន កាល​ពីថ្ងៃ​អាទិត្យ ចំណែក​ករណីវិជ្ជមាន​ ចំនួន ៦ករណី​ផ្សេងទៀត ត្រូវ​បាន​រកឃើញ​លើ​មនុស្ស ដែល​មិនមាន​រោគសញ្ញា​អ្វីទាំងអស់។

ករណីកូវីដ១៩​ទាំង ១២ករណីនេះ ស្ថិត​នៅ​ក្នុង​ក្លាស្ទ័រតែមួយ ដោយ​​មាន​ជាប់​ពាក់ព័ន្ធ​នឹង​មន្ទីរពេទ្យ​មួយកន្លែង ហើយ​ទីតាំង​ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ក្លាស្ទ័រនេះ ទាំង​មន្ទីរពេទ្យ និង​ទាំង​អគារ ដែល​មនុស្ស​ទាំង ១២នាក់​រស់នៅ ក៏​ត្រូវ​បាន​អាជ្ញាធរ​បិទលែងឲ្យចេញចូល​រួចហើយ​ដែរ។ ក៏ប៉ុន្តែ ស្របទៅតាម​យុទ្ធសាស្រ្ត​ប្រឆាំង​កូវីដ ដែលគេ​ឃើញ​ថា​ចិន​តែងតែ​អនុវត្ត​ជាទូទៅ​ ឲ្យតែ​មាន​ការ​រកឃើញ​ក្លាស្ទ័រកូវីដ​ណាមួយ អាជ្ញាធរតែងតែ​បើក​យុទ្ធនាការ​ធ្វើ​តេស្ត​ទ្រង់ទ្រាយធំ នៅក្នុង​តំបន់​នោះ ដើម្បី​ធ្វើ​យ៉ាងណា​ទប់ស្កាត់​កុំ​ឲ្យ​មាន​ករណី​ឆ្លងរាលដាល​ទៅកាន់​តំបន់​ផ្សេង។

គួរបញ្ជាក់ថា ​ករណីវិជ្ជមានកូវីដ​​នៅ​ក្រុង​ឈីងតៅ​នេះ ត្រូវ​បាន​គេ​រកឃើញ តែ​ប៉ុន្មានថ្ងៃ​ប៉ុណ្ណោះ ក្រោយ​វិស្សមកាល​​ថ្ងៃ​បុណ្យជាតិ​ចិន កាល​ពីសប្តាហ៍​មុន ហើយ​យោងតាម​ការផ្សាយ​របស់​កាសែត​ The Global Times ដែល​ជា​កាសែតផ្លូវការ​របស់​បក្ស​កុម្មុយនិស្ត​ចិន ​ក្រុង​ឈីងតៅ ដែល​ជា​ក្រុង​ជាប់មាត់សមុទ្រ​នេះ បាន​ទទួល​ទេសចរ​មក​ពី​តំបន់​ផ្សេងៗ​រហូត​ដល់​ទៅ​ប្រមាណ​ជាជិត ៤លាន៥សែននាក់ នៅ​ក្នុង​អំឡុង​វិស្សមកាល​មួយសប្តាហ៍​នេះ។

ក្រោយ​ការ​រកឃើញ​ករណីវិជ្ជមាន​កូវីដ​នៅ​ក្រុងឈីងតៅ ​អាជ្ញាធរក្រុង​ដែល​ស្ថិត​នៅក្បែរ​ក្រុង​ឈីងតៅនេះ បាន​ចេញ​សេចក្តីណែនាំ​​​​ឲ្យ​ប្រជាជន​របស់​ខ្លួន នាំ​គ្នា​ទៅធ្វើ​តេស្ត ប្រសិនបើ​ពួកគេ​ធ្លាប់​បាន​ធ្វើ​ដំណើរ​ទៅកាន់​ក្រុង​ឈីងតៅ នៅ​ក្នុង​អំឡុងពេល​ប្រមាណ​ជា​ង​ពីរសប្តាហ៍​កន្លងទៅនេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI