តើចិនខាត ឬចំណេញ បើសិនមិនទិញ ធ្យូងថ្ម ពីអូស្ត្រាលី?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៣:៥៤
នៅពេលចិន និងអូស្ត្រាលីតានតឹងកាន់តែខ្លាំងខាងផ្នែកពាណិជ្ជកម្ម ទីភ្នាក់ងារផ្គត់ផ្គង់ព័ត៌មានស្តីពីថាមពលអន្តរជាតិ S&P Global Platts បានចុះផ្សាយថា រដ្ឋាភិបាលចិនទើបបាននិយាយប្រាប់ក្រុមហ៊ុនរដ្ឋចិន ឲ្យឈប់ទិញធ្យូងថ្មរបស់អូស្ត្រាលី។ ខឹងនឹងអូស្ត្រាលី ដែលទាមទារឲ្យមានការស៊ើបអង្កេតលើប្រភពជំងឺកូវីដ នៅប្រទេសចិន រដ្ឋាភិបាលក្រុមប៉េកាំងធ្លាប់បានសម្រេចផ្អាកការនាំចូល សាច់ គ្រាប់ធុញ្ញជាតិ និងស្រាអូស្ត្រាលី។ តើចិនអាចជៀសផុតមិនទិញ ប្រើធ្យូងថ្ម របស់អូស្ត្រាលីដែរឬទេ?
តាមតួលេខរបស់រដ្ឋាភិបាលអូស្ត្រាលី នៅក្នុងរយៈពេល ៦ខែដើមឆ្នាំនេះ ធ្យូងថ្ម នាំចេញទៅប្រទេសចិន មានតម្លៃ ជាង ៧ពាន់លានដុល្លារ ចំណែក រ៉ែដែកអូស្ត្រាលី លក់ទៅប្រទេសចិន ក៏បានកើនឡើង ដល់ចំនួន ៤៣ពាន់លានដុល្លារ។ អូស្ត្រាលីជាប្រទេសផ្គត់ផ្គង់ធ្យូងថ្មធំជាងគេសម្រាប់រោងចក្រផលិតអគ្គិសនីចិន។ បន្ទាប់ពីរ៉ែដែក ធ្យូងថ្ម ជាធនធានធម្មជាតិសំខាន់ទី២ ដែលអូស្ត្រាលី លក់ នាំចេញទៅប្រទេសចិន។ ប៉ុន្តែ នៅប៉ុន្មានសប្តាហ៍មកនេះ ធ្យូងថ្មរបស់អូស្ត្រាលី កាន់តែជួបការលំបាក ក្នុងការរកអតិថិជន នៅប្រទេសចិន។
នៅដើមសប្តាហ៍នេះ ទីភ្នាក់ងារS&P Global Platts ដែលជាទីភ្នាក់ងារឯករាជ្យខាងផ្តល់ព័ត៌មានស្តីពីថាមពលក្នុងទីផ្សារអន្តរជាតិ បានចុះផ្សាយថា រដ្ឋអំណាចចិន បាននិយាយប្រាប់ ក្រុមហ៊ុនរដ្ឋចិន កុំឲ្យកុម្ម៉ង់ ទិញ នាំចូលធ្យូងថ្ម ពីអូស្រ្តាលី។ តាមការបញ្ជាក់របស់ S&P Global Platts អាជ្ញាធរចិននិយាយប្រាប់ផ្ទាល់មាត់ ប៉ុន្តែ គ្មានចេញប្រកាសជាផ្លូវការនោះទេ។
នៅក្រោយការចុះផ្សាយគួរឲ្យជឿជាក់របស់ទីភ្នាក់ងារ S&P Global Platts រដ្ឋាភិបាលអូស្ត្រាលី បានផ្តើមការស៊ើបអង្កេត និងទាមទារ ការបកស្រាយពីភាគីចិន ប៉ុន្តែ គ្មានលទ្ធផលអ្វីនោះទេ។ នាយករដ្ឋមន្រ្តីអូស្ត្រាលី លោកScott Morrison បាននិយាយបន្ធូរបន្ថយភាពតានតឹងមកវិញ ដោយអះអាងថា ប្រទេសចិន អាចកាត់បន្ថយ ការទិញធ្យូងថ្ម ពីបរទេស ដើម្បី ពង្រឹងវិស័យឧស្សាហកម្ម ធ្យូងថ្ម ក្នុងស្រុក។ ក្រុមប្រឹក្សារ៉ែអូស្ត្រាលីវិញ បានប្រកាសថា ភាគីអូស្ត្រាលីកំពុងព្យាយាមស្តារទំនាក់ទំនងវិជ្ជមានជាមួយប្រទេសចិន។ ប៉ុន្តែ វិបត្តិកូវីដបានប៉ះពាល់ ដល់តម្រូវការផ្នែកថាមពល និងដែកថែប នៅក្នុងពិភពលោក។
វិបត្តិកូវីដជារឿងមួយ។ ប៉ុន្តែ បដិសេធរបស់អូស្ត្រាលី មិនប្រើបណ្តាញទូរស័ព្ទ 5G របស់ចិន សំណុំរឿង ក្រុមហ៊ុនHuawei ហើយនិងការឆាប់អំពាវនាវ របស់អូស្ត្រាលី ដើម្បីឲ្យមានការស៊ើបអង្កេតឯករាជ្យ លើប្រភពជំងឺកូវីដនៅទីក្រុងវូហាន ប្រទេសចិន គឺគ្រប់គ្រាន់ឲ្យទីក្រុង ប៉េកាំង ខឹងសម្បារ រហូតដល់ចាត់វិធានការសងសឹក អូស្ត្រាលី។ ដំបូងឡើយ ចិនបានរករឿង គ្រាប់ធុញ្ញជាតិអូស្ត្រាលី បន្ទាប់មក ប្រកាសហាមនាំចូលសាច់គោពីរោងចក្រចំនួន ៥របស់អូស្ត្រាលី មុននឹងសម្រេចបើកការស៊ើបអង្កេតប្រឆាំង ស្រាអូស្ត្រាលី។ ការហាមឃាត់នាំចូល គ្រាប់ធុញ្ញជាតិ សាច់គោ និងស្រាអូស្ត្រាលី គ្មានប៉ះពាល់ធំដុំដល់ការប្រើប្រាស់ក្នុងស្រុក។ ចុះ ការធ្វើពហិកា មិននាំចូលធ្យូងថ្ម អូស្ត្រាលីនឹងអាចធ្វើឲ្យចិនខាត ឬចំណេញ? តើចិនអាចជៀស មិនទិញនាំចូលធ្យូងថ្មអូស្ត្រាលីដែរឬទេ?
សម្រាប់អ្នកវិភាគរបស់ទីភ្នាក់ងារ ព័ត៌មានអង់គ្លេស Reuters ចិនអាចគិតខុស ព្រោះថា ជាការពិត សម្រាប់រោងចក្រផលិតអគ្គសនី ដើរដោយធ្យូងថ្ម ចិនអាចជំនួសធ្យូងថ្ម អូស្ត្រាលី ដោយងាកទៅទិញ ធ្យូងថ្ម ពីប្រទេសរុស្ស៊ី អាហ្វ្រិកខាងត្បូង កូឡុំប៊ី ឬអាមេរិក ដោយមិនចាំបាច់ត្រូវបង់ចំណាយច្រើនជាងនោះទេ។
ប៉ុន្តែ សម្រាប់ រោងចក្រផលិតដែកថែប របស់ចិន វាជារឿងផ្សេង។ ធ្យូងថ្ម Cok Coal ដែលគេប្រើសម្រាប់តែ ដុតដែកថែប ហើយនិងធ្យូងថ្ម Métallurgique សម្រាប់ដុតលោហធាតុ ដែលលក់ក្នុងតម្លៃថោក ដូចជាធ្យូងថ្ម របស់អូស្ត្រាលី គឺចិនពិបាកនឹងរកបានណាស់។ ត្រូវដឹងថា ធ្យូងថ្មសម្រាប់ដុតដែកថែបរបស់អូស្ត្រាលី តំណាងឲ្យ៥០ភាគរយ នៃពាណិជ្ជកម្មធ្យូងថ្ម ក្នុងពិភពលោក។ បើសិន ចិនចង់ជៀស មិនទិញ ធ្យូងថ្មរបស់អូស្ត្រាលី នោះ ក្រុមហ៊ុនផលិតដែកថែបរបស់ចិន ត្រូវទៅរកទិញធ្យូងថ្ម ប្រទេសផ្សេង ក្នុងតម្លៃខ្ពស់ ដែលនឹងធ្វើឲ្យការលក់ដែកថែប របស់ចិន ជួបបញ្ហា មិនអាចប្រកួតប្រជែងជាមួយផលិតផលរបស់ក្រុមហ៊ុន របស់ប្រទេសអាស៊ីផ្សេងទៀត។
ដោយណែនាំកុំឲ្យក្រុមហ៊ុនចិន ទិញនាំចូលធ្យូងថ្មអូស្ត្រាលី អាជ្ញាធរចិនចង់ដាក់សម្ពាធសេដ្ឋកិច្ចមួយកម្រិតទៀត លើទីក្រុងកង់បេរ៉ា។ ប៉ុន្តែ រដ្ឋាភិបាលអូស្ត្រាលីវិញបានបញ្ជាក់រួចហើយថា ខ្លួនមិនផ្លាស់ប្តូរជំហររបស់ខ្លួន នៅចំពោះមុខការដាក់សម្ពាធពាណិជ្ជកម្មរបស់ចិន។ ម្យ៉ាង អូស្ត្រាលី នៅតែជឿជាក់លើគុណភាព និងតម្លៃសមរម្យ របស់ផលិតផលធ្យូងថ្មរបស់ខ្លួន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ