អានតួអត្ថបទ
ថៃ-បាតុកម្មប្រជាធិបតេយ្យ​

អ្នកប្រជាធិបតេយ្យ​​ថៃ​ធ្វើ​បាតុកម្ម​សាជាថ្មី នៅថ្ងៃខួប​រំលឹក​ចលនា​បះបោរ​​របស់​និស្សិត​ឆ្នាំ​១៩៧៣

បាតុករថៃ នៅក្បែរវិមាន​ប្រជាធិបតេយ្យ ដើម្បីទាមទារឲ្យ​លោក​ប្រាយុទ្ធ ចាន់អូចា ចុះចេញពីតំណែង ព្រមទាំងធ្វើកំណែទម្រង់រដ្ឋធម្មនុញ្ញ ដើម្បីស្តា​លទ្ធិប្រជាធិបតេយ្យ​។ ថ្ងៃទី ១៤ តុលា ២០២០។
បាតុករថៃ នៅក្បែរវិមាន​ប្រជាធិបតេយ្យ ដើម្បីទាមទារឲ្យ​លោក​ប្រាយុទ្ធ ចាន់អូចា ចុះចេញពីតំណែង ព្រមទាំងធ្វើកំណែទម្រង់រដ្ឋធម្មនុញ្ញ ដើម្បីស្តា​លទ្ធិប្រជាធិបតេយ្យ​។ ថ្ងៃទី ១៤ តុលា ២០២០។ REUTERS - JORGE SILVA
ដោយ៖ ម៉ម ពិសី
១៦ នាទី

នៅថ្ងៃពុធទី ១៤តុលា  ប្រជាជនថៃ ភាគច្រើនជាយុវជន ជាច្រើនពាន់នាក់ បានធ្វើបាតុកម្ម​សាជាថ្មី នៅទីក្រុង​បាងកក ដើម្បីទាមទារឲ្យ​មានការធ្វើកំណែទម្រង់នយោបាយ ឈានទៅ​រក​លទ្ធិប្រជាធិបតេយ្យ ព្រមទាំង​ជម្រុះចោល នូវអំណាចឥទ្ធិពល​ របស់ស្ថាប័នព្រះមហាក្សត្រថៃ។ ថ្ងៃទី​១៤ តុលា ក៏គឺជាថ្ងៃរំលឹកខួប នៃចលនា​ងើប​​​បះបោររបស់និស្សិត​ថៃ នៅឆ្នាំ​១៩៧៣ ដែលក្នុងហេតុការណ៍នោះ សមត្ថកិច្ចថៃបានសម្លាប់​និស្សិត​ ប្រមាណ​១០០នាក់។

ផ្សាយពាណិជ្ជកម្ម

បាតុករប្រជាធិបតេយ្យថៃជាច្រើនពាន់នាក់ បានប្រមូលគ្នាធ្វើបាតុកម្ម ជាថ្មីទៀត នៅកណ្តាលក្រុងបាងកក ក្បែរវិមាន​ប្រជាធិបតេយ្យ។ ក្រុមបាតុករ​ មានបំណងនាំគ្នាដើរពីវិមាន​ប្រជាធិបតេយ្យ ឆ្ពោះទៅកាន់វិមានរដ្ឋាភិបាល ក៏ប៉ុន្តែ​ផ្លូវដើរត្រូវបាន​រារាំង ដោយរនាំង ព្រមទាំងរថយន្តក្រុងធំៗ។ សមត្ថកិច្ចនគរបាល យ៉ាងហោច១៥០០០នាក់ ត្រូវបាន​ដាក់ពង្រាយ ជុំវិញកន្លែងដែលបាតុករជួបជុំគ្នា។

នៅរសៀលថ្ងៃពុធទី១៤តុលា​ដែរ ក្បួនរថយន្តព្រះមហាក្សត្រថៃ ព្រះចៅវិជ្ជរ៉ាឡុងកន ត្រូវបើកឆ្លងកាត់ផ្លូវ ក្បែរក្រុម​បាតុករ​។ ក៏ប៉ុន្តែ ក្រុមបាតុករបានអំពាវនាវ ឲ្យ​គ្រប់គ្នារក្សាភាពថ្លៃថ្នូរ ហាមស្រែកជេរប្រមាថ ដោយពាក្យ​អសុរស។ លោក អាណន់ នំផា មេក្រុមបាតុករម្នាក់ បានអះអាងប្រាប់អ្នកយកព័ត៌មានបារាំងថា បាតុករទាំងអស់ គ្មានបំណងឈ្លោះប្រកែក ឬប៉ះទង្គិចដោយហិង្សា ជាមួយ​សមត្ថកិច្ចឡើយ។ តែលោកទទួលស្គាល់ថា ធម្មតាទេ ការស្រែក ឬប្រើ​ពាក្យសម្តី រករឿងគ្នាទៅវិញទៅមក គឺជារឿងមិនអាចចៀសផុតឡើយ។

គួរកត់សំគាល់​ថា នៅមិនឆ្ងាយ​ប៉ុន្មាន​ ពីក្រុមបាតុករប្រជាធិបតេយ្យ ក៏មានការជួបជុំរបស់​ក្រុម​បាតុករ​ពាក់អាវលឿង​ ដែល​គាំទ្ររដ្ឋាភិបាល​ និងរបប​​​រាជានិយម ជាច្រើននាក់ផងដែរ។ នៅលើចិញ្ចើមផ្លូវម្ខាងម្នាក់ បាតុករខ្លះ បានស្រែកជេរ បោះសម្តីឲ្យ​គ្នាទៅវិញទៅមក។ លោក ស៊ីរី កាសេមសាវ៉ាត់ បាតុករអាវលឿងម្នាក់ បានប្រាប់អ្នកយកព័ត៌មាន​បារាំងថា ពួក​យុវជនមិនអាចផ្តួលរំលំរបបរាជានិយមថៃ ជាទីសក្ការៈ ដែលមានចំណាស់ជាង​៧០០ឆ្នាំមកហើយ​នោះទេ។

សូមរំលឹកផងដែរថា កាលពីថ្ងៃ​អង្គារទី​១៣តុលា​ក្រុមបាតុករ​ប្រជាធិបតេយ្យ ជាច្រើនពាន់នាក់ ក៏បានធ្វើបាតុកម្មដែរ។ នៅពេលរសៀល សមត្ថកិច្ចបាន​ព្យាយាមបំបែកហ្វូងបាតុករ ដើម្បីបើកផ្លូវ ឲ្យ​ក្បួនរថយន្តព្រះមហាក្សត្របើកឆ្លងកាត់ បង្ករឲ្យ​មានការប៉ះទង្គិចគ្នា​ធ្ងន់ធ្ងរ។ បាតុករចំនួន​២១នាក់ ត្រូវបានចាប់ឃាត់ខ្លួន។ នៅពេល​ក្បួនរថយន្តព្រះមហាក្សត្របើកឆ្លងកាត់ បាតុករជាច្រើនពាន់នាក់ បានលើកដៃម្រាមបី ដោយយកតម្រាប់តាមភាពយន្តហូលីវូដរឿង Hunger Games ជាសញ្ញាតវ៉ា ប្រឆាំងនឹងអំណាចផ្តាច់ការ​កៀបសង្កត់ ធ្វើបាបអ្នកតូចតាច។

ដោយឡែក យោងតាមប្រភពខ្លះ បាតុកម្មរបស់ក្រុមប្រជាធិបតេយ្យ នៅថ្ងៃទី​១៤តុលានេះ ហាក់មានចំនួន​មនុស្សចូលរួមតិចជាងការរំពឹងទុក។ លោក ធិទិណាន់ ភុងស៊ុធីរ៉ាក់ សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ​ នៅសកលវិទ្យាល័យ​ជូឡាឡុងកន បានលើកឡើងថា ក្រុមយុវជនទំនងជាគិតស្មានថាខ្លួនមានកម្លាំងខ្លាំង អាចប្រមូល​បានការគាំទ្រដោយងាយៗ ដោយមិនចាំបាច់ មានកម្មវត្ថុ​នយោបាយ​ជាក់ច្បាស់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ