អានតួអត្ថបទ
ថៃ-នយោបាយ

យុវជនថៃ​រាប់​ពាន់​នាក់ ធ្វើ​បាតុកម្ម​ មិនខ្លាច​​ច្បាប់ថ្មី ​ដែល​ហាម​ឃាត់​ការជួបជុំ

យុវជនបាតុករថៃ​នៅលើផ្លូវ ក្នុងសង្កាត់រ៉ាតឆាប្រាសុង កណ្តាលទីក្រុងបាងកក យប់ថ្ងៃព្រសហ្បតិ៍ ទី​១៥តុលា ២០២០
យុវជនបាតុករថៃ​នៅលើផ្លូវ ក្នុងសង្កាត់រ៉ាតឆាប្រាសុង កណ្តាលទីក្រុងបាងកក យប់ថ្ងៃព្រសហ្បតិ៍ ទី​១៥តុលា ២០២០ REUTERS - ATHIT PERAWONGMETHA
ដោយ៖ ម៉ម ពិសី
១៥ នាទី

កាលពីល្ងាច​ថ្ងៃព្រហស្បតិ៍ទី​១៥តុលា យុ​វជន សិស្សនិស្សិត និងប្រជាជនថៃជាច្រើនពាន់នាក់ បានជួបជុំគ្នាធ្វើបាតុកម្ម នៅកណ្តាលទីក្រុងបាងកក បើទោះបីជានៅពេលព្រឹក រដ្ឋាភិបាលថៃ បានចេញថ្មីមួយ ដែលហាមឃាត់ការជួបជុំគ្នា​ លើសពី៥នាក់។ ក្រៅពីស្រែកទាមទារ ឲ្យលោក​ប្រាយុទ្ធ ចាន់អូចា ចុះចេញពីតំណែង បាតុករ បានស្រែកទាមទារឲ្យ​អាជ្ញាធរថៃ ដោះលែង​យុវជនថៃជាង២០នាក់ ដែលគេចាប់ខ្លួន​កាលពីព្រឹកថ្ងៃព្រហស្បតិ៍។

ផ្សាយពាណិជ្ជកម្ម

ក្រិត្យច្បាប់ថ្មី របស់រដ្ឋាភិបាលថៃ ដែលហាមឃាត់ការជួបជុំ ចាប់ពី៥នាក់ឡើងទៅ និងការ​ហាមឃាត់ការសរសេររិះគន់រដ្ឋាភិបាល​នៅ​តាមបណ្តាញសង្គម ហាក់មិនបានធ្វើឲ្យ​យុវជនបាតុករថៃ ខ្លបខ្លាចនោះឡើយ។ នៅព្រលប់​​ថ្ងៃព្រហស្បតិ៍ មនុស្សជាច្រើនពាន់នាក់ បានមកជួបជុំគ្នា អង្គុយ​នៅ​លើផ្លូ​វក្នុងសង្កាត់​ រ៉ាតឆាប្រាសុង ដែលជាសង្កាត់ជំនួញដ៏សំខាន់ កណ្តាល​ក្រុងបាងកក បើទោះ​បីជាត្រូវ​ប្រឈម តតាំងជាមួយ​សមត្ថកិច្ចក៏ដោយ​។

ក្នុងចំណោម​បាតុករ គឺមានភាគច្រើន​ ជា​សិស្សវិទ្យាល័យ​ពាក់ឯកសណ្ឋាន មាននិស្សិត និង​ប្រជាជន​សាមញ្ញ​ខ្លះ​​ផងដែរ។ ពួកគេបានស្រែកទាមទារ ឲ្យ​លោក​ប្រាយុទ្ធ ចាន់អូចា ត្រូវចុះចេញពីតំណែង។ យុវជន​បាតុករ ក៏បាន​ស្រែកទាមទារឲ្យ​សមត្ថកិច្ច ដោះលែងមិត្តភ័ក្រ្តរបស់ពួកគេ ជាង​២០នាក់ ដែលត្រូវបាន​ចាប់ឃាត់ខ្លួន ក្នុងវេលាព្រឹកថ្ងៃព្រហស្បតិ៍ នៅខាងមុខវិមានរដ្ឋាភិបាល​។

សូមបញ្ជាក់ថា ក្នុងចំណោមយុវជនដែលត្រូវគេចាប់ខ្លួន គឺមាន​ លោក Pharit Chivarak លោក Anon Numpha និង​កញ្ញា Panusaya Sithijirawattanakul។ នៅវេលាល្ងាច នៅលើទំព័រ​Facebook របស់លោក Anon Numpha គេឃើញ​មានសារមួយសរសេរថា លោកត្រូវបាន​សមត្ថកិច្ចថៃ ចាប់បញ្ជូនតាមឧត្ថម្ភាគចក្រ យកទៅដាក់ឃុំនៅឯទីក្រុង​ឈាងម៉ៃ។

យោងតាមការចុះផ្សាយ នៅលើគេហទំព័រកាសែតបាងកកប៉ុស្តិ តុលាការព្រហ្មទណ្ឌថៃ បាន​​ចេញដីការឃុំខ្លួន​​បាតុករ​២នាក់ ពី​បទ​​​​​ធ្វើ​សកម្មភាពរារាំង​ ក្បួនព្រះទីនាំងរបស់ព្រះអង្គម្ចាស់ក្សត្រីស៊ុធីតា ព្រះមហេសីរបស់ព្រះចៅវិជ្ជរ៉ាឡុងកន កាលពីរសៀលថ្ងៃពុធ។ ប្រភពដដែលបន្ថែមថា តុលាការថៃក៏បាន​បដិសេធ​ មិនព្រមទទួលប្រាក់ធានា​ឲ្យ​នៅក្រៅឃុំ ពី​មេ​ចលនា​បាតុកម្ម​៥នាក់ផ្សេងទៀត។

យោងតាមគេហទំព័រកាសែតបាងកកប៉ុស្តិដែរ ក្រុមបាតុករបានរំសាយគ្នា នៅវេលាម៉ោង​១០យប់ ដោយពុំមាន​ការ​ប្រឈមមុខគ្នាដោយហឹង្សាធំដំ ជាមួយសមត្ថកិច្ចឡើយ។ យុវជនបាតុករ បានសន្យាថានឹងត្រលប់មកជួបជុំគ្នាម្តងទៀត​ នៅថ្ងៃសុក្រទី​១៦តុលា។

ដោយឡែក លោកថាណាថន ប្រធានគណបក្សអាណាឃត់ម៉ៃ ដែលមានប្រជាប្រិយភាពខ្លាំង កាលពីក្នុងអំឡុងពេលបោះឆ្នោត បានចេញមកនិយាយជាលើកទីមួយថា រដ្ឋាភិបាល​លោកប្រាយុទ្ធ ចាន់អូចា ត្រូវតែ​​ស្តាប់ និង​ឆ្លើយតប ចំពោះការទាមទារចង់បាន របស់យុវជនថៃ ពុំនោះទេ វិបត្តិនយោបាយនេះ នឹងកាន់តែធ្ងន់ធ្ងរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ