អានតួអត្ថបទ
ចិន-កាណាដា

ចិនព្រមានកាណាដាពីការផ្តល់សិទ្ធិជ្រកកោនឲ្យបាតុករអ្នកប្រជាធិបតេយ្យហុងកុង

លោកខុង ផេវូ ឯកអគ្គរដ្ឋទូតចិនប្រចាំទីក្រុងអូតាវ៉ា ប្រទេសកាណាដា
លោកខុង ផេវូ ឯកអគ្គរដ្ឋទូតចិនប្រចាំទីក្រុងអូតាវ៉ា ប្រទេសកាណាដា AP - Justin Tang
១៦ នាទី

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី១៥ តុលា ចិន​តាម​រយៈ​ឯកអគ្គរដ្ឋទូត​លោក​ខុង ផេវូប្រចាំ​ទីក្រុង​អូតាវ៉ា ប្រទេស​កាណាដា​បាន​ចេញ​មុខ​ព្រមាន​កាណាដា​ដែល​បាន​​ផ្តល់​សិទ្ធិជ្រកកោន​ឲ្យ​បាតុករ​អ្នកប្រជាធិបតេយ្យ​ហុងកុង។ លោក​ខុង ផេវូ​បាន​ពន្យល់​ថា កាយវិការ​របស់​ក្រុង​អូតាវ៉ា​នឹង​អាច​ជះ​ផលវិបាក​សុខភាព និង​សន្តិសុខ​ដែល​ប្រជាជន​កាណាដា​ដែល​កំពុង​រស់នៅ​លើ​ទឹកដី​ហុងកុង។ ប្រមុខការទូត​កាណាដា​លោក​ហ្រ្វង់ស័រ ហ្វីលីព ឆំប៉ាញ​បាន​ប្រតិកម្ម​តប​វិញ​ដោយ​ចាត់​ទុក​ការ​ព្រមាន​របស់​លោក​ខុង ផេវូ​ថា​ជា​រឿង​មិន​អាច​ទទួល​យក​បាន និង​ធ្វើ​ឲ្យ​រំខាន។ រឿងរ៉ាវ​ថ្មី​នេះ​នឹង​ធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង​ចិន និង​កាណាដា​ដែល​កំពុង​តានតឹង​ស្រាប់​រឹតតែ​ធ្លាក់​ធ្ងន់ធ្ងរ​ថែម​ទៀត។

ផ្សាយពាណិជ្ជកម្ម

កំហឹង​របស់​ចិន​បាន​ផ្ទុះ​ឡើង បន្ទាប់​ពី​កាណាដា​បាន​ផ្តល់​សិទ្ធិជ្រកកោន​នយោបាយ​ឲ្យ​ប្តី ប្រពន្ធ​ហុងកុង ២នាក់​ដែល​បាន​ចូលរួម​នៅ​ក្នុង​បាតុកម្ម​របស់​ក្រុមអ្នកទាមទារប្រជាធិបតេយ្យ​នៅ​ហុងកុង​កាល​ពី​ឆ្នាំ ២០១៩។ ទន្ទឹម​នឹង​យល់ព្រម​ទទួល​ប្តី ប្រពន្ធ​ហុងកុង​ទាំង ២នាក់ កាណាដា​ក៏​បាន​ត្រៀមខ្លួន​ដើម្បី​ទទួល​ពាក្យ​សុំ​សិទ្ធិជ្រកកោន​ពី​បាតុករ​ហុងកុង​អ្នកទាមទារប្រជាធិបតេយ្យ​ដទៃ​ទៀត​ដែល​បាន​រត់គេច​ខ្លួន​ពី​ការ​វាយបង្រ្កាប​របស់​កម្លាំង​សន្តិសុខ​ចិន។ ចិន​តាម​រយៈ​ឯកអគ្គរដ្ឋទូត​ប្រចាំ​កាណាដា​លោក​ខុង ផេវូ​បាន​ចេញ​មុខ​ព្រមាន​កាណាដា​លើ​រឿងរ៉ាវ​មួយ​នេះ។

« យើង​ស្នើ​យ៉ាង​ទទូច​ដល់​រដ្ឋាភិបាល​កាណាដា​កុំ​ឲ្យ​ផ្តល់​សិទ្ធិជ្រកកោន​នយោបាយ​ដល់​ពួក​ឧក្រិដ្ឋជន​ហុងកុង ព្រោះ​វា​ជា​ការ​លូកដៃ​ចូល​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន និង​ធ្វើ​ឲ្យ​ពួក​ឧក្រិដ្ឋជន​ទាំង​នេះ​កាន់​តែ​មាន​ភាព​កក់ក្តៅ » នេះ​ជា​ការ​ថ្លែង​របស់​លោក​ខុង ផេវូ​នៅ​ក្នុង​សន្និសីទកាសែត​មួយ​តាម​អនឡាញ។ បន្ទាប់​មក លោក​ខុង ផេវូ​បាន​ព្រមាន​កាណាដា​ត្រង់ៗ​ថា បើ​កាណាដា​ពិត​ជា​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ភាព​រុងរឿង និង​ស្ថិរភាព​របស់​ហុងកុង រួម​ទាំង​សុខភាព និង​សុវត្ថិភាព​របស់​ប្រជាជន​កាណាដា​ចំនួន ៣០០.០០០នាក់​រស់​នៅ​ហុងកុង បូក​ទាំង​វត្តមាន​រោងចក្រ សហគ្រាស​កាណាដា​ជា​ច្រើន​លើ​ទឹកដី​ហុងកុង​មែន​នោះ កាណាដា​ត្រូវ​គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ចិន​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​ហិង្សា​នៅ​ហុងកុង។

« ការ​លើក​ឡើង​របស់​លោក​ខុង ផេវូ​ជា​រឿង​មិន​អាច​ទទួល​យក​បាន និង​ជា​ការ​រំខាន » នេះ​ជា​ប្រតិកម្ម​បក​វិញ​របស់​ប្រមុខការទូត​កាណាដា​លោក​ហ្រ្វង់ស័រ ហ្វីលីព ឆំប៉ាញ។ គួរ​រម្លឹក​ថា ចិន និង​កាណាដា​បាន​ស្គាល់​ទំនាក់ទំនង​តានតឹង​ខ្លាំង​តាំង​ពី​ដំណាច់​ឆ្នាំ ២០១៨ ពោល​តាំង​ពី​កាណាដា​បាន​ចាប់​ខ្លួន​លោកស្រី Meng Wanzhou តាម​សំណើ​របស់​សហរដ្ឋអាមេរិក។ លោកស្រី Meng ជា​នាយិកាហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន​ចិន Huawei និង​ជា​កូនស្រី​របស់​ស្ថាបនិក​ក្រុមហ៊ុន Huawei។ ជា​ការ​សងសឹក​ពី​ការ​ចាប់​ខ្លួន​លោកស្រី Meng នៅ​កាណាដា​កាលណោះ ចិន​ក៏​បាន​ចាប់​ខ្លួន​អតីត​មន្រ្តីការទូត​កាណាដា​លោក Michael Kovring និង​អ្នក​ជំនួញកាណាដា​លោក Michael Spavor នៅ​ចិន​វិញ​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ