អានតួអត្ថបទ
ចិន-Covid១៩

ចិន-កូវីដ១៩៖ស្រុកចាស៊ីងក្នុង​ខេត្តជឺជាំងបានស្នើឲ្យពលរដ្ឋមួយចំនួនចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩

មន្ទីរពិសោធន៍​រក​វ៉ាក់សាំង​បង្ការកូវីដ១៩ នៅ​ចិន
មន្ទីរពិសោធន៍​រក​វ៉ាក់សាំង​បង្ការកូវីដ១៩ នៅ​ចិន AP - Ng Han Guan
១៦ នាទី

នៅ​ក្នុង​ប្រទេស​ចិន ស្រុក​ចាស៊ីង​ស្ថិត​ក្នុង​ខេត្ត​ជឺជាំង​ស្ថិត​ប៉ែក​ខាង​កើត​ប្រទេស​ចិន​បាន​ស្នើ​ឲ្យ​ពលរដ្ឋ​មួយ​ចំនួន​ចាក់​វ៉ាក់សាំង​បង្ការ​កូវីដ១៩។ ព័ត៌មាន​នេះ​ត្រូវ​បាន​បញ្ជាក់​ដោយ​មជ្ឈមណ្ឌល​គ្រប់គ្រង​ជំងឺ​ឆ្លង​ក្នុង​ស្រុក​ចាស៊ីង។ គឺ​ជា​វ៉ាក់សាំង​ដែល​ផលិត​ដោយ​ក្រុមហ៊ុនឱសថ​ឯកជន​ចិន​ឈ្មោះ Sinovac។ តែ​វ៉ាក់សាំង​នេះ​នៅ​មិន​ទាន់​ទទួល​បាន​ការ​អនុញ្ញាត​ឲ្យ​ដាក់​លក់​ជា​សាធារណៈ​នៅ​ឡើយ​ទេ។ បើ​យោង​តាម​អង្គការសុខភាពពិភពលោក មាន​វ៉ាក់សាំង​របស់​ចិន​សម្រាប់​បង្ការ​កូវីដ១៩ ប្រមាណ​ជា ១០ប្រភេទ​កំពុង​ធ្វើ​តេស្តិ៍​លើ​មនុស្ស ក្នុង​នោះ មាន ៤ប្រភេទ​បាន​ឈាន​ដល់​ដំណាក់ការ​តេស្តិ៍​ទី៣ ចុង​ក្រោយ ពោល​ការ​ធ្វើ​តេស្តិ៍​លើ​មនុស្ស​ជា​ច្រើន​រយ​ពាន់​នាក់។

ផ្សាយពាណិជ្ជកម្ម

តាម​មជ្ឈមណ្ឌល​គ្រប់គ្រង​ជំងឺ​ឆ្លង​ក្នុង​ស្រុក​ចាស៊ីង សំណើ​ឲ្យ​ចាក់​វ៉ាក់សាំង​បង្ការ​កូវីដ១៩ ផលិត​ដោយ​ក្រុមហ៊ុន​ឱសថ​ឯកជន​ចិន Sinovac មិនមែន​សម្រាប់​ពលរដ្ឋ​រស់ក្នុង​ស្រុក​ចាស៊ីង​ទាំង​អស់​ទេ។ តែ​សម្រាប់​ក្រុម​មនុស្ស​អាទិភាព​ដែល​ប្រឈម​នឹង​កូវីដ១៩ ដូច​ជា​ក្រុម​បុគ្គលិកពេទ្យ ក្រុមមនុស្ស​ដែល​ធ្វើ​ការងារ​ទាក់ទង​ជាមួយ​សាធារណៈ ក្រុម​មន្រ្តី​គយ ឬ​ក្រុម​អ្នកដំណើរ​ដែល​ត្រូវ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ដែល​មាន​ហាន័យ​ឆ្លង​កូវីដ១៩ ខ្ពស់។ ក្រុម​មនុស្ស​អាទិភាព​ទាំង​នេះ​ដែល​មាន​អាយុ​ចន្លោះ​ពី ១៨ឆ្នាំ​ទៅ ៥៩ឆ្នាំ​អាច​ទៅ​ពិគ្រោះ យោបល់​ដើម្បី​អាច​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩​ដែល​ផលិត​ដោយ​ក្រុមហ៊ុន​ឱសថ​ឯកជន​ចិន Sinovac

មាន​វ៉ាក់សាំង​ចំនួន ២ដូស​ដែល​ត្រូវ​ចាក់​ដោយ​ការ​ចាក់​លើកទី១ និង​លើក​ទី២ ត្រូវ​មាន​គម្លាត​រយៈពេល​ពី ១៤ ទៅ ២៨ថ្ងៃ ហើយ​តម្លៃ​សរុប​របស់​វ៉ាក់សាំង​គឺ ៤០០យ័ន។ តើ​ការ​ចាក់​វាំក់សាំង​នេះ​បាន​ដំណើរការ​ហើយ​ឬ​នៅ?។ រដ្ឋអំណាច​ស្រុក​ចាស៊ីង​មិន​បាន​បញ្ជាក់​ទេ។ គួរ​បញ្ជាក់​ថា​នៅ​ចិន និង​បើ​តាម​អង្គការសុខភាពពិភពលោក មាន​វ៉ាក់សាំង​បង្ការ​កូវីដ១៩ ប្រមាណ​ជា ១០ប្រភេទ​ត្រូវ​បាន​ធ្វើ​តេស្តិ៍​លើ​មនុស្ស ក្នុង​នោះ មាន ៤ប្រភេទ​បាន​ឈាន​ដល់​ដំណាក់ការ​ធ្វើ​តេស្តិ៍​ទី៣ ចុង​ក្រោយ ពោល​ជា​ការ​ធ្វើ​តេស្តិ៍​លើ​មនុស្ស​ជា​ច្រើន​រយ​ពាន់​នាក់។

តែ​មក​ដល់​ពេល​នេះ នៅ​មិន​ទាន់​មាន​វ៉ាក់សាំង​ណា​មួយ​ទទួល​បាន​ការ​អនុញ្ញាត​ឲ្យ​ចេញ​លក់​ជា​សាធារណៈ​ឡើយ។ មាន​វ៉ាក់សាំង​មួយ​ចំនួន​ត្រូវ​បាន​រដ្ឋអំណាច​ចិន​​ផ្តល់​ភ្លើង​ខៀវ​ឲ្យ​ប្រើ​ក្នុង​ដំណាក់ការ​សាកល្បង​សម្រាប់​តែ​ករណី​បន្ទាន់។ គួរ​បញ្ជាក់​ថា ចិន​ក៏​ជា​ប្រទេស​មួយ​ដែល​កំពុង​ប្រកួតប្រជែង​រក​វ៉ាក់សាំង​ឲ្យ​បាន​មុន​គេ។ ក្រុម​អ្នកទទួល​ខុសត្រូវ​សុខាភិបាល​ចិន​បាន​ប្រកាស​ក្នុង​ខែ​កញ្ញា​កន្លង​ទៅ​ថា ពី​ពេល​នេះ​ទៅ​ដំណាច់​ឆ្នាំ ២០២០ ចិន​មាន​សមត្ថភាព​ផលិត​វ៉ាក់សាំង​ចំនួន ៦១០លានដូស​ក្នុង​មួយ​ឆ្នាំ ហើយ​ប្រធានាធិបតី​ចិន​លោក​ស៊ី ជីនពីង​បាន​សន្យា​ថា វ៉ាក់សាំង​ចិន​ជា​ទ្រព្យ​សម្រាប់​ពិភពលោក។ នៅ​ដើម​ខែ​តុលា​នេះ ចិន​ក៏​បាន​ភ្ជាប់​ខ្លួន​ទៅ​នឹង​យន្តការណ៍« Covax » ដែល​ជា​យន្តការណ៍​នៃ​ការ​ទទួល​បាន​វ៉ាក់សាំង​បង្ការ​កូវីដ១៩ ផ្តួចផ្តើម​ឡើង​ដោយ​អង្គការ​សុខភាព​ពិភពលោក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ