អានតួអត្ថបទ
ជប៉ុន នុយក្លេអ៊ែរ

នុយក្លេអ៊ែរ៖ជប៉ុនគ្រោងបង្ហូរទឹកមានធាតុវិទ្យុសកម្មពីមជ្ឈមណ្ឌលនុយក្លេអ៊ែរហ៊្វូគូស្ហ៊ីម៉ាចូលសមុទ្រ

មជ្ឈមណ្ឌលនុយក្លេអ៊ែរហ៊្វូគូស្ហ៊ីម៉ាក្នុង​ប្រទេស​ជប៉ុន
មជ្ឈមណ្ឌលនុយក្លេអ៊ែរហ៊្វូគូស្ហ៊ីម៉ាក្នុង​ប្រទេស​ជប៉ុន AP - Pablo M. Diez
១៦ នាទី

នៅ​ក្នុង​ប្រទេស​ជប៉ុន ជិត ១០ឆ្នាំ​ក្រោយ​គ្រោះមហន្តរាយ​នៅ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ហ៊្វូគូស្ហ៊ីម៉ា រដ្ឋាភិបាល​គ្រោង​បង្ហូរ​ទឹក​មាន​ធាតុ​វិទ្យុសកម្ម​ទៅ​ក្នុង​សមុទ្រ។ ព័ត៌មាន​នេះ​ត្រូវ​បាន​ទម្លាយ​ដោយ​កាសែត​ជប៉ុន​នា​ថ្ងៃ​សុក្រ ទី១៦ តុលា។ ចំណែក​រដ្ឋាភិបាល​តាម​រយៈ​រដ្ឋមន្រ្តី​ក្រសួង​ឧស្សាហកម្ម​លោក​ហ៊ីរ៉ូស្ហ៊ី កាហ្យ៊ីយ៉ាម៉ា​មិន​បាន​បញ្ជាក់​លើ​ព័ត៌មាន​នេះ​ទេ តែ​បាន​អះអាង​ថា នៅ​មិន​ទាន់​មាន​សេចក្តីសម្រេច​ណា​មួយ​ស្តីពី​ការ​រំដោះ​ទឹក​ចេញ​ពី​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ហ៊្វូគូស្ហ៊ីម៉ា​នៅ​ឡើយ​ទេ និង​ថា រដ្ឋាភិបាល​នឹង​សម្រេច​នា​ពេល​ឆាប់ៗ។

ផ្សាយពាណិជ្ជកម្ម

ជិត ១០ឆ្នាំ​ក្រោយ​គ្រោះមហន្តរាយ​នៅ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ហ៊្វូគូស្ហ៊ីម៉ា​ដែល​បង្ក​ឡើង​ដោយ​រលកយក្ស​ស៊ូណាមី​ក្នុង​ថ្ងៃទី១១ មីនា ឆ្នាំ ២០១១ រដ្ឋាភិបាល​កំពុង​បន្ត​ឈឺ​ក្បាល​នឹង​បរិមាណ​ទឹក​មាន​ធាតុ​វិទ្យុសកម្ម​ចំនួន ១ ២៣០ ០០០តោន​ដែល​កំពុង​ស្តុក​ទុក​នៅ​ក្នុង​អាងទឹក​ចំនួន ១ ០៤៤អាងទឹក។ គឺ​ជា​ទឹក​ដែល​បាន​បូម​ចេញ​ពី​ម៉ាស៊ីនប្រតិកម្ម​ចំនួន ៣ ដែល​បាន​ខូចខាត​ដោយ​រលកយក្ស​ស៊ូណាមី​ក្នុង​ចំណោម​ម៉ាស៊ីនប្រតិកម្ម​ទាំង ៦ ដែល​មាន​នៅ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ហ៊្វូគូស្ហ៊ីម៉ា។ ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ​បាន​ឲ្យ​ដឹង​ថា​នៅ​ជិត​រដូវ​ក្តៅ​ឆ្នាំ ២០២២ អាងទឹក​ទាំង ១០៤៤ អាងទឹក​នឹង​ត្រូវ​ពេញ។

គួរ​បញ្ជាក់​ថា អស់​ជា​ច្រើន​ឆ្នាំ​កន្លង​មក​ដែល​រដ្ឋាភិបាល​ជប៉ុន​ព្យាយាម​រក​មធ្យោបាយ​រំដោះ​ទឹក​ចេញ​ពី​អាងទឹក​ទាំង​នោះ។ ក្នុង​ខែ​វិច្ឆិកា​ឆ្នាំ ២០១៨ ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ​បាន​ចេញ​របាយការណ៍​មួយ​ដោយ​ជំរុញ​រដ្ឋាភិបាល​ជប៉ុន​ឲ្យ​គិតគូរ​ជា​បន្ទាន់​ចំពោះ​បញ្ហា​នេះ។ ក្នុង​ខែ​កុម្ភៈ​ដើម​ឆ្នាំ ២០២០ គណៈកម្មការ​មួយ​របស់​រដ្ឋាភិបាល​បាន​បង្ហាញ​ចេញ​នូវ​ជម្រើស​ពីរ​ដើម្បី​រំដោះទឹក​ចេញ​ពី​អាងទឹក ទី១ បង្ហូរ​ចូល​សមុទ្រ និង​ទី២ បម្លែង​ទឹក​ទាំង​អស់​ទៅ​ជា​ចំហាយ​នៅ​ក្នុង​បរិយាកាស។ បន្ទាប់​មក​ក្នុង​ខែ​មេសា រដ្ឋាភិបាល​បាន​ផ្តើម​ឲ្យ​មាន​ការ​ពិភាក្សា ពិគ្រោះយោបល់។

ក្រុមហ៊ុន​អគ្គិសនី​ជប៉ុន​បាន​ថ្លែង​ធានា​ពី​ការ​ចម្រោះ និង​ជំរុះ​ធាតុវិទ្យុសកម្ម​ចេញ​ជា​មុន មុន​នឹង​បង្ហូរ​ទឹក​ទាំង​នោះ​ចូល​សមុទ្រ។ ទោះ​ជា​យ៉ាង​នេះ​ក្តី ការ​បារម្ភ​ពី​គ្រោះថ្នាក់​នៅ​បន្ត​មាន ទោះ​ជា​ជម្រើស​បង្ហូរ​ចូល​សមុទ្រ ឬ​បម្លែង​ជា​ចំហាយ​ទៅ​ក្នុង​បរិយាកាស។ ក្តី​បារម្ភ​មាន​ទាំង​នៅ​ជប៉ុន និង​នៅ​អន្តរជាតិ ពិសេស​ចិន កូរ៉េខាងត្បូង ឬ​តៃវ៉ាន់​ដែល​បន្ត​ហាម​នាំ​ចូល​ផលិតផល​មក​ពី​តំបន់​ហ៊្វូគូស្ហ៊ីម៉ា និង​តំបន់​ជុំវិញ​ហ៊្វូគូស្ហ៊ីម៉ា។ យ៉ាង​ណា​ក៏​ដោយ រដ្ឋមន្រ្តី​ក្រសួង​ឧស្សាហកម្ម​លោក​ហ៊ីរ៉ូស្ហ៊ី កាហ្យ៊ីយ៉ាម៉ា​បាន​ថ្លែង​ថា រដ្ឋាភិបាល​នឹង​ធ្វើ​ការ​សម្រេច​នា​ពេល​ឆាប់ៗ​ខាង​មុខ។

យោង​តាម​ព័ត៌មាន​ចុះ​ផ្សាយ​ដោយ​កាសែត​ជប៉ុន​ក្នុង​ថ្ងៃ​សុក្រ ទី១៦ តុលា សេចក្តីសម្រេច​ផ្លូវការ​នឹង​ត្រូវ​អនុម័ត​នៅ​មុន​ដំណាច់​ខែ​តុលា​នេះ។ តាម​កាសែត Asahi ជម្រើស​បង្ហូរ​ទឹក​ចូល​សមុទ្រ​ត្រូវ​ប្រើ​ពេល​រៀបចំ​ប្រមាណ​ជា ២ឆ្នាំ ព្រោះ​មុន​នឹង​ទម្លាក់​ចូល​សមុទ្រ គេ​ត្រូវ​ច្រោះ និង​ជម្រុះ​ធាតុវិទ្យុសកម្ម​ជា​មុន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ