អានតួអត្ថបទ

សភាចិន​អនុម័តច្បាប់​ជីវសន្តិសុខ​ដើម្បីការពារ​អ្នកទាញសញ្ញាអាសន្ន​ពីគ្រោះថ្នាក់​នៃ​ជំងឺរាតត្បាត

ប្រជាជន​ហុងកុង​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​របស់​វេជ្ជបណ្ឌិត លី វិនឡាំង​ដែល​ជាអ្នកចេញមុខ ទាញ​សញ្ញាអាសន្ន​មុនគេ ពីមេរោគ​កូរ៉ូណា
ប្រជាជន​ហុងកុង​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​របស់​វេជ្ជបណ្ឌិត លី វិនឡាំង​ដែល​ជាអ្នកចេញមុខ ទាញ​សញ្ញាអាសន្ន​មុនគេ ពីមេរោគ​កូរ៉ូណា AP - Kin Cheung
ដោយ៖ ឈាង បុប្ផា
១៣ នាទី

នៅក្រោយរងការរិះគន់​ ក្នុងរឿងគ្រប់គ្រង​វិបត្តិកូវីដ ដែល​កើតផ្ទុះដំបូង​នៅ​ទីក្រុង​វូហាន ប្រទេស​ចិន សភាចិន​ កាលពី​ថ្ងៃ សៅរ៍ទី ១៧ តុលា បានអនុម័ត​ច្បាប់​ថ្មី ​ស្តីពី​ ជីវសន្តិសុខ ដើម្បី កែលម្អ ការងារ​​​គ្រប់គ្រង ​ជំងឺរាតត្បាត ទៅ​ថ្ងៃ​អនាគត។ ច្បាប់​ស្តីពី​ជីវសន្តិសុខ មាន​គោលដៅ​ផងដែរ ការពារលាក់ អត្តសញ្ញាណ​ អ្នកដែលហ៊ាន​​​ជួយផ្តល់ដំណឹង​ស្តីពី​គ្រោះថ្នាក់នៃ​ជំងឺឆ្លងរាតត្បាត​ ដូចជា​ករណី​ជំងឺកូវីដ ១៩ ជាដើម។ 

ផ្សាយពាណិជ្ជកម្ម

សភាចិន អនុម័ត ច្បាប់​ស្តីពី​ ជីវសន្តិសុខ ដើម្បី ជៀសវាងការថ្លោះធ្លោយ នៅក្នុង​ការគ្រប់គ្រង ដោះស្រាយ​​វិបត្តិជំងឺឆ្លងរាតត្បាត នៅ​ថ្ងៃ​អនាគត។ ច្បាប់​ស្តី​ពី​ជីវសន្តិសុខ ដែល​សំដៅ​កែលម្អ វិធីសាស្រ្ត​គ្រប់គ្រង​ជំងឺរាតត្បាត មាន​ចែង​ផងដែរ ពីសិទ្ធិ​ក្នុង​ការរាយការណ៍ ពី​សកម្មភាព ដែល​គ្រោះថ្នាក់​ដល់​ជីវសន្តិសុខ។ និយាយ​បែបសាមញ្ញ ច្បាប់​ថ្មី​របស់​ចិន នឹង​ជួយ​លើកទឹកចិត្ត ការពារ​​បុគ្គល​ដែលចេញមុខ ​រាយការណ៍​ពី​​គ្រោះថ្នាក់​នៃ​ជំងឺ​រាតត្បាតណាមួយ។ 

ចិន​បាន​បង្កើត ច្បាប់​ជីវសន្តិសុខ នៅក្រោយ រងការរិះគន់ ក្នុងស្រុក និង​ពីប្រទេស​លោកខាងលិច ថា ចិន​បាន​ព្យាយាម​​លាក់​បាំង ជំងឺរាតត្បាត កូវីដ និង​បំបិទ​មាត់ ក្រុមគ្រូពេទ្យ ឬ​បុគ្គល​ដែល​បាន​ទាញ​សញ្ញាអាសន្ន ស្តីពីគ្រោះថ្នាក់​នៃ​ជំងឺរាតត្បាត​កូវីដ។ ឧទាហរណ៍ វេជ្ជបណ្ឌិត លី វិនឡាំង ដែល​ទាញសញ្ញាអាសន្ន​ពីគ្រោះថ្នាក់​នៃ​​មេរោគផ្លូវដង្ហើម​ នៅ​មន្ទីរពេទ្យ​ក្នុង​ក្រុងវូហាន ធ្លាប់​ត្រូវ​បាន​អាជ្ញាធរ​ចិន ​ហៅយក​ទៅព្រមាន ឲ្យនៅ​ស្ងាត់​បិទមាត់។ មរណភាព​របស់​គ្រូពេទ្យ លី វិនឡាំង ដែល​ជា​អ្នកទាញសញ្ញា​ពី​គ្រោះថ្នាក់​របស់​កូរ៉ូណាវីរុស ​បាន​បំផុសបំផុល​ឲ្យ​មានប្រតិកម្ម​រិះគន់ និង​ខឹងសម្បារ ពី​សំណាក់​ពលរដ្ឋចិន។ កាលណោះ រដ្ឋអំណាច​ប៉េកាំង បាន​ទម្លាក់​កំហុស និង​បែរការរិះគន់​ទាំង​អម្បាលម៉ាន​ទៅ​មន្រ្តី​​មូលដ្ឋាន ដែល ក្រោយមក ត្រូវ​បាន​ដកហូត​ចេញពី​តំណែង ជាបន្តបន្ទាប់។

នៅ​ខែ​កុម្ភៈ លោកប្រធានាធិបតី​ចិន ស៊ី ជីនពីង ដែល​បាន​លើកឡើង​ពីតម្រូវការ ​ច្បាប់​ជីវសន្តិសុខ ធ្លាប់​បានទាមទារ​ផងដែរ ឲ្យ​គេ​ធ្វើ​កំណែទម្រង់ យន្តការ​ដើម្បី​បង្ការ​ជំងឺឆ្លងរាតត្បាត។ ទៅតាម​ច្បាប់​ថ្មី​របស់​ចិន ដែល​នឹង​ចូល​ជា​ធរមាន នៅ​ថ្ងៃទី ១៥​មេសា ឆ្នាំ​ក្រោយ អ្នកដែល​លាក់បាំង មិន​ព្រម​រាយការណ៍ព័ត៌មាន ស្តីពី​ជំងឺឆ្លង នឹង​ត្រូវ​ប្រឈម នឹង​ការហៅមកព្រមាន ឬ ត្រូវ​ព្យួរ​ពីការងារ តែប៉ុណ្ណោះ ប៉ុន្តែ គ្មានជាប់ទោសទណ្ឌអ្វីនោះទេ។

ជាមួយ​បទពិសោធន៍​ធ្លាប់​រងគ្រោះ ដោយសារ​ជំងឺ​ផ្លូវដង្ហើម SARS កាលពី​ឆ្នាំ ២០០២ និង​ឆ្នាំ ២០០៣ ចិន​ធ្លាប់​បាន​បង្កើត​ប្រព័ន្ធ​ព័ត៌មាន​សម្រាប់​តាមដាន រាយការណ៍ ពី​ករណី​ជំងឺឆ្លង។ ប៉ុន្តែ ១៧ឆ្នាំ​ក្រោយរងរាតត្បាត ដោយសារ​ជំងឺ​SARS អាជ្ញាធរ​ខេត្ត​ចិនហាក់​ភ្លេចខ្លួន ដោយ ​ធ្វេសប្រហែស ​​ពន្យារពេល ប្រកាសអាសន្ន​សុខភាព​សាធារណៈ រហូត​ធ្វើ​ឲ្យ​ជំងឺកូវីដ១៩ ឆ្លងរីករាលដាល ចេញពី​ទីក្រុង​វូហាន រហូត​ដល់ពាស​ពេញ​ពិភពលោកសព្វថ្ងៃ៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ