អានតួអត្ថបទ
សេដ្ឋកិច្ចចិន-កូវីដ១៩

សេដ្ឋកិច្ចចិនកើនឡើងកាន់តែលឿននៅត្រីមាសទី៣

វិស័យនាំចេញ​ចិន​នៅតែ​ផុយស្រួយ តែ​ការចំណាយ​​ក្នុងទីផ្សារ​ក្នុងស្រុក​ ជួយ​ឲ្យ​សេដ្ឋកិច្ច​ចិន​មាន​កំណើន​​ក្នុងរយៈពេល​ពីរ​ត្រីមាស​ជាប់ៗគ្នា
វិស័យនាំចេញ​ចិន​នៅតែ​ផុយស្រួយ តែ​ការចំណាយ​​ក្នុងទីផ្សារ​ក្នុងស្រុក​ ជួយ​ឲ្យ​សេដ្ឋកិច្ច​ចិន​មាន​កំណើន​​ក្នុងរយៈពេល​ពីរ​ត្រីមាស​ជាប់ៗគ្នា AP - Andy Wong
ដោយ៖ សេង ឌីណា
១២ នាទី

​តួលេខ​ផ្លូវការ ចេញផ្សាយ​ដោយ​ការិយាល័យ​ស្ថិតិចិន នៅថ្ងៃ​ចន្ទ​នេះ បង្ហាញ​ថា សេដ្ឋកិច្ចចិន នៅត្រីមាស​ទី៣ ឆ្នាំ២០២០​នេះ មាន​កំណើន​រហូតដល់​ទៅ​ជិត ៥%។ ជា​កំណើន​ពីរត្រីមាស​ជាប់ៗគ្នា ហើយ​កើនកាន់តែលឿន ក្នុង​ពេល​ដែល​សេដ្ឋកិច្ច​​បណ្តា​ប្រទេស​មហាអំណាច​ជាច្រើន​ផ្សេងទៀត នៅទូទាំង​ពិភពលោក កំពុង​ប្រឈ​ម​នឹង​វិបត្តិ​ដោយ​សារ​កូវីដ១៩។

ផ្សាយពាណិជ្ជកម្ម

អត្រា​កំណើន ៤,៩% ថ្វីដ្បិត​តែ​ទាប​ជាងអត្រា​ ៥,២% ដែលគេ​​រំពឹងទុក​បន្តិច ក៏ប៉ុន្តែ មាន​ចំណុច​សំខាន់​ពីរ ដែល​គេ​គួរ​កត់សម្គាល់។

ទីមួយ នេះ​ជា​កំណើន​ក្នុងរយៈពេល​ពីរត្រីមាស​ជាប់ៗគ្នា  ហើយ​កំណើន​នៅ​ត្រីមាស​ទី៣​នេះ គឺ​​​កាន់តែ​ខ្ពស់​ ធៀប​នឹង​ត្រីមាស​មុន ដែល​មាន​ត្រឹមតែ ៣,២%។

លើសពីនេះ​ទៅទៀត គេ​សង្កេតឃើញ​ថា ថ្វីដ្បិត​តែ​អត្រា​កំណើន​​​ត្រីមាស​ទី៣​នេះ មាន ៤,៩% គិត​ជា​សរុប​ទាំង​៣ខែ ក៏ប៉ុន្តែ គឺ​នៅ​ខែ​កញ្ញា​ចុង​ត្រីមាស​ទី៣ ដែល​អត្រា​កំណើន​មាន​សន្ទុះខ្លាំង ដែល​​នេះអាច​ជា​តម្រ៉ុយ​វិជ្ជមាន​ឆ្លង​ចូល​ទៅ​ត្រីមាស​ទី៤​ខាងមុខ។

គួរបញ្ជាក់ថា សេដ្ឋកិច្ច​ចិន ថ្វីដ្បិត​តែមាន​អត្រា​កំណើន​អវិជ្ជមាន​ គឺ​រហូតដល់​ទៅ -៦,៨% ក្នុង​ត្រីមាស​ទី១ ក៏ប៉ុន្តែ បើ​គិត​ជា​សរុប​ទាំង ៩ខែ (ពីខែមេសា ដល់​ខែ​កញ្ញា) ​​នៃ​ឆ្នាំ២០២០​នេះ សេដ្ឋកិច្ច​ចិនកើនឡើង​លើស​ពី​ឆ្នាំមុន​ ០,៧% ហើយ​មូលនិធិរូបិយវត្ថុ​អន្តរជាតិ ទើបតែ​បាន​កែប្រែ​ការព្យាករ​​របស់​ខ្លួន ដោយ​ដំឡើង​អត្រា​កំណើន​សេដ្ឋកិច្ចចិន​​​ប្រចាំឆ្នាំ២០២០​នេះ រហូតដល់​ ១,៩% ពោលគឺ ដំឡើង​ស្ទើរតែ​មួយជាពីរ ធៀប​នឹង​ការ​ព្យាករ​លើកមុន។ ហើយ​បើ​តាម​មើល​ទៅ ចិន​ប្រហែល​ជា​មហាអំណាច​សេដ្ឋកិច្ច​តែមួយគត់ ដែល​អាច​មាន​អត្រា​កំណើន​សេដ្ឋកិច្ច​វិជ្ជមាន ក្នុង​ឆ្នាំ២០២០​នេះ។

ក៏ប៉ុន្តែ បើ​ទោះបីជា​យ៉ាងនេះ​ក៏ដោយ ការិយាល័យ​ស្ថិតិចិនខ្លួនឯងផ្ទាល់ ថ្វីដ្បិត​តែ​សាទរ​នឹង​កំណើន​សេដ្ឋកិច្ច​ពីរត្រីមាស​ជាប់ៗគ្នា ក៏ប៉ុន្តែ ក្នុងពេល​ជាមួយគ្នា ក៏​បាន​បង្ហាញ​នូវ​ភាព​ប្រយ័ត្នប្រយែង​ផងដែរ ដោយ​បាន​កត់សម្គាល់ នៅថ្ងៃ​ចន្ទ​នេះ​ថា សេដ្ឋកិច្ច​ចិន​នៅតែ​ប្រឈម​នឹង​ហានិភ័យមួយចំនួន។ ហើយ​ជាការពិត អ្នក​ជំនាញ​សេដ្ឋកិច្ច​ខ្លះ​បាន​កត់សម្គាល់​ទៅលើ​ហានិភ័យ និង​ភាព​មិន​ច្បាស់លាស់​ពីរ ដែល​ចិនត្រូវ​ប្រឈម។ ទីមួយ វិស័យ​នាំចេញ​ ដែល​ជា​ចលករ​ដ៏​ចម្បង​បំផុត​នៃ​សេដ្ឋកិច្ច​ចិន នៅតែ​ស្ថិត​ក្នុង​ភាព​ផុយស្រួយ​ខ្លាំង ដោយសារ​តែ​ដៃគូពាណិជ្ជកម្ម​ចម្បងៗ​ ដែល​ជា​ទីផ្សារ​សម្រាប់​ការនាំចេញ​របស់​ចិន ជាពិសេស សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប នៅតែ​បន្ត​ប្រឈម​នឹង​ការរីករាលដាល​កូវីដ១៩​​កាន់តែ​ខ្លាំង​ ហើយ​ទីពីរ ចិន​ខ្លួនឯងផ្ទាល់ ក៏​មិនប្រាកដ​នៅឡើយដែរ​ថា​នឹង​អាច​គេច​ផុត​ពី​ការផ្ទុះឡើង​សាជាថ្មី​នៃ​វិបត្តិ​កូវីដ​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ